ពលរដ្ឋ​សហគមន៍​បុរីកីឡា​ពីរ​គ្រួសារ​យល់​ព្រម​ទទួល​សំណង​ពី​សាលាក្រុង​ភ្នំពេញ

ដោយ សេក បណ្ឌិត
2019-09-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី​បុរីកីឡា លោកស្រី សរ ស៊ន (ឆ្វេង) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
អ្នក​តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី​បុរីកីឡា លោកស្រី សរ ស៊ន (ឆ្វេង) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA

ពលរដ្ឋ​រស់នៅ​សហគមន៍​បុរីកីឡា​ពីរ​គ្រួសារ​យល់ព្រម​ទទួល​យក​សំណង​ជា​លុយ​ពី​សាលាក្រុង​ភ្នំពេញ ដើម្បី​ចាក​ចេញ​ពី​អាគារ​ចាស់​នៅ​បុរីកីឡា។ ប៉ុន្តែ​នៅ​មាន​ពលរដ្ឋ​ជាង ១០​គ្រួសារ​ទៀត មិនទាន់​យល់​ព្រម​ទទួល​សំណង​នៅ​ឡើយ​ទេ។ មន្ត្រី​សិទ្ធិមនុស្ស​ដែល​ឃ្លាំមើល​បញ្ហា​នេះ ស្នើ​ទៅ​សាលាក្រុង​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​មាន តម្លាភាព និង​ជៀសវាង​ប្រើ​ហិង្សា​បណ្ដេញ​ពលរដ្ឋ​ចេញ​ដូច​ពី​អតីតកាល។

ពលរដ្ឋ​រស់នៅ​សហគមន៍​បុរីកីឡា​ពីរ​គ្រួសារ​ដែល​យល់ព្រម​ទទួល​យក​សំណង ជា​លុយ​ពី​សាលាក្រុង​ភ្នំពេញ​នោះ គឺ​គ្រួសារ​លោកស្រី សរ ស៊ន ដែល​ជា​តំណាង​សហគមន៍​បុរីកីឡា និង​គ្រួសារ​លោកស្រី ប៉ាន ចន្ធី។

លោកស្រី សរ ស៊ន ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​៨ ខែ​កញ្ញា ថា សំណង​ដែល​លោកស្រី​ទទួល​បាន​ពី​សាលាក្រុង គឺ​លុយ​ចំនួន​ពីរ​ម៉ឺន​ដុល្លារ ដែល​ទឹកប្រាក់​នេះ​សម​ល្មម​ឱ្យ​លោកស្រី ទិញ​បន្ទប់​នៅ​តំបន់​បុរីកីឡា​។ លោកស្រី​បន្ត​ថា មូល​ហេតុ​ដែល​លោកស្រី​យល់ព្រម​ទទួល​សំណង ព្រោះ​មិន​ចង់​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ជាថ្មី និង​ខ្លាច​អត់​ទីជម្រក​រស់នៅ ក្នុង​រដូវវស្សា​នេះ៖ «ដោយសារ​ការរស់នៅ​មីង​ប្រឈម​បញ្ហា​គ្រប់បែប​យ៉ាង​ណាមួយ​ខែវស្សា​អាគារ​ចាស់​ពិបាក​រស់នៅ ហើយ​មីង​ក៏​ចាស់​ហើយ​មុន​មីង​យក​មីង​ដេក​គិត អង្គុយ​ប៉ុន្មាន​ថ្ងៃ​ដេក​អត់​លក់​ទេ»

តំណាង​សហគមន៍​បុរីកីឡា​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​គ្រួសារ​លោកស្រី ប៉ាន ចន្ធី បាន​ទទួល​សំណង​តែមួយ​ម៉ឺន​ដុល្លារ​ទេ។ ទាក់ទង​ការ​ទទួល​បាន​ប្រាក់​សំណង​ខុសគ្នា​បែបនេះ លោកស្រី សរ ស៊ន ថា សាលាក្រុង​ផ្ដល់​សំណង គឺ​អាស្រ័យ​ទៅតាម​ឯកសារ​របស់​ពលរដ្ឋ​នីមួយៗ។

ដោយឡែក ពលរដ្ឋ​បុរីកីឡា​លោកស្រី ដាញ់ គង្គា ដែល​មិន​ព្រម​ទទួល​សំណង​វិញ ប្រាប់​អាស៊ីសេរី​ថា មូលហេតុ​ដែល​លោកស្រី​មិនទាន់​យល់ព្រម​ទទួល​សំណង ព្រោះ​សាលាក្រុង​ភ្នំពេញ​ផ្ដល់​ថវិកា​តិចតួច​ពេក ដែល​មិន​គ្រប់​ចំនួន​ឱ្យ​លោកស្រី​អាច​ទិញ​ផ្ទះ​នៅ​តំបន់​បុរីកីឡា​បាន៖ «ខ្ញុំ​សុំ​តែ​ជាន់​ទី​មួយ​ក៏បាន ជាន់​ទី​ពីរ​ក៏បាន បើ​ថា ពិបាក​ពេក​ជាន់​ទី​បី​ក៏​ខ្ញុំ​ក៏​យក​ដែរ ព្រោះ​មិន​ដឹង​ម៉េច​ទៅ​អី​នៅ​ណា​ទេ អត់​មាន​ផ្ទះ​នៅ​ទេ»

ចំណែក ពលរដ្ឋ​សហគមន៍​បុរីកីឡា​ម្នាក់ទៀត លោកស្រី យ៉ង់ សារឹម ស្នើ​ទៅ​សាលាក្រុង​ភ្នំពេញ​កុំ​ទាន់​អាល​វាយកម្ទេច​អគារ​ចាស់ ដែល​លោកស្រី​កំពុង​រស់​នៅ ក្នុង​ករណី​មិន​ទាន់​មាន​ដំណោះស្រាយ។ លោកស្រី​សំណូមពរ​ដល់​លោក ហ៊ុន សែន ឱ្យ​ជួយ​អន្តរាគមន៍ រឿង​នេះ៖ «សូម​កុំ​ទាន់​ឈូស​អគារ​សូម​ឱ្យ​សម្ដេច​​ទប់ស្កាត់ ចាំ​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​រួចរាល់​សិន ចាំ​លោក​ធ្វើ​អី​ក៏​ធ្វើ​ចុះ»

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាលរង​រាជធានី ភ្នំពេញ លោក មាន ច័ន្ទយ៉ាដា ដែល​ទទួល​បន្ទុក​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​បុរីកីឡា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៨ កញ្ញា ដោយ​ទូរស័ព្ទ​លោក​មិនអាច​ទាក់ទង​បាន។ រីឯ អភិបាល​រាជធានី ភ្នំពេញ លោក ឃួង ស្រេង វិញ និយាយ​ថា ទូរស័ព្ទ ស្ដាប់​មិន​លឺ ហើយ​ក៏​ចុច​ផ្ដាច់​ឈប់​ទទួល​ការ​ហៅ​ចូល​របស់​អាស៊ីសេរី។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ដែល​តាមដាន​ករណី​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​បុរី​កីឡា​នេះ សង្កេត​ឃើញ​ថា ដំណោះស្រាយ​កន្លងមក អាជ្ញាធរ​មិនបាន​ប្រើ​របៀប​ដោះស្រាយ​ដែល​មាន​ប្រព័ន្ធ​ច្បាស់លាស់ និង​មាន​តម្លាភាព​នោះ​ទេ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ផ្ដល់​ដំណោះស្រាយ​មួយ​ដែល​មាន​ឆន្ទៈ​ពិតប្រាកដ និង​ដោយ​បើកចំហ៖ «សូម​ធ្វើ​ដោះស្រាយ​កុំ​ឱ្យ​មាន​អំពើ​ហិង្សា កុំ​ចាត់វិធានការ​រដ្ឋបាល ដូចជា​ការ​ដាក់​ឱសានវាទ​ឱ្យ​គាត់​អ៊ីចឹង​ហើយ​ចាត់វិធានការ​ដោយ​បណ្ដេញ​គាត់​ចេញ បើ​កាលណា​ចាត់វិធានការ​រដ្ឋបាល​មាន​ន័យ​ថា ច្បាស់​ជា​មាន​ការ​បង្ខំ​ឱ្យ​គាត់​ដើរចេញ​អ៊ីចឹង​ហើយ»

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា សាលា​រាជធានី​ភ្នំពេញ​បាន​ព្រមាន​អ្នក​បុរីកីឡា​ទាំងអស់​ដែល​រស់នៅ​ក្នុង​អគារ​ចាស់ ត្រូវ​រូសរាន់​ទៅ​ជួប​មន្ត្រី​រដ្ឋបាល​សាលា​ក្រុង ដើម្បី​​ពិភាក្សា​គ្នា​អំពី​រឿង​សំណង ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ។

តំណាង​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន ឱ្យ​ដឹង​ថា គិត​មកដល់ពេលនេះ នៅ​សល់​តែ​ពលរដ្ឋ​ ១២​គ្រួសារ​ទៀត​ទេ ដែល​មិនទាន់​យល់ព្រម​ទទួល​សំណង។ លោកស្រី​ស្នើ​ឱ្យ​សាលាក្រុង​ភ្នំពេញ​បញ្ចប់​ទំនាស់​ដីធ្លី​នេះ​ដោយ​គ្មាន​អំពើ​ហិង្សា ឬ​គ្មាន​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ដូច​កាលពី​ជាង ​៧​ឆ្នាំមុន នោះ​ឡើយ។

កាលពី​ឆ្នាំ​២០១២ កន្លងទៅ អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ប្រើ​គ្រឿងចក្រ​ឈូស​កម្ទេច​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ទាំង ៣៨០​គ្រួសារ​នៃ​សហគមន៍​បុរីកីឡា ដែល​មិន​ព្រម​ចាកចេញ។ ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នោះ ធ្វើ​ឱ្យ​ពលរដ្ឋ​រងគ្រោះ​មួយ​ចំនួន​ធ្លាក់ខ្លួន​ដើរ​សុំទាន ដើរ​រើស​អេតចាយ និង​ធ្វើជា​ស្ត្រី​បម្រើ​ផ្លូវ​ភេទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល