ពលរដ្ឋ​ខ្មែរ​ក្រោម​កំពុង​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​អាជ្ញាធរ​វៀតណាម ករណី​ប៉ូលិស​បណ្ដេញ​ពួក​គេ​ចេញ​ពី​ដីធ្លី

ដោយ យន់ សាមៀន
2020-05-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ខ្មែរ​ក្រោម​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស នៅ​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ២០២០។
ក្រុម​ខ្មែរ​ក្រោម​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស នៅ​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ២០២០។
រូប៖ សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍

ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ត្រូវ​ប៉ូលិស​វៀតណាម​បណ្ដេញ​ចេញ​ពី​ដី​ធ្លី កំពុង​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​អាជ្ញាធរ​វៀតណាម ដើម្បី​បញ្ជាក់​ថា ដីធ្លី​ជាង ១០០ហិកតារ ដែល​ពួក​គេ​កំពុង​បង្កបង្កើន​ផល គឺ​ជា​ដីធ្លី​របស់​ខ្លួន​​តាំង​ពី​ដូន​តា​មក​ម្ល៉េះ។ សមាគម​ខ្មែរ​ក្រោម​ធ្វើ​ការងារ​ខាង​សិទ្ធិមនុស្ស​ព្រមាន​ថា សមាគម​នឹង​បន្ត​ឃ្លាំមើល​ករណី​ជម្លោះ​ដីធ្លី​នេះ ហើយ​នឹង​ស្នើ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ពី​ប្រទេស​មួយ​ចំនួន ដែល​មាន​ទំនាក់ទំនង​នឹង​វៀតណាម ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​នេះ។

ពលរដ្ឋ​ខ្មែរ​ក្រោម​ ដែល​រងគ្រោះ​ដោយសារ​តែ​ការ​បណ្ដេញ​ពី​ដីធ្លី លោក សឺន ចាំង ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី៨ ខែ​ឧសភា​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ រងគ្រោះ គ្រោង​នឹង​ដាក់​ឯកសារ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក និង​ថ្នាក់​ខេត្ត ​ក្រមួន​ស ​ដែល​វៀតណាម​បាន​ប្ដូរ​ឈ្មោះ​មក​ជា​ខេត្ត​កៀងយ៉ាង​ ដើម្បី​បញ្ជាក់​ប្រាប់​ថា ពលរដ្ឋ​ខ្មែរ​ក្រោម បាន​កាន់​កាប់​ដី​របស់​ពួក​គេ ​រាប់​សិប​ឆ្នាំ​មក​ហើយ។ លោក​បន្ត​ថា សំណើសុំ​អន្តរាគមន៍​ជា​ថ្មី​នេះ ក្រោយ​មន្ត្រី​វៀតណាម​មិន​ដោះ​ស្រាយ ដោយ​តម្រូវ​ឲ្យ​ពួក​លោក​ទៅ​រក​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​មូលដ្ឋាន​វិញ ដោយ​លើក​ហេតុ​ផល​ថា​ពួក​លោក ​គ្មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី៖ «យើង​ធ្វើ​មួយ​សន្លឹក​ទៅ​ឃុំ​មួយ​សន្លឹក​ចូល​ស្រុក​មួយ​សន្លឹក​ទៀត​ចូល​ទៅ​ខេត្ត យើង​ឈ្មោះ​អី​យើង​ដាក់​ឈ្មោះ​យើង​នៅ​ពី​ក្រោម​ហ្នឹង​ទៅ​ណា​យើង​ធ្វើ​តាំង​ពី​ឆ្នាំ​១៩៧៣»

កាល​ពី​ថ្ងៃ​ទី៥ ខែ​ឧសភា​ អាជ្ញាធរ​វៀតណាម​​រួមមាន៖ ​ប៉ូលិស​ ទាហាន​ដែល​ប្រដាប់​ដោយ​អាវុធ​និង​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​នាក់​បាន​ចុះ​ទៅ​ហាម​ឃាត់ និង​រឹប​អូស​យក​ដី​ជាង ១០០ហិកតារ​ ដែល​ស្ថិត​ក្នុង​ភូមិ​ប៉ប្រក់ ឃុំ​ប៉ប្រក់ ​ស្រុក​កៀងលឿង​​ខេត្ត​ក្រមួន​ស ដែល​វៀតណាម​បាន​ប្ដូរ​ឈ្មោះ​មក​ជា​ខេត្ត​កៀងយ៉ាង។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ជំទាស់​រហូត​​ផ្ទុះ​ជា​អំពើ​ហិង្សា​ករណី​នេះ​បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាង ១០នាក់​រង​បួស​ធ្ងន់​និង​ស្រាល។ ពលរដ្ឋ​ខ្មែរ​ក្រោម​ឲ្យ​ដឹង​ថា​ ពួក​គេ​បាន​អាស្រ័យ​ផល​លើ​ដី​នោះ​តាំង​ពី​អំឡុង​ឆ្នាំ១៩៧៣ មក​ម៉្លេះ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​មិន​ព្រម​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​នោះ​ទេ។

ទាក់ទង​ករណី​បណ្ដេញ​ចេញ​នេះ អា​ស៊ី​សេរី​បាន​ផ្ញើ​សំណួរ​សារ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច្ច​ទៅ​ស្ថាន​ទូត​វៀតណាម​ ប្រចាំ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី៧ ខែ​ឧសភា ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

អាស៊ី​សេរី មិន​ទាន់​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ លោក ប្រាក់ សុខុន និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​បាន​ទេ កាលពី​ថ្ងៃ​ទី៨ ខែ​ឧសភា។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ អះអាង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ឋិត​នៅ​គ្រប់​គ្រង​ដោយ​វៀតណាម ដូច្នេះ​ត្រូវ​អនុវត្ត​តាមច្បាប់​របស់​វៀតណាម។ ប៉ុន្តែ​ពេល​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​សួរ​ថា ហេតុអ្វី​បាន​កន្លង​មក​មេ​ដឹក​នាំ​វៀតណាម​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ជួយ​មើល​ថែ​ជន​ជាតិ​អន្តោប្រវេសន៍​វៀតណាម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​បាន? លោក ឈឹម ផលវរុណ ឆ្លើយ​តប​ថា ករណី​ពលរដ្ឋ​ខ្មែរ​ក្រោម​ខុស​ពី​ករណី​ជន​អន្តោប្រវេសន៍​វៀតណាម​ដែល​រស់​នៅ​កម្ពុជា ដោយ​លោក​បញ្ជាក់​ថា ជនជាតិ​វៀតណាម​រស់នៅ​កម្ពុជា គឺ​ជា​ជន​អន្តោប្រវេសន៍​ស្រប​ច្បាប់ ប៉ុន្តែ​ពួក​គេ​នៅ​តែ​រក្សា​សញ្ជាតិ​វៀតណាម៖ «ជា​ជន​ជាតិ​អី​ក៏​ដោយ​តែ​សញ្ជាតិ​វៀតណាម​បាន​ន័យ​ជា​ពលរដ្ឋ​វៀតណាម​គឺ​ត្រូវ​មាន​កាតព្វកិច្ច​គោរព​អនុវត្តន៍​និង​ប្រើ​សិទ្ធិ​របស់​ខ្លួន​ជា​ជនជាតិ​វៀតណាម​ មិន​ខុស​ពី​ពលរដ្ឋ​ខ្មែរ​ដើម​កំណើត​ខ្មែរ​តែ​ចូល​សញ្ជាតិ​អាមេរិក គឺ​ត្រូវ​មាន​សិទ្ធិ​និង​កាតព្វកិច្ច​អាមេរិក​នៅ​ប្រទេស​អាមេរិក​ប៉ុណ្ណឹង​ឯង»

ទោះ​បី​ជា​យ៉ាង រដ្ឋាភិបាល​លោក ហ៊ុន សែន នូវ​តែ​ខ្លាច​ចិត្ត​រដ្ឋាភិបាល​វៀតណាម​ដដែល។ រដ្ឋាភិបាល​ដែល​ជំពាក់​គុណ​វៀតណាម​នេះ ធ្លាប់​បាន​ផ្ដល់​ជា​ច្រើន​ហិកតារ​នៅ​ខេត្ត​កំពង់ឆ្នាំង​ដល់​ជនជាតិ​វៀតណាម ដែល​ខ្លះ​រស់​នៅ​ស្រប​ច្បាប់ និង​ខ្លះ​មិន​ស្រប​ច្បាប់ ដោយសារ​តែ​ពួក​គេ​រស់​នៅ​បំពុល​បរិស្ថាន​នៅ​បឹង​ទន្លេសាប។ រដ្ឋាភិបាល​ប្រើប្រាស់​ថវិកា​រដ្ឋ​ផ្ដល់​ដី​ទៅ​ជនជាតិ​វៀតណាម​ទាំង​នោះ មក​រស់​នៅ​លើ​ដី​គោក​វិញ ដោយសារ​តែ​មាន​ការ​រិះគន់​ថា រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ជន​ជាតិ​វៀតណាម រស់​នៅ​លើ​បឹង​ទន្លេសាប។

ការ​លើក​ឡើង របស់ លោក ឈឹម ផលវរុណ ថា រដ្ឋាភិបាល​កម្ពុជា គ្មាន​តួនាទី​ជួយ​ខ្មែរ​ក្រោម ដោយ​សំអាង​ថា ខ្មែរ​ក្រោម​គ្រប់គ្រង​ដោយ​វៀតណាម​នេះ ហាក់​ផ្ទុយ​ទៅ​នឹង​គោល​បំណង​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​ទាមទារ​សិទ្ធិស្វ័យសម្រេច និង​នៅ​រក្សា​សញ្ជាតិ​ខ្មែរ​ដដែល។ ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ច្រើន នៅ​តែ​រក្សា​សញ្ជាតិ​ខ្មែរ ក្នុង​លិខិត​កំណើត​របស់​ពួក​គេ ដោយ​ពួក​គេ​បដិសេធ​មិន​ព្រម​ទទួល​សញ្ជាតិ​វៀតណាម​នោះ​ទេ។

ទាក់ទង​ជម្លោះ​ដីធ្លី​នឹង​អាជ្ញាធរ​វៀតណាម​នេះ អគ្គលេខាធិការ​សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍ ​លោក សឺន ជុំជួន មានប្រសាសន៍​ថា​ ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​តែ​ចាត់​ទុក​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​​ជា​ឪ​ពុក​ម្ដាយ​របស់​​ពួកគេ​ដដែល ​​​ដោយសារ​តែ​ខ្មែរ​ក្រោម​នៅ​តែ​មាន​សាច់​ឈាម​ជា​ខ្មែរ​និង​ពូជ​សាសន៍​តែ​មួយ។​ លោក​​ឲ្យ​ទៀត​ថា សមាគម​ខ្មែរ​ក្រោម​បាន​ព្យាយាម​ជួយ​ផ្ដល់​គំនិត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​មាន​បញ្ហា​ដីធ្លី​ក្នុង​ខេត្ត​ក្រមួន​ស​នេះ​រៀបចំ​សរសេរ​លិខិត​រៀប​រាប់​ពី​ប្រវត្តិ​នៃ​ការ​កាន់​ដីធ្លី​ដាក់​ទៅ​អាជ្ញាធរ​វៀតណាម៖ «អ៊ីចឹង​រដ្ឋាភិបាល​កម្ពុជា​យើង​គួរ​តែ​គិត​គូរ​ពិចារណា​ទៅ​លើ​បញ្ហា​នេះ ទោះ​ពួក​គាត់​ទោះ​បី​ពួក​គាត់​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម​ ប៉ុន្តែ​ពួក​គាត់​ជា​សាច់​ឈាម​ពូជ​សាសន៍​តែ​មួយ​អ៊ីចឹង គួរ​តែ​មាន​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​អន្តរាគមន៍​ទៅ​ដល់​រដ្ឋាភិបាល​វៀតណាម​យ៉ាង​ណា​មិញ​នៅ​កម្ពុជា​វៀតណាម​គេ​មិន​ដែល​ភ្លេច​ទេ​ពេល​គេ​មក​ដល់​កម្ពុជា​ម្ដងៗ ឬ​ក៏​មាន​បញ្ហា​ស្អី​សម្រាប់​បង​ប្អូន​វៀតណាម​នៅ​កម្ពុជា គឺ​គេ​តែង​តែ​អន្តរាគមន៍»

លោក​ថា ​សមាគម​ខ្មែរ​ក្រោម​នឹង​ព្យាយាម​ជួយ​និង​តាម​​​ឃ្លាំ​មើល​ករណី​ជម្លោះ​ដីធ្លី​នេះ​ក្នុង​ករណី​អាជ្ញាធរ​វៀតណាម​មិន​ផ្ដល់​យុត្តិធម៌​នោះ​​​ទេ ​សមាគម​លោក​នឹង​ស្វែង​រក​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ ស្ថានទូត​ប្រទេស​នានា​ដែល​ពាក់ព័ន្ធ​និង​ប្រទេស​វៀតណាម ឬ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ឲ្យ​ជួយ​បន្ថែម​ទៀត។

សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​ឲ្យ​ដឹង​ថា ​​​មិន​មែន​ជា​លើក​ទី១ ទេ ដែល​មាន​ករណី​ជម្លោះ​ដី​ធ្លី​ក្នុង​តំបន់​នេះ កន្លង​មក​ពលរដ្ឋ​​ខ្មែរ​ក្រោម​ ​រង​​បណ្ដេញ​ចេញ​ពី​ដីធ្លី​បង្ក​បង្កើន​ផល​របស់​ខ្លួន​ជាង ១៤០​គ្រួសារ​​លើ​ទំហំ​ដី​ជាង ១.០០០​ហិកតារ។ លោក​ថា ខ្មែរ​ក្រោម​មិន​ដែល​ទទួល​បាន​យុត្តិធម៌ ពី​រដ្ឋាភិបាល​វៀតណាម​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល