ក្រុមហ៊ុន​ចិន​មាន​ជម្លោះដីធ្លី​នៅ​ត្បូងឃ្មុំ​ដាក់​កម្លាំង​ប្រដាប់​អាវុធ​រារាំង​ពលរដ្ឋ​ចូល​បង្ក​បង្កើន​ផល

ដោយ វ៉ែន សុមេធ
2020-06-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ជាង ១០០នាក់ នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោរ ឃុំ​ត្រពាំងព្រីង​ ស្រុក​តំបែរ តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ចិន​ឈ្មោះ ហាមនីវីន អីនវេសមែន (Hamenivent Investment) ដែល​ឈូស​ឆាយ​ផល​ដំណាំ​របស់​ពួក​គាត់ នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ២០១៩។
ពលរដ្ឋ​ជាង ១០០នាក់ នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោរ ឃុំ​ត្រពាំងព្រីង​ ស្រុក​តំបែរ តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ចិន​ឈ្មោះ ហាមនីវីន អីនវេសមែន (Hamenivent Investment) ដែល​ឈូស​ឆាយ​ផល​ដំណាំ​របស់​ពួក​គាត់ នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក​ព័ត៌មាន​សហគមន៍​ដីធ្លី​ភូមិ​ស្រែ​ប្រាំង ខេត្ត​ត្បូង​ឃ្មុំ

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ថា ក្រុមហ៊ុន​ចិន​ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ប្រើ​ទាហាន​ម្នាក់​មាន​កាន់​អាវុធ និង​កម្លាំង​កម្មករ​ប្រមាណ​៣០​នាក់​ធ្វើ​សកម្មភាព​បំពាន​យក​ដីធ្លី និង​ហាមឃាត់​អ្នកភូមិ​មិន​ឱ្យ​ចូល​ទៅ​ចម្ការ ។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ដល់​អាជ្ញាធរ​ចុះ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ ដើម្បី​បញ្ចប់​ការ​ប្រឈម​ដាក់គ្នា​រវាង​ពលរដ្ឋ​និង​ខាង​ក្រុមហ៊ុន​ចិន។

តំណាង​សហគមន៍​ឃុំ​ត្រពាំងព្រីង លោក ហឿន ស៊ីនាត ថ្លែង​ថា ខាង​ក្រុមហ៊ុន​ចិន​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​ចម្ការ​ដំឡូង​ពលរដ្ឋ​ចាប់​តាំង​ពី​ម៉ោង​៣​ទាប​ភ្លឺ ថ្ងៃ​ទី​៤ មិថុនា និង​ដកហូត​ទូរស័ព្ទ​ពលរដ្ឋ​ដែល​នៅចាំ​រោង​ចម្ការ មិន​ឱ្យ​ទាក់ទង​ទៅ​អ្នកដទៃ។

លោក​បន្ត​ថា មេការ​ក្រុមហ៊ុន​ចិន បញ្ជា​ឱ្យ​កម្មករ​ប្រើ​គ្រឿងចក្រ​ជាច្រើន​គ្រឿង កាយ​ផ្ដាច់​ផ្លូវ​ធ្វើជា​ប្រឡាយ​ដើម្បី​ទប់ស្កាត់​អ្នកភូមិ​កុំ​ឱ្យ​ចូល​ទៅ​ដីចម្ការ​តទៅ​ទៀត ។ លោក​ហៅ​ទង្វើ​របស់​ជនជាតិ​ចិន​នេះ ជា​ការ​គំរាមកំហែង​ដល់​ពលរដ្ឋ​ម្ចាស់​ដី ខណៈ​ដែល​ដំណោះស្រាយ​ផ្លូវការ​ណាមួយ​ពី​អាជ្ញាធរ នៅ​មិន​ទាន់​មាន​នៅឡើយ។

តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​ជាង​១៤០​គ្រួសារ រស់នៅ​ឃុំ​ត្រពាំង​ព្រីង​ដែល​កំពុង​មាន​ជម្លោះដីធ្លី​នឹង​ក្រុមហ៊ុន​ចិន៖ «និយាយ​រួម​នៅ​ខាង​ឃុំ ខាង​ស្រុក អីហ្នឹង គឺ​គាត់​និយាយ​មួយ​ម៉ាត់​ថា ហួស​ដែន​កំណត់​របស់​គាត់។ ដល់​អ៊ីចឹង គាត់​អត់​មាន​សិទ្ធិ​មក​ស្រាយ​ទេ​បាទ​។ ខ្ញុំ​សំណូមពរ​ដល់​សម្ដេច​ហ៊ុន សែន សូម​ជួយ​ជំរុញ​ឱ្យ​អាជ្ញាធរ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ចុះ​មក​ជួយ​ដោះស្រាយ​ដល់​ពួក​យើងខ្ញុំ​ផង»

អាស៊ីសេរី​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ដើម្បី​សាកសួរ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៤ មិថុនា។

ទោះជា​យ៉ាងណា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក បែន រ័ត្ន ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៤ មិថុនា ថា ពិតជា​មានការ​ប្រឈម​ដាក់គ្នា​រវាង​ពលរដ្ឋ​និង​ខាង​ក្រុមហ៊ុន​ចិន​មែន​តែ​លោ​កថា មិន​មាន​អំពើ​ហិង្សា​នោះ​ទេ ហើយ​ភាគី​ទាំងសងខាង​ក៏​ព្រម​ផ្អាក​សកម្មភាព​រៀងៗ​ខ្លួន​ដែរ៖ «បញ្ហា​ទំនាស់​ដីធ្លី​គឺជា​រឿង​របស់​មន្ទីរ​ជំនាញ មាន​សូរិយោដី និង​អាជ្ញាធរ​ខេត្ត​ស្រុក ។ ព្រឹក​មិញ​នេះ គ្រាន់តែ​កើតហេតុ ខាង​ក្រុមហ៊ុន​ហ្នឹង គាត់​ទៅ​កាយ​ប្រឡាយ ប៉ុន្តែ​ពេល​ដែល​ពលរដ្ឋ​ទៅដល់​ឃាត់​ទៅ​ក៏​ឈប់​ទៅ អត់​មាន អត់​មានការ​ប៉ះទង្គិច​ហិង្សា​អ្វី​ទេ ហើយ​គេ​ក៏​ថយ​ទៅវិញ​ទៅ ។ កាយ​បាន​ប៉ុន្មាន​ក៏​ប៉ុណ្ណឹង​ទៅ ។ អត់​មាន​ប្រកែក​ហិង្សា ឬ​ប្រើ​កម្លាំងបាយ​អ្វី​គឺ​អត់​មាន​ទេ»

មន្ត្រី​ផ្នែក​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(ADHOC) ខេត្ត​ត្បូងឃ្មុំ លោក ឡេង សេងហាន មាន​ប្រសាសន៍​ថា ទំនាស់​ដីធ្លី​នេះ អូស​បន្លាយ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ចាប់ពី​ឆ្នាំ​២០១៦ ។ លោក​លើកឡើង​ថា ប្រជាពលរដ្ឋ​ភាគច្រើន​រស់នៅ​អាស្រ័យ​នឹង​ការ​ធ្វើ​ចម្ការ​លើ​ដី​ជាប់មាត់​ទន្លេ​នៅ​រដូវ​ទឹក​ស្រក​ម្ដងៗ ហេតុនេះ ខាង​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ​គួរ​ពន្លឿន​ដំណោះស្រាយ​រឿង​នេះ ជូន​ប្រជាពលរដ្ឋ ឱ្យ​បាន​ឆាប់​តាមតែ​អាច​ធ្វើ​ទៅ​បាន៖ «អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​មាន​ដំណោះស្រាយ​មួយ ល្អ​ប្រសើរ​បំផុត​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ឱ្យ​ទទួល​យក​បាន​ហើយ​មាន​តម្លាភាព ។ វិវាទ​ហ្នឹង​គួរតែ​បញ្ចប់​ទៅ កុំ​ឱ្យ​ទុក​វា​យូរ​អ៊ីចឹង វា​មិនបាន​ផលប្រយោជន៍​អ្វី​សម្រាប់​សង្គមជាតិ​ទេ»

ជុំវិញ​វិវាទ​នេះ ពលរដ្ឋ​នាំគ្នា​ធ្វើដំណើរ​ជាច្រើន​សារ ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ដែនដី និង​ស្ថាប័ន​ជាតិ​ជាច្រើន​ទៀត ប៉ុន្តែ​មកដល់ពេលនេះ នៅ​មិន​ទាន់​មាន​ស្ថាប័ន​ណាមួយ​ចេញមុខ​ដោះស្រាយ​បញ្ចប់​ទំនាស់​នេះ​នោះ​ទេ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី លោក សេង ឡូត និង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​ត្បូងឃ្មុំ លោក ប៉ូច សុធារិទ្ធ បាន​ទេ ដោយ​គ្មាន​អ្នកទទួល​ទូរស័ព្ទ​។​

ពលរដ្ឋ​អះអាង​ថា ភាគី​ក្រុមហ៊ុន​នៅតែ​បន្ត​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​បំផ្លាញ​ដីចម្ការ ដំឡូង​មី​ស្វាយចន្ទី​របស់​អ្នកភូមិ​ដោយ​សំអាង​ថា មន្ទីរ​សុរិយោដី​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​កាត់​ដី​ព្រៃ​សហគមន៍​ទំហំ​ជាង ៤​រយ​ហិកតារ (៤២១.៧០) ឱ្យ​ក្រុមហ៊ុន​រួចហើយ។

លោក ហឿន ស៊ីនាត ថា ដី​ជាង​៤០០​ហិកតារ គឺជា​ចំណែក​ដី​ដែល​អាជ្ញាធរ​កាត់​ចេញពី​ដី​ព្រៃ​សហគមន៍​ត្រពាំង​ព្រីង​ជាង​១​ពាន់​២​រយ​ហិកតារ ទៅ​ឱ្យ​ក្រុមហ៊ុន​។ លោក​បញ្ជាក់​ថា ខាង​ក្រុមហ៊ុន​អះអាង​ថា ខ្លួន​បាន​ផ្ដល់​សំណង​ឱ្យ​ពលរដ្ឋ​រួចហើយ ប៉ុន្តែ​គិត​មកដល់ពេលនេះ គ្មាន​ពលរដ្ឋ​ណា បាន​ទទួល​សំណង​ពី​វិវាទ​ដីធ្លី​នេះ​នៅឡើយ​ទេ។

កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩ ក្រសួង​ដែនដី សម្រេច​ច្រាល​ចោល​សំណើ​ពលរដ្ឋ​ម្ដង​រួច​មក​ហើយ​ដែល​ស្នើសុំ​ទាមទារ​ដី​ព្រៃ​សហគមន៍ យក​មក​កាន់កាប់​វិញ​។ ក្រសួង​អះអាង ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ព្រមព្រៀងគ្នា​លក់​ដី​ឱ្យ​ទៅ​ក្រុមហ៊ុន​ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) តាំងពី​ឆ្នាំ​២០១១​មក ហើយ​ក្រុមហ៊ុន​ក៏បាន​ចុះបញ្ជី​រួចរាល់​ដែរ​។​នៅ​ពេល​នោះ ក្រសួង​ក៏​ស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​មេខ្លោង ដែល​ញុះញង់​បោកប្រាស់​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​ក្នុង​ចលនា​ទាមទារ​នេះ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។ទោះជា​យ៉ាងណា ពលរដ្ឋ​បដិសេធ​ការ​លើកឡើង​នេះ​។ ពួកគាត់​ស្នើ​ឱ្យ​ក្រសួង​ដែនដី​ចុះ​ស៊ើបអង្កេត​ករណី​នេះ ឱ្យ​បាន​ច្បាស់លាស់​ដោយ​មិន​គួរ​ផ្អែក​តែ​លើ​របាយការណ៍​ថ្នាក់​ឃុំ ស្រុក និង​ខេត្ត​នោះ​ឡើយ។

ក្នុង​វិវាទ​ដីធ្លី​មួយ​នេះ តុលាការ​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​៣ ខែ​មិថុនា បាន​ផ្ដន្ទាទោស តំណាង​ពលរដ្ឋ​ម្នាក់ គឺ​លោក សែម សាង ឱ្យ​ជាប់ពន្ធនាគារ​៧​ឆ្នាំ​ពី​បទ​កំហែង​យក និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​កាលពី​ជាង​៤​ឆ្នាំមុន ក្រោយពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​តំបែរ ចាប់ខ្លួន ពាក់កណ្ដាល​ខែ​តុលា ឆ្នាំ​២០១៩ កន្លងទៅ ។ ពលរដ្ឋ​ហៅ​ការ​ផ្ដន្ទាទោស​នេះ ថា ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន​ព្រោះ​លោក សែម សាង ជា​តំណាង​ម្នាក់​ដែល​តែងតែ​ចេញមុខ​ការពារ​ដីធ្លី និង​ព្រៃឈើ​របស់​សហគមន៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល