ពលរដ្ឋ​នៅ​សៀមរាប​ចោទ​អាជ្ញាធរ​ថា​លក់​ដី​ព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប​និង​ឃ្លាំង​ទឹក​៧៨

ដោយ ហង្ស សាវយុត
2015-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប ចុះ​ទៅ​ពិនិត្យ​មើល​តំបន់​ព្រៃ​លិច​ទឹក​របស់​បឹង​ទន្លេសាប និង​ឃ្លាំង​ទឹក​សាធារណៈ នៅ​ក្នុង​សង្កាត់​សំបួរ ក្រុង​សៀមរាប ដែល​ក្រុមហ៊ុន និង​ឯកជន​ជីក​យក​អាចម៍​ដី​លក់​ដូរ កាល​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
ក្រុម​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប ចុះ​ទៅ​ពិនិត្យ​មើល​តំបន់​ព្រៃ​លិច​ទឹក​របស់​បឹង​ទន្លេសាប និង​ឃ្លាំង​ទឹក​សាធារណៈ នៅ​ក្នុង​សង្កាត់​សំបួរ ក្រុង​សៀមរាប ដែល​ក្រុមហ៊ុន និង​ឯកជន​ជីក​យក​អាចម៍​ដី​លក់​ដូរ កាល​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
រូបថត​ផ្ដល់​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប

បច្ចុប្បន្ន ព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប​ជាច្រើន​កន្លែង នៅ​ឃុំ​កណ្ដែក ស្រុក​ប្រាសាទបាគង ត្រូវ​គេ​លួច​កាប់ ហើយ​ដុត​បំផ្លាញ ដើម្បី​រុក​រាន​យក​ដី​ធ្វើ​ស្រែ​ប្រាំង។ ចំណែក​ឃ្លាំង​ទឹក​៧៨ សម្រាប់​ស្រែ​ប្រាំង​ដែល​នៅ​ជាប់​ភូមិសាស្ត្រ​សង្កាត់​ស្វាយដង្គំ សង្កាត់​សំបួរ និង​សង្កាត់​សៀមរាប ក្រុង​សៀមរាប រាប់​រយ​ហិកតារ ក៏​ត្រូវ​បាន​គេ​លក់​ដូរ​ទៅ​ឲ្យ​ឯកជន​ដែរ។

បញ្ហា​នេះ វា​កំពុង​តែ​ធ្វើ​ឲ្យ​តំបន់​ព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប កាន់​តែ​បាត់បង់​ទៅៗ ព្រម​ទាំង​ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ ក៏​រង​ការ​ប៉ះពាល់ ដោយសារ​តែ​គ្មាន​ទំនប់​ទឹក​រួម​សម្រាប់​ធ្វើ​ស្រែ​ប្រាំង​ទៀត​ផង។

ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ​ដែល​រស់នៅ​សង្កាត់​ចំនួន​៣ ក្នុង​ក្រុង​សៀមរាប កំពុង​នាំ​គ្នា​ផ្ដិត​មេដៃ​ធ្វើ​ពាក្យ​បណ្ដឹង តវ៉ា​ជុំវិញ​បញ្ហា​ដែល​គេ​សង្ស័យ​ថា អាជ្ញាធរ​ភូមិ​ឃុំ​បាន​ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប និង​ដី​ឃ្លាំង​ទឹក​សាធារណៈ​ជាច្រើន​រយ​ហិកតារ ទៅ​ឲ្យ​ក្រុមហ៊ុន និង​ឯកជន​កាន់​កាប់។

ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​រស់នៅ​តាម​ភូមិ​ជាច្រើន​ក្នុង​សង្កាត់​ស្វាយដង្គំ សង្កាត់​សំបួរ និង​សង្កាត់​សៀមរាប ក្រុង​សៀមរាប។

បុរស​ម្នាក់​រស់នៅ​សង្កាត់​ស្វាយដង្គំ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត គឺ​លោក សូរ ស៊ីភាព។ លោក​អះអាង​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​មិថុនា ថា បច្ចុប្បន្ន​នេះ​ដី​ព្រៃ​លិច​ទឹក​របស់​បឹង​ទន្លេសាប និង​ឃ្លាំង​ទឹក​សាធារណៈ​ទំនប់​៧៨ ជាច្រើន​រយ​ហិកតារ​នៅ​ជិត​តំបន់​ភ្នំ​ក្រោម កំពុង​ត្រូវ​បាន​គេ​លួច​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន និង​បុគ្គល​ឯកជន។ បុរស​ដដែល​បញ្ជាក់​ថា ផ្ទៃ​ដី​ជាច្រើន​រយ​ហិកតារ​នោះ កំពុង​ត្រូវ​បាន​ឯកជន និង​ក្រុមហ៊ុន​ជីក​យក​អាចម៍​ដី​លក់ និង​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី ឬ​ក៏​ដាំ​ឈូក​ជាដើម ដែល​ធ្វើ​ឲ្យ​បាត់បង់​ព្រៃ​លិច​ទឹក​ធ្ងន់ធ្ងរ ឯ​អ្នក​ភូមិ​ក៏​គ្មាន​ឃ្លាំង​ទឹក​សម្រាប់​ស្រោចស្រព​ស្រែ​ប្រាំង​ទេ។ អ្នក​ភូមិ​សង្ស័យ​ទៅ​លើ​អាជ្ញាធរ​ភូមិ​ឃុំ ថា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លក់​ដី​ទាំង​នេះ៖ «ទម្រាំ​តែ​យើង​ដឹង​គេ​លក់​ត​ឡើង ៣​តំណ​ទៅ​ហើយ។ ឥឡូវ​នេះ​ក្រុម​ពិស្ដារ​អភិវឌ្ឍន៍ ហើយ​និង​ក្រុមហ៊ុន​រមណីយ ចូក​ដី​លក់​អាចម៍​ដី ហើយ​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ក្រុង​សៀមរាប លោក សូ ប្លាតុង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​មិថុនា។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា កន្លង​ទៅ សមាជិក​ក្រុមប្រឹក្សា​ខ្លះ​នៃ​ខេត្ត​សៀមរាប បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដល់​ដី​ព្រៃ​លិច​ទឹក​នៃ​បឹង​ទន្លេសាប និង​ឃ្លាំង​ទឹក​ទំនប់​៧៨ ដែល​អ្នក​ភូមិ​អះអាង​ថា ត្រូវ​បាន​គេ​លក់​នោះ។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប លោក សុខ គឹមសេង មាន​ប្រសាសន៍​ថា លោក និង​ក្រុម​ការងារ​បាន​ឃើញ​ដី​ព្រៃ​លិច​ទឹក​របស់​បឹង​ទន្លេសាប និង​ឃ្លាំង​ទឹក​ទំនប់​៧៨ ជាច្រើន​រយ​ហិកតារ​នៅ​ជិត​តំបន់​ភ្នំ​ក្រោម​នោះ ត្រូវ​គេ​លក់​ដូរ​មែន៖ «ខ្ញុំ​ពិនិត្យ​ជាក់ស្ដែង​ឃើញ​ដី​ហ្នឹង​កំពុង​តែ​គ្រប់គ្រង​ដោយ​ឯកជន​មែន។ មាន​ឯកជន​កំពុង​តែ​លើក​ទំនប់ ដើម្បី​ទប់​ទឹក​ស្រែ​ប្រាំង ហើយ​មាន​ឯកជន​ខ្លះ ក្រុមហ៊ុន​ខ្លះ កំពុង​តែ​ជីក​កកាយ​ដី​ដែល​ជា​សម្បត្តិ​សាធារណៈ​យក​ទៅ​លក់ ហើយ​ខ្លះ​ក៏​ជីក​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី ឬ​ក៏​ដាំ​ឈូក​ជាដើម»

លោក សុខ គឹមសេង បញ្ជាក់​ថា រូប​លោក​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប និង​សមាជិក​ក្រុមប្រឹក្សា​ក្រុង​សៀមរាប រួម​ទាំង​ក្រុមប្រឹក្សា​សង្កាត់​មួយ​ចំនួន​ទៀត កំពុង​តែ​ប្រមូល​ភស្តុតាង​ស្ដីពី​ការ​លក់​ដី​ព្រៃ​លិច​ទឹក​នៃ​បឹង​ទន្លេសាប និង​ដី​សម្បត្តិ​សាធារណៈ​ទាំង​នោះ រួច​ហើយ​នឹង​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ចំពោះ​រឿង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

សូមទោសផង ដែលលោកមានប្រសាសអាចត្រូវខ្លះដែរ តែខ្មែរមិន​មែន​ស្លៀក​សារ៉ុងទាំងអស់គ្នាឯណា ប្រសាសលោកអាចត្រូវដែរបើ​កាល​ពីឆ្នាំ១៩៧៩​ តែមកដល់២០១៥​​ អាចមិនត្រូវមួយរយភាគរយ​ទេ​ គួរអរគុណពួកគាត់ទៅដែល​នៅមានគំនិងស្រលាញ់ជាតិ​មាតុ​ភូមិ និងឈ្លៀតឪកាសនេះសូមនិយាយថែមមួយម៉ាត់ផងចុះ គឺសូមខ្មែរ​ទាំង​អស់ចាំថា អស់ព្រៃមិនថាជាព្រៃរនាម ឫក៏ព្រៃភ្នំទេ គឺអស់ត្រីតែ​ម្តង បើអស់ព្រៃគឺអស់ជីវិតដែរ ហេតុនេះសូមចាំថាអ្នកបំផ្លាញព្រៃ​គឺជាអ្នកបំផ្លាញវិស័យកសិកម្ម ពួកអ្នកបំផ្លាញព្រៃគឺជាពួកដែល​ធ្វើបាប​សិករ ខ្ញុំមានតែពីរម៉ាត់នេះឯង អរគុណណាស់និងបើថាចង់ឃើញ ចង់ដឹងថាមែនមិនមែន ជូនសម្តេចតេជោតែពីរអណ័ត្តទៀតទៅ និង​ឃើញមិនខានបាទ។​​​

Jun 30, 2015 02:19 AM

អ្នក​អាន​អនាមិក

ចុះបើគេលក់ទៅវាយ៉ាងមេច វាទើសអីពួកលោកឯង ទឹកដីគេខំនាំ​យួន​​សម្លាប់ខ្មែរក្រហមមក អញ្ចឺងគេចង់ធ្វើអីក៏បានដែរ មិនមែនរបស់​ពួកលោកឯងទេ និងម្យាងទៀតក្រែងរាល់បួនប្រាំឆ្នាំម្តងៗ ពួកអល់លោកឯងទួលបានសារ៉ុង បានមួក បានប៊ីចេងពីពួក​គាត់​ដែរ​តើ ពេលនេះតាំងមកស្រែក សង្ស័យតែគេជួលមកទេមើលទៅ។

Jun 29, 2015 10:27 PM

គេហទំព័រ​ទាំងមូល