ពលរដ្ឋ​ខ្មែរ​ក្រោម​ជាង ១០នាក់​របួស​ធ្ងន់ និង​ស្រាល​ ក្នុង​ករណី​អាជ្ញាធរ​វៀតណាម​បណ្ដេញ​ចេញ​ពី​ដី​ធ្លី

ដោយ យន់ សាមៀន
2020-05-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបឆ្វេង​) ខ្មែរក្រោម ដែល​រង​របួសក្រោយ​ការ​ផ្ទុះ​ហិង្សា​​ជាមួយនគរបាល​វៀតណាម ​និង (ស្ដាំ) ក្រុមខ្មែរក្រោមកំពុងប្រឈមមុខ​ជាមួយ​នគតបាលវៀតណាមស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង​​ខេត្ត​ក្រមួន​ស​​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ២០២០។
រូបឆ្វេង​) ខ្មែរក្រោម ដែល​រង​របួសក្រោយ​ការ​ផ្ទុះ​ហិង្សា​​ជាមួយនគរបាល​វៀតណាម ​និង (ស្ដាំ) ក្រុមខ្មែរក្រោមកំពុងប្រឈមមុខ​ជាមួយ​នគតបាលវៀតណាមស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង​​ខេត្ត​ក្រមួន​ស​​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ២០២០។
ប្រភព៖ សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍

ពលរដ្ឋ​​ខ្មែរ​ក្រោម​ជាង ១០នាក់​រង​បួស​ធ្ងន់ និង​ស្រាល​ក្នុង​​​ករណី​ជម្លោះ​ដី​ធ្លី​មួយ​ នៅ​ខេត្ត​ក្រមួន​សរ ​ ដោយ​​អាជ្ញាធរ​វៀតណាម​បណ្ដេញ​ចេញ​ពី​ដី​ធ្លី។ ពេល​ផ្ទុះ​ហិង្សា​នោះ​អាជ្ញាធរ​វៀតណាម​ប្រមាណ​១០០​នាក់​​បាន​ប្រើ​ដំបង​ឆក់​កាំភ្លើង ​ផ្សែង​ពុល​បាញ់​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ ៥០​នាក់ ដែល​កំពុង​បង្កបង្កើន​ផល​លើ​ដី​របស់​ពួកគេ​រាប់​សិប​ឆ្នាំ​មក​ហើយ​។​ សមាគម​ខ្មែរ​ក្រោម​ថា ពួក​គេ​កំពុង​តាម​ដាន​ដំណើរ​រឿង​នេះ​និង​ព្យាយាម​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្មែរ​ក្រោម។

ពលរដ្ឋ​ខ្មែរ​ក្រោម​ លោក​ សឺន ចាំង​ ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី៧ ខែ​ឧសភា​​​ថា​​ ក្នុង​ចំណោម​អ្នក​របួស​ធ្ងន់​មាន​ពលរដ្ឋ​​ម្នាក់​បាក់​ដៃ បែក​ក្បាល ​​បែក​មុខ ​បែក​មាត់​ និង​រលាក​ខ្លួន​ក្នុង​ពេល​ប៉ះ​ទង្គិច​នឹង​សមត្ថកិច្ច​វៀតណាម។ ក្នុង​ចំណោម​ពលរដ្ឋ​រង​របួស​ជាង​​ជាង ១០នាក់ ក្នុង​នោះ​ក៏​មាន​ស្ត្រី​មាន​ផ្ទៃ​ពោះ​និង​ស្ត្រី​ចាស់​ជរា​ផង​ដែរ។

លោក​បន្ត​ថា​ ពេល​នេះ​តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​រង​ការ​បណ្ដេញ​ចេញនាំ​​គ្នា​ទៅ​តវ៉ា​នៅ​សាលា​ខេត្ត​​ក្រមួន​សរ​ ប៉ុន្តែ​មន្ត្រី​សាលា​ខេត្ត​នេះ មិន​ដោះស្រាយ​ឲ្យ​ទេ​ ដោយ​លើក​ហេតុ​ផល​ថា ​ពួក​លោក​គ្មាន​ឯកសារ​បញ្ជាក់​ត្រឹម​ត្រូវ។ លោក​បន្ត​ថា មន្ត្រី​សាលា​ខេត្ត​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​រក​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​មូលដ្ឋាន​​វិញ៖ «បាក់ឆ្អឹង​ដៃ​មួយ​ធ្ងន់​ហើយ​បែក​ក្បាល​បែក​មុខ​បែក​មាត់​ហី​ត្រូវ​ជាតិ​គីមី​រលាក់​រលាក់​អី​ណឹង​បង​ ឥឡូវ​ខំ​មក​ដល់​ខេត្ត​​គេ​អត់​ទទួល​យើង​គេ​យើង​អត់​មាន​ភស្តុតាង»

កាល​ពី​ថ្ងៃ​ទី៥ ខែ​ឧសភា​ អាជ្ញាធរ​វៀតណាម រួម​មាន ប៉ូលិស ទាហាន​ដែល​ប្រដាប់​ដោយ​អាវុធ​និង​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​នាក់​បាន​ចុះ​ទៅ​ហាម​ឃាត់ និង​រឹប​អូស​យក​ដី​ជាង ១០០ហិកតារ ដែល​ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស ដែល​វៀតណាម​បាន​ប្ដូរ​ឈ្មោះ​មក​ជា​កៀងយ៉ាង​វិញ។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ក្រោម ​ជំទាស់​រហូត​​ផ្ទុះ​ជា​អំពើ​ហិង្សា។

ពលរដ្ឋ​ខ្មែរ​ក្រោម​ឲ្យ​ដឹង​ថា​ ពួក​គេ​​បាន​អាស្រ័យ​ផល​លើ​ដី​នោះ​តាំង​ពី​អំឡុង​ឆ្នាំ១៩៧៣ មក​ម៉្លេះ ហើយ​កាល​ពី​ឆ្នាំ​២០១៨ អាជ្ញាធរ​វៀតណាម​ក៏​ធ្លាប់​មក​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ក្រោម​ចេញ​ម្ដង​ដែរ​​ ប៉ុន្តែ​មិន​បាន​សម្រេច​ដោយ​អ្នក​ភូមិ​នាំ​គ្នា​ប្រ​ឆាំង​តវ៉ា។ ការ​ស្រាវជ្រាវ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​មូលដ្ឋាន​នៅ​ សហរដ្ឋអាមេរិក ​ឲ្យដឹង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​រស់​នៅ​ទឹក​ដី​កម្ពុជាក្រោម ​ចំនួន ២១ខេត្ត​ មាន​ជាង ៨លាន​នាក់។ ប៉ុន្តែ កាល​ពី​ឆ្នាំ២០១៥ ប្រទេស​វៀតណាម​បង្ហាញ​របាយការណ៍​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​មាន​ត្រឹម​មួយ​លាន ២សែន​នាក់។

អាស៊ី​សេរី​បាន​ផ្ញើ​សារ អេលិកត្រូនិច ទៅ​ស្ថាន​ទូត​វៀតណាម​ប្រចាំ​ទី​ក្រុង​ភ្នំពេញ​ដែរ ដើម្បី​សាកសួរ​ករណី​នេះ នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

អគ្គលេខាធិការ​សមាគម​ខ្មែរ​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន និយាយ​ថា អាជ្ញាធរ​វៀតណាម​មិន​គួរ​ប្រើ​អំពើ​ហិង្សា​មក​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​បែប​នេះ​ទេ។ លោក​ស្នើ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី។ ទោះ​យ៉ាង​ណា​លោក​សង្កេត​ឃើញ​ទៀត​ថា កន្លង​មក​ពលរដ្ឋ​ខ្មែរ​ក្រោម នៅ​ខេត្ត​ឃ្លាំង​ព្រះ​ត្រពាំង​មាត់​ជ្រូក​មាន​ការ​រំលោភ​ដី​ធ្លី ពី​ក្រុម​ឈ្មួញ​និង​អាជ្ញាធរ​វៀតណាម ប៉ុន្តែ​ពលរដ្ឋ​កម្រ​ទទួល​បាន​យុត្តិធម៌​ណាស់ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ពលរដ្ឋ​ខ្មែរ​ក្រោម​បែរ​ជា​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ឬ​ត្រូវ​ជាប់​ពន្ធនាគារ​ថែម​ទៀត​ផង៖ «សង្ឃឹម​ថា​រដ្ឋាភិបាល​វៀតណាម​ដោះស្រាយ​ឲ្យ​មាន​ភាព​ស្មើ​គ្នា​ដោយ​យុត្តិធម៌​ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​អាស្រ័យ​ផល​នៅ​លើ​ដី​កសិកម្ម​ប្រមាណ ១០០​ហិកតារ​ណឹង»

លោក សឺន ជុំជួន ឲ្យ​ដឹង​ថា សមាគម​ខ្មែរ​ក្រោម​​នៅ​រង់​ចាំ​មើល​លទ្ធផល​នៃ​ការ​ដោះ​ស្រាយ​បន្ត​ទៀត​។ ​លោក​ថាបើ​ការ​ដោះ​ស្រាយ​នេះ​មិន​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ទេ​លោក​នឹង​ស្វែង​រក​អន្តរាគមន៍​ទៅ​ ស្ថានទូត​ប្រទេស​នានា​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​វៀតណាម និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​វៀតណាម​ឲ្យ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ពលរដ្ឋ​ខ្មែរ​ក្រោម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល