សាលាក្រុង​ភ្នំពេញ​ដោះ​លែង​អតីត​ពលរដ្ឋ​បុរី​កីឡា​ប្រាំ​នាក់ និង​ព្រមាន​មិន​ឲ្យ​មក​ទាមទារ​សំណង​នៅ​តំបន់​បុរី​កីឡា

ដោយ សេក បណ្ឌិត
2019-09-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​អគារ​បុរី​កីឡា​ចាស់​មួយ ដែល​មាន​ពលរដ្ឋ​រស់នៅ​ជាង ១០គ្រួសារ កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ២០១៩។
ទិដ្ឋភាព​អគារ​បុរី​កីឡា​ចាស់​មួយ ដែល​មាន​ពលរដ្ឋ​រស់នៅ​ជាង ១០គ្រួសារ កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក​អ្នក​ស្រី ស ស៊ន

មន្រ្តី​សង្គម​ស៊ីវិល​ដែល​តាម​ដាន​ករណី​ជម្លោះ​ដីធ្លី​នៅ​តំបន់​ បុរី​កីឡា​ឲ្យ​ដឹង​ថា សាលាក្រុង​ភ្នំពេញ​ដោះ​លែង​អតីត​ពលរដ្ឋ​បុរី​កីឡា​ប្រាំ​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​វិញ​ហើយ និង​ព្រមាន​ពួក​គេ​មិន​ឲ្យ​មក​តំបន់​បុរី​កីឡា​ទាមទារ​សំណង​ទៀត​ទេ។ ចំណែក​ពលរដ្ឋ ១២គ្រួសារ ដែល​បាត់បង់​ផ្ទះ​សំបែង​ កំពុង​រស់​នៅ​តាម​កាំ​ជណ្ដើរ និង​ដើរ​សុំ​ផ្ទះ​របស់​គេ​រស់​នៅ​ក្នុង​តំបន់​បុរី​កីឡា​នោះ។

មន្រ្តី​សង្គម​ស៊ីវិល ពលរដ្ឋ​សហគមន៍​បុរី​កីឡា ថ្លែង​ថា ការ​ព្រមាន​ពលរដ្ឋ ឬ​ការ​ផ្ដល់​សំណង​មិន​សមរម្យ​ដល់​​អ្នក​នៅ​ក្នុង​សហគមន៍​បុរី​កីឡា នឹង​អាច​ធ្វើ​ឲ្យ​វិបត្តិ​ដីធ្លី​​នៅ​តែ​បន្ត​អូស​បន្លាយ​ត​ទៅ​មុខ​រក​ពេល​បញ្ចប់​គ្មាន។ ពួក​គេ​លើក​ឡើង​បែប​នេះ ខណៈ​ពលរដ្ឋ​សហគមន៍​បុរី​កីឡា ១២គ្រួសារ ត្រូវ​អាជ្ញាធរ​វាយ​កម្ទេច​ផ្ទះ​របស់​ពួក​គេ​អស់​ទៅ​ហើយ ប៉ុន្តែ មិនទាន់​ទទួល​បាន​សំណង​នៅ​ឡើយ​ទេ។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ឲ្យ​អាស៊ី​សេរី​ដឹង​ថា តាម​ព័ត៌មាន​ដែល​​ទទួល​បាន​ពី​សហគមន៍​បុរី​កីឡា សាលា​ក្រុង​ភ្នំពេញ​ថា ពលរដ្ឋ​ដែល​ត្រូវ​សាលាក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៩ និង​ត្រូវ​យក​ទៅ​ឃុំ​ខ្លួន​បន្ត​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​ទាំង ៥នាក់​នោះ ជា​អ្នក​ចំណូល​ថ្មី និង​អ្នក​ខ្លះ​ជា​អតីត​ពលរដ្ឋ​បុរី​កីឡា។ លោក​ថា ក្រោយ​ពី​សាលាក្រុង​ភ្នំពេញ​បាន​ដោះ​លែង​អ្នក​ទាំង​នោះ កាល​ពី​ថ្ងៃ​ទី១៩ ខែ​កញ្ញា មិន​ឃើញ​អ្នក​ទាំង​នោះ​មក​ទាមទារ​នៅ​តំបន់​បុរី​កីឡា​ទៀត​ទេ៖ «គេ​ក៏​ដោះ​លែង​វិញ​ក្នុង​លក្ខខណ្ឌ​មួយ​មិន​តវ៉ា​ត​ទៅ​ទៀត មិន​អ៊ីចឹង​ទេ​នឹង​ឃុំ​បន្ត​ទៀត»

លោក វណ្ណ សូផាត ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ពលរដ្ឋ ១២គ្រួសារ ដែល​មិន​ទាន់​ទទួល​សំណង​ពី​សាលា​ក្រុង​ភ្នំពេញ មក​ដល់​ពេល​នេះ ពួក​គេ​នៅ​តែ​រក្សា​ជំហរ​មិន​យល់​ព្រម​ទទួល​សំណង​ដដែល។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ​ជំរុញ​ទៅ​សាលា​ក្រុង​ភ្នំពេញ​ថា គួរ​ផ្តល់​សំណង​សមរម្យ​ដល់​ពលរដ្ឋ​នៅ​សេសសល់​ទាំង​​នោះ ព្រោះ​ការ​គ្មាន​ជម្រក​រស់​នៅ​ក្នុង​រដូវ​វស្ស​បែប​នេះ មិន​មែន​ជា​រឿង​ស្រួល​នោះ​ទេ៖ «ដល់​តំណាក់​កាល​នេះ​ហើយ​គួរ​តែ​បញ្ចប់​ដោយ​សន្តិវិធី​ទៅ​ទាំង​ក្រុមហ៊ុន​ទាំង​អាជ្ញាធរ​កុំ​ឲ្យ​នៅ​រ៉ាំរ៉ៃ​អី​ត​ទៀត​មិន​ល្អ​មើល​បាទ»

ពលរដ្ឋ​សហគមន៍​បុរី​កីឡា​ដែល​បាន​យល់​ព្រម​ទទួល​សំណង​ពី​សាលា​ក្រុង​ភ្នំពេញ លោក ដាញ់ គង្គា ឲ្យ​អាស៊ី​សេរី​ដឹង​ថា ពលរដ្ឋ​ដែល​មិន​ទាន់​យល់​ទទួល​សំណង​ទាំង​នោះ​ភាគ​ច្រើន ដើរ​សុំ​បន្ទប់​អ្នក​បុរី​កីឡា​រស់នៅ។ លោក ឲ្យ​ដឹង​ទៀត​ថា ចំពោះ​អ្នក​ខ្លះ​ដែល​គ្មាន​បង​ប្អូន​សាច់​ញាតិ នាំ​គ្នា​ដេក​តាម​កាំ​ជណ្ដើរ​នៃ​អាគារ​បុរី​កីឡា៖ «គាត់ (ពលរដ្ឋ​បុរី​កីឡា​មិន​ទាន់​ទទួល​យក​សំណង) ឥឡូវ​នៅ​កាំ​ជណ្ដើរ​ហ្នឹង តែ​ដោយ​ឡែក​អ្នក​ខ្លះ​មាន​កូន មាន​ផ្ទះ​នៅ​គេ​ទៅ​គេង​ជាមួយ​កូន»

អាជ្ញាធរ​រាជធានី ភ្នំពេញ បាន​វាយ​កម្ទេច​ចោល​អគារ​បុរី​កីឡា​ចាស់ កាលពីថ្ងៃទី១៦ ខែ​កញ្ញា ដើម្បី​យក​ដី​ឲ្យ​ក្រុមហ៊ុន ផាន​អ៊ីម៉ិច (PhanImex) អភិវឌ្ឍន៍​នៅ​ទី​នោះ។ មុន​ព្រឹត្តិការណ៍​វាយ​កម្ទេច​អគារ​មួយថ្ងៃ និង​ថ្ងៃ​វាយ​កម្ទេច​អគារ អាជ្ញាធរ​បាន​ចាប់​ខ្លួន​ពលរដ្ឋ ១៧នាក់ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​វិញ​អស់​ហើយ នៅ​ឡើយ​តែ​ការ​ផ្ដល់​សំណង​ដល់​ពលរដ្ឋ​ចំនួន​ ១២​គ្រួសារ។

ទាក់ទង​ការ​ផ្ដល់​សំណង​ដល់​ពលរដ្ឋ​នេះ  អាស៊ី​សេរី​បាន​សុំ​ការ​បំភ្លឺ ពី​អភិបាល​រាជធានី ភ្នំពេញ​លោក ឃួង ស្រេង នៅថ្ងៃទី២២ ខែ​កញ្ញា ប៉ុន្តែ​លោក​បដិសេធ​មិន​ឆ្លើយ​តប​ទេ​ដោយ​លោក​ប្រាប់​ថា កំពុង​រវល់​ធ្វើ​បុណ្យ។

ពលរដ្ឋ​បុរី​កីឡា លោកស្រី ភោគ សុភីន ព្រមាន​ថា បើ​សាលា​ក្រុង​មិន​ផ្តល់​សំណង​សមរម្យ​ដល់​លោក​ស្រី លោកស្រី​នឹង​ទៅ​ទាមទារ មុខ​ផ្ទះ​លោក ហ៊ុន សែន។ លោក​ស្រី​ថា សំណង​ដែល​លោក​ស្រី​អាច​ទទួល​បាន​គឺ ទឹក​ប្រាក់​ប្រមាណ​បី​ម៉ឺន​ដុល្លារ ដែល​អាច​ទិញ​បន្ទប់​រស់​នៅ​ក្នុង​តំបន់​បុរី​កីឡា​បាន៖ «នឹង​ទៅ​រក​ដំណោះ​ស្រាយ​នៅ​មុខ​ផ្ទះ​សម្ដេច​ឲ្យ​គាត់​បាន​ឃើញ​ថា ពួក​ខ្ញុំ​អ្នក​នៅ​សេសសល់​ពួក​យើង​ជា​ប្រជាពលរដ្ឋ​សុទ្ធសាធ ប៉ូលិស​ប៉េអិម​អី​គេ​ដោះ​ស្រាយ​អស់​ហើយ ម្នាក់​បាន ២០ម៉ឺន​ដុល្លារ ១៨ម៉ឺន​ដុល្លារ តែ​ចំណែក​ប្រជា​ពលរដ្ឋ​យើង​ខ្ញុំ​ឲ្យ​សំណង​មិន​សមរម្យ»

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ឲ្យ​ដឹង​ថា ដំណោះ​ស្រាយ​ចុង​ក្រោយ ដែល​សាលា​ក្រុង​ភ្នំពេញ​ផ្ដល់​ឲ្យ​ពលរដ្ឋ គឺ​ឲ្យ​ពួក​គេ​ទទួល​យក​លុយ​ពី ៣ពាន់​ដុល្លារ (.០០០) ទៅ ៥ពាន់​ដុល្លារ (.០០០) អ្នក​ខ្លះ​ទៀត ​ត្រូវ​ទទួល​យក​ផ្ទះ​នៅ​ភូមិ​អណ្ដូង​ក្នុង​តំបន់​ដាច់​ស្រយាល​គ្មាន​ប្រព័ន្ធ​ទឹក​ភ្លើង​ត្រឹម​ត្រូវ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល