តុលាការ​មណ្ឌលគិរី​គ្រោង​បើកសវនាការ​កាត់​ក្តី​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ទាក់​ទិន​បទល្មើស​ព្រៃឈើ

ដោយ ម៉ៅ សុធានី
2020-11-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលាដំបូងខេត្ត​មណ្ឌលគិរី។
សាលាដំបូងខេត្ត​មណ្ឌលគិរី។
រូប៖ RFA

តុលាការ​ខេត្ត​មណ្ឌលគិរី គ្រោង​បើកសវនាការ ជំនុំជម្រះ​សំណុំរឿង​បទល្មើស​ព្រៃឈើ​ដែល​ជនជាតិ​ដើម​ភាគតិច​ព្នង​១៦ នាក់ រួម​ទាំង​មន្ត្រី​សង្គម​ស៊ីវិល​ម្នាក់ ប្តឹង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ លោក យន់ សារ៉ោម ពី​បទ​កាប់​រាន​ដី​ព្រៃ​ខុសច្បាប់ និង​មិន​ប្ដឹង​បរិហារ​បទល្មើស​ឧក្រិដ្ឋ និង​មជ្ឈិម​ដោយ​អ្នក​រាជការ​សាធារណៈ។

អ្នកនាំពាក្យ​តុលាការ​ខេត្ត​មណ្ឌលគិរី លោក មាស ប្រុស ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា ចៅក្រម​ជំនុំជម្រះ នឹង​បើកសវនាការ​ជំនុំជម្រះ​សំណុំ​រឿង​នេះ នៅ​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា បន្ទាប់​ពី​មាន​ការ​ចោទប្រកាន់​ពី​ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបសួរ​រួចហើយ​។ លោក​បន្ត​ថា ការសម្រេច​យ៉ាងណា​នោះ ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​៖ «គឺ​ដល់ដៃ​ចៅក្រម​ជំនុំជម្រះ មាស វឌ្ឍនា តំណាង​អយ្យការ​ក្នុង​អង្គ​សវនាការ​។ ជំនុំជម្រះ​កាត់​ក្តី​ចេញ​សាលក្រម​ហ្នឹងហើយ អ៊ីចឹង​ចៅក្រម​មួយ​ហ្នឹង អាទិត្យ​ក្រោយ​អាច​មួយទៀត​។ ចាត់​ការ​​បន្ត​ទាល់តែ​អស់ហ្នឹង»

កាលពី​ឆ្នាំ ២០១៧ ជនជាតិ​ដើម​ភាគតិច ១៦​នាក់ រួម​ទាំង​មន្ត្រី​សមាគម​អាដហុក​ម្នាក់ បាន​ប្តឹង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​មណ្ឌលគិរី លោក យន់ សារ៉ោម ពី​បទ​កាប់​រាន​ឈូស​ឆាយ​ដី​ព្រៃ និង​មិន​ប្ដឹង​បរិហារ​បទល្មើស​ឧក្រិដ្ឋ និង​មជ្ឈិម​ដោយ​អ្នករាជការ​សាធារណៈ​ផ្អែក​តាម​មាត្រា ៥២៨ នៃ​ក្រមព្រហ្មទណ្ឌ​។ ខ្លឹមសារ​ពាក្យ​បណ្តឹង​នេះ ភ្ជាប់​ភស្តុតាង និង​បទបញ្ជា​របស់​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអាង ដែល​បញ្ជា​ឱ្យ​ដកហូត​ដី​ព្រៃ​ទំហំ ២៣ ហិកតារ ដែល​លោក យន់ សារ៉ោម កាប់​ទន្ទ្រាន​ខុសច្បាប់ ឋិត​នៅ​ភូមិ​ស្រែ​អ៊ី សង្កាត់​រមនា ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី​។ លើស​ពី​នេះ ក្រោយពី​មាន​ចំណាត់ការ របស់​អាជ្ញាធរ​ខេត្ត​នោះ លោក យន់ សារ៉ោម បាន​ព្រមាន​ថា នឹង​គាស់​កកាយ ចំពោះ​អ្នក​ពាក់ព័ន្ធ​កាប់​រាន​ដី​ព្រៃ​ចាប់ពី ៥​រយ​ហិកតារ ដល់ ១​ពាន់​ហិកតារ ដូច្នេះ​មានន័យថា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​រូប​នេះ បាន​ដឹង​បទល្មើស​ហើយ​តែ​មិន​ប្ដឹង​បរិហារ​បទល្មើស​ទាំងនោះ​ទៅ​វិញ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​មណ្ឌលគិរី លោក យន់ សារ៉ោម ដើម្បី​សុំ​ការ​បំភ្លឺ​រឿងនេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នកទទួល នៅ​ថ្ងៃ​ទី២៤ វិច្ឆិកា។

ដើម​បណ្តឹង​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង លោក គ្រើង តុលា ថ្លែង​ថា សំណុំ​រឿង​នេះ លោក យន់ សារ៉ោម បាន​ដឹង​ច្បាស់​ពី​បទ​ល្មើស​ឧក្រិដ្ឋ កាប់​រាន​ឈូស​ឆាយ​ដី​ព្រៃ​មាន​ទំហំ​ធំធេង ហេតុនេះ ពួក​លោក​ក៏​សម្រេចចិត្ត​ប្ដឹង​បរិហារ​អាជ្ញាធរ​រូប​នេះ ដើម្បី​ឱ្យ​តុលា​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​មក​អនុវត្ត​ច្បាប់​។ លោក​ថា គិត​ចាប់​ពី​ឆ្នាំ ២០១០ មក​ទល់​ពេល​នេះ ពួក​លោក បាន​ប្តឹង​អាជ្ញាធរ ក្រុម​ឈ្មួញ និង​មន្ត្រី​ជំនាញ សរុប ២១​សំណុំរឿង​មក​ហើយ ទាក់ទិន​បទល្មើស​ព្រៃឈើ ក្នុង​នោះ​មានតែ​សំណុំរឿង​មួយ​ប៉ុណ្ណោះ ដែល​ធ្លាក់​ដល់ដៃ​ចៅក្រម​ជំនុំជម្រះ៖ «យើង​ប្ដឹង​ក្នុង​ន័យ​ការពារ​សម្បត្តិ​រដ្ឋ​ទេ យើង​អត់​បាន​ប្ដឹង​ជា​បុគ្គល​ទេ​។ អ៊ីចឹង​ខ្ញុំ​គិត​ថា នេះ​ជា​លើក​ទី​១ ហើយ ដែល​ចៅក្រម​គាត់​បំពេញ​កាតព្វកិច្ច​របស់​គាត់ ព្រះរាជអាជ្ញា​គាត់​បំពេញ​កាតព្វកិច្ច​របស់​គាត់​។ យើង​ចង់​ឱ្យ​គាត់​ធ្វើ​ដូច​អ៊ីចឹង​ជាច្រើន​ទៀត រឿង​ជាច្រើន​ទៀត ដែល​យើង​ចង់​ឱ្យ​គាត់​ធ្វើ​អ៊ីចឹង»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ដែល​ជា​ដើម​បណ្តឹង​ថ្លែង​ថា លោក​កំពុង​ត្រៀម​ខ្លួន​ចូលរួម​សវនាការ​ក្នុង​សំណុំ​នេះ ហើយ​រំពឹង​ថា តុលាការ​នឹង​វិនិច្ឆ័យ​រឿង​ក្តី​នេះ​ដោយ​យុត្តិធម៌ ដើម្បី​ព្រមាន​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ផ្សេងៗ​ទៀត​។ លោក​ថា សំណុំ​រឿង​នេះ លោក យន់ សារ៉ោម អាច​នឹង​ប្រឈម​ជាប់​ពន្ធនាគារ​ពី ១ឆ្នាំ ទៅ ៥​ឆ្នាំ ផ្អែក​តាម​មាត្រា ៥២៨ នៃ​ក្រមព្រហ្មទណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល