តំណាង​សហគមន៍​ឡ​ពាង សុំ​តុលាការ​ភ្នំពេញ ពន្យារ​ពេល​ចូល​បំភ្លឺ រឿង​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ១៩

ដោយ អាស៊ីសេរី
2020-03-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​​សហគមន៍​ឡ​ពាង​ប្រមាណ ​៤០​នាក់ ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ២០១៩ ដើម្បី​ស្នើ​សុំ​ពន្យារពេល​បង់​ប្រាក់​ប្រដាប់​ក្ដី​ក្រៅ​ពន្ធ។
អ្នក​​សហគមន៍​ឡ​ពាង​ប្រមាណ ​៤០​នាក់ ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ២០១៩ ដើម្បី​ស្នើ​សុំ​ពន្យារពេល​បង់​ប្រាក់​ប្រដាប់​ក្ដី​ក្រៅ​ពន្ធ។
រូប៖ ពលរដ្ឋ

តំណាង​សហគមន៍​ឡ​ពាង ១០នាក់ មិន​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ក្រុង​ភ្នំពេញ ដើម្បី​ឆ្លើយ​បំភ្លឺ​តុលាការ​ក្រុង​ភ្នំពេញ តាម​ដីកា​កោះ​ហៅ​របស់​ចៅក្រម​ទេ នៅ​ថ្ងៃ​ទី៣០ ខែ​មីនា ព្រោះ​ពួក​គេ​ដែល​ភាគ​ច្រើន​ជា​មនុស្ស​ចាស់ បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ១៩ ខណៈ​ជំងឺ​នេះ ឆ្លង​រាលដាល​មនុស្ស​១០៧នាក់ នៅ​ទូទាំង​ប្រទេស។

តំណាង​សហគមន៍​ឡ​ពាង អ្នកស្រី អ៊ុំ សុភី ស្នើ​ដល់​ចៅក្រម លោក សំ ប៊ុនពៅ លើក​ពេល​សាកសួរ​អ្នក​ភូមិ​ឡ​ពាង​ ទៅ​ពេល​ណា​មួយ ដែល​ស្ថានភាព​ជំងឺ​កូវីដ១៩ ថយ​ចុះ​វិញ ព្រោះ​ពួក​គាត់​អ្នក​ស្រែ​ចម្ការ មិន​ដឹង​ថា ​ជួប​អ្នក​ណា​ខ្លះ ហើយ​មិន​ដឹង​ថា ​អ្នក​ណា​មាន​មាន​ផ្ទុក​ជំងឺ​នេះ​ទេ នៅ​ពេល​ធ្វើ​ដំណើរ​ពី​ខេត្ត​កំពង់​ឆ្នាំង​ ទៅ​រាជធានី​ភ្នំពេញ។ ក្នុង​កាលៈទេសៈ​បែប​នេះ អ្នកស្រី​សង្ឃឹម​ថា តុលាការ​នឹង​អនុគ្រោះ​ដល់​ពួក​គាត់ ដែល​ជា​ពលរដ្ឋ​ក្រី​ក្រ។

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ទេ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

កាល​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដី​កោះហៅ​ពលរដ្ឋ ១០នាក់ នៅ​ភូមិ​ឡ​ពាង ឃុំ​តាជេស ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី៣០ ខែ​មីនា ដើម្បី​ចូលរួម​នីតិវិធី​ទាញ​ហេតុ​ផល​ផ្ទាល់​មាត់ ក្នុង​សំណុំរឿង​ប្ដឹង​មោឃភាព​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) កាល​ពី​ឆ្នាំ២០១៤។

ពលរដ្ឋ​ឲ្យ​ដឹង​ថា តុលាការ​អូស​បន្លាយ​រឿង​ក្ដី​នេះ អស់​រយៈ​ពេល​ជាង ១ឆ្នាំ​មក​ហើយ ដោយ​ត្រូវ​ឲ្យ​អ្នក​ភូមិ​ទៅ​ឆ្លើយ​បំភ្លឺ​ជា​ច្រើន​ដង ប៉ុន្តែ​មិន​អាច​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្ដី​រដ្ឋប្បវេណី​បាន​នោះ​ទេ។

ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង ជាមួយ​អ្នក​ភូមិ​ឡ​ពាង បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ១៣ឆ្នាំ​មក​ហើយ។ ពលរដ្ឋ​ថា ភាគី​ក្រុមហ៊ុន បាន​ប្រើ​គ្រប់​វិធីសាស្ត្រ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា គឺ​ប្រើ​ទាំង​ទិដ្ឋភាព​ច្បាប់ ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ពេលខ្លះ​ក៏​មាន​ប្រើ​អំពើ​ហិង្សា​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល