កម្លាំង​សាលាក្រុង​ភ្នំពេញ​វាយ​កម្ទេច​អាគារ​បុរី​កីឡា និង​ចាប់​ខ្លួន​ពលរដ្ឋ​ ១២​នាក់​បន្ថែម​ទៀត

ដោយ វ៉ែន សុមេធ
2019-09-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្លាំង​ចម្រុះ​របស់​សាលាក្រុង​ភ្នំពេញ​កំពុង​វាយ​កម្ទេច​អាគារ​បុរី​កីឡា​ចាស់ ​នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ២០១៩។
កម្លាំង​ចម្រុះ​របស់​សាលាក្រុង​ភ្នំពេញ​កំពុង​វាយ​កម្ទេច​អាគារ​បុរី​កីឡា​ចាស់ ​នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ២០១៩។
រូប៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)

កម្លាំង​ចម្រុះ​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​វាយ​កម្ទេច​អាគារ​បុរី​កីឡា​ចាស់ នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា និង​ចាប់​ខ្លួន​ពលរដ្ឋ ១២នាក់​បន្ថែម​ទៀត ដែល​មិន​ព្រម​ចាក​ចេញ​ពី​អាគារ។ មន្រ្តី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ហៅ​សកម្មភាព​របស់​សមត្ថកិច្ច​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​ជា​ការ​បរាជ័យ​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ដោយ​សន្តិវិធី។

ពលរដ្ឋ​ថា ការ​ចាប់​ខ្លួន​ប្រជា​សហគមន៍​បុរី​កីឡា​ទាំង ១២នាក់​នេះ គឺ​សមត្ថកិច្ច​បាន​ប្រើ​វិធី​ហិង្សា ចាប់​អូស​ពួក​គាត់​ដោយ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​អាគារ​បុរី​កីឡា រួច​យក​ទៅ​ឃុំ​ខ្លួន​សាលា​ខណ្ឌ ៧មករា។ ពួក​គាត់​ថា សកម្មភាព​នេះ​ដឹក​នាំ​ដោយ អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ច័ន្ទយ៉ាដា ដែល​ទទួល​បន្ទុក​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​បុរី​កីឡា ដោយ​មាន​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ និង​គ្រឿងចក្រ​ថែម​ទៀត​ផង។ សកម្មភាព​វាយ​កម្ទេច​អាគារ​បុរី​កីឡា​នេះ សមត្ថកិច្ច​មិន​អនុញ្ញាត​ឱ្យ អ្នក​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល ចូល​យក​ព័ត៌មាន ឬ​ឃ្លាំមើល​សកម្មភាព​នេះ​ទេ។

ពលរដ្ឋ​បុរី​កីឡា ដែល​សត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន លោកស្រី ភោគ សុភីន ឲ្យ​អាស៊ី​សេរី​ដឹង​ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោកស្រី​ទាំង​បង្ខំ ឲ្យ​ចាក​ចេញ​ពី​អគារ​តាំង​ម៉ោង៥​ព្រឹក​ថ្ងៃទី១៦ ខែ​កញ្ញា​មក​ម៉្លេះ។ លោក​ឲ្យ​ដឹង​ទៀត​ថា លោកស្រី និង​ពលរដ្ឋ​ជាង ១០នាក់​ផ្សេង​ទៀត ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅឃុំខ្លួននៅសាលាខណ្ឌ៧មករា។  លោកស្រី​រៀបរាប់​ថា នេះ​ជា​លើកទី២​ហើយ​ដែល​សមត្ថកិច្ច​បណ្ដេញ​លោក​ស្រី​ចេញ​ពី​អគារ​បុរី​កីឡា។ ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​រូប​នេះ​ស្នើ​ទៅ​លោក ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​នេះ ព្រោះ​ពេល​នេះ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​បាន​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ដោយ​សន្តិវិធី​ដូច​ការ​ណែនាំ​របស់​លោក​ឡើយ៖ «គេ​ដាក់​កម្លាំង​មក​គំរាម ហើយ​គេ​អូស​មក​ខណ្ឌ​ទៀត។ ឥឡូវ​នេះ​ខ្ញុំ​មាន​អី​មាន​តែ​ខោអាវ​មួយ​ចង្កេះ​គេ​ធ្វើ​បាប​សព្វ​បែប​សព្វ​យ៉ាង ខ្ញុំ​អំពាវនាវ​ដល់​សម្ដេច​តេជោ ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ដោះ​ស្រាយ​សំណង​សមរម្យ​ដល់​ពួក​ខ្ញុំ»

តំណាង​សហគមន៍​បុរី​កីឡា លោកស្រី ស ស៊ន ប្រាប់​អាស៊ី​សេរី​ ខែ​កញ្ញា​ថា ពលរដ្ឋ​ទាំង​១២នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ចចាប់​ខ្លួន​នោះ​រួម​មាន៖ លោកស្រី ញ៉ែន ស្រីនិត ជា​ពលរដ្ឋ​បុរី​កីឡា លោកស្រី ទឹម សាក់មុន្នី និង​កូន​ពីរ​នាក់ ដែល​​ជា​អតីត​ពលរដ្ឋ​បុរី​កីឡា លោកស្រី តាំង គឹមស្រួយ និង​កូន​បី​នាក់​ទៀត ព្រម​ទាំង​ពលរដ្ឋ​បុរី​កីឡា​ផ្សេង​ទៀត ដែល​លោកស្រី​ចាំ​ឈ្មោះ​មិន​អស់។ លោកស្រី ស ស៊ន ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​លោកស្រី ថត​សកម្មភាព​អាជ្ញាធរ ចាប់​ខ្លួន​ពលរដ្ឋ និង​ការ​វាយ​កម្ទេច​អាគារ​នោះ សមត្ថកិច្ច​បាន​ចាប់​ដក​ហូត​ទូរស័ព្ទ​របស់​លោកស្រី ហើយ​បាន​លុប​រូបភាព ដែល​មាន​ក្នុង​ទូរស័ព្ទ​លោកស្រី​ចោល​ទៀត​ផង។ លោក​ស្រី​បន្ត​ថា អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ច័ន្ទយ៉ាដា បាន​ព្រមាន​លោកស្រី​មិន​ឲ្យ​ផ្តល់​ព័ត៌មាន ​ឬ​ផ្ដល់​បទ​សម្ភាស​ដល់​វិទ្យុ​អាស៊ី​សេរី​ឡើយ​ទាក់ទង​ការ​បង្ក្រាប និង​សកម្មភាព​វាយ​កម្ទេច​អាគារ​នេះ៖ «លោក មាន ចាន់យ៉ាដា សួរ​ខ្ញុំ​ថា អាស៊ី​សេរី​បាន​ទាក់ទង​អត់ ខ្ញុំ​ថា​ទាក់ទង​រាល់​ថ្ងៃ គាត់​កុំ​ជួប​ណា! បំបិទ​សិទ្ធិ​សេរី​តឹងរ៉ឹង​មែនទែន​វាយ​អគារ​ហ្នឹង សូម្បី​ប្រជាពលរដ្ឋ​ថត​រូប​ក៏​ចាប់​យក​ទូរស័ព្ទ​ដែរ អ៊ីចឹង​ខ្ញុំ​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ខ្លាំង​ឡើងៗ»

អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ករណី​នេះ​ពី​អភិបាល​រាជធានី ភ្នំពេញ​លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ច័ន្ទយ៉ាដា និង អភិបាល​ខណ្ឌ ៧មករា លោក លឹម សុភា ជាច្រើន​ដង​ នៅថ្ងៃទី១៦ ខែ​កញ្ញា ប៉ុន្តែ​មិន​ទទួល​បាន​ឆ្លើយ​តប ដោយសារ​ទូរស័ព្ទ​ចូល គ្មាន​អ្នក​ទទួល និង​ប្រព័ន្ធ​ទូរស័ព្ទ​មិន​អាច​ទទួល ការ​ហៅ​ចូល​បាន។

ទោះ​ជា​យ៉ាងណា កាល​ពី​ថ្ងៃ​ទី១៥ ខែ​សីហា កន្លងទៅ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​ព្រមាន​អ្នក​បុរី​កីឡា​ទាំង​អស់​​​ដែល​រស់​នៅ​ក្នុង​អគារ​ចាស់ ត្រូវ​រួសរាន់​ទៅ​ជួប​មន្ត្រី​រដ្ឋបាល​សាលា​ក្រុង ដើម្បី​ពិភាក្សា​គ្នា​អំពី​រឿង​សំណង​ ជា​ថ្នូរ​នឹង​ការ​ចាកចេញ។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ប្រាប់​អាស៊ី​សេរី​ថា ក្រុម​សមត្ថកិច្ច​មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ឬ​អ្នក​សារព័ត៌មាន​ចូល​ឃ្លាំមើល ឬ​ចូល​យក​ព័ត៌មាន​នៅ​កន្លែង​វាយ​កម្ទេច​អគារ​បុរី​កីឡា​នេះ​ទេ។ លោក​ថា វិធានការ​របស់​សមត្ថកិច្ច និង​ការ​ចាប់​ខ្លួន​ពលរដ្ឋ​នៅ​ពេល​នេះ ជា​ការ​បរាជ័យ​របស់​សាលាក្រុង​ភ្នំពេញ​ក្នុង​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​សន្តិវិធី៖ «មាន​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ ហើយ​ចាប់​ប្រជាពលរដ្ឋ​ទៅ​ដាក់​ក្នុង​មណ្ឌល​សង្គម​កិច្ច និង​ចាប់​ដាក់​នៅ​ខណ្ឌ​អីចឹង នេះ​ជា​រូបភាព​គំរាមកំហែង​បំបាក់​ស្មារតី​ដល់​ប្រជាពលរដ្ឋ​ដែល​គាត់​មិន​ព្រម​ទទួល​សំណ ដែល​គាត់​សុំ​សិទ្ធិ​ក្នុង​ការ​ទាមទារ​តវ៉ា ដើម្បី​មាន​ដំណោះ​ស្រាយ​សមរម្យ​ចំពោះ​គាត់ អ៊ីចឹង​យើង​ឃើញ​ថា នេះ​ជា​ការ​បរាជ័យ ដែល​ជា​រូបភាព​មួយ​បង្ហាញ​ពី​ការ​បណ្ដេញ​ចេញ»

តំណាង​សហគមន៍​បុរី​កីឡា លោកស្រី ស ស៊ន ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ នៅ​សល់​តែ​ពលរដ្ឋ​ជាង ១០គ្រួសារ​ទៀត​ទេ ដែល​មិន​ទាន់​យល់​ព្រម​ទទួល​សំណង។ក្នុងរយៈពេល​ពីរ​ថ្ងៃ​នេះ សមត្ថកិច្ច​ខណ្ឌ ៧មករា ចាប់​ខ្លួន​ពលរដ្ឋ​បុរី​កីឡា និង​អតីត​ពលរដ្ឋ​បុរី​កីឡា ចំនួន១៧នាក់​ហើយ។ តំណាង​សហគមន៍​បុរី​កីឡា​ លោកស្រី ស ស៊ន ប្រាប់​ថា ពលរដ្ឋ​ដែល​សមត្ថកិច្ច​ខណ្ឌ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៥ កញ្ញា​ម្សិលមិញ មានចំនួន៥នាក់ មិនមែន៦នាក់ទេ។ លោកស្រី​បន្ត​ថា ពេល​នេះ​អ្នក​ទាំង​៥ កំពុង​​ជាប់​ឃុំ ​នៅ​មណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ ដោយ​សមត្ថកិច្ច​​មិន​ទាន់​ដោះ​លែង​ពួក​​គាត់​វិញ​នៅ​ឡើយ​ទេ៕

 

(រូបភាព​អគារ​បុរីកីឡា​ចាស់ និង​អ្នក​ក្រាញ​រស់នៅ ដែល​មិនទទួល​យក​ដំណោះស្រាយ​របស់​សាលារាជធានី​ភ្នំពេញ។ រូប៖ ហ្វេសប៊ុក​អ្នកស្រី ស ស៊ន ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ២០១៩)

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល