ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ស្រុក​តំបែរ​ធ្វើ​យុទ្ធនាការ​ទាមទារ​ដោះលែង​តំណាង​ខ្លួន

ដោយ មួង ណារ៉េត
2020-02-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ជាង ១០០នាក់ នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោរ ឃុំ​ត្រពាំងព្រីង​ ស្រុក​តំបែរ តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ចិន​ឈ្មោះ ហាមនីវីន អីនវេសមែន (Hamenivent Investment) ដែល​ឈូស​ឆាយ​ផល​ដំណាំ​របស់​ពួក​គាត់ នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ២០១៩។
ពលរដ្ឋ​ជាង ១០០នាក់ នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោរ ឃុំ​ត្រពាំងព្រីង​ ស្រុក​តំបែរ តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ចិន​ឈ្មោះ ហាមនីវីន អីនវេសមែន (Hamenivent Investment) ដែល​ឈូស​ឆាយ​ផល​ដំណាំ​របស់​ពួក​គាត់ នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក​ព័ត៌មាន​សហគមន៍​ដីធ្លី​ភូមិ​ស្រែ​ប្រាំង ខេត្ត​ត្បូង​ឃ្មុំ

ប្រជាពលរដ្ឋ​ប្រមាណ ៣០​នាក់ នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ធ្វើ​យុទ្ធនាការ​លើក​បដា និង​រូបថត​លោក សែម សាង ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ការចោទ​ប្រកាន់ និង​ដោះលែង​តំណាង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ​។ ការ​ជួប​ជុំ​គ្នា​ធ្វើ​នៅ​ដី​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ។​

អ្នកភូមិ​ស្រែប្រាំង លោក សែម ចំណាន ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​ថា នេះ​ជា​លើក​ទី​៤ ហើយ ដែល​អ្នកភូមិ​រួមគ្នា ទាមទារ​ឱ្យ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដោះលែង​លោក សែម សាង មកវិញ ព្រោះ​ការ​ចាប់​ខ្លួន និង​ចោទប្រកាន់​លើ​តំណាង​ពួកគាត់ គឺជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួលយក​បាន​ឡើយ។

ភរិយា​លោក សែម សាង គឺ​លោកស្រី ឈឿន ស្រី​សុខ ដែល​មាន​ផ្ទៃពោះ ៦​ខែ ស្នើ​ដល់​តុលាការ​ជួយ​ពន្លឿន​នីតិវិធី ដោះលែង​ប្ដី​លោកស្រី ឱ្យ​បាន​ជួបជុំ​គ្រួសារ​វិញ ព្រោះ​ពេលនេះ​គ្រួសារ​កំពុង​ជួប​បញ្ហា​ជីវភាព​ខ្លាំង។

លោក សែម សាង ត្រូវ​បាន​អាជ្ញាធរ​ស្រុក​តំបែរ ស្ទាក់​ចាប់​នៅ​ភូមិ​ស្រែប្រាំង ហើយ​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៩ បន្ទាប់ពី​លោក​ត្រឡប់​មកពី​ចូលរួម​សិក្ខាសាលា​ចិញ្ចឹម​មាន់ និង​ផលិត​ទឹក​សុទ្ធ នៅ​ខេត្ត​កំពង់ឆ្នាំង​។ លោក​រង​ការចោទប្រកាន់​ទាក់ទង​នឹង​បទ​ចោទ​ថា "​កំហែង​ដោយមាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​ការប្រើប្រាស់​អាវុធ​" ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំង​ព្រីង កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

អ្នកភូមិ​ស្រែប្រាំង​បញ្ជាក់​ថា ពួកគេ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​នេះ បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក រហូតដល់​តុលាការ ទម្លាក់​ចោល​ការចោទប្រកាន់ ហើយ​ដោះលែង​លោក សែម សាង ឱ្យ​មាន​សេរីភាព​ឡើងវិញ​។ ពលរដ្ឋ ក៏​ស្នើ​ដល់​តុលាការ និង​អាជ្ញាធរ និង​ក្រុមហ៊ុន បញ្ឈប់​ការចោទប្រកាន់ លាប​ពណ៌​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល