សហគមន៍​ដីធ្លី​ខេត្ត​កោះកុង ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ពលរដ្ឋ​ម្នាក់​ រឿង​រាន​ដី​ព្រៃ​អភិរក្ស

ដោយ វ៉ែន សុមេធ
2019-08-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ ១រយនាក់ ទាមទារ​ឲ្យ​តុលាការ​ខេត្ត​កោះកុង ដោះ​លែង​លោក ចេត ប៊ុន ដោយ​ឥត​លក្ខខណ្ឌ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ថា​បាន​កាប់​រាន​ដី​ព្រៃ ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។
ពលរដ្ឋ ១រយនាក់ ទាមទារ​ឲ្យ​តុលាការ​ខេត្ត​កោះកុង ដោះ​លែង​លោក ចេត ប៊ុន ដោយ​ឥត​លក្ខខណ្ឌ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ថា​បាន​កាប់​រាន​ដី​ព្រៃ ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។
Photo credit: សហគមន៍​ដីធ្លី

អ្នកស្រុក​ស្រែ​អំបិល​ប្រមាណ​១រយ​នាក់ នាំ​ស្រែក​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​កោះកុង ដោះ​លែង​បុរស​អាយុ ៦៤ឆ្នាំ​ម្នាក់​ដោយ​ឥត​លក្ខខណ្ឌ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ថា បាន​កាប់​រាន​ដី​ព្រៃ ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។ សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ដែល​តាម​ករណី​នេះ ស្នើ​ដល់​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត ចុះ​ស៊ើប​អង្កេត​រឿង​នេះ ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ពលរដ្ឋ។

ការ​ប្រមូល​ផ្ដុំ​គ្នា​ តវ៉ា​នៅ​មុខ​ច្រក​ចូល​តុលាការ​ខេត្ត​កោះកុង នៅ​ថ្ងៃ១២ សីហា គឺ​ធ្វើ​ឡើង​១​ថ្ងៃ ​បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ខ្លួន លោក ចេត ប៊ុន កាល​ពី​ម្សិលមិញ​ ដោយ​ចោទ​ប្រកាន់​ថា​បាន​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​។

កាល​ពី​ថ្ងៃ​ទី​១១ សីហា សមត្ថកិច្ច​ចម្រុះ​ មាន​ មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​ កម្លាំង​កង​រាជ​អាវុធ​ហត្ថ និង​កម្លាំង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ចាប់​ខ្លួន​លោក ចេត ប៊ុន ​ដោយ​ចោទ​ថា​គាត់​ធ្វើ​សកម្មភាព​កាប់​គាស់ រុក​រាន​ដី​ព្រៃ ឆ្ការ ដុត និង ឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​។

ការ​អះអាង​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​តាម​រយៈ​ការ​ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន ​ម្សិល​មិញ​នេះ គឺ​ផ្ទុះ​គ្នា​ស្រលះ​ទៅ​នឹង​ការ​លើក​ឡើង​របស់​ភរិយា​លោក ចេត ប៊ុន។

លោកស្រី​ ខន ផុន ប្រាប់​អាស៊ី​សេរី សមត្ថកិច្ច​ជា​ច្រើន​នាក់​ប្រដាប់​ដោយ​កាំភ្លើង​ជាប់​នឹង​ដៃ ទៅ​ចាប់​ខ្លួន​ប្ដី​គាត់​ទាំង​កណ្ដាល​ថ្ងៃ កាល​ពី​ម្សិល​មិញ នៅ​ពេល​ដែល​លោក ចេត ប៊ុន កំពុង​ដាំ​ទឹក​ក្ដៅ​ឆុង​កាហ្វេ​នៅ​ផ្ទះ។ លោកស្រី​ ខន ផុន បន្ត​ថា ប្ដី​គាត់​វ័យ​ចាស់​ណាស់​ហើយ គ្មាន​កម្លាំង​ណា​ទៅ​កាប់​រាន​ដី​ព្រៃ​ដូច​ការ​ចោទ​ប្រកាន់​នោះ។ ស្ត្រី​វ័យ​ជាង​ ៥០​ឆ្នាំ​ប្លាយ​រូប​នេះ ហៅ​ការ​ចាប់​ខ្លួន​ប្ដី​គាត់​ ពី​សំណាក់​អាជ្ញាធរ​ដោយ​គ្មាន​មូល​ហេតុ​ណា​មួយ​ឲ្យ​ដឹង​នោះ​ គឺ​ជា​រឿង​អយុត្តិធម៌​«សំណូមពរ​សូមឲ្យ​តុលាការ និង​ចៅហ្វាយ​ខេត្ត​កោះកុង ជួយ​ដោះលែង​ប្ដី​ខ្ញុំ​ឲ្យ​រួច​មក។ គាត់​អត់​មាន​បាន​ខុស​អ្វី​ទាំងអស់។ ប្រជាពលរដ្ឋ​មក​ទទួល​ស្គាល់​គាត់​រាប់​រយ​នាក់។ ប្រជាពលរដ្ឋ​ស្លូត​ត្រង់ គាត់​មិន​ដែល​ទៅ​រក​រឿង​ឬ ឈ្លោះ​ជាមួយ​បង​ប្អូន​ណា​ ហើយ​ក៏​មិន​ដែល​កាប់​គាស់​អី​ទេ។ ប្ដី​ខ្ញុំ​គ្មាន​កម្លាំង​អី​ទៅ​កាប់​ឈើ។ អាយុ​៥០ ៦០ ៧០​ហើយ គ្រាន់​តែ​ក៏​ដៃ​គាត់​ប៉ុន​ដង​វែក ហើយ​គាត់​មាន​ជំងឺ​ឫសដូងបាត​ទៀត​»

លោកស្រី​ ខន ផុន បញ្ជាក់​ថា ក្រុម​គ្រួសារ​គាត់​ ដែល​មាន​កូន​៩នាក់​ ប្រុស​ម្នាក់​ ស្រី​៨​នាក់ រស់នៅ​ក្នុង​ភូមិ​តា​ធង ឃុំ​ដងពែង ស្រុក​ស្រែ​អំបិល ចាប់​ពី​ឆ្នាំ​១៩៧៩។ លោកស្រី​ ខន ផុន ឲ្យ​ដឹង​ថា គាត់​មាន​ដីធ្លី​សរុប​១០​ហិកតារ ហើយ​ធ្វើ​ស្រែ​ចម្ការ ដាំ​ដំណាំ​ស្វាយ​ចន្ទី​លើ​ដី​នោះ​ជា​រៀង​រាល់​ឆ្នាំ។ លោកស្រី​ ខន ផុន ថា​អាជ្ញាធរ​ភូមិ​ឃុំ និង​ស្រុក​ បាន​ទទួល​ស្គាល់​ដីធ្លី​គាត់​ ដោយ​ចេញ​បង្កាន់​ដៃ​ឲ្យ តែ​នៅ​មិន​ទាន់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ពី​ការិយាល័យ​សុរិយោដី​ស្រុក​ស្រែ​អំបិល​នៅ​ឡើយ។

ក្នុង​លិខិត​របស់​ការិយាល័យ​រៀប​ចំ​ដែន​ដី នគរោបនីយកម្ម សំណង់ និង​ភូមិបាល ស្រុក​ស្រែអំបិល ​បញ្ជាក់​ថា លោកស្រី ខន ផុន ស្នើ​សុំ​កាត់​ឆ្វៀល​ផ្ទៃ​ដី​ចំនួន​១០​ហិកតារ ក្នុង​នោះ​ដី​៤​ហិកតារ ជា​ដី​អា​ស្រ័យ​ផល និង​បាន​ធ្វើ​ផ្ទះ​រស់នៅ​ ដោយ​គ្មាន​ការ​ហាម​ឃាត់​ពី​អាជ្ញាធរ និង​មន្ត្រី​បរិស្ថាន​ទេ។ ប៉ុន្តែ​ដី​៦​ហិកតារ​ទៀត គឺ​ជា​ដី​អភិរក្ស​ដែល​មន្ត្រី​បរិស្ថាន និង​កម្លាំង​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​ តែង​តែ​ធ្វើ​ការ​ណែនាំ និង​ហាមឃាត់​លោក ចេត ប៊ុន កុំ​ឲ្យ​កាប់​ទន្ទ្រាន តែ​ពលរដ្ឋ​រូប​នេះ ​នៅ​តែ​ព្យាយាម​លួច​កាប់​ទន្ទ្រាន​ដី​អភិរក្ស នោះ​ដដែល ​ទើប​នាំ​ឲ្យ​មាន​ការ​ឃាត់​ខ្លួន។

លោកស្រី ខន ផុន ​ភរិយាលោក ចេត ប៊ុន មានប្រសាសន៍ថា​គិតមកដល់ថ្ងៃចាប់ខ្លួន អាជ្ញាធរ​មិន​ដែល​បាន​ចុះ​ទៅ​ប្រាប់​គ្រួសារ​គាត់​ អំពី​រឿង​រុករាន​ដី​ព្រៃ​អភិរក្ស​ម្ដង​ណា​ឡើយ។

អ្នក​សម្របសម្រួល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ​ប្រចាំ​ខេត្ត​កោះកុង លោក មាន ព្រហ្មមុនី ឲ្យ​ដឹង​ថា ករណី​រាន​ដី​ព្រៃ​ខុស​ច្បាប់​ កើត​ឡើង​ជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​កោះកុង ប៉ុន្តែ​អាជ្ញាធរ​មិន​ដែល​បាន​ចាប់​បន​ជន​ប្រព្រឹត្ត​ពិតប្រាកដ​យក​ទៅ​ផ្ដន្ទាទោស​​តាម​​ច្បាប់​ទេ ឃើញ​ចាប់​បាន​តែ​ប្រជា​ពលរដ្ឋ។ លោក មាន​ ព្រហ្មមុនី យល់​ថា​អាជ្ញាធរ​មិន​គួរ​អនុវត្ត​ច្បាប់​ដោយ​ប្រើ​ស្តង់ដារ​ពីរ ចំពោះ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​នោះ​ទេ​។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ ស្នើ​ដល់​ស្ថាប័ន​អយ្យការ​ខេត្ត​កោះកុង ចុះ​​ស៊ើប​អង្កេត​ករណី​មួយ​នេះ​ឲ្យ​បាន​ច្បាស់​លាស់ និង​វិនិច្ឆ័យ​ដោយ​ឈរ​លើ​សច្ចធម៌ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ពលរដ្ឋ​រង​គ្រោះ៖ «ស្ថាប័ន​អយ្យការ​តំណាង​រដ្ឋ ក្នុង​នាម​ជា​រដ្ឋ​តុលាការ​របស់​ប្រជារាស្ត្រ​ខ្មែរ សូម​ឲ្យ​ ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់ មុន​នឹង​សម្រេច​ការ​ចោទ​ប្រកាន់​គាត់។ ការ​ឃាត់​ខ្លួន​គាត់​នេះ យើង​សង្ឃឹម​ថា​តុលាការ​ នឹង​រក​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​នាម​ជា​អ្នក​រស់​នៅ​ក្នុង​មូលដ្ឋាន។ ហើយ​តំណាង​អយ្យការ​ជាស្ថាប័ន​រដ្ឋ​ រឿង​ព្រហ្មទណ្ឌ​ តុលាការ​ជា​អ្នក​ប្រមូល​ភស្តុតាង​​​អ្វី​ទាំងអស់។ អ៊ីចឹង​! សង្ឃឹមថា តុលាការ​នឹង​រក​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ​ ដែល​តុលាការ​កំពុង​សង្ស័យ​នេះ»

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី អ្នកនាំពាក្យ​តុលាការ​ខេត្ត​កោះកុង លោក អ៊ុន សុវណ្ណធានី ពាក់​ព័ន្ធ​នឹង​​នីតិវិធី​តុលាការ​ចំពោះ​លោក ចេត ប៊ុន បាន​នៅ​ឡើយ​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង តែ​គ្មាន​អ្នក​ទទួល​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ប្រជា​សហគមន៍​ដីធ្លី​ស្រុក​ស្រែ​អំបិល​ ថា​ពួកគេ​នឹង​បន្ត​ការ​តវ៉ា​មុខ​តុលាការ​ខេត្ត​កោះកុង​ រហូត​ដល់​មាន​ការ​ដោះលែង​លោក ចេត ប៊ុន ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល