ពលរដ្ឋ​ចោទ​មេឃុំ​ខេត្ត​មណ្ឌលគិរី​ថា បង្ខំ​អ្នក​ភូមិ​ឱ្យ​ផ្ដិតមេដៃ​លក់​ដី ៣៨​ហិកតារ​ឱ្យ​ក្រុមហ៊ុន​ចិន

ដោយ ជាតិ ចំណាន
2020-01-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង (​ពូនង) រស់នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ចោទ​មេឃុំ​ចុង​ផ្លាស់​ថា បង្ខំ​ឱ្យ​ពួកគេ​ផ្តិត​មេដៃ​លក់​ដី​ព្រៃ ទំហំ ៣៨​ហិកតារ ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ដែល​ពួកគេ​មិន​ស្គាល់​ឈ្មោះ ក៏ប៉ុន្តែ​ពលរដ្ឋ​បាន​បដិសេធ​។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​នេះ ជា​ករណី​ខុសច្បាប់។

ក្រុម​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​ពូ​ទង់ ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ មករា​ថា មេឃុំ​ចុង​ផ្លាស់ លោក លីម លឹមគុណ បាន​បញ្ជា​មេភូមិ ឱ្យ​កោះ​អញ្ជើញ​ពលរដ្ឋ​ជាច្រើន​នាក់ ផ្តិត​មេដៃ​គាំទ្រ ការ​លក់​ដី​ព្រៃ ៣៨​ហិកតារ​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន ដើម្បី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស កាលពី​ថ្ងៃ​ទី​៧ មករា​។ អ្នកភូមិ​ថា ពួកគេ​ភាគច្រើន​បាន​បដិសេធ​មិន​ហ៊ាន​ផ្តិត​មេដៃ​នោះ​ទេ ព្រោះ​ខ្លាចក្រែង ប៉ះពាល់​អាយុជីវិត​មនុស្ស និង​សត្វ ដោយសារ​អាជីវកម្ម​រ៉ែ​មាស នៅ​តំបន់​ពួកគេ​រស់នៅ​។​

ប្រធាន​សហគមន៍​ភូមិ​ពូទង់ លោក ដេត នី ប្រាប់​អាស៊ីសេរី​ថា មហិច្ឆតា​របស់​មេឃុំ​ចុង​ផ្លាស់ អាច​នឹង​យក​ស្នាម​មេដៃ​របស់​អ្នកភូមិ​រាប់​រយ​នាក់​ជា​ខែល ដើម្បី​លក់​ដី​ព្រៃ ៣៨​ហិកតារ ឋិត​នៅ​ចំណុច​ព្រៃ​មាស និង​អូរក្លរ ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន ធ្វើ​អាជីវកម្ម​រ៉ែ​មាស​។ លោក​ថា កន្លង​ទៅ​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន​នៅ​តំបន់​នោះ បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទឹកអូរ​ធម្មជាតិ ដែល​ធ្វើ​ឱ្យ​គោក្របី មាន់​ទា របស់​អ្នកភូមិ​ងាប់​អស់​ជា​បន្តបន្ទាប់ ជាហេតុ​ធ្វើ​ឱ្យ​ពួកគេ​ភ័យខ្លាច​៖ «គេ​ប្រុង​ថា ឱ្យ​ពលរដ្ឋ​មួយ​ភូមិៗ​ផ្ដិត តែ​ខាង​ពលរដ្ឋ​គាត់​ថា អត់​ហ៊ាន​ផ្តិត​ទេ អត់​ហ៊ាន​សម្រេច​ថា ផ្តិត​ទេ​។ ប្រជាពលរដ្ឋ​អត់​ដឹង​ថា គេ​លក់​ដី​ព្រៃ​ទេ ហើយ​បើ​ថា រ៉ែ​ហ្នឹង​គីមី​ហ្នឹង ប៉ះពាល់​មនុស្ស ប៉ះពាល់​ទាំង​សត្វ ពលរដ្ឋ​អត់​ហ៊ាន​ផ្តិត​មេដៃ​ទេ»

ពលរដ្ឋ​ម្នាក់ទៀត លោក សាំង សារី ថ្លែង​ថា ដី​ព្រៃ​ចំនួន ៣៨​ហិកតារ ដែល​អាជ្ញាធរ​ចង់​លក់​ឱ្យ​ក្រុមហ៊ុន​ចិន ជា​តំបន់​សម្បូរ​ដោយ​រ៉ែ​មាស ហើយ​ក្រុមហ៊ុន​ចិន ដែល​អ្នកភូមិ​មិន​ស្គាល់​ឈ្មោះ ចង់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ទីនោះ​។ លោក​ថា ថ្មីៗ​នេះ អាជ្ញាធរ​បាន​កាប់​រំលំ​ដើម​ច្បោះ​ជ័រ​របស់​អ្នកភូមិ​អស់​រាប់​រយ​ដើម ដើម្បី​ធ្វើ​ផ្លូវ​តម្រង់​ទៅ​ក្រុមហ៊ុន​រ៉ែ​មាស ដោយ​មិនបាន​ផ្ដល់​សំណង​ជូន​ពួកគាត់​ត្រឹមត្រូវ​ឡើយ​។ លោក​បន្ថែម​ថា អ្នកភូមិ​ភាគច្រើន បង្ហាញ​អារម្មណ៍​ខ្លាចរអា នឹង​អាជីវកម្ម​រ៉ែ​មាស ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ពុល គោក្របី មាន់​ទា របស់​ពួកគេ ងាប់​អស់​រាប់​រយ​ក្បាល​ដោយ គ្មាន​ការទទួលខុសត្រូវ​៖ «វា​ប៉ះពាល់​ពលរដ្ឋ​ខ្លាំង​ណាស់ ប៉ះពាល់​ពលរដ្ឋ​ខ្លាំង​មែនទែន​។ ព្រួយបារម្ភ​ខ្លាំង​ហ្មង មិន​ថា តែ​ខ្ញុំ​ទេ​ពលរដ្ឋ​ទូទៅ នៅ​កន្លែង​ភូមិ​ចុង​ផ្លាស់​ហ្នឹង ពិបាកចិត្ត​ហើយ បារម្ភ​ខ្លាំង​មែនទែន ព្រោះ​វា​ប៉ះពាល់ ដល់​គោក្របី មិន​ត្រឹម​គោក្របី​ទេ​ប៉ះពាល់​ដល់​មនុស្ស​ទៀត​។ ទាំង​សត្វព្រៃ​អស់​អា​លីង​អត់​មាន​ទេ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​មេឃុំ​ចុង​ផ្លាស់ លោក លីម លឹមគុណ តែ​នៅ​ពេល​ទូរស័ព្ទ​ហៅ​ចូល អ្នកទទួល​ទូរស័ព្ទ​ប្រាប់​ថា ច្រឡំ​លេខ​៖ «ខ្ញុំ​អត់​ដឹង​ដែរ ច្រឡំ​លេខ​ហើយ»។​

អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក សុខ សេរ៉ា មាន​ប្រសាសន៍​ថា រដ្ឋបាល​ខេត្ត​នៅ​មិនទាន់​ទទួល​ព័ត៌មាន​នេះ​នៅឡើយ​ទេ​។ តែ​ទោះ​យ៉ាងណា​លោក​ថា រដ្ឋបាល​ខេត្ត នឹង​ស៊ើបអង្កេត​រឿង​នេះ ក្រោយពី​បាន​ទទួល​ដំណឹង​នេះ​។ លោក​ពន្យល់​ថា មេឃុំ និង​ពលរដ្ឋ​គ្មាន​សិទ្ធិ​ផ្តិត​មេដៃ លក់​ដី​ព្រៃ​សាធារណៈ​នោះ​ទេ៖ «អត់​បាន​ទទួល​ទេ​។ ចាំ​មើល​រដ្ឋបាល​ខេត្ត​នឹង​ស្រាវជ្រាវ​រកមើល»

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េង​លី ចាត់​ទុក​ការ​បង្ខំ​ឱ្យ​ពលរដ្ឋ​ផ្តិត​មេដៃ​លក់​ដី​ព្រៃ​ពី​សំណាក់ អាជ្ញាធរ​ឃុំ​ជា​ទង្វើ​ខុសច្បាប់ ហើយ​ពលរដ្ឋ​ក៏​គ្មាន​សិទ្ធិ​ផ្តិត​មេដៃ​លក់​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ដែរ។ លោក​បន្ថែម​ថា ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ មិន​អាច​មាន​បុគ្គល​ណាមួយ មាន​សិទ្ធិ​លក់ដូរ និង​ចាត់ចែង​បានទេ លុះ​ត្រា​ណា​តែ​រដ្ឋាភិបាល​ធ្វើ​អនុប្បយោគ​ដី​ទាំងនោះ ជា​ដី​ឯកជន​របស់​រដ្ឋ និង​ដី​សម្បទាន​សង្គមកិច្ច​ជាមុន​សិន៖ «ប្រសិនជា​មាន​ការ​បង្ខំ ដ៏​ដូចជា​ពុំ​មាន​ការ​ឯកភាព​អ្វីមួយ​ពី​ពលរដ្ឋ​ទេ អា​ហ្នឹង​ជា​អំពើ​ខុសច្បាប់​។ ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង ទោះបី​ពលរដ្ឋ​មានការ​ផ្តិត​មេដៃ គឺ​ពុំ​មាន​សិទ្ធិ​លក់ដូរ​ដី​ព្រៃ​ទេ មានតែ​ដី​ឯកជន​ទេ ដែល​អាច​មាន​សិទ្ធិ​បាន»

ក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង​បារម្ភ​ថា នឹង​រង​ទុក្ខវេទនា ជា​រៀងរាល់​ឆ្នាំ ដោយសារតែ​ផល​ប៉ះពាល់ ពី​ក្រុមហ៊ុន​រ៉ែ​មាស​ទាំងនោះ​។ ពួកគេ​មិន​អាច​ទទួល​ទាន ទឹកអូរ​ធម្មជាតិ​បាន ហើយ​សារធាតុពុល​ទាំងនោះ បាន​សម្លាប់​គោក្របី​ងាប់​អស់​រាប់​រយ​ក្បាល និង​បាត់បង់​ត្រី​សាច់​ជាដើម​។ អ្នកភូមិ​ថា ជីវិត​រស់នៅ​របស់​ពួកគាត់​ក្នុង​តំបន់​នោះ ឋិត​ក្នុង​សភាព​ភ័យខ្លាច និង​មិន​ហ៊ាន​ស្រែក​តវ៉ា ប្រឆាំង​ក្រុមហ៊ុន​នោះ​ទេ ដោយ​ខ្លាចក្រែង​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល