ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ប្រមូល​ស្នាម​មេដៃ​​បាន​ជាង​១០០​នាក់​គ្រោង​ប្ដឹង​​​ឱ្យ​​​អាជ្ញាធរ​បញ្ឈប់​ក្រុមហ៊ុន​​​លុប​ស្រះ​ទឹក​សាធារណៈ

ដោយ ម៉ៅ សុធានី
2020-05-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទីតាំង​ស្រះ​ទឹក​សាធារណៈ ដែល​ក្រុមហ៊ុន​ប្អូន​ថ្លៃ​របស់​លោក​ឧកញ៉ា កុក​ អាន​ ចាក់​ដី​លុប​បណ្ដាល​ឱ្យ​ទឹក​លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០២០។
ទីតាំង​ស្រះ​ទឹក​សាធារណៈ ដែល​ក្រុមហ៊ុន​ប្អូន​ថ្លៃ​របស់​លោក​ឧកញ៉ា កុក​ អាន​ ចាក់​ដី​លុប​បណ្ដាល​ឱ្យ​ទឹក​លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០២០។
រូប៖ ដោយ​ប្រជាពលរដ្ឋ

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​​ប្រមាណ​១០០​នាក់​ប្រមូល​ស្នាម​ដៃ​​ប្ដឹង​ទៅ​អាជ្ញាធរ​ក្រុង​នេះ​ ​ឱ្យ​​ជួយ​ទប់​ស្កាត់​ក្រុម​ហ៊ុន​ឯកជន​មួយ​​​ ឱ្យ​ឈប់​លុប​ស្រុះ​​សាធារណៈ​​​ ព្រោះ​បណ្ដាល​ឱ្យ​ទឹក​លិច​ផ្ទះ​របស់​ពលរដ្ឋ​ជា​ច្រើន​ខ្នង​។​​ប៉ុន្តែ​តំណាង​​ក្រុម​ហ៊ុន​អាន​កូ​អះអាង​ថា​ ​​រឿង​នេះ​ពុំ​មាន​​ពាក់ព័ន្ធ​នឹង​​ក្រុម​ហ៊ុន​របស់​ខ្លួន​ឡើយ​។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​រស់​ភូមិ​កណ្ដាល​ សង្កាត់​ផ្សារ​កណ្ដាល​ក្រុង​ប៉ោយប៉ែត លោក តុត សុខ​ ថ្លែង​នៅ​ថ្ងៃ​ទី​៩​ឧសភា​ថា អាជ្ញាធរ​មិន​ទាន់​ចាត់​វិធានការ​ទៅ​លើ​ក្រុម​ហ៊ុន​​ក្រឡុក​ស៊ីម៉ង់​​មួយ​​​​ចាក់​ដី​លុប​ស្រះ​ទឹក​សាធារណ​នោះ​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា ផ្ទះ​របស់​ពួក​លោក​ប្រមាណ​២០​គ្រួសារ​​រស់​នៅ​​ក្នុង​ទឹក និង​ដី​ភក់ ដោយសារ​តែ​ក្រុម​ហ៊ុន​នេះ​ចាក់​ដី​លុប​ស្រះ​ដី​ខ្ពស់​ជាង​ផ្ទះ​របស់​​ប្រជា​ពលរដ្ឋ​ បណ្ដាល​ឱ្យ​ទឹក​ចូល​ផ្ទះ៖ «នៅ​ពេល​ខាង​មុខ​នេះ​គឺ​កាន់​តែ​លិច​ខ្លាំង​ថា​នឹង​អាច​លិច​ផ្លូវ​រទេះ​ភ្លើង​ទៀត​ក៏​ថា​បាន​ដែរ។ខ្ញុំ​យល់​ឃើញ​ថា​មិន​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទេ​ ធ្វើ​អីចឹង​ប្រជាពលរដ្ឋ​មិន​អាច​ទទួល​យក​បាន​ទេ​។​មិន​ទទួល​យក​បាន​ហ្នឹង​ដោយសារ​ចាក់​ដី​​ខ្ពស់​ជាង​លំនៅឋាន​ប្រជាពលរដ្ឋ​ ហើយ​វា​ស្នើ​ហ្នឹង​ផ្លូវ​រថភ្លើង​ ហើយ​ម្ខាង​នោះ​ទួល​ម្ខាង​​ផ្លូវ​រថភ្លើង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រឡាយ​​អីចឹង​ដូច​ជា​មិន​អាច​ទទួល​យក​បាន​ទេ»

លោក​បញ្ជាក់​ថា ​​​​ពួក​លោក​ប្រមូល​ស្នាម​មេដៃ​​​ពលរដ្ឋ​រស់​នៅ​តំបន់​នោះ​បាន​ជាង ១០០​នាក់ ហើយ​ត្រៀម​ដាក់​ទៅ​សាលា​ក្រុង​ប៉ោយប៉ែត​នៅ​ថ្ងៃ​អង្គារ​ទី១២ ឧសភា​ខាង​មុខ ដើម្បី​ឱ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​លើ​ក្រុម​ហ៊ុន​នេះ។

ឆ្លើយ​តប​នឹង​​ការ​ចោទ​ប្រកាន់​នេះ​តំណាង​ក្រុម​ហ៊ុន អាន កូ ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ និង​សំឡេង​ថា ​ក្រុមហ៊ុន​ដែល​ចាក់​ដី​លិច​ផ្ទះ​អ្នក​ភូមិ​នោះ​ ជា​ក្រុម​ហ៊ុន​ក្រឡុក​ស៊ីម៉ង់​ភី.ភី.ភី (P.P.P)របស់​​លោក គីម ឡេដារ៉ួ​ ដែល​ជា​ប្អូន​ថ្លៃ​របស់​លោក​ឧកញ៉ា​កុក អាន ដោយ​​​ពុំ​មែន​​ជា​របស់​​ក្រុម​ហ៊ុន​អាន​កូន​នោះ​ឡើយ។ លោក​ថា ​កាល​ពី​មុន​ម្ចាស់​ក្រុម​ហ៊ុន​មួយ​នេះ​ ធ្វើ​ការ​ជា​មួយ​ក្រុម​ហ៊ុន​​អាន​កូ ​របស់​លោក​ ឧកញ៉ា កុក អាន​ ក៏​ប៉ុន្តែ​ក្រោយ​មក​​បាន​​លាឈប់​ ហើយ​​​ទៅ​បើក​ក្រុម​ហ៊ុន​​ផ្ទាល់​ខ្លួន​វិញ​ ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​យល់​ច្រឡំ​​ថា​ជា​របស់​ក្រុម​ហ៊ុន​ អាន កូ។

ចំណែក​លោក គីម ឡេដារ៉ូ ប្រាប់​អាស៊ី​សេរី​ថា ​ទីតាំង​ដែល​មាន​បញ្ហា​នោះ​ជា​​ក្រុម​ហ៊ុន​របស់​លោក​ប្រាកដ​មែន ក៏​ប៉ុន្តែ​​លោក​​សុំ​មិន​ឆ្លើយ​តប​​​​រឿង​ការ​ចាក់​ដី​លិច​ផ្ទះ​របស់​អ្នក​ភូមិ​នោះ​ទេ៖ «ចាំ​មើល​ខ្ញុំ​សួរ​កូន​ខ្ញុំ​វា​ចាក់​ដី​ធ្វើ​អី​ តែ​ខ្ញុំ​គិត​ថា​គ្រាន់​តែ​ចាក់​ដី​ឱ្យ​តែ​ស្អាត​ប៉ុណ្ណឹង​ទេ​អត់​ធ្វើ​អី​ផង​។ខ្ញុំ​ដូច​អត់​ទាន់​ឃើញ​វា​ចាក់​ដី​ណា​ កំពុង​តែ​ឱ្យ​គេ​ទៅ​ឆែក​មើល​តើ​ រឿង​ហ្នឹង​ខ្ញុំ​អត់​ទាន់​ច្បាស់​ទេ​បង​ អីចឹង​អត់​ទាន់​ហ៊ាន​ឆ្លើយ​ទេ»

ទោះ​ជា​យ៉ាង​ណា​ប្រជាពលរដ្ឋ​ ឆេង ប៊ុន​ហាក់​អះអាង​ថា ​នៅ​រសៀល​ថ្ងៃ​ទី​៩​ឧសភា​ មាន​សន្តិសុខ​៣​នាក់​ដែល​មាន​ពាក់​​កាត​សំគាល់​ខ្លួន​​ធ្វើ​ការ​ឱ្យ​​ក្រុម​ហ៊ុន​ អាន​កូ​បាន​ចូល​​ទៅ​​ដល់​ទីតាំង​ដី​ទំនាស់​​និង​​​ថត​ផ្ទះ​របស់​​ពលរដ្ឋ​ទៀត​ផង។

អាស៊ី​សេរី​មិន​ទាច​ទាក់​ទង​អភិបាល​ក្រុង​ប៉ោយប៉ែត​ លោក គាត ហ៊ុល និង​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ លោក អ៊ុំ រាត្រី ​ដើម្បី​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​​ទី​៩​ឧសភា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​ចៅ​សង្កាត់​ផ្សារ​កណ្ដាល​ លោក ស្រ៊ឹល អិន ប្រាប់​អាស៊ី​សេរី​ថា លោក​បាន​បញ្ជា​ឱ្យ​ក្រុម​ហ៊ុន​ផ្អាក​ការ​ចាក់​ដី​នោះ​ហើយ៖ «ភ្លើង​ក៏ អាន កូ ទឹក​ក៏ អាន កូ ចាក់​ដី​ក៏ អាន កូ ចាក់​ដី​ត្រង់​ណា​រឿង​ត្រង់​ហ្នឹង​​ ព្រោះ​ក្រុម​ហ៊ុន​ហ្នឹង​យ៉ាប់​ណាស់។ ខ្ញុំ​បាន​កោះ​ហៅ​ម្ដង​ហើយ​ក្រុមហ៊ុន​អត់​ចូល​ខ្លួន​ដោះស្រាយ​ទេ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា​ ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍន៍​បែប​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ គឺ​ជា​រឿង​មិន​ល្អ​ឡើយ។ លោក​ថា អាជ្ញាធរ​គួរ​តែ​ចាត់​វិធាន​ការ​ជា​​តាម​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ​ ដោយ​រក្សា​ទុក​ស្រះ​ឱ្យ​នៅ​សភាព​ដើម​វិញ​ ដើម្បី​ពលរដ្ឋ​យក​ទឹក​ប្រើប្រាស់​។​​ រហូត​មក​ទល់​ពេល​នេះ​ក្រុម​ហ៊ុន​ក្រឡុក​ស៊ីម៉ង់​ បាន​ផ្អាក​ចាក់​ដី​និង​ដក​គ្រឿង​ចក្រ​ចេញ​ពី​ស្រះ​សាធារណៈ​នោះ​អស់​ហើយ បន្ទាប់​ពី​អ្នក​ភូមិ​បាន​ប្រតិកម្ម​លើ​រឿង​នេះ ក៏​ប៉ុន្តែ ក្រុមហ៊ុន​មិន​កាយ​ដី​ចេញ​ពី​ស្រះ​តាម​ការ​ទាមទារ​របស់​ពលរដ្ឋ​នៅ​ឡើយ​ទេ៕

ប៉ោយប៉ែត 050920

ប៉ោយប៉ែត 050920

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល