សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ដោះស្រាយ​ជូន​ពលរដ្ឋ​បុរីកីឡា ១២​គ្រួសារ ខណៈ​ផ្ទះសម្បែង​ពួកគេ​ត្រូវ​អាជ្ញាធរ​វាយ​កម្ទេច​ចោល

ដោយ វ៉ែន សុមេធ
2019-10-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ស្ត្រី​រស់​នៅ​ក្នុង​សហគមន៍​បុរីកីឡា ដែល​មាន​ជម្លោះ​ដីធ្លី តវ៉ា​នៅ​មុខ​ផ្ទះ​វីឡា​របស់​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន ផានអ៊ីម៉ិច ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧។
ក្រុម​ស្ត្រី​រស់​នៅ​ក្នុង​សហគមន៍​បុរីកីឡា ដែល​មាន​ជម្លោះ​ដីធ្លី តវ៉ា​នៅ​មុខ​ផ្ទះ​វីឡា​របស់​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន ផានអ៊ីម៉ិច ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧។
Photo provided

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​បុរីកីឡា ជំរុញ​ទៅ​សាលា​រាជធានី​ភ្នំពេញ ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដល់​ពលរដ្ឋ​បុរីកីឡា ដែល​នៅ​សេសសល់ ១២​គ្រួសារ ដើម្បី​ទទួល​បាន​កន្លែង​រស់​នៅ​សមរម្យ​។ សំណើ​នេះ​ធ្វើឡើង​ខណៈ​អាជ្ញាធរ​បាន​វាយកម្ទេច​អគារ​បុរីកីឡា​អស់​រួចហើយ ប៉ុន្តែ​មិនទាន់​បាន​ផ្ដល់​សំណង​សមរម្យ​ដល់​ពលរដ្ឋ​ដែល​នៅ​សេសសល់​នៅ​ឡើយ។

ពលរដ្ឋ​បុរីកីឡា​ត្អូញត្អែរ​ថា ក្រោយ​បាត់បង់​ជម្រក​ពួកគេ​ដើរ​សុំ​បន្ទប់​បងប្អូន ឬ​អ្នកជិតខាង​រស់នៅ អ្នកខ្លះ​គេង​ក្រោម​សំយាប​ផ្ទះ​របស់​គេ​នៅ​ក្នុង​តំបន់​បុរីកីឡា។ មន្ត្រី​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ថា ការ​ព្រងើយ​កន្តើយ​របស់​សាលាក្រុង​ភ្នំពេញ ដែល​អូស​បន្លាយ​មិន​ដោះស្រាយ​ជូន​ពលរដ្ឋ​បែបនេះ​អាច​នឹង​ធ្វើ​ឱ្យ​វិបត្តិ​ដីធ្លី​តំបន់​នេះ​រីក​រាលដាល​កាន់តែ​ធំ និង​រ៉ាំរ៉ៃ។

ពលរដ្ឋ​បុរី​កីឡា​លោកស្រី ភោគ សុភីន ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២៥ ខែ​តុលា ថា ពេលនេះ​សាលា ក្រុង​ភ្នំពេញ​ហាក់​ព្រងើយកន្តើយ ចំពោះ​ពលរដ្ឋ​ដោយ​មិន​បាន​ទាក់ទង​មក​ពលរដ្ឋ​អំពី​ការ​ផ្តល់​សំណង ហើយ​ពេល​ពលរដ្ឋ​ទូរស័ព្ទ​ទៅ ក៏​មន្ត្រី​សាលាក្រុង​មិន​ទទួល​ទូរស័ព្ទ​របស់​ពួកគេ​ដែរ​។ លោកស្រី​ឱ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​​មូលដ្ឋាន​ថែមទាំង​ព្រមាន​មិន​ឱ្យ​ពលរដ្ឋ​ទាំង ១២​គ្រួសារ​ធ្វើបាតុកម្ម​ទាមទារ​ថែម​ទៀត​ផង ដោយ​ពួកគេ​ព្រមាន​ថា និង​បង្ក្រាប​ប្រសិនបើ​ពលរដ្ឋ​ហ៊ាន​ធ្វើ​ការ​តវ៉ា៖ «គេ​គំរាម​គេ​មិន​ឱ្យ​ចេញ​តវ៉ា​អ៊ីចឹង​ហើយ​ពួក​ខ្ញុំ​អត់​អី​ហូប​ផង​និយាយ​ទៅ​ពិបាក​មែនទែន​អូន សម្រាប់​ពួក​បង​ដែល​នៅ​សេសសល់»

លោកស្រី ភោគ សុភីន ប្រាប់​ថា អ្វី​ដែល​ពលរដ្ឋ​ទាំង ១២​គ្រួសារ​ចង់បាន គឺ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ដែល​ជា​ការ​ផ្តល់​បន្ទប់​អាគារ​ឱ្យ​ពួកគេ​នៅ​តំបន់​បុរីកីឡា​ដដែល ប៉ុន្តែ​សាលាក្រុង​ភ្នំពេញ​បែរជា​ឱ្យ​ពួកគាត់ ទៅ​នៅ​ឯ​ភូមិអណ្តូង ខណ្ឌ​ព្រែក​ព្នៅ ជាយក្រុង​ភ្នំពេញ ដែល​ជា​តំបន់​ដាច់ស្រយាល ឬក៏​ទទួល​ទឹកប្រាក់​ពី ៣​ពាន់ (.០០០) ទៅ ៥​ពាន់ (.០០០) ដុល្លារ ដែល​មិន​សាក​សម​នឹង​ការបាត់បង់​លំនៅ​របស់​ពលរដ្ឋ​ទាំងនេះ។

ទាក់ទង​ការ​ទាមទារ​របស់​ពលរដ្ឋ​នេះ អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ប៉ុន្តែ​គ្រាន់តែ​ឮ​ថា ជា​អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​លោក​ឆ្លើយ​ថា កំពុង​ប្រជុំ និង​បិទ​ទូរស័ព្ទ​ឈប់​ឆ្លើយ​តប៖ «អ្នកណា​គេ​ហ្នឹង ខ្ញុំ​ជាប់​ប្រជុំ»

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត យល់ថា ចំនួន​ពលរដ្ឋ ដែល​នៅ​សេសសល់ មិន​ច្រើន​នោះ​ទេ​។ ដូច្នេះ​អាជ្ញាធរ​គួរ​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ ចៀសវាង​ទៅ​ថ្ងៃមុខ​កើតជា​បញ្ហា​ធំ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ទៅ​ភាគី​សាលា​ក្រុង​ភ្នំពេញ និង​ពលរដ្ឋ​គួរ​មានការ​សម្បទាន​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​រក​ចំណុច​រួម​មួយ​នៃ​ការ​ផ្តល់​សំណង​នេះ៖ «ខ្ញុំ​មាន​យោបល់​ទៅ​ទាំង​អាជ្ញាធរ​រាជធានី និង​ទាំង​សហគមន៍​យើង​គួរ​សម្បទាន​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ឱ្យ​មានការ​ដោះស្រាយ​ដែល​អាច​ទទួល​យក​បាន»

កម្លាំង​ចម្រុះ​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​វាយកម្ទេច​អគារ​បុរីកីឡា​ចាស់ កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ និង​ចាប់ខ្លួន​ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​សំណង​មួយ​ចំនួន​យក​ទៅ​ឃុំខ្លួន​ថែម​ទៀត​ផង។

កាលពី​ឆ្នាំ​២០១២ អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ប្រើ​គ្រឿងចក្រ​ឈូស​កម្ទេច​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ទាំង ៣៨០​គ្រួសារ​នៅ​សហគមន៍​បុរីកីឡា ដែល​មិន​ព្រម​ចាកចេញ ដើម្បី​យក​ដី​នោះ​ឱ្យ​ទៅ​ក្រុមហ៊ុន ផាន អ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន។ ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​រងគ្រោះ​មួយ​ចំនួន​ធ្លាក់ខ្លួន​ដើរ​សុំទាន ដើរ​រើស​អេតចាយ និង​ខ្លះ​ទៀត​ប្រកប​របរជា​ស្ត្រី​បម្រើ​ផ្លូវ​ភេទ។

លោក វណ្ណ សូផាត ព្រួយ​បារម្ភ​ថា បើ​សាលាក្រុង​ភ្នំពេញ​មិន​ព្យាយាម​បញ្ចប់​វិបត្តិ​ដីធ្លី​នៅ​តំបន់​បុរីកីឡា​ក្នុង​ពេល​នេះ​ទេ បញ្ហា​នេះ​នឹង​បន្ត​អូស​បន្លាយ​ដូច​កាលពី​ជាង ៧​ឆ្នាំមុន ដែល​បន្ត​រហូត​មក​ដល់​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល