ពលរដ្ឋ​ថា មេការ​ក្រុមហ៊ុន​ចិន​បញ្ជា​ឲ្យ​អ្នក​បើក​គ្រឿងចក្រ​បុក​សម្លាប់​អ្នក​ភូមិ ក្នុង​វិវាទ​ដីធ្លី​នៅ​ឃុំ​ត្រពាំង​ព្រីង​ខេត្ត​ត្បូងឃ្មុំ

ដោយ មាន ឫទ្ធិ
2020-03-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ភូមិ​ស្រែ​ប្រាំង និង​អ្នក​ភូមិ​បុស្ប​ស្នោ នៅ​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ តវ៉ា​ក្រុមហ៊ុន​ចិន​ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) មិន​ឲ្យ​ឈូស​ឆាយ​ដី​ចម្ការ​ និង​ព្រៃ​លិច​ទឹក នៅ​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ ឆ្នាំ២០២០។
អ្នក​ភូមិ​ស្រែ​ប្រាំង និង​អ្នក​ភូមិ​បុស្ប​ស្នោ នៅ​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ តវ៉ា​ក្រុមហ៊ុន​ចិន​ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) មិន​ឲ្យ​ឈូស​ឆាយ​ដី​ចម្ការ​ និង​ព្រៃ​លិច​ទឹក នៅ​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

អ្នក​ភូមិ​ស្រែ​ប្រាំង និង​អ្នក​ភូមិ​បុស្ប​ស្នោ នៅ​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ រង​ការ​គំរាម​កំហែង និង​ប៉ុនប៉ង​សម្លាប់​ពី​សំណាក់​មេការ​ជនជាតិ​ម្នាក់ បន្ទាប់​ពី​ពួកគេ​រួម​គ្នា​ ទៅ​ទប់​ស្កាត់​សកម្មភាព​របស់​ភាគី​ក្រុមហ៊ុន​ចិន​ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) មិន​ឲ្យ​ឈូស​ឆាយ​ដី​ចម្ការ​ និង​ព្រៃ​លិច​ទឹក។ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ស្នើ​ដល់​អាជ្ញាធរ​ ចុះ​ដោះស្រាយ​វិវាទ​នេះ ដោយ​សន្តិវិធី និង​តម្លាភាព។

តំណាង​ពលរដ្ឋ​ លោក សែម ចំណាន ប្រាប់​នៅ​ថ្ងៃ​ទី​២ ខែ​មីនា​ថា មេការ​ក្រុមហ៊ុន​ចិន ឈ្មោះ​ ហ្វី តាម​រយៈ​អ្នក​បកប្រែ​ បញ្ជា​អ្នក​បើក​គ្រឿង​ចក្រ​​ជា​ជនជាតិ​ខ្មែរ ឲ្យ​បើក​កិន​សម្លាប់​អ្នក​ភូមិ​ណា ដែល​ហ៊ាន​ចេញ​មុខ​ឃាត់​សកម្មភាព​ពួកគេ មិន​ឲ្យ​ឈូស​ដី​ធ្វើ​ផ្លូវ។

លោក​​បន្ត​ថា ​មេការ​ចិន​រូប​នោះ​ ក៏​បាន​គំរាម​កំហែង​អំពី​សុវត្ថិភាព​អ្នក​ភូមិ​​ដែរ បើ​ពលរដ្ឋ​នៅ​តែ​បន្ត​រារាំង​សកម្មភាព​របស់​ពួកគេ​។ លោក​​ឲ្យ​ដឹង​ថា ​ពលរដ្ឋ​ខំ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អភិបាល​ស្រុក​តំបែរ​ជាច្រើន​ដង​ដែរ ប៉ុន្តែ​ មក​ដល់​ពេល​នេះ មិន​មាន​អាជ្ញាធរ​​ចុះ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ឡើយ។

ទោះបី​ជា​យ៉ាង​ណា តំណាង​ពលរដ្ឋ​រូប​នេះ​​បញ្ជាក់​ថា អ្នក​ភូមិ​សុខ​ចិត្ត​ប្រឈម​នឹង​ក្រុមហ៊ុន ដើម្បី​ការពារ​ដី​ចម្ការ​ដោយ​ខ្លួន​ឯង​ ដោយ​មិន​ឲ្យ​ក្រុមហ៊ុន​រំលោភ​យក​បាន​ឡើយ៖ «អ្នក​ភូមិ​ប្ដេជ្ញា​ថា បើ​ស្លាប់​ គាត់​ត្រូវ​ការ​ពារ​ដី​របស់​គាត់​ដែរ ពី​ព្រោះ​ពេល​កន្លង​មក​ខាង​អាជ្ញាធរ សមត្ថកិច្ច ចោទ​លើ​លោក សែម សាង ថា អ្នក​បំផុស​បំផុល​ប្រជាពលរដ្ឋ​ជា​ដើម អ៊ីចឹង​។ តែ​មក​ដល់​ពេល​នេះ លោក សែម សាង នៅ​ក្នុង​ពន្ធនាគារ​ហើយ ប្រជាពលរដ្ឋ​ គាត់​ធ្វើ​ខ្លួន​ឯង»

ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក បែន រ័ត្ន​ ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ល្ងាច​ថ្ងៃ​ទី២ ខែ​មីនា​​ថា​ ការ​ប្រឈម​ដាក់គ្នា​រវាង​ក្រុមហ៊ុន​ចិន និង​ពលរដ្ឋ​ គឺ​មិន​មាន​ហិង្សា​ បង្ក​ឲ្យ​មាន​របួស​ស្នាម​ដល់​ភាគី​ណាមួយ​​​ទេ។ លោក​​បញ្ជាក់​ថា មក​​ដល់​ពេល​នេះ លោក​មិន​ទាន់​ទទួល​របាយការណ៍ ឬ​បណ្ដឹង​ពលរដ្ឋ​ ដែល​ចោទ​ថា​ ខាង​ក្រុមហ៊ុន​ចង់​ប្រើ​គ្រឿង​ចក្រ​​បុក​សម្លាប់​អ្នក​ភូមិ​នៅ​ឡើយ​ទេ៖ «ប្រសិន​បើ​មាន​បញ្ហា​អ៊ីចឹង​មែន សូម​ឲ្យ​គាត់​មក​ដាក់​បណ្ដឹង​ទៅ។ កម្លាំង​ក៏​នៅ​ក្បែរៗ ហ្នឹង​ដែរ តែ​អត់​មាន​ឃើញ​អ៊ីចឹង​ផង។ បើ​ថា​មាន​ប្រជាពលរដ្ឋ​ណា​មួយ​រង​របួស​រាងកាយ ឬ​ក៏​ការ​ប៉ះ​ទង្គិច​អី​ ហ្នឹង​ខ្ញុំ​មាន​វិធានការណ៍​ស្វ័យប្រវត្តិ​ដែរ តែ​មក​ដល់​ពេល​នេះ វា​អត់​មាន​ផង»

អាស៊ី​សេរី មិន​អាច​សុំ​ការ​ការ​ឆ្លើយ​បំភ្លឺ​អំពី​ដំណោះ​ស្រាយ​លើ​វិវាទ​ដីធ្លី​នេះ ពី​អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ្ឌ បាន​ទេ ដោយសារ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ប្រចាំ​ខេត្ត​ត្បូង​ឃ្មុំ លោក ឡេង សេនហាន មាន​ប្រសាសន៍​ថា បើ​ភាគី​ក្រុមហ៊ុន​ ពិត​ជា​ប្រើ​សំដី​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ពលរដ្ឋ ប្រាកដ​មែន នោះ ​គឺ​ចាត់​ជា​បទល្មើស​ហើយ។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​យល់​ថា ដំណាក់​កាល​នេះ​ អាជ្ញាធរ​គួរ​ប្រញាប់​ចុះ​ដោះស្រាយ​ជម្លោះ​នេះ​ឲ្យ​បាន​ឆាប់​ ដើម្បី​បង្ការ​កុំ​ឲ្យ​ហេតុការណ៍​ណាមួយ​កើត​ឡើង​រវាង​ប្រជា​ពលរដ្ឋ និង​ខាង​ក្រុមហ៊ុន​ចិន៖ «ប្រជាពលរដ្ឋ​ធ្វើ​ខុស​អី​យ៉ាង​ម៉េច​ ក៏​ត្រូវ​ទៅ​គំរាម​កំហែង​ពួកគាត់​ថា​បាត់​ខ្លួន បាត់​អី​ វា​មិន​គួរ​កើត​មាន​នៅ​ក្នុង​សង្គម​យើង បែប​ប្រជាធិបតេយ្យ​អ៊ីចឹង​ទេ។ អាជ្ញាធរ​គួរ​រក ដំណោះស្រាយ​ណាមួយ​ល្អ សម្រាប់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ឲ្យ​បាន​ទៅ ហើយ​ទទួល​យក​ឈ្នះៗ រៀង​ខ្លួន​ទៅ។ ថ្មីៗ ហ្នឹង ប្រមុខ​ដឹកនាំ​ ក៏​គាត់​មាន​ប្រសាសន៍​ដែរ សូម​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ហ្នឹង ជួយ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស​ទៅ»

មាត្រា២៣៤ នៃ​ក្រម​ព្រហ្មទណ្ឌ ចែង​ថា បទ​គំរាមកំហែង​ថា នឹង​សម្លាប់ ដោយ​មាន​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វី​មួយ ការ​គំរាមកំហែង​ថា នឹង​សម្លាប់​ក្រោម​ទម្រង់​ណា​ក៏​ដោយ ប្រសិន​បើ​ការ​គំរាមកំហែង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វី​មួយ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ឆ្នាំ​ទៅ ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២លាន​រៀន​ទៅ ៦លាន​រៀល។

ពលរដ្ឋ​ថា ក្នុង​រយៈ​ពេល​ជាង​កន្លះ​ខែ​មក​នេះ ភាគី​ក្រុមហ៊ុន​ចិន​នៅ​តែ​បន្ត​សកម្មភាព​រុក​រាន​ដី​ចម្ការ​អ្នក​ភូមិ​ជា​រៀង​រាល់​ថ្ងៃ។ ពលរដ្ឋ​បន្ត​ថា ក្រុមហ៊ុន​ចិន​ផ្អាក​សកម្មភាព​របស់​ខ្លួន នៅ​ពេល​ដែល​អ្នក​ភូមិ​នាំ​ទៅ​ឃាត់​អ្នក​បើក​គ្រឿង​ចក្រ​ឲ្យ​ឈប់​ធ្វើ​ការ​ឈូស​ឆាយ បន្ទាប់​ពី​នោះ​នៅ​បន្ត​សកម្មភាព​ដដែល។

ពលរដ្ឋ​បញ្ជាក់​ថា ដី​ទំហំ​ជាង ៤រយ​ហិកតារ (៤២១.៧០) ដែល​​ក្រុមហ៊ុន​ចិន ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ទទួល​បាន​សិទ្ធិ​ផ្ទេរ​ពី​ក្រុមហ៊ុន សាម លីង គឺ​ជា​ដី​ព្រៃ​សម្បទាន ប៉ុន្តែ​ក្រុមហ៊ុន​បែរ​ជា​មក​រំលោភ​យក​ដី​ព្រៃ​រនាម​លិច​ទឹក​ និង​ដី​ចម្ការ​របស់​អ្នក​ភូមិ​ទៅ​វិញ។

ពលរដ្ឋ​ និង​អង្គការ​សង្គម​ស៊ីវិល ស្នើ​ដល់​អាជ្ញាធរ​ថ្នាក់​គ្រប់​ជាន់​ថ្នាក់​ ហើយ​និង​ក្រសួង​រៀប​ចំ​ដែនដី​ គួរ​រួម​គ្នា​ចុះ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​វិវាទ​នេះ ហើយ​ដោះស្រាយ​ជូន​ពលរដ្ឋ​ដោយ​សន្តិវិធី តម្លាភាព និង​យុត្តិធម៌ ដើម្បី​បញ្ចប់​ជម្លោះ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល