អ្នក​ភូមិ​នៅ​ព្រះវិហារ​ប្រឈម​មុខ​ជាមួយ​ក្រុមហ៊ុន​ចិន​រឿង​ទំនាស់​ដី

ដោយ ហង្ស សាវយុត
2014-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​សហគមន៍​ជនជាតិ​ភាគ​តិច​កួយ មក​ពី ៣​ភូមិ ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ លើក​គ្នា​មក​រារាំង​ក្រុមហ៊ុន​ចិន ឈ្មោះ ឡានហ្វេង មិន​ឱ្យ​ឈូស​ឆាយ​ពង្រីក​ដី​សម្បទាន​ប៉ះ​លើ​ដី​ស្រែ​ចម្ការ​របស់​ពួកគេ កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ ២០១៤។
ក្រុម​សហគមន៍​ជនជាតិ​ភាគ​តិច​កួយ មក​ពី ៣​ភូមិ ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ លើក​គ្នា​មក​រារាំង​ក្រុមហ៊ុន​ចិន ឈ្មោះ ឡានហ្វេង មិន​ឱ្យ​ឈូស​ឆាយ​ពង្រីក​ដី​សម្បទាន​ប៉ះ​លើ​ដី​ស្រែ​ចម្ការ​របស់​ពួកគេ កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ ២០១៤។
Provided Photo

ជនជាតិ​ភាគ​តិច​កួយ ៣​ភូមិ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ចាប់​ផ្ដើម​ប្រឈមមុខ​ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ ឡានហ្វេង រយៈពេល ៣​ថ្ងៃ​មក​ហើយ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​យក​គ្រឿងចក្រ​ទៅ​ឈូស​ពង្រីក​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដីស្រែ​ចំការ។

តាំងតែ​ពី​ល្ងាច​ថ្ងៃ​ទី​២៩ រហូត​មក​ដល់​ម៉ោង​ជាង ៣​រសៀល ថ្ងៃ​ទី​៣០ ខែ​ធ្នូ ក្រុម​ជនជាតិ​ភាគ​តិច​បាន​លើកគ្នា​ហ៊ុមព័ទ្ធ​ចាប់​មនុស្ស ២​នាក់ ព្រមទាំង​គ្រឿងចក្រ ២​គ្រឿង ដែល​ចូល​ទៅ​ឈូស​ឆាយ​ពង្រីក​ផ្ទៃដី​ក្រុមហ៊ុន​នោះ។

ក្រុម​ជនជាតិភាគតិច​កួយ​ជាង ២៥០​នាក់ មក​ពី​សហគមន៍​ស្រែព្រាង សហគមន៍​ប្រមេរ និង​បុសធំ បាន​ប៉ះទង្គិច​ពាក្យសម្ដី​គ្នា​យ៉ាង​តឹងតែង​ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ ឡានហ្វេង ជាមួយ​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ មន្ត្រី​មន្ទីរ​កសិកម្ម និង​ប៉ូលិស​ខ្លះ កាល​ពី​វេលា​ម៉ោង​ជាង ៣​រសៀល​ថ្ងៃ​អង្គារ ទី​៣០ ខែ​ធ្នូ។

​ការ​ប៉ះទង្គិច​ពាក្យ​សម្ដី​នេះ កើត​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​ភូមិ​ប្រមូល​ផ្ដុំ​គ្នា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន មិន​ឱ្យ​យក​គ្រឿងចក្រ​ឈូស​ឆាយ​ពង្រីក​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ចំណុច​អូរស្ប៉ង ហើយ​ព្រួត​គ្នា​ចាប់ខ្លួន​អ្នក​បើកបរ ២​នាក់ ព្រមទាំង​គ្រឿងចក្រ​ចំនួន ២​គ្រឿង​ផង ក៏ប៉ុន្តែ​បែរជា​ក្រុមហ៊ុន​ចិន និង​អាជ្ញាធរ​នាំ​គ្នា​ទៅ​ស្ទាក់​រារាំង​នៅ​កណ្ដាល​ព្រៃ ដោយ​មិន​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។

ស្ត្រី​សមាជិក​ជនជាតិ​ភាគ​តិច​ម្នាក់ នៅ​ភូមិ​ប្រមេរ ក្នុង​ចំណោម​សមាជិក​ជាង ២៥០​នាក់​ផ្សេង​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​៣០ ខែ​ធ្នូ ថា ក្រុមហ៊ុន​ចិន ឈ្មោះ ឡានហ្វេង បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ដីស្រែ​ចម្ការ​ពួកគាត់​រយៈពេល ៣​ថ្ងៃ​មក​ហើយ។ ពួកគាត់​និង​អ្នក​ភូមិ​ជាង ២៥០​នាក់ បាន​លើក​គ្នា​ទៅ​ដេកចាំ​ការពារ​ដីស្រែ​ចម្ការ​នៅ​ក្នុង​ព្រៃ ព្រមទាំង​សុំ​ឱ្យ​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ និង​ខេត្ត​ព្រះវិហារ ជួយ​ដោះស្រាយ​និង​បញ្ឈប់​កុំ​ឱ្យ​ឈូស​ឆាយ​ត​ទៅ​ទៀត។

ស្ត្រី​ដដែល​បញ្ជាក់​ថា នៅ​ពេល​ដែល​អ្នក​ភូមិ​លើក​គ្នា​ជំទាស់​ជាមួយ​ក្រុមហ៊ុន​ចិន គឺ​គេ​ឃើញ​អាជ្ញាធរ​ស្រុក មន្ត្រី​កសិកម្ម​ជាដើម មាន​វត្ត​មាននៅ​ទីនោះ ក៏ប៉ុន្តែ​មិន​ធ្វើការ​ដោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ផល​ប្រយោជន៍​ទេ។ សមាជិក​សហគមន៍​ជនជាតិ​ភាគ​តិច​ដដែល​បញ្ជាក់​ទៀត​ថា ដោយសារ​តែ​មិន​មាន​អាជ្ញាធរ​ណា​ចេញ​មុខ​ដោះស្រាយ គឺ​ពួកគេ​បង្ខំ​ចិត្ត​ចាប់​ខ្លួន​អ្នក​បើកបរ ២​នាក់ និង​គ្រឿងចក្រ ២​គ្រឿង បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ ធ្វើ​កំណត់ហេតុ​ឱ្យ​បាន​ត្រឹមត្រូវ៖ «អ៊ីចឹង​ពួក​ខ្ញុំ​ទាំង​អស់​គ្នា​ហ្នឹង​យក​គ្រឿងចក្រ​មក​ភូមិ មក​រង់ចាំ​ចៅហ្វាយ​ខេត្ត ឬ​ក៏​មន្ត្រី​រដ្ឋាភិបាល​មក​ដោះស្រាយ​ឱ្យ ប៉ុន្តែ​តាំង​ពី​យប់មិញ​រហូត​មក​ដល់​ម៉ោង​ជាង ១២ ថ្ងៃ​ទី​៣០ (ធ្នូ) អត់​ឃើញ​មាន​អ្នក​ណា​មក​ដោះស្រាយ​ផង»

អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ បាន​ចាត់​ទុក​សកម្មភាព​សហគមន៍​ជន​ជាតិ​ភាគ​តិច​កួយ ដែល​ចាប់​ខ្លួន​មនុស្ស ២​នាក់ និង​គ្រឿងចក្រ ២​គ្រឿង នោះ​ថា គឺ​ជា​អំពើ​ខុស​ច្បាប់។

អភិបាលស្រុក​ត្បែងមានជ័យ លោក អ៊ុង វុឌ្ឍី មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​រូតរះ​ចុះ​ទៅ​ជួប​អ្នកភូមិ​ដល់​កន្លែង​កើត​ហេតុ​តាំង​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ មក​ម្ល៉េះ ព្រមទាំង​បញ្ឈប់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន មិន​ឱ្យ​ឈូស​ឆាយ​ពង្រីក​ដី​សម្បទាន​ទៀត​ទេ ប៉ុន្តែ​អ្នកភូមិ​នៅតែ​មិន​ទទួល​យក​ការ​ដោះស្រាយ​របស់​អាជ្ញាធរ។

លោក អ៊ុង វុឌ្ឍី បញ្ជាក់​ថា ក្នុង​ពេល​ដែល​រូប​លោក និង​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ចុះ​ដោះស្រាយ​នោះ ពិនិត្យ​ឃើញ​ថា ក្រុមហ៊ុន​ចិន មិន​បាន​ឈូស​ឆាយ​ដី​ធ្វើ​ឱ្យ​ប៉ះពាល់​ធំដុំ​ដល់​ប្រជាពលរដ្ឋ​ទេ ហើយ​បើ​ប៉ះពាល់​ក៏​អាជ្ញាធរ​ដោះស្រាយ​ទុក​ជូន​គាត់​វិញ តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែរ ក៏ប៉ុន្តែ​អ្នកភូមិ​នៅ​តែ​ជំទាស់ ធ្វើ​ឱ្យ​អាជ្ញាធរ​គ្មាន​លទ្ធភាព​សម្របសម្រួល៖ «ប៉ុន្តែ​ជំហរ​របស់​គាត់​គឺ​ចង់​ដេញ​ក្រុមហ៊ុន​ចេញ​តែម្ដង អា​ហ្នឹង​យើង​មិន​អាច​ទទួល​យក​បាន ហើយ​យើង​ក៏​មិន​មាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធំដុំ​ទេ គាត់​ស្រែក​ជេរ ចង្អុល​មុខ​អាជ្ញាធរ​យ៉ាង​ម៉េច​ក៏ដោយ ក៏​យើង​មិន​ដែល​មាន​ការ​តបត​ទេ»

រយៈពេល ២​ឆ្នាំ​មក​ហើយ ក្រុម​សហគមន៍​ជនជាតិភាគតិច​​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ កើត​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ចំនួន ២ គឺ​ឡានហ្វេង និង រួយហ្វេង ប៉ុន្តែ​អាជ្ញាធរ​ហាក់​ព្រងើយកន្តើយ​លើ​ការ​ដោះស្រាយ​រឿង​នេះ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​ជម្លោះ​ រវាង​ជនជាតិ​ភាគ​តិច​ជាមួយ​ក្រុមហ៊ុន​ចិន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ដោយ​ថា​ប្រសិនបើ​អាជ្ញាធរ​លែង​ដៃ​ចោល​ទុក​ឱ្យ​អ្នក​ភូមិ និង​ក្រុមហ៊ុន​ចិន ប្រឈមមុខ​ដាក់​គ្នា​ដូច្នេះ វា​អាច​នឹង​កើត​មាន​អំពើ​ហិង្សា​ពេល​ណា​មួយ។

លោក ឡោ ចាន់ បាន​ហៅ​ការ​ព្រងើយ​កន្តើយ​របស់​អាជ្ញាធរ​ក្នុង​រឿង​មិន​ដោះស្រាយ​ទំនាស់​ដីធ្លី​ជន​ជាតិ​ភាគ​តិច​នោះ ថា​គឺ​ជា​អំពើ​រើសអើង​ទៅ​លើ​សិទ្ធិ​និង​សេរីភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល