ពលរដ្ឋ​ដែល​ត្រូវ​ចាប់​ខ្លួន​ថា សមត្ថកិច្ច​បង្ខំ​ឱ្យ​ពួកគេ​ផ្ដិតមេដៃ​ចាក​ចេញ​ពី​ដីធ្លី​ជា​ថ្នូរ​ដើម្បី​ឱ្យ​មាន​ការ​ដោះលែង

ដោយ សុជីវី
2020-07-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧។
ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

តំណាង​ពលរដ្ឋ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ក្នុងករណី​ជម្លោះដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ ថា សមត្ថកិច្ច​បាន​បង្ខំ​ឱ្យ​ពួកគេ​ផ្ដិតមេដៃ​ថា យល់ព្រម​ចាកចេញ​ពី​ដី និង​ផ្ទះ​ជា​ថ្នូរ​នឹង​ការដោះលែង​។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ទៅ​អាជ្ញាធរ​ស្រាវជ្រា រឿងនេះ​ឱ្យបាន​ច្បាស់លាស់​មុន​ប្រើ​វិធានការណ៍​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅដ្ឋាន។

ពលរដ្ឋ​មាន​បញ្ហាដីធ្លី​ថា រក្សា​ជំហរ​មិន​ចាក​ចេញពី​ដី​មាន​ជម្លោះ​នោះ​ទេ បើ​អាជ្ញាធរ​បណ្ដេញ​ពលរដ្ឋ​ចេញរួច​ហើយ បែរ​យក​ដី​នោះ​ប្រគល់​អ្នកវិនិយោគ​។ ពួកគេ​រក្សា​ការពារ​ដី​នោះ និង​ទាមទារ​តវ៉ា​ទៅ​អាជ្ញាធរ​ថ្នាក់​លើបន្ត​ទៀត

ពលរដ្ឋ​មាន​បញ្ហាដីធ្លី​ម្នាក់ លោកស្រី សែម សុខឃឿ រស់នៅ​ភូមិ​ចំណោទ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃទី​២៦ ខែ​កក្កដា ថា សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​ចាប់​លោកស្រី និង​ពលរដ្ឋ​ម្នាក់ទៀត កាលពី​ថ្ងៃទី​២៤ ខែកក្កដា ដោយ​ប្រកាន់​ថា ជា​អ្នកដឹកនាំ​រំលោភ​យក​ដី​រដ្ឋ​។ លោកស្រី​ឱ្យដឹងទៀតថា ក្នុងពេល​ឃុំខ្លួន​លោកស្រី ក្រុម​សមត្ថកិច្ច​បានមក​ជួប​លោកស្រី​ជាច្រើន​ដង និង​តម្រូវឱ្យ​ផ្ដិតមេដៃ​លើ​លិខិត​មួយច្បាប់​ថា យល់ព្រម​ចាកចេញ​ពី​ដី និង​ផ្ទះ​មាន​ជម្លោះ​នេះ។ លោកស្រី​បន្ត សមត្ថកិច្ច​ថែមទាំង​ឱ្យ​លោកស្រី ដើរ​ប្រាប់​ពលរដ្ឋ​ក្នុង​តំបន់​នេះ​ឱ្យ​ចាក​ចេញ៖ «ក្រដា​ដែល​ដាក់​ទៅ​ហ្នឹង​ដាក់​កិច្ចសន្យា​ជាមួយ​គេ​(​អាជ្ញាធរ​) ថា​ឈប់​ទៅ​ជាន់ដី​ហ្នឹង ឈប់​ទៅ​ពាក់ព័ន្ធ​នឹង​រឿង​ដី​ហ្នឹង ត្រូវ​បោះបង់​ដី​ហ្នឹង​ចោល​គេ​ឱ្យ​យើង​ធ្វើ​អ៊ីចឹង​តែម្ដង»។

លោកស្រី សែម សុខឃឿ និង​ពលរដ្ឋ​ម្នាក់ទៀត​ដែល​ត្រូវ​ចាប់ខ្លួន​ត្រូវ​សមត្ថកិច្ច​ដោះលែង កាលពី​យប់​ទី​២៥ ខែកក្កដា ដោយ​ផ្ដិត​មេដៃ​លើ​កិច្ច​សន្យាថា ចាកចេញ​ពី​ដី​នោះ​។​

លោកស្រី សែម សុខឃឿ ឱ្យ​ដឹង​ទៀត​ថា ក្នុង​ពេលអាជ្ញាធរ​ខេត្ត និង​មន្ត្រី​បរិស្ថាន ចុះមក​ចាប់ខ្លួន​លោកស្រី និង​ពលរដ្ឋ​ម្នាក់​ទៀត បាន​ទៅ​យក​កាំបិត និង​ពូថៅ របស់​ពលរដ្ឋ មក​ថត និង​ចោទប្រកាន់​ថា ពលរដ្ឋ​ធ្វើ​សកម្មភាព​រារាំង​សមត្ថកិច្ច។

ទាក់ទង​ការ​លើកឡើង​របស់​ពល​រដ្ឋ​នេះ អាស៊ីសេរី​មិនអាច​សុំ​ការឆ្លើយតប ពី​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ និង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ បានទេ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល

ទោះយ៉ាងណា​សេចក្តីប្រកាស​ព័ត៌មាន​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឱ្យ​ដឹង​ថា កាលពី​ថ្មីៗ ក្រុម​ពលរដ្ឋ បានធ្វើ​សកម្មភាព​ចូល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​បាន​កំរើក​ឡើងវិញ ក្នុងភូមិ​សាស្ត្រ ភ្នំ​តាង៉ោល ភូមិ​ចំណោទរាម ឃុំ​រាម ស្រុក​ព្រៃនប់។ ប្រភព​ដដែល​ចោទ​ពលរដ្ឋ​ថា បាន​ចូល​ទន្ទ្រាន កាន់​កាប់ ទិញ លក់​ដី និង​បង្កើត​ចលនា​តវ៉ា​រារាំង​មិនឱ្យ​កម្លាំង​សមត្ថកិច្ច​បរិស្ថាន​អនុវត្ត​វិធានការ​ទប់ស្កាត់​បទល្មើស​បាន។ មន្ទីរ​បរិស្ថាន​ខេត្ត​បន្ត​ទៀត​ថា កាល​ពី​ថ្ងៃទី​២៤ ខែ​កក្កដា កម្លាំង​មន្ត្រី​ឧទ្យាន និង​កម្លាំង​គណៈ​បញ្ជា​ឯកភាព​រដ្ឋបាល​ស្រុក​ព្រៃនប់ បាន​ប្រទះឃើញ​ក្រុម​ពលរដ្ឋ​ប្រហែល​៣០​នាក់ បាន​ចូល​ឆ្ការព្រៃ ដាំ​ដំណាំ​ថ្មី សង់​ខ្ទម ទិញ លក់​ដី និង​បោះបង្គោល​ហ៊ុំ​ទ័ព​ដី ហើយ​ពួកគេ​មិន​ព្រម​ចាក​ចេញពី​ដី​តាម​ការណែនាំ​របស់​សម​ត្ថ​កិច្ច តែ​ថែមទាំង​ប្រឆាំងរ​វ៉ា ដែល​ធ្វើឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់ ទៅ​ស្នង​ដ្ឋា​ន​នគរបាល​ធ្វើការ​សាកសួរ។

អ្នកសម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ដែល​តាមដាន​ដំណើររឿង​ឱ្យដឹង​ថា តាម​ការអះអាង​របស់​ពលរដ្ឋ ក្រុម​ពលរដ្ឋ​បាន​ទិញ​ដី​តំបន់​នេះ​ពី​មន្ត្រី​បរិស្ថាន​តាំងពី​១៩៩៧​មកម្ល៉េះ​។ អ្នកស្រី​សង្កេត​ឃើញ​ថា ភូមិសាស្ត្រ​ដី​នៅ​ក្នុង​ខេត្ត​នេះ​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​ដី​ឧទ្យាន​ជាតិ និង​ដី​ជលផល ដែល​បញ្ហា​នេះ​ងាយ​ធ្វើ​អាជ្ញាធរ​ចោទ​ពលរដ្ឋ​ថា ថា​ចូល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​។ ប៉ុន្តែ អ្នកស្រី​ថា បើ​ឈ្មួញ ឬ​មន្ត្រី​ធំ កាន់កាប់​លើដី​ទាំងនោះ មិនឃើញ​មាន​អាជ្ញា​ធរមាន​វិធានការ​ឡើយ ប៉ុន្តែ​បើ​ពលរដ្ឋ​ចូល​រស់នៅ​វិញ​តែង​ឃើញ​មានការ​បណ្ដេញចេញ«អ្នក​ទាំង​ហ្នឹង​ភាគច្រើន​គេ​នៅ​យូរហើយ ដូច​ថា​ដី​ទិញ​យូរ​ហើយ ប៉ុន្តែ​អត់​ទាន់​ទៅ​នៅ​អីចឹង​ណា​ទើប​ឥឡូវ​ដោយសារ​បញ្ហា​រកស៊ី​អី​មិនបាន ហើយ​មនុស្ស​ផ្អើល​ឈូឆរ​ចេះ​ចូល​កាប់​រាន​ព្រៃ យក​ដី​អីចឹង​គាត់​ខ្លាច​គេ​យក​ដី​គាត់​ដែរ បាន​គាត់​ចូលទៅ​នៅ​ទៅ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​បញ្ហា​ដីធ្លី​តំបន់ ផ្អែក​លើ​ការរស់នៅ​ជាក់ស្ដែង​របស់​ពលរដ្ឋ។ តំណាង​ពលរដ្ឋ លោកស្រី សែម សុខឃឿ ប្រាប់​ថា នៅ​ពេល​សមត្ថកិច្ច​កំពុង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដី​នេះ ឃើញ​មាន​ឈ្មួញ​ចិន​ចុះ​វាស់វែង​ដី​នៅ​តំបន់​នេះ ដែល​លោកស្រី​ព្រួយបារម្ភ​ថា អាជ្ញាធរ​ខេត្ត​បណ្ដេញ​ពលរដ្ឋ​ចេញ​យក​ដី​នោះ​លក់​ឱ្យ​ឈ្មួញ​ចិន។

អ្នកស្រី ជៀប សុធារី ឱ្យ​ដឹង​ថា ដី​មាន​ជម្លោះ​នេះ មាន​ទំហំ​ជាង​១០​ហិកតារ និង​ពលរដ្ឋ​ជាង​៤០ គ្រួសារ​កំពុង​រស់នៅ។

នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈដី​នៅ​ខេត្ត​ព្រះសីហនុ​ឡើងថ្លៃ​ខ្ពស់ គេ​ឃើញ​អាជ្ញាធរ​​ខេត្ត​ច្រើន​ប្រើ​វិធានការ​ហិង្សា​បណ្ដេញ​ពលរដ្ឋ​ចេញពី​ដី ក្នុងនោះ​ក៏បាន​ពលរដ្ឋ​មួយចំនួន​ត្រូវ​ឃុំខ្លួន និង​រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ពីបទ​ចោទថា​ចូល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល