"វេទិកា​សាធារណៈ​មិន​អាច​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ធំៗ​របស់​ពលរដ្ឋ​បាន​ទេ បើ​អាជ្ញាធរ​គ្មាន​ឆន្ទៈ"

ដោយ សេក បណ្ឌិត
2020-06-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៨។
សកម្មភាព​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៨។
Photo courtesy of Fresh News

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​លើកឡើង​ថា វេទិកា​សាធារណៈ​របស់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​មិន​អាច​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​បានទេ ប្រសិនបើ​អាជ្ញាធរ​នៅតែ​មិន​យកចិត្តទុកដាក់​ដោះស្រាយ​ដូច​សព្វ​ថ្ងៃ​នោះ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា វេទិកាសាធារណៈ​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ស្រដៀង​គ្នា​ថា វេទិកា​សាធារណៈ​ដែល​អាជ្ញាធរ​រៀបចំ​កន្លងទៅ​ភាគច្រើន​គ្រាន់តែ​ជា​ការ​ធ្វើឡើង​បង្គ្រប់​កិច្ច​ដើម្បី​កុំ​ឱ្យ​ថ្នាក់លើ​ស្ដីបន្ទោស​ប៉ុណ្ណោះ ពីព្រោះ​បញ្ហា​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នៅតែ​បន្ត​កើតមាន​ដដែល។ ពួកគេ​យល់ថា បើ​ទោះ​ជា​ក្រសួងមហាផ្ទៃ​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​តាម​ខេត្ត​ចាប់ផ្ដើម​ធ្វើ​វេទិកា​ពិគ្រោះ​យល់​នៅ​តាម​មូលដ្ឋាន​ឡើងវិញ​ក៏ដោយ ក៏​នៅតែ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ដែរ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក នី សុខា កត់សំគាល់​ថា បញ្ហា​ទំនាស់​ដីធ្លី​នៅ​តាម​មូលដ្ឋាន​ដោះស្រាយ​មិន​ចេញ​បណ្ដាលមកពី​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ គ្មាន​ឆន្ទៈ​ពិតប្រាកដ​ដោះស្រាយ។ លោក​ថា អាជ្ញាធរ​ច្រើនតែ​សម្របសម្រួល​លំៗ​ជាមួយ​ពលរដ្ឋ​ដោយ​ពុំ​ហ៊ាន​អារកាត់​ដោះស្រាយ​ជូន​ពួកគាត់​ឡើយ។ លោក​បញ្ជាក់​ថា​ការ​ដោះស្រាយ​បែបនេះ​មិនបាន​ជោគជ័យ​នោះ​ទេ ផ្ទុយទៅវិញ​កាន់តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​រង​ទុក្ខ​លំបាក ដែល​រវល់​នាំគ្នា​តវ៉ា​រឿង​ដីធ្លី​ដើម្បី​ឱ្យ​បាន​ដី​ដាំ​ដុះ​ស្របច្បាប់៖ «ដូច្នេះ​ខ្ញុំ​មើល​ឃើញ​ថា យន្តការ​នៃ​ការ​ដោះស្រាយ​ទេ ដែល​ត្រូវ​ពង្រឹង​រឿង​គ្រាន់តែ​ប្រមូល​បញ្ហា​យក​មក​ដើម្បី​ដឹង​ថា មាន​បញ្ហា​អី​ខ្លះ​ហ្នឹង​ខ្ញុំ​គិត​ថា អាជ្ញាធរ​មូលដ្ឋាន​លោក​ដឹង​ច្បាស់​ណាស់។ ពីព្រោះ​ថា អ្នក​នៅ​មូលដ្ឋាន​កន្លងមក​សូម្បីតែ​រឿង​បន្តិចបន្តួច បើ​ថា ពាក់ព័ន្ធ​រឿង​អ្នកប្រើប្រាស់​ហ្វេសប៊ុក​បញ្ចេញមតិ​បន្តិចបន្តួច ក៏​គាត់​ប្ដឹង​ដែរ។ ដូច្នេះ​ទំនាស់​ដីធ្លី​ធំៗ​គាត់​អត់​ដឹង​គាត់​ដឹង​ទាំង​អស់ហ្នឹង ប៉ុន្តែ​យន្តការ​នៃ​ដោះស្រាយ​ទេ​ដែល​ត្រូវ​ពង្រឹង​ថា​តើ​អ្នកណា​អ្នកណា​ទទួលខុសត្រូវ​ដោះស្រាយ​រឿង​ហ្នឹងហើយ ប្រសិនបើ​អ្នក​ដោះស្រាយ​ហ្នឹង​គាត់​ឃុបឃិត​នៅ​ក្នុង​រឿង​ហ្នឹង​តើ មាន​យន្តការ​អី​ដាក់​វិន័យ​ដល់​អ្នក​ដោះស្រាយ​មិនបាន​ត្រឹមត្រូវ​ហ្នឹង»

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ ណែនាំ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​រៀបចំ​វេទិកា​ផ្សេងៗ​នៅ​តាម​មូលដ្ឋាន ដើម្បី​ប្រមូល​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​យក​ទៅ​ដោះស្រាយ​ឡើងវិញ​។ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​បាន​ផ្អាក​ធ្វើ​វេទិកា​សាធារណៈ​នៅ​តាម​មូលដ្ឋាន​តាំងពី​ខែ​មីនា រហូត​មក ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ១៩។ រដ្ឋមន្ត្រី​មហាផ្ទៃ លោក ស ខេង បញ្ជាក់​នៅ​ក្នុង​សេចក្ដីប្រកាស​ចុះ​ថ្ងៃ​ទី​១៥ មិថុនា ថា បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា​បាន​ធូរស្រាល​អាច​រៀបចំ​វេទិកា​សាធារណៈ​ឡើងវិញ​បាន ប៉ុន្តែ​អនុញ្ញាត​ឱ្យ​អ្នកចូលរួម​មាន​មិន​លើស​ពី​៥០​នាក់​នោះ​ទេ និង​ត្រូវ​រក្សា​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​បង្ក​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ-១៩។

កាល​ពី​ពេល​ថ្មីៗ​នេះ​អភិបាលខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន បាន​ធ្វើ​វេទិកា​សាធារណៈ​ជាមួយ​ពលរដ្ឋ​ប្រមាណ​៥០​នាក់​។ នៅ​ក្នុង​វេទិកា​នោះ​លោក ម៉ៅ ធនិន បាន​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្រៅ​ប្រព័ន្ធ តុលាការ​ជូន​ដល់​អ្នក​ចូលរួម​បាន​ស្ទើរ​គ្រប់​ករណី​។ អ្នកលេង​ហ្វេសប៊ុក​ខ្លះ​បាន​កោតសរសើរ​ចំពោះ​ការ​ដោះស្រាយ​របស់​អភិបាលខេត្ត​រូប​នេះ និង​បាន​ចែក​រំលែក​វីដេអូ​ដោះស្រាយ​ទំនាស់​នេះ​ពី​មួយ​ទៅ​មួយ​ទៀត​ផង។

ទោះជា​យ៉ាងណា មន្ត្រី​សិទ្ធិមនុស្ស លោក នី សុខា ថ្លែង​ថា ការ​ដោះស្រាយ​នេះ​ជា​ទំនាស់​ដីធ្លី​តូចតាច​ដូចជា​ជម្លោះ​រឿង​ព្រំ​ដី និង​ទំនាស់​រវាង​ពលរដ្ឋ និង​ពលរដ្ឋ​នៅផ្ទះ​ក្បែរ​គ្នា​ជាដើម។ ចំណែក ទំនាស់​ដីធ្លី​ធំៗ​រវាង​ពលរដ្ឋ​ជាមួយ​អ្នក​មាន​លុយ មាន​អំណាច និង​ជាមួយ​ក្រុមហ៊ុន​ផ្សេងទៀត លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​ពុំ​បាន​យក​មក​ដោះស្រាយ​នោះ​ទេ៖ «ប៉ុន្តែ​បើសិនជា​យើង​ពិនិត្យ​ទៅ​លើ​នីតិវិធី​ខ្ញុំ​គិត​ថា ការ​ដោះស្រាយ​បែប​ហ្នឹង​មិនមែន​ការ​ដោះស្រាយ​ដែល​ស្រប​ទៅ​ហ្នឹង​នីតិវិធី​តាម​ផ្លូវ​តុលាការ​ទេពី​ព្រោះ​ការ​ដោះស្រាយ​ជម្លោះ​យើង​មិន​អាច​មក​អង្គុយ​ដោះស្រាយ​មួយ​ភ្លែត​បាន​ដប់​ម្ភៃ​រឿង​អីចឹង​ទេ ត្រូវ​មាន​ឆ្លងកាត់​ការ​ប្រមូល​ព័ត៌មាន​គ្រប់គ្រាន់​ពីព្រោះ​ត្រូវការ​មាន​ភាព​យុត្តិធម៌​ដែរ​។​ប៉ុន្តែ​ខ្ញុំ​មិន​ជំទាស់​ទេ ក្នុង​ការ​ធ្វើ​វេទិកា​ដោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ ប៉ុន្តែ​យើង​ក៏​គិត​ពី​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ដែរ»

លោក​បន្ត​ថា បញ្ហា​ទំនាស់​ដីធ្លី​ធំៗ មាន​ជាច្រើន​ករណី​ដូចជា​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ភូមិ​ឡ​ពាង ជាមួយ​ក្រុមហ៊ុន​ខេឌីស៊ី (KDC) របស់​អ្នកស្រី ជា ខេង ប្រពន្ធ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល នៅ​ខេត្ត​កំពង់ឆ្នាំង​ទំនាស់​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​លោក ឧកញ៉ា លី​យ៉ុងផាត់ នៅ​ខេត្ត​កោះកុង ទំនាស់​ដី​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ​នៅ​ឃុំ​បឹង​ប្រាំ​ខេត្ត​បាត់ដំបង​ដែល​មាន​អាជ្ញាធរ​នៅ​ពី​ក្រោយខ្នង និង​ទំនាស់​ដី​របស់​ពលរដ្ឋ​ជាង​២០០​គ្រួសារ​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​ជម្លោះដីធ្លី​ជាច្រើន​ករណី​ទៀត​មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ។

ទោះជា​យ៉ាងណា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា មាន​ប្រសាសន៍ កាល​ពី​ចុង​ឆ្នាំ​២០១៩ ថា ក្រសួង​ដែនដី​បាន​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​គ្រប់​ភាគី​ពាក់ព័ន្ធ​ឲ្យ​បាន​លឿន​ជាង​មុន​ដើម្បី​ធានា​ឲ្យ​ពលរដ្ឋ​បាន​កាន់កាប់​ដីធ្លី​របស់​ខ្លួន​ដោយ​ស្របច្បាប់​។ របាយការណ៍​ក្រសួង​ដែនដី​នៅ​ឆ្នាំ​២០១៩​បង្ហាញ​ថា ក្រសួង​មួយ​នេះ​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រជាពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជិត ២​ពាន់​ករណី នៅ​ទាំង​ប្រទេស​ក្នុង​នោះ​ប្រមាណ ១.៧០០ ករណី​បាន​ដោះស្រាយ​រួចរាល់​។​

ចំណែក ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន វិញ​ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​រួម​ទាំង​ទំនាស់​ដីធ្លី​ផង​បាន​ប្រមាណ ៧០​ភាគរយ​ក្នុងចំណោម​បញ្ហា​ដែល​កើតមាន​បច្ចុប្បន្ន​គិត​ត្រឹម​ថ្ងៃ​ទី​១៨ មិថុនា។ លោក​បញ្ជាក់​ទៀត​ថា បញ្ហា​ទាំងនេះ​ភាគច្រើន​ដោះស្រាយ​បាន​ជោគជ័យ​តាមរយៈ​វេទិកា​សាធារណៈ​ដែល​វេទិកា​នេះ​មាន​ប្រយោជន៍​ខ្លាំង​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ដោយ​ពុំ​មែន​គ្មាន​ប្រយោជន៍​ដូច​ការ​លើកឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​នោះ​ទេ៖ «ការ​តវ៉ា​ខ្ញុំ​យល់​ឃើញ​ថា អ្នក​ហ្នឹង​ប្រឌិត​ច្រើនជាង​ជាក់ស្ដែង​រឿង​ចម្ការ​អំពៅ​ដោះស្រាយ​ប៉ុន្មាន​ដង​ហើយ នៅតែ​អ្នក​ហ្នឹង​បំបែក​ក្បាលដី មាន​ម៉ែឪ​និង​កូន​ថែមទៀត​។ រឿង​ហ្នឹង​គេ​ខាំមាត់​គេ​អត់ធ្មត់​ណាស់​ជាមួយ​ពួក​ហ្នឹង បើ​តាម​ធម្មតា​ហ្នឹង​គេ​ចាប់​ពួក​ហ្នឹង​ដាក់គុក​ទៅទៀត មិនមែន​គ្រាន់តែ​ថា​សម្របសម្រួល​ទេ អាស្រ័យ​លើ​គោលការណ៍​រំដោះ​ជាតិ រំដោះ​ប្រជាពលរដ្ឋ​និង​រំដោះ​ជីវភាព​ផង​ដែរ​បាន​ជា​គេ​សង្គ្រោះ»

ទោះជា​យ៉ាងណា​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង យល់ថា របាយការណ៍​នេះ​ហាក់​មិនបាន​ឆ្លុះ​បញ្ចាំ​ការពិត​នោះ​ទេ ពីព្រោះ​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ខេត្ត​នៅតែ​បន្ត​ឡើង​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពួកគាត់៖ «ខ្ញុំ​ថា​ទំនាស់​ដីធ្លី​ដែល​ដោះស្រាយ​មិនទាន់​ចប់ ទី​១ ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​យឺត​ហើយ ទី​២​មាន​ពាក់ព័ន្ធ​បញ្ហា​ពុករលួយ​រឿង​អី​ខ្លះ​ពី​មន្ត្រី​មួយ​ចំនួន​ឆ្លៀតឱកាស​ហ្នឹង​ខ្លះ​បន្លំ​ធ្វើ​បន្លំ​ធ្វើ​អី​ទៅ​។​ម្យ៉ាងទៀត​យន្តការ​នៃ​ការ​ដោះស្រាយ​ខ្ញុំ​ឃើញ​កើតឡើង​ច្រើន​ប៉ុន្តែ​ហាក់​ដូចជា​អត់​សូវ​ដើរ​ជាទូទៅ​យើង​បញ្ហា​កើតឡើង​ធំ​ៗ​នៅតែ​មិន​ងាយ​បាន​ដោះស្រាយ​បញ្ចប់​នោះ​ទេ»

ទាក់ទិន​រឿង​ទំនាស់​ដីធ្លី​នេះ តំណាង​សហគមន៍​ដីធ្លី​ម្នាក់​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​ដែល​ចេញ​ពី​ពន្ធនាគារ​បាន​ជិត​១​ឆ្នាំ​អ្នកស្រី ឡុង សុគន្ធី ថ្លែងថា អ្នកស្រី​ជា​ជនរងគ្រោះ​ម្នាក់​ដែល​ជាប់ពន្ធនាគារ​ដោយសារ​រឿង​ជម្លោះដីធ្លី​ជាមួយ​អ្នកមាន​លុយ និង​មានអំណាច​នៅ​ក្នុង​មូលដ្ឋាន។អ្នកស្រី​បញ្ជាក់​ថា ការ​ជាប់​ពន្ធនាគារ​នេះ ដោយសារ​រូប​គាត់​ខំ​តស៊ូ​ការពារ​ដី​ផ្ទាល់ខ្លួន​មិន​ព្រម​ចាក​ចេញ​ពី​ដី​ទំនាស់ ហើយ​សព្វថ្ងៃ​អ្នកស្រី និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​នៅតែ​បន្ត​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល