ក្រុមហ៊ុន​ចិន​ជួល​ដី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដាំ​ស្រូវ​ក្រោយ​ពី​ផ្អាក​វិនិយោគ​លើ​ដំណាំ​អំពៅ​នៅ​ខេត្ត​ព្រះ​វិហារ

ដោយ វ៉ែន សុមេធ
2020-05-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុមហ៊ុន ហេង ហ្វូ (Hengfu Group Sugar Industry) នៅខេត្តព្រះវិហារ។ រូបថត កាលពីអំឡុងខែសីហា ឆ្នាំ ២០១៩។
ក្រុមហ៊ុន ហេង ហ្វូ (Hengfu Group Sugar Industry) នៅខេត្តព្រះវិហារ។ រូបថត កាលពីអំឡុងខែសីហា ឆ្នាំ ២០១៩។
Photo Provided

ក្រុមហ៊ុន​ចិន ចំនួន ៥រួម​គ្នា ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ជាង ៤ម៉ឺន​ហិកតារពី​រដ្ឋាភិបាល កាល​ពី​ឆ្នាំ២០១១ ដើម្បី​ដំណើរ​ការ​ឧស្សាហកម្ម​ស្ករស​នៅ​ខេត្ត​ព្រះវិហារ ដែល​បង្ក​ឲ្យ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ពលរដ្ឋ​ចំនួន​​បី​ស្រុក និង ២៥ភូមិ ចាប់​ផ្ដើម​ជួល​ដី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដាំស្រូវ​នៅ​ក្នុង​ដី​តំបន់​អភិវឌ្ឍន៍​របស់​ខ្លួន​ក្រោយ​ពី​ក្រុមហ៊ុន​បាន​ផ្អាក​ចង្វាក់​ផលិតកម្ម។ អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ទង្វើ​របស់​ក្រុមហ៊ុន​ថា ​ជា​ទង្វើ​ខុស​ច្បាប់ និង​បំពាន​ទៅ​លើ​កិច្ច​សន្យា​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច។ សង្គម​ស៊ីវិល​ថា ប្រសិន​បើ​ក្រុម​ហ៊ុន​ក្ស័យធន​ត្រូវ​ជូន​ដំណឹង​ទៅ​រាជ​រដ្ឋាភិបាល​និង​ប្រគល់​ដី​ទាំង​នោះ​ទៅ​រាជ​រដ្ឋាភិបាល​វិញ។

ក្រុមហ៊ុន​ចិន ឈ្មោះ ហេងហ្វ៊ូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី (Hengfu Group Sugar Industry) គឺ​ជា​ក្រុមហ៊ុន​ផលិត​ស្ករស​លំដាប់​ពិភពលោក ធំ​ជាង​គេ​នៅ​អាស៊ី​ មាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចិន​ចំនួន ៤ផ្សេង​ទៀត ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ​ជាមួយ​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ស្រុក​ចំនួន ៣ នៅ​ខេត្ត​ព្រះវិហារ ចាប់​ផ្ដើម​ជួល​ដី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដាំ​ស្រូវ ក្រោយ​ពី​ក្រុម​ហ៊ុន​នេះ​បាន​បិទ​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន។

ក្រុមហ៊ុន​ ហេងហ្វ៊ូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី (Hengfu Group Sugar Industry) ជា​តំណាង​ក្រុមហ៊ុន ​ចំនួន ៥រួម​គ្នា ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ជាង​ ៤ម៉ឺន​ហិកតារ​ពី​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ឆ្នាំ២០១១ មាន​ដូចជា ក្រុមហ៊ុន ឡាន ហ្វេង (Lan Feng Cambodia International Company Limited) ក្រុមហ៊ុន រូយ ហ្វេង (Rui Feng Cambodia International Company Limited) ក្រុមហ៊ុន ហេង ណុង (Heng Non Cambodia International Company Limited) ក្រុមហ៊ុន ហេង យូ (Heng Yue Cambodia International Company Limited) និង​ក្រុមហ៊ុន ហេង រូយ (Heng Rui Cambodia International Company Limited)

ទាក់ទង​នឹង​ការ​ជួល​ដី​ពី​ក្រុមហ៊ុន​ទាំង​នេះ

លោកស្រី យាយ សុខ ដែល​មាន​ដី​ចម្ការ​​ដាំ​ដំឡូងមី នៅ​ជាប់​និង​ដី​ក្រុម​ហ៊ុន ​ឲ្យ​ដឹង​ថា​ លោកស្រី​បាន​ជួល​ដី​ពី​ក្រុម​ហ៊ុន ចិន​​ ចំនួន ២០ហិកតារ ដើម្បី​ដាំស្រូវ​ ដោយ​ក្នុង​មួយ​ហិកតារ ត្រូវ​បង់​ ២០ម៉ឺន​រៀល​ ប៉ុន្តែ​ក្រុម​ហ៊ុន​តម្រូវ​ឲ្យ​បង់​ពាក់​កណ្ដាល​ នៅ​ពេល​ប្រមូល​ផល​ស្រូវ​ទើប​គេ​ឲ្យ​បង់​បង្គ្រប់​។ បច្ចុប្បន្ន​លោកស្រី​ ​បាន​ដាំស្រូវ​ចំនួន ៥ហិកតារ​រួច​ហើយ លោកស្រី​បន្ត​ថា នឹង​ដាំ​ឲ្យ​គ្រប់​ចំនួន​ដី​ដែល​បាន​ជួល​ពី​ក្រុម​ហ៊ុន​ចិន។ លោកស្រី​រំពឹង​ថា​នឹង​ទទួល​បាន​ផល​ចំណេញ​ពី​ការ​ជួល​ដី​ពី​ក្រុម​ហ៊ុន​ចិន ព្រោះ​ដី​នេះ​ជួល​ក្នុង​តម្លៃ​សមរម្យ ដែល​​កសិករ​អាច​ទទួល​យក​បាន៖ «ខ្មែរ​ជួល​ដី​ចិន​ហើយ ចិន​វា​មាន​ច្រើន​ ខ្មែរ ខ្មែរ នៅ​តែ​ពី​ក្រោម​វា​ទៅ»

លោកស្រី​ថា ពលរដ្ឋ​ ដែល​ជួល​ដី​របស់​ចិន​ដាំ​ស្រូវ ជា​អ្នក​ខេត្ត​ព្រះវិហារ​ខ្លះ​ ប៉ុន្តែ​ភាគច្រើន​គឺ​ ពលរដ្ឋ​មក​ពី​ខេត្ត​ឆ្ងាយៗ ដូចជា អ្នក​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ​ ព្រៃវែង ជាដើម​​។ ពួក​គេ​មក​ជួល​ដី​នេះ​ភាគ​ច្រើន​ដោយសារ​តែ​ពួក​គាត់​ពុំ​មាន​ដី​ធ្វើ​ស្រែ​ចម្ការ​នៅ​ឯ​ស្រុក​កំណើត។​ អ្នកស្រី​ថា ការជួល​ដី​នេះ គ្រុម​ហ៊ុន​ចិន​គេ​ធ្វើ​កិច្ច​សន្យា​មួយ​ឆ្នាំ​ម្ដង៖ «ចាំ​តែ​ឆ្នាំ​ក្រោយ​បើ​វា​ជួល​ទៀត​ទៅ​ជួល​ទៀត​ទៅ បើ​គេ​ជួល​គ្រប់​តែ​នឹង​គ្នា ​អា​មុខ​អាគារ​បួន​ជាន់​នោះ»

លោកស្រី ពុំ​ដឹង​ថា​ក្រុម​ហ៊ុន​នេះ​មាន​បញ្ហា​អី​នោះ​ទេ ប៉ុន្តែ​កាល​ឆ្នាំ​មុន​ក្រុម​ហ៊ុន​នេះ​បាន​ដាំ​អំពៅ​ទុក​ចោល​មិន​ប្រមូល​ផល បណ្ដោយ​ឲ្យ​គោ​ក្របី​របស់​អ្នកស្រុក ចូល​ស៊ី​តាម​ចិត្ត ហើយ​ក្រោយ​មក​ក៏​ឃើញ​រោងចក្រ​លែង​ដំណើរ​ការ។ ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​ឃើញ​ពលរដ្ឋ​ចូល​មក​ដាំស្រូវ ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ដឹង​រឿង​ថា​ក្រុម​ហ៊ុន​នេះ​ដាំ​ស្រូវ​ជំនួស​អំពៅ​វិញ​ តែ​តាម​ពិត​គឺ​ក្រុមហ៊ុន​ជួល​ដី​ឲ្យ​ពលរដ្ឋ​ជា​អ្នក​ដាំ។

ចំណែក​ជនជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ក្នុង​ភូមិ​សំបូរ ស្រុក​ឆែប ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដែល​បាត់​បង់​ដី​ចម្ការ​វិល​ជុំ ចំនួន ៦ហិកតារ ឲ្យ​ដឹង​ថា​ ដី​របស់​គ្រួសារ​លោក​ត្រូវ​បាន​ក្រុម​ហ៊ុន​ទន្ទ្រាន​យក​​តាំងពី​ឆ្នាំ២០១២ នៅ​ពេល​ក្រុម​ហ៊ុន​ចាប់​​ផ្ដើម វិនិយោគ​ ដូច្នេះ​ ​បើ​ក្រុម​ហ៊ុន​ក្ស័យធន ឬ​ក៏​ឈប់​វិនិយោគ គួរ​តែ​ប្រគល់​ដី​ឲ្យ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​ពី​ដូន​តា​វិញ៖ «ដី​យើង គេ​មក គេ​ថា គេ​បាន​ពី​រដ្ឋាភិបាល​ ឥឡូវ​ឈប់​ធ្វើ​ស្រាប់​តែ​មក​ជួល​ឲ្យ​ពលរដ្ឋ​ធ្វើ​ស្រែ ដូច​ជា​មិន​ត្រូវ។ ចុះ​បើ​ខ្ញុំ​ទៅ​ខ្ចី​ក្របី​អ្នក​ស្រុក តើ​ខ្ញុំ​អាច​យក​ក្របី​អ្នក​ស្រុក​ទៅ​ជួល​ឲ្យ​អ្នក​ផ្សេង​បាន​ទេ

លោក​ឲ្យ​ដឹង​ទៀត​ថា ដាច់ខាត លោក​មិន​ទៅ​ជួល​ដី​ពី​ក្រុមហ៊ុន​ចិន​ធ្វើ​ស្រែ​នោះ​ទេ ពីព្រោះ​ដី​នោះ​គឺ​ជា​ដី​កេរ្តិ៍​ដូនតា​របស់​លោក បើ​សិន​ជា​លោក​ទៅ​ជួល​ដី​នោះ គឺ​មាន​ន័យ​ថា ពួក​លោក​ទទួល​ស្គាល់​ថា ដី​នោះ គឺ​ជា​ដី​របស់​ចិន៖ «ខ្មែរ​មិន​មែន​ម្ចាស់​ដី បែរ​ទៅ​ជា​ចិន​ម្ចាស់​ដី​ទៅ​វិញ​ វា​ជា​រឿង​មួយ​ចម្លែក»

ក្រុមហ៊ុន ហេងហ្វ៊ូ គ្រុប ស៊ូហ្គឺរ អីនដាស្ត្រី (Hengfu Group Sugar Industry Co., LTD) ជា​សហគ្រាស​ផលិត​ស្ករស​ធំ​ជាង​គេ​មួយ​របស់​ចិន មាន​មូលដ្ឋាន​ក្នុង​ខេត្ត​គ័ងទុង (Guangdong) ប្រទេស​ចិន មាន​បុត្រ​សម្ព័ន្ធ​ជាមួយ​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​ដែល​គាំទ្រ ​សង្វាក់​ផលិតកម្ម​រោងចក្រ​នេះ មាន​នៅ​បី​ស្រុក ​ក្នុង​ខេត្ត​ព្រះវិហារ។

រោងចក្រ​នេះ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃ​ទី១៩ មេសា ឆ្នាំ២០១៦ ដោយ​បាន​បោះ​ទុន​ប្រមាណ ១ពាន់​លាន​ដុល្លារ​អាមេរិក ដែល​មាន​កិច្ចសន្យា​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​រយៈពេល ៧០ឆ្នាំ។កាល​នោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​នៅ​ថ្ងៃ​សម្ពោធ​ថា ការ​វិនិយោគ​ជំហាន​ដំបូង​មាន​តម្លៃ ៣៦០​លាន​ដុល្លារ​ក្នុង​គម្រោង​សរុប ១​ពាន់​លាន​ដុល្លារ​អាមេរិក​នេះ​ រំពឹង​ថា​ឧស្សាហកម្ម​ស្ករស​នៅ​ខេត្ត​ព្រះវិហារ អាច​នឹង​បង្កើត​ការងារ​ដ៏​ច្រើន​​ជូន​ពលរដ្ឋ ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ជីវភាព​កាន់​តែ​ប្រសើរ។

ក៏ប៉ុន្តែ ផ្ទុយ​ពី​ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ចិន​ចូល​ទៅ​វិនិយោគ​ បាន​បង្ក​ឲ្យ​​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ស្រុក​ចំនួន៣ គឺ​ស្រុក​​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ក្រោយ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ជាង ៤ម៉ឺន​ហិកតារ​ពី​រដ្ឋាភិបាល​​កាល​ពី​ឆ្នាំ២០១១។

ប្រធាន​កម្មវិធី​តស៊ូ​មតិ និង​ដីធ្លី​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ​ បាន​ប្រាប់​អាស៊ី​សេរី​ថា ក្រុមហ៊ុន​ចិន ចូល​មក​វិនិយោគ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដី​ប្រជាពលរដ្ឋ​ចំនួន ៣ស្រុក និង ២៥ភូមិ ដែល​ក្នុង​មួយ​ភូមិៗ មាន​ពលរដ្ឋ​ជា​មធ្យម​ជាង ១០០គ្រួសារ។ ហើយ​បច្ចុប្បន្ន​នេះ​ក្រុម​ហ៊ុន​បាន​ផ្អាក​សកម្មភាព​របស់​ខ្លួន​ ប៉ុន្តែ​បាន​​ជួល​ដី​នៅ​ក្នុង​គម្រោង​វិនិយោគ​ទៅ​ឲ្យ​ពលរដ្ឋ​ធ្វើ​ស្រែ​។ ហើយ​អ្នក​ទៅ​ជួល​ដី​ពី​ចិន​នោះ​មិន​ត្រឹម​តែ​ពលរដ្ឋ​សាមញ្ញ​នោះ​ទេ មាន​ទាំង​ឈ្មួញ មាន​ទាំង​មន្ត្រី​ខេត្ត ខ្លះ​ជួល​ដី ហើយ​ ខ្លះ​ក៏​មក​ទន្ទ្រាន​យក​តែ​ម្ដង៖ «អឺ អា​ហ្នឹង​វា​រឿង​ធម្មតា តែ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ពី​រាជ​រដ្ឋាភិបាល​ក្នុង​ការ​វិនិយោគ ដំណាំ​អំពៅ​អ៊ីចឹង ប្រសិន​ជា​ក្រុម​ហ៊ុន​ហ្នឹង​ក៏​ក្ស័យធន​ដោយ​ប្រការ​ណា​មួយ​ហើយ គួរ​តែ​ប្រគល់​ដី​ហ្នឹង​ទៅ​ឲ្យ​ ប្រជាពលរដ្ឋ​ដែល​គាត់​ធ្លាប់​ប្រើប្រាស់​តាំង​ពី​មុន​មក ព្រោះ​ដី​ទាំង​អស់​ហ្នឹង​សុទ្ធតែ​ជា​ដី​របស់​ប្រជា​ពលរដ្ឋ ដែល​គាត់​ធ្លាប់​ប្រើប្រាស់​ជា​លក្ខណៈ​ប្រពៃណី​របស់​គាត់​ដែរ​ណាស់ អ៊ីចឹង​បើ​ឈប់​ប្រើ​ហើយ ឈប់​ធ្វើ​ហើយ​ជូន​ទៅ​គាត់​វិញ​ទៅ»

មន្ត្រីសម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះវិហារ​លោក ឡោ ចាន់ ឲ្យ​អាស៊ី​សេរី​ដឹង​ដែរ​ថា ជម្លោះដីធ្លី​រវាង​ពលរដ្ឋ​ជន​ជាតិ​ភាគតិច​ជាមួយ​ក្រុមហ៊ុន​ចិន ​នៅ​ពុំ​ទាន់​រក​ដំណោះ​ស្រាយ​ជូន​ពួកគាត់​នៅ​ឡើយ​ទេ​ ដោយសារ​តែ​ពួក​គាត់​ទាមទារ​ធ្វើ​ប្លង់​សមូហភាព​ ប៉ុន្តែ​អាជ្ញាធរ​ពុំ​ព្រម​កាត់​ឆ្វៀល​ឲ្យ​ពលរដ្ឋ​នោះ​ទេ លោក​ថា ពេល​នេះ​ក្រុម​ហ៊ុន​ក្ស័យ​ធន់​ទៅ​ហើយ​ គួរតែ​យក​ដី​នោះ​មក​ចែក​ឲ្យ​ពលរដ្ឋ​វិញ​ជា​ជាង​ឲ្យ​ក្រុម​ហ៊ុន​យក​ដី​ទៅ​ជួល​ឲ្យ​ពលរដ្ឋ​ធ្វើ​ស្រែ៖ «ហ្នឹង​ហើយ​ក្រុមហ៊ុន​ចិន​ហ្នឹង​ចប់​វិស័យ​វា វា​គ្មាន​ធ្វើ​អី​ទៀត​ទេ ឥឡូវ​នោះ ដី​ទាំង​ឡាយ គឺ​ជួល​ឲ្យ​ខ្មែរ​ ក្នុង ១ហិកតារ ២០ម៉ឺន អា​ខ្លះ​ជួល​១០ហិកតារ អា​ខ្លះ​ជួល​ ២០ហិកតារ ខ្មែរ​យើង​នាំ​គ្នា​ជួល​ដី​ពី​ចិន​អស់​ហើយ​ហ្នឹង»

លោក ឡោ ចាន់ បាន​ចាត់​ទុក​ទង្វើ​របស់​ក្រុមហ៊ុន​ដែល​កំពុង​តែ​ធ្វើ​គឺ​ជា​ទង្វើ​ខុស​ច្បាប់ និង​បំពាន​ទៅលើ​កិច្ច​សន្យា​ជាមួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច។ លោក​ថា ប្រសិន​បើ​ក្រុម​ហ៊ុន​ក្ស័យធន​ត្រូវ​ជូន​ដំណឹង​ទៅ​រដ្ឋាភិបាល​និង​ប្រគល់​ដី​ទាំង​នោះ​ទៅ​រដ្ឋាភិបាល​វិញ៖ «បើ​យើង​និយាយ​ផ្លូវ​ច្បាប់​អត់​មាន​សិទ្ធិ​ណា យក​ដី​ដែល​ជួល​ពី​រាជ​រដ្ឋាភិបាល ឮ​យើង​ប្រើ​ពាក្យ​ថា សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ហើយ​យក​ទៅ​ជួល​ឲ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​ទៀត​ទេ»។​

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង អភិបាល​ខេត្ត​ព្រះវិហារ​ លោក ប្រាក់ សុវណ្ណ ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​ដីធ្លី​នេះ ប៉ុន្តែ​លោក​បដិសេធ​ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា លោក​កំពុង​ជាប់​ប្រជុំ​។

ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ​ពឹង ​ទ្រីដា បាន​បដិសេធ​ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ​ដោយ​ចុច​ទូរស័ព្ទ​បិទ នៅ​ពេល​ដែល​ឮ​ថា ជា​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី។ ប៉ុន្តែ​លោក​ធ្លាប់​បាន​អះអាង​ថា ​ បុគ្គលិក​ក្រុមហ៊ុន​បាន​ជូន​ដំណឹង​មក​មន្ទីរ​កសិកម្ម​ថា​ ក្រុមហ៊ុន​មាន​បញ្ហា​ផ្ទៃ​ក្នុង ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នឹង​ដំណើរ​ការ​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ២០២០ នេះ។

គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ ហេងហ្វ៊ូ (Hengfu Group) ចាប់​ពី​ឆ្នាំ២០១១ ដល់​ឆ្នាំ២០១៩ មក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជន​ជាតិ​ដើម​ភាគ​តិច ប្រមាណ ២.០០០គ្រួសារ ដែល​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ ១ម៉ឺន​នាក់ ស្ថិត​នៅ​ក្នុង​ភូមិ​ចំនួន២៥ ឃុំ​ចំនួន១០ និង​ស្រុក​ចំនួន៣។ វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា និង​អង្គការ​ដៃគូ​មួយ​ចំនួន​ទៀត បាន​រក​ឃើញ​ថា ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ប៉ះពាល់​ដី​ស្រែ​ពលរដ្ឋ ឈូស​ឆាយ​លុប​ប្រភព​ទឹក ដែល​ជា​ផ្លូវ​ទឹក​ធម្មជាតិ​សម្បូរ​ដោយ​មច្ឆជាតិ​រស់នៅ និង​បាន​​ឈូស​ឆាយ​ទៅ​លើ​ដី​ទួល​ប្រាសាទ​បុរាណ ៤​កន្លែង និង​ស្ថានីយ​បុរាណ​ផ្សេង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល