ចៅក្រម​ស៊ើបសួរ​ទម្លាក់​ចោល​បទ​ចោទ​លើ​មន្ត្រី​អង្គការ​ពន្លក​​ខ្មែរ និង​ពលរដ្ឋ​ឃុំ​ប្រមេរ​មួយ​ចំនួន

ដោយ អាស៊ីសេរី
2020-04-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​កម្មវិធី​តស៊ូ​មតិ និង​ដីធ្លី​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦។
ប្រធាន​កម្មវិធី​តស៊ូ​មតិ និង​ដីធ្លី​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦។
រូបថត៖ RFA

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរ​មួយ​ចំនួន ​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ហើយ ពាក់ព័ន្ធ​នឹង​ករណី​​បង្ខាំង​គ្រឿង​ចក្រ​ក្រុមហ៊ុន​ចិន កាល​ពី​ចុង​ឆ្នាំ២០១៤ កន្លង​ទៅ។ ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​​ខ្លះ​ទៀត​នៅ​តែ​​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​ដដែល ព្រោះ​​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​ព្រះវិហារ មិន​ព្រម​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពួក​គាត់​ឡើយ។

មេធាវី​ការពារ​ក្តី​​ឱ្យ​មន្ត្រី​​អង្គការ​ពន្លក​ខ្មែរ និង​ពលរដ្ឋ​ឃុំ​ប្រមេរ លោក សេក សុភ័ណ្ឌ ឱ្យ​​អាស៊ី​សេរី​ដឹង​ថា ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​ព្រះវិហារ​បាន​ទម្លាក់​ចោល​បទ​ចោទ​​លើ​កូន​ក្ដី​របស់​លោក​​ចំនួន ៨នាក់​ហើយ កាល​ពី​ពេល​ថ្មីៗនេះ។ ក៏​ប៉ុន្តែ ទន្ទឹម​នឹង​នេះ លោក​ថា ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​បញ្ជូន​កូន​ក្តី​របស់​លោក​ចំនួន​៦ នាក់​ទៀត ទៅ​ជំនុំ​ជម្រះ ស្រប​ពេល​កូន​ក្តី​៣ នាក់​ផ្សេង​ទៀត លោក​មិន​ទាន់​ដឹង​ថា ចៅក្រម​ស៊ើបសួរ​សម្រេច​បែប​ណា​នោះ​ទេ។

មេធាវី សេក សុភ័ណ្ឌ បញ្ជាក់​ថា តុលាការ​មិន​ទាន់​ជូន​ដំណឹង​អំពី​ថ្ងៃ​សវនាការ​នៅ​ឡើយ​ទេ ចំពោះ​កូន​ក្ដី​លោក​៦ នាក់ ដែល​​ត្រូវ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​នោះ។ មេធាវី​រូប​នេះ​បន្ថែម​ថា ការ​ចោទ​ប្រកាន់​កូន​ក្ដី​របស់​លោក​ទាក់ទង​នឹង​ការ​ឃុំ​ឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់​នោះ គឺ​ជា​រឿង​មិន​សម​ហេតុ​ផល៖ «អ្វី​ដែល​កើតឡើង​នោះ ជា​សកម្មភាព​ដែល​គាត់​ការពារ​ដី​ ការពារ​ដំណាំ​របស់​គាត់។ បើ​និយាយ​ពី​ចេតនា​ហ្នឹង គាត់​គ្មាន​ចេតនា​ទៅ​បង្ខាំង​មនុស្ស​ណា​ខុស​ច្បាប់ ត្រូវ​ច្បាប់​អ្វី​ទេ។ ចេតនា​របស់​គាត់ គឺ​ការពារ​ដី មិន​ឱ្យ​មាន​ការ​ឈូស​ឆាយ ការពារ​ដំណាំ​របស់​គាត់ មាន​ស្រូវ​ មាន​អ្វី​ហ្នឹង»

ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ ​តុលាការ​ខេត្ត​ព្រះវិហារ​បាន​ចោទ​ប្រកាន់​មនុស្ស​ចំនួន​១៧ នាក់ ដោយ​ពលរដ្ឋ​ជន​ជាតិ​ដើម​​ភាគតិច​កួយ​ឃុំ​ប្រមេរ១៥ នាក់ ជាប់​ចោទ​​ពី​បទ “ចាប់​ឃុំឃាំង​ និង​ការ​បង្ខាំង​ដោយ​ខុស​ច្បាប់”។ ចំណែក​មន្ត្រី​ និង​អតីតមន្ត្រី​អង្គការ​ពន្លក​ខ្មែរ​ពីរ​នាក់​វិញ ជាប់​ចោទ​ពី​បទ “សម​គំនិត” ក្នុង​អំពើ​ទាំងនេះ។

ចំណាត់​ការ​របស់​តុលាការ​​នេះ ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ស្ករ​ស​ចិន​ឈ្មោះ ហេង ហ្វូ (Hengfu) ដែល​មាន​ទំនាស់​ដី​ធ្លី​រ៉ាំរ៉ៃ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ ដោយ​សារ​ពលរដ្ឋ​បាន​ឃាត់​គ្រឿង​ចក្រ​ក្រុមហ៊ុន​ចំនួន ២គ្រឿង តាំង​ពី​ចុង​ឆ្នាំ២០១៤ កន្លង​ទៅ។

កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ២០១៩ ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​ព្រះវិហារ លោក ជៀន ស្រស់ បាន​សម្រេច​​បិទ​ការ​ស៊ើប​សួរ​សំណុំ​រឿង​នេះ ក៏​ប៉ុន្តែ​មេធាវី​បាន​ស្នើសុំ​ពន្យារ​នីតិវិធី​នេះ ដើម្បី​ដាក់​ភស្តុតាង និង​សាក្សី​បន្ថែម ទើប​ចៅក្រម​សម្រេច​បន្ត​ស៊ើប​អង្កេត​រឿង​នេះ​បន្ថែម​រហូត​ដល់​ខែ​មករា ឆ្នាំ២០២០ ទើប​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​ទាំង​មូល។

មេធាវី សេក សុភ័ណ្ឌ ឱ្យ​ដឹង​ថា លោក​បាន​ដាក់​សាក្សី​ជា​ពលរដ្ឋ​ឃុំ​ប្រមេរ​ចំនួន ៣១៤នាក់ និង​ភស្តុតាង​ជា​ឯកសារ​ជាច្រើន​សន្លឹក​ ដើម្បី​ជួយ​ដោះបន្ទុក​កូន​ក្ដី​របស់​លោក​​។

នាយក​​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ ឱ្យ​​ដឹង​ថា លោក​សប្បាយ​ចិត្ត​ដែល​​ចៅក្រម​ស៊ើបសួរ​ផ្ដល់​យុត្តិធម៌​ដល់​រូប​លោក និង​ពលរដ្ឋ​មួយ​ចំនួន​​​​ តាម​រយៈ​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់។ ក៏ប៉ុន្តែ ជាមួយ​គ្នា​នេះ លោក​ស្នើ​​ដល់​តុលាការ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពលរដ្ឋ ៦នាក់​ទៀត ពីព្រោះ​លោក​ថា ពួក​គាត់​មិន​បាន​ប្រព្រឹត្ត​បទល្មើស​បង្ខាំង​ ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «សម្រាប់​អ្នក​ដែល​នៅ​អត់​ទាន់បាន​​មាន​ឈ្មោះ​ទម្លាក់​ពី​ការ​ចោទ​ប្រកាន់​ហ្នឹង សូម​ឱ្យ​ទម្លាក់​ចោល​ដូច​គ្នា​ដែរ ដើម្បី​ឱ្យ​​គាត់​ទទួល​បាន​នូវ​យុត្តិធម៌ ដ្បិត​ឥលូវ​នេះ​ពួក​គាត់​ទាំងអស់​គ្នា​សុទ្ធ​អ្នក​បាត់​បង់​ដី ដោយសារ​តែ​ក្រុមហ៊ុន​យក​ដាំ​អំពៅ​កាល​ពីមុន»

អាស៊ី​សេរី​​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​ព្រះវិហារ អ្នក​ស្រី ជុំ កន្និយ៉ា ដើម្បី​សាកសួរ​បន្ថែម​អំពី​សំណុំ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២១ មេសា ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរ​ធ្លាប់​បង្ហាញ​ការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​តុលាការ​ខេត្ត​ព្រះវិហារ​ ដែល​ចោទ​ប្រកាន់ពួក​គាត់​តាម​តែ​ការ​ចង់​បាន​របស់​ក្រុមហ៊ុន​។ ក្រុម​​ពលរដ្ឋ​អះអាង​ថា ពួក​គាត់​មិន​បាន​ឃុំ​ឃាំង ឬ​បង្ខាំង​អ្នក​បើក​គ្រឿង​ចក្រ​ឱ្យ​ក្រុមហ៊ុន​ចិន​នោះ​ឡើយ ហើយ​ក្រុមហ៊ុន​បាន​​យក​គ្រឿង​ចក្រ​ទាំង​នោះ​ទៅ​វិញ​ជា​យូរ​មក​​ហើយ​។ ពួក​​គាត់​ឱ្យ​ដឹង​ថា ដី​ដែល​ពួក​គាត់​ធ្លាប់​តស៊ូ​ក្រាញ​ននាល​នោះ បាន​ក្លាយ​ជា​ដី​​របស់​ក្រុមហ៊ុន​អស់​ទៅ​ហើយ​ ដូច្នេះ​តុលាការ​គួរ​តែ​ទម្លាក់​ចោល​ករណី​នេះ មិន​គួរ​ធ្វើ​ទុក​បុក​ម្នេញ​ពួកគាត់​ទៀត​នោះ​ទេ។ ជាពិសេស ក្រុម​ពលរដ្ឋ​យល់​ថា ការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ បាន​ធ្វើ​ឱ្យ​​ពួក​គាត់​ក្លាយ​ជា​ជន​រង​គ្រោះ​ទ្វេ​ដង គឺ​ពួក​គាត់​​បាត់​បង់​ដី​ហើយ ត្រូវ​ប្រឈមមុខ​នឹង​​ការ​ជាប់​ពន្ធនាគារ​ថែម​ទៀត៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល