ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីចុះហត្ថលេខាសម្រាប់គម្រោងមូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ ដើម្បីអភិរក្សសំលៀកបំពាក់ជនរងគ្រោះដោយរបបខ្មែរក្រហមនៅក្នុងសារមន្ទីរទួលស្លែង។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា អ្នកស្រី អ៊ីមីលី ហ្សីប៊ឺក (Emily Zeeberg) ប្រាប់អាស៊ីសេរីមុនការផ្សាយនេះបន្តិចថា ទឹកប្រាក់ដែលត្រូវផ្តល់ឱ្យសារមន្ទីរទួលស្លែងលើកនេះ មានចំនួន ៧ម៉ឺន ៥ពាន់ដុល្លារអាមេរិក។
កាលពីខែធ្នូ ឆ្នាំ២០១៧ ស្ថានទូតអាមេរិកនៅភ្នំពេញ បានផ្ដល់ថវិកាប្រមាណជាង ៥ម៉ឺនដុល្លារអាមេរិក ដល់សារមន្ទីរទួលស្លែង ក្នុងការអភិរក្សសំលៀកបំពាក់ជនរងគ្រោះ ដែលត្រូវបានជាប់ឃុំនៅក្នុងសារមន្ទីរទួលស្លែងនៅក្នុងរបបខ្មែរក្រហមផងដែរ។ គម្រោង នេះផ្ដោតជាសំខាន់ទៅលើការការពារការខូចខាតសំលៀកបំពាក់របស់ជនរងគ្រោះ អោយបានត្រឹមត្រូវដោយអ្នកជំនាញដែលមានវិជ្ជាជីវៈ។ អ្នកស្រី ខូ ចិន្តា ប្រធានផ្នែក អភិរក្ស នៃសារមន្ទីរទួលស្លែង បានប្រាប់អាស៊ីសេរីថា គម្រោងនេះមានសារសំខាន់ណាស់សម្រាប់ការងារអភិរក្ស ហើយក្រុមការងារអភិរក្សរបស់អ្នកស្រី បានទទួលការបណ្ដុះបណ្ដាលពីអ្នកជំនាញជនជាតិអាមេរិក ឱ្យស្របទៅតាមស្តង់ដារក្នុងការប្រមូល ការចុះបញ្ជីសារពើព័ន្ធ និងការថែរក្សាទុកនូវបំណែកខោអាវចាស់ៗ របស់ជនរងគ្រោះ ដែលបានជាប់ឃុំក្នុងសារមន្ទីរទួលស្លែងក្នុងសម័យខ្មែរក្រហម។
រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈកម្មវិធីមូលនិធិឯកអគ្គរដ្ឋទូត ដើម្បីអភិរក្សវប្បធម៌ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានផ្តល់ថវិកាប្រមាណជិត៤,៥លានដុល្លារសហរដ្ឋអាមេរិកក្នុងការជួយអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ ដែលក្នុងនោះ រួមមាន ការជួសជុល និងអភិរក្សប្រាសាទភ្នំបាក់ខែង ក្នុងខេត្តសៀមរាប ប្រាសាទភ្នំហាន់ជ័យក្នុងខេត្តកំពង់ចាម ប្រាសាទភ្នំដាក្នុងខេត្តតាកែវ ប្រាសាទបន្ទាយឆ្មារក្នុងខេត្តបន្ទាយមានជ័យ ការចុះបញ្ជីវត្ថុបុរាណខ្មែរ របាំប្រពៃណីខែ្មរ និងគម្រោងផ្សេងៗ ជាច្រើនទៀត។ សហរដ្ឋអាមេរិក ក៏បានជួយបណ្ដុះបណ្ដាលមន្ត្រីអនុវត្តច្បាប់ និងមន្ត្រីជំនាញ ក្នុងការបង្ក្រាបបទល្មើសបេតិកភណ្ឌផងដែរ។
ពិធីចុះហត្ថលេខាសម្រាប់គម្រោងមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ទី១៦ ខែមករា នៅសារមន្ទីរទួលស្លែង ដោយមានការចូលរួមដោយលោកឯកអគ្គរដ្ឋទូតអាមេរិក ប៉ាទ្រីក មើហ្វី (Patrick Murphy) និងអ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕