សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អំពាវនាវ​ដល់​សហគមន៍​អន្តរ​ជាតិ​ឱ្យ​ជំរុញ​ប្រទេស​វៀតណាម​ប្រគល់​ដី​ស្រែ​ទៅ​កសិករ​ខ្មែរ​ក្រោម​វិញ

ដោយ ហេង រស្មី
2020-05-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ខ្មែរ​ក្រោម​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស នៅ​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ២០២០។
ក្រុម​ខ្មែរ​ក្រោម​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស នៅ​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ២០២០។
រូប៖ សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​មូលដ្ឋាន​​នៅ​ក្រៅ​ប្រទេស​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​អាជ្ញាធរ​វៀតណាម ដែល​បាន​ប្រព្រឹត្តិ​អំពើ​ហិង្សា​រឹបអូស​ដី​ស្រែ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ខេត្ត​ក្រមួន​ស​ និង​ស្នើ​ដល់​សហគមន៍​អន្តរ​ជាតិ​ជួយ​​​ជំរុញ​ទៅ​ប្រទេស​វៀតណាម​ប្រគល់​ដីស្រែ ដែល​រឹបអូស​នោះ​ជូន​កសិករ​ខ្មែរ​ក្រោម​ដោយ​គ្មាន​លក្ខខណ្ឌ។

សេចក្ដី​ថ្លែង​ការណ៍​បញ្ជាក់​ថា ដី​ស្រែ គឺ​ជា​ជីវិត​ពលរដ្ឋ​​ខ្មែរ​ក្រោម។ ក្នុង​លិខិត​ចំហ​ចុះ​ថ្ងៃ​ទី១០ ឧសភា សហព័ន្ធ​ខ្មែរ​កម្ពុជា​ព្រួយ​បារម្ភ​ថា សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម​ក្នុង​ខេត្ត​ក្រមួន​ស​​ដែល​បាន​ប្រើប្រាស់​កម្លាំង​ទាហាន​បង្ក្រាប​ និង​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម​យ៉ាង​ឃោរឃៅ​កាល​ពី​ថ្ងៃ​ទី៥ ខែ​ឧសភា គឺ​ជា​ការ​រឹបអូស​ដី​ពលរដ្ឋ​ខ្មែរ​ក្រោម​យ៉ាង​ឃោរឃៅ និង​អមនុស្សធម៌។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឱ្យ​វៀតណាម​គោរព​សិទ្ធិ​ដី​ធ្លី និង​ទ្រព្យ​សម្បត្តិ​របស់​ជនជាតិ​ដើម ព្រម​ទាំង​មាន​សិទ្ធិ​ប្រើប្រាស់​ធនធាន​ធម្មជាតិ ដូច​មាន​ចែង​ក្នុង​សេចក្ដី​ប្រកាស​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​ជនជាតិ​ដើម។

ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​រង​គ្រោះ​ដោយ​សារ​តែ​ការ​បណ្ដេញ​ពី​ដី​ធ្លី​ លោក សឺន ចាំង ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី១០ ខែ​ឧសភា​ថា ចាប់​តាំង​មាន​ការ​បណ្ដេញ ​​ពលរដ្ឋ​ខ្មែរ​ក្រោម​មិន​ទាន់​ហ៊ាន​ទៅ​ធ្វើ​ស្រែ​លើ​ដី​ជម្លោះ​នោះ​វិញ​នៅ​ឡើយ​ទេ៖ «លោក ខ្ញុំ​ជួយ​ត្រេកអរ​ដែរ​អរគុណ​ដល់​ខ្មែរ​កម្ពុជា​យើង​ចេះ​ជួយ​គ្នា​ចេះ​ស្រលាញ់​​នឹក​ឃើញ​ថា​ យើង​ក្រោម​ទឹក​ដី​គេ​ហើយ​គេ​កាន់កាប់​លើ​យើង​ហើយ​ជួយ​ស្រែក​ពី​ចម្ងាយ​ខ្ញុំ​ក៏​ត្រេក​អរ​ដែរ​ណា»

លោក សឺន ចាំង ឲ្យ​ដឹង​ទៀត​ថា ពេល​នេះ​ពលរដ្ឋ​ខ្មែរ​ក្រោម​កំពុង​ខ្នះខ្នែង​ធ្វើ​លិខិត​សុំ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​វៀតណាម​​គ្រប់​លំដាប់​ថ្នាក់​ដើម្បី​ស្នើ​ឱ្យ​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​ប្រើប្រាស់​និង​គ្រប់​គ្រង​លើ​ដី​របស់​ខ្លួន​ដែល​ពួកគេ​ប្រើប្រាស់​ជា​ច្រើន​ជំនាន់​មក​ហើយ។

កាល​ពី​ថ្ងៃ​ទី៥ ខែ​ឧសភា អាជ្ញាធរ​វៀតណាម​ប្រដាប់​ដោយ​អាវុធ​ជា​ច្រើន​នាក់ បាន​ចុះ​ទៅ​ហាម​ឃាត់ និង​រឹប​អូស​យក​ដី​ជាង ១០០ហិកតារ ដែល​ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ​ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស ​ដែល​វៀតណាម​បាន​ប្ដូរ​ឈ្មោះ​មក​ជា​ខេត្ត​កៀងយ៉ាង។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​តវ៉ា​ជំទាស់​​​រហូត​​ផ្ទុះ​ជា​អំពើ​ហិង្សា​​និង​​​បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាង ១០នាក់​រង​បួស​ធ្ងន់​និង​ស្រាល។ ពលរដ្ឋ​ខ្មែរ​ក្រោម​ឲ្យ​ដឹង​ថា​ ពួក​គេ​​បាន​អាស្រ័យ​ផល​លើ​ដី​នោះ​តាំង​ពី​អំឡុង​ឆ្នាំ១៩៧៣ មក​ម៉្លេះ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​មិន​ព្រម​ធ្វើ​​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​នោះ​ទេ។

ទាក់ទង​ករណី​បណ្ដេញ​ចេញ​នេះ អា​ស៊ី​សេរី​​បាន​ផ្ញើ​សំនួរ​​​​តាម​ប្រព័ន្ធ​​អេឡិចត្រនិច្ច​​​​​ទៅ​ស្ថាន​ទូត​វៀតណាម​ប្រចាំ​ទី​ក្រុង​ភ្នំពេញ​​​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ​ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

អគ្គលេខាធិការ​សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ឲ្យ​ដឹង​ថា​ សមាគម​លោក​បាន​តាម​ដាន​ដំណើរ​រឿង​ដោយ​យក​ចិត្ត​ទុក​ដាក់​និង​ត្រៀម​ខ្លួន​ចាំ​អន្តរាគមន៍​គ្រប់​ពេល​វេលា​ប្រ​សិន​អាជ្ញាធរ​វៀតណាម​មិន​ផ្ដល់​ដី​នោះ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​វិញ​ទេ៖ «អគ្គ​មាន​ការ​ណែនាំ​ឲ្យ​គាត់​រៀបចំ​លិខិត​ស្នើ​អន្តរាគមន៍​សារ​ជា​ថ្មី ដើម្បី​រៀប​ចំ​ប្លង់​ដី​ហ្នឹង​ជា​កម្មសិទ្ធិ​សម្រាប់​ពួក​គាត់​អី​អញ្ចឹង​ជា​ដើម​យើង​បាន​ណែនាំ​បន្ថែម​ដោយសារ​យើង​សិក្សា​ទៅ​ពួក​គាត់​មិន​មាន​បង្កាន់​ដៃ​ព្រោះ​ថា​កន្លង​មក​កឺ​គាត់​ធ្វើ​តាម​ដំណ​ពី​ដូន​តា​មក​ណា»

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​និង​សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​លើក​ឡើង​ដូច​គ្នា​ថា​ កន្លង​មក​អាជ្ញាធរ​វៀតណាម​ក្នុង​ខេត្ត​ក្រមួន​ស​បាន​រឹប​អូស​ដីធ្លី​រាប់​ពាន់​ហិកតារ​ពី​កសិករ​ខ្មែរ​ក្រោម​ចំនួន ១៤៥គ្រួសារ។ សមាគម​ខ្មែរ​ក្រោម​ឲ្យ​ដឹង​ទៀត​ថា ​រាប់​ទសវត្ស​មក​ហើយ​អាជ្ញាធរ​វៀតណាម​តែង​ធ្វើ​ព្រងើយ​កន្តើយ​នៅ​ពេល​ពលរដ្ឋ​ខ្មែរ​ក្រោម​ស្នើ​ឲ្យ​ចុះ​បញ្ជី​ដីធ្លី​ពួក​គេ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល