ពលរដ្ឋ​ប្រមាណ​៥០០​នាក់​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច

ប្រជាពលរដ្ឋ​ប្រមាណ ៥០០​នាក់ មក​ពី​ភូមិ​ស្រយង់​ខាងជើង និង​ភូមិ​ស្រយង់​ខាងត្បូង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​លើក​គ្នា​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២ នៅ​ក្នុង​តំបន់​ពួកគេ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​ធ្នូ។
ដោយ ហង្ស សាវយុត
2013-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ប្រឆាំង​នឹង​ក្រុមហ៊ុន​ឈ្មោះ សិលាដាមិច ដែល​បាន​បោះ​បង្គោល​កំណត់​​ព្រំដែន​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​លើ​ប្លង់ដី​ប្រជាពលរដ្ឋ​ដែល​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​បាន​វាស់វែង​រួច​មក​ហើយ។

ចំណែក​ឯ​ក្រុមហ៊ុន​ឈ្មោះ អេនី នីន វិញ គឺ​បាន​ចាប់​ឈូស​ឆាយ​ដី​នៅ​តំបន់​ខ្លះ ព្រម​ទាំង​បាន​ជីក​ប្រឡាយ​ហ៊ុមព័ទ្ធ​យក​ដី​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ។

បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា ​បាន​មាន​ប្រសាសន៍​ថា គាត់​និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត​មិន​សុខ​ចិត្ត​ ចំពោះ​ក្រុមហ៊ុន​ដី​សម្បទាន​ទាំង​ពីរ​នេះ​ដែល​រំលោភ​យក​ដីស្រែ​ចម្ការ៖ «បិទ​ផ្លូវ​ប្រជាពលរដ្ឋ​ផង មិន​ឱ្យ​ប្រជាពលរដ្ឋ​ចេញ​ចូល ដើរ​ហើរ​បាន​ស្រួល។ ប្រជាជន​ទាម​ទារ​កុំ​ឱ្យ​កាយ​ប្រឡាយ កុំ​ឱ្យ​បិទ​ផ្លូវ ឱ្យ​បើក​ផ្លូវ​វិញ។ ទាមទារ​កម្មសិទ្ធិ​ដី​ស្រែ ដែល​យូរ​មក​ហើយ ដែល​ការ​វាស់វែង ប៉ុន្តែ​ប្លង់​មិន​ទាន់​ចេញ​ទេ។ ក្រុមហ៊ុន​វា​មិន​ចង់​ឱ្យ​ធ្វើ​ថា​ដី ដែល​វា​ខំ​ឈូស​ឆាយ ឥឡូវ​ប្រជាពលរដ្ឋ​នេះ ​បាន​ហៅ​ចៅហ្វាយ​ស្រុក​ទៅ​ផ្ទាល់»

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​ទាំង​២ ដើម្បី​បក​ស្រាយ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល