តុលាការ​ខេត្ត​ព្រះវិហារ​នឹង​សាកសួរ​ពលរដ្ឋ​ឃុំ​ប្រមេរ​ ៦​នាក់​​បន្ត​​ទៀត រឿង​​បង្ខាំង​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន

ដោយ សេក បណ្ឌិត
2019-10-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ដើម​ភាគ​តិច​កួយ ជាង ១០០​នាក់ ឈរ​ហាល​ភ្លៀង​មុខ​តុលាការ​ខេត្ត​ព្រះវិហារ រង់ចាំ​តំណាង​សហគមន៍ ៣​នាក់ និង​បុគ្គលិក​អង្គការ​ពន្លក​ខ្មែរ​ម្នាក់ ដែល​តុលាការ​កោះ​ហៅ​មក​សាកសួរ​ជុំវិញ​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន រូយ ហ្វេង នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៤។
ជនជាតិ​ដើម​ភាគ​តិច​កួយ ជាង ១០០​នាក់ ឈរ​ហាល​ភ្លៀង​មុខ​តុលាការ​ខេត្ត​ព្រះវិហារ រង់ចាំ​តំណាង​សហគមន៍ ៣​នាក់ និង​បុគ្គលិក​អង្គការ​ពន្លក​ខ្មែរ​ម្នាក់ ដែល​តុលាការ​កោះ​ហៅ​មក​សាកសួរ​ជុំវិញ​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន រូយ ហ្វេង នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៤។
Photo Provided

តុលាការ​ខេត្ត​ព្រះវិហារ នឹង​បន្ត​សាកសួរ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ ឃុំ​ប្រមេរ ៦​នាក់​ទៀត នៅ​ថ្ងៃ​ទី​២៤ តុលាខាងមុខ ពាក់ព័ន្ធ​នឹង​សំណុំរឿង​បង្ខាំង​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន កាលពី​ចុង​ឆ្នាំ​២០១៤ កន្លង​ទៅ។

មេធាវី​សមាគម​អាដហុក (ADHOC) ដែល​ជួយ​ការពារ​ក្តី​ឱ្យ​ក្រុម​ពលរដ្ឋ លោក សំ ទិត្យសីហា ឱ្យ​អាស៊ីសេរី​ដឹង​ថា ពលរដ្ឋ​ទាំង ​៦នាក់ ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ហៅ​ទៅ​សួរចម្លើយ​ម្តង​រួច​មក​ហើយ កាលពី​ថ្ងៃ​ទី​១៨ កញ្ញា​កន្លង​ទៅ ក៏ប៉ុន្តែ លោក​ថា ចៅក្រម​ស៊ើបសួរ​មាន​ចំណុច​ស៊ើបអង្កេត​បន្ថែម​ទៀត ទើប​កោះហៅ​ពួកគាត់​ទៅ​សួរចម្លើយ​ម្តង​ទៀត។

អយ្យការ​អម​តុលាការ​ខេត្ត​ព្រះវិហារ​បាន​ចោទប្រកាន់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរ​ចំនួន ១៥នាក់ ពី​បទ “​ចាប់​ឃុំឃាំង និង​ការ​បង្ខាំង​ដោយ​ខុស​ច្បាប់​” និង​ចោទ​មន្ត្រី និង​អតីតមន្ត្រី​អង្គការ​ពន្លក​ខ្មែរ​ពីរ​នាក់​ពី​បទ “​សមគំនិត​” ក្នុង​អំពើ​ទាំងនេះ​។ អ្នក​ទាំង ​១៧រូប ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ក្រោយ​បញ្ចប់​ការ​សួរចម្លើយ។ចំណាត់ការ​របស់​តុលាការ​លើ​ក្រុម​ប្រជាពលរដ្ឋ​នេះ ធ្វើឡើង​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ស្ករស​ចិន​​ហេងហ្វូ (Hengfu) ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ ដោយសារ​ពលរដ្ឋ​បាន​ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​ចំនួន​២ គ្រឿង កាលពី​ចុង​​ឆ្នាំ​២០១៤ កន្លងទៅ។

ទោះជា​យ៉ាងណា មេធាវី សំ ទិត្យសីហា ពិនិត្យឃើញ​ថា បទចោទប្រកាន់​លើ​ក្រុម​ពលរដ្ឋ និង​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ ហាក់​មាន​ភាព​មិន​ច្បាស់លាស់ ដោយ​តុលាការ​មិនបាន​បញ្ជាក់​ថា ការ​ចាប់​ឃុំឃាំង និង​ការ​បង្ខាំង​នោះ សំដៅ​លើ​មនុស្ស ឬក៏​គ្រឿងចក្រ​។ លោក​ថា ប្រសិនបើ​សំដៅ​លើ​មនុស្ស នោះ​មាន​សាក្សី និង​ភស្តុតាង​ជាច្រើន​ដែល​បង្ហាញ​ថា ក្រុម​ប្រជាពលរដ្ឋ​មិន​បាន​ចាប់​ឃុំឃាំង ឬ​បង្ខាំង​អ្នក​បើក​គ្រឿងចក្រ​ឱ្យ​ក្រុមហ៊ុន​ចិន​ឡើយ​។ ផ្ទុយទៅវិញ បើ​សំដៅ​លើ​គ្រឿងចក្រ លោក​បញ្ជាក់​ថា គ្មាន​ច្បាប់​ណា​ដែល​ចែង​អំពី​ការ​បង្ខាំង​អចលនវត្ថុ​ឡើយ ហើយ​តុលាការ​ត្រូវតែ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល