ពលរដ្ឋ​ជាង ១០០​គ្រួសារ​នៅ​ខេត្ត​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​មួយ​ថា ឈូស​ឆាយ​ដីស្រែ​ពួកគាត់

ដោយ សុ ជីវី
2019-08-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទីតាំង​ដី​មាន​ជម្លោះ ដែល​ក្រុម​ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន គីម ជាធួន (Kim Gia Thuan group Co.,Ltd) រំលោភ​យក​ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ។
ទីតាំង​ដី​មាន​ជម្លោះ ដែល​ក្រុម​ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន គីម ជាធួន (Kim Gia Thuan group Co.,Ltd) រំលោភ​យក​ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ។
Photo courtesy of Adhoc

ពលរដ្ឋ​ជាង ១០០​គ្រួសារ (១៥៤) រស់នៅ​ឃុំ​រម្យទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ​ចោទ​ក្រុមហ៊ុន សម្បទាន​សេដ្ឋកិច្ច គីម ជាធួន (Kim Gia Thuan group Co.,Ltd) ថា ឈូស​ឆាយ​បំពាន​ដីស្រែ និង​ដីចម្ការ​វិល​ជុំ របស់​ពួកគាត់​អស់​ជាច្រើន​ហិកតារ។ អ្នកភូមិ​ថា ពលរដ្ឋ​ជាច្រើន​គ្រួសារ បាន​ខកខាន​ធ្វើ​កសិកម្ម​នៅ​ឆ្នាំនេះ ដោយសារ​ដីស្រែ​របស់​ពួកគេ ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ​យក។

ពលរដ្ឋ ២៣​គ្រួសារ តំណាង​ឱ្យ​ពលរដ្ឋ ជាង ១០០​គ្រួសារ រស់នៅ​ភូមិ​អូរទ្រលោក ឃុំ​រម្យទម ស្រុក​រវៀង បាន​ទៅដល់​ទីស្នាក់ការ​សមាគម​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី១២ សីហា ដើម្បី​ពិភាក្សា​ផ្នែក​ច្បាប់ ទាក់ទិន​ករណី ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច គីម ជាធួន យក​គ្រឿងចក្រ​ឈូស​ឆាយ​ដីស្រែ ចម្ការ​របស់​អ្នកភូមិ​ដោយ​បំពាន​ច្បាប់។ អ្នកស្រុក​ថា ពួកគាត់​បាន​ពឹង​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក​ឱ្យ​ជួយ​អន្តរាគមន៍ ដោះស្រាយ​រឿង​នេះ តែ​គ្មាន​ប្រសិទ្ធភាព។

តំណាង​ពលរដ្ឋ រស់នៅ​ភូមិ​អូរទ្រលោក លោក អេត ថុន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣ សីហា ថា បច្ចុប្បន្ន​ក្រុមហ៊ុន នៅតែ​បន្ត​ឈូស​ឆាយ​ដីស្រែ​របស់​ពួកគាត់ និង​ដី​ព្រៃ​រេចរឹល​មួយ​ចំនួន អស់​ប្រហែល​ជាង ១​ពាន់​ហិកតារ។ លើស​ពី​នេះ អ្នកភូមិ​កំពុង​ដេក​ភ័យ​ខ្លាចក្រែង​បាត់បង់​ទីកន្លែង​ធ្វើ​កសិកម្ម និង​វាលស្មៅ​ចិញ្ចឹម​គោក្របី​ទាំងស្រុង។ លោក​ថា គ្រួសារ​លោក​មាន​ដីស្រែ ៣​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ​យក​អស់ កាល​ពី​ខែ​មុន ធ្វើ​ឱ្យ​គ្រួសារ​លោក ខ្វះខាត​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​នៅ​ឆ្នាំនេះ៖ «មាន​ដីស្រែ​ខ្លះ និង​ដីចម្ការ​ខ្លះ ភាគច្រើន​ដីស្រែ។ ច្រើន​ដែរ​ដាច់​រហេតរហូត​អស់ហើយ​ចូល​ចង់ ១​ពាន់​ហិកតារ​ជាង​ហើយ​ដឹង។ រាល់ថ្ងៃ​នៅតែ​វ៉ៃ​បន្តបន្ទាប់​។ មិន​ងាយ​ទេ​បង រឿង​អយុត្តិធម៌​ដោយសារ​យើង​ជា​ពលរដ្ឋ​ទៅ​ទាមទារ គេ​អត់​ដោះស្រាយ​ឱ្យ។ ខាង​អាជ្ញាធរ​ភូមិ និង​ឃុំ​ដូច​ព្រងើយកន្តើយ ប្រាប់​គេ​ដែរ តែ​គេ​អត់​យកចិត្តទុកដាក់»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង តំណាង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច គីម ជាធួន លោក ឈាង ឆេង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី១៣ ខែ​សីហា។

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច គីម ជាធួន ទទួល​សិទ្ធិ​វិនិយោគ​ដី​កសិកម្ម​ពី​រដ្ឋាភិបាល ទំហំ​ជាង ៨​ពាន់ ៦​រយ​ហិកតារ (.៦៩២) ឋិត​ក្នុងស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ឆ្នាំ​២០១២។ ក្រុមហ៊ុន​នេះ ទទួល​សិទ្ធិ​វិនិយោគ​បន្ត​ពី​ក្រុមហ៊ុន សម្បទាន​សេដ្ឋកិច្ច ខេមបូឌា អាហ្គ្រោអ៊ិនដាសស្ទ្រី គ្រុប (Cambodia Agro-Industry Group Co.,Ltd) វិនិយោគ​ដំណាំ​ឧស្សាហកម្ម អាកាសា និង​អំពៅ។

មេឃុំ​រម្យទម លោក សោម មុត អះអាង​ថា អាជ្ញាធរ​ឃុំ​មិនទាន់​ទទួល​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​ណាមួយ ពី​ក្រុម​ពលរដ្ឋ​នៅឡើយ​ទេ មក​ទល់​ពេល​នេះ។ តែ​លោក​ថា កន្លង​ទៅ​មាន​ពលរដ្ឋ​ជាង ១០០​នាក់ បាន​តវ៉ា ដោយ​ស្នើ​ឱ្យ​អាជ្ញាធរ​ឃុំ​ជួយ ដោះស្រាយ​រឿង​នេះ​ដែរ។ រីឯ​អាជ្ញាធរ​ឃុំ​បាន​ចុះ​ពិនិត្យ​ទីតាំង​ដី​ជាក់ស្ដែង ក្នុង​តំបន់​មាន​ជម្លោះ​នោះ ពុំ​ឃើញ​មានការ​ឈូស​ឆាយ​រំលោភបំពាន​ដីស្រែ ដូច​ពលរដ្ឋ​លើកឡើង​ទេ៖ «ឱ្យ​តែ​ដី​បងប្អូន​ណា ដែល​មាន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន ដល់​ខ្ញុំ​ជួយ​យ៉ាងម៉េច​? គាត់​បាន​មក​តវ៉ា។ មក​តវ៉ា​នេះ ដើម្បី​កុំ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​តែម្ដង ទុក​ឱ្យ​គោក្របី​ស៊ី គាត់​និយាយ​អ៊ីចឹង ១០០​នាក់​ជាង។ ខ្ញុំ​ចុះទៅ​សម្របសម្រួល​ជាមួយ​អភិបាលរង​ស្រុក​ដែរ គាត់​មិន​ចង់​ឱ្យ​ក្រុមហ៊ុន​ធ្វើ​នៅតែ​កន្លែង​នោះ​តែម្ដង បើ​ប៉ះពាល់​អត់​មាន​ទេ ខ្ញុំ​ចុះទៅ ២​ដង​ហើយ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ពេល​ចុះ​អង្កេត​ទីតាំង​ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន គីម ជាធួន (Kim Gia Thuan group Co.,Ltd) និង​ក្រុម​ពលរដ្ឋ​រស់នៅ​ភូមិ​អូរទ្រលោក ឃុំ​រម្យទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ដើម​ខែ សីហា ២០១៩។
មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ពេល​ចុះ​អង្កេត​ទីតាំង​ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន គីម ជាធួន (Kim Gia Thuan group Co.,Ltd) និង​ក្រុម​ពលរដ្ឋ​រស់នៅ​ភូមិ​អូរទ្រលោក ឃុំ​រម្យទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ដើម​ខែ សីហា ២០១៩។ Photo courtesy of Adhoc

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ដែល​ចុះ​អង្កេត​រឿង​នេះ រក​ឃើញ​ថា មក​ទល់​ពេល​នេះ ក្រុមហ៊ុន​មិនទាន់​ដាំ​ដំណាំ​ផ្នែក​ណាមួយ លើ​ផ្ទៃដី​ដែល​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​ឱ្យ​វិនិយោគ​នៅឡើយ​ទេ។ លោក​ពន្យល់​ថា រដ្ឋាភិបាល​មាន​សិទ្ធិ​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នេះ ប្រសិនបើ​ក្រុមហ៊ុន​អនុវត្ត​ខុស​គោលការណ៍​វិនិយោគ៖ «រយៈពេល ៧​ឆ្នាំ​ហើយ ផ្ទៃដី​ទើបតែ​ឈូស​បាន ៥០០ ទៅ ៦០០ ហិកតារ អត់​គិត​ថា អាហ្នឹង​ជា​ការ​យឺតយ៉ាវ ឬ​មិន​គ្រប់​តាម​កុងត្រា​របស់ ក្រុមហ៊ុន​ជាមួយ​ក្រសួង​ទេ? អ៊ីចឹង​ការ​យឺតយ៉ាវ​ហ្នឹង បើ​យើង​និយាយ​ពី​គោលការណ៍​វិញ​គឺ រដ្ឋាភិបាល​មាន​សិទ្ធិ​ដកហូត​ក្រុមហ៊ុន ដែល​មិន​គោរព​លក្ខខណ្ឌ​រវាង​រដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា សកម្មភាព​ឈូស​ឆាយ​របស់​ក្រុមហ៊ុន នឹង​រីក​រាលដាល​កាន់តែ​ធំ​ឡើង បង្ក​ប៉ះពាល់​កាន់តែ​ធ្ងន់​ដល់​ពលរដ្ឋ​ផ្សេងទៀត​រាប់​រយ​គ្រួសារ ប្រសិនបើ​អាជ្ញាធរ​មិន​ពន្លឿន​ដោះស្រាយ​ករណី​នេះ​ទេ។ លោក​ថា ការ​តវ៉ា និង​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ជាតិ គួរ​ចុះ​ស៊ើបអង្កេត​ឱ្យ​ច្បាស់លាស់ ដើម្បី​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​រងគ្រោះ មិន​គួរ​ពន្យារ​ពេល​នោះ​ទេ។

អ្នកភូមិ​ថា មក​ទល់​ពេល​នេះ មាន​តំណាង​ពលរដ្ឋ ៥​នាក់​ហើយ ដែល​ត្រូវ​បាន​តុលាការ​កោះហៅ បន្ទាប់ពី​ទទួល​ពាក្យ​បណ្ដឹង​ពី​ក្រុមហ៊ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល