អាជ្ញាធរ​​ហាម​​ឃាត់​​ពលរដ្ឋ ២រយ​នាក់​​មិន​​ឲ្យ​​ធ្វើ​​ដំណើរ​​ទៅ​​គាំទ្រ​​តំណាង​​ចូល​​បំភ្លឺ​​នៅ​​​សាលា​ដំបូង​​ខេត្ត​​ត្បូង​​ឃ្មុំ

ដោយ សេក បណ្ឌិត
2019-10-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ឆ្វេង) ត្រាក់ទ័រ​គោយន្ត​កន្ត្រៃ ៨គ្រឿង និង​រថយន្ត​ដឹក​ពលរដ្ឋ ២រយ​នាក់ ធ្វើ​ដំណើរ​ទៅ​គាំទ្រ​តំណាង​ចូល​បំភ្លឺ​នៅ​​សាលា​ដំបូង​ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​នគរបាល​ក្រុង​សួង​ឃាត់​សួរ​រក​ប័ណ្ណ​បើកបរ នៅ​ថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ២០១៩ ហើយ​ពួក​គាត់​ធ្វើ​ដំណើរ​ថ្មើរ​ជើង​បន្ត។
(ឆ្វេង) ត្រាក់ទ័រ​គោយន្ត​កន្ត្រៃ ៨គ្រឿង និង​រថយន្ត​ដឹក​ពលរដ្ឋ ២រយ​នាក់ ធ្វើ​ដំណើរ​ទៅ​គាំទ្រ​តំណាង​ចូល​បំភ្លឺ​នៅ​​សាលា​ដំបូង​ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​នគរបាល​ក្រុង​សួង​ឃាត់​សួរ​រក​ប័ណ្ណ​បើកបរ នៅ​ថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ២០១៩ ហើយ​ពួក​គាត់​ធ្វើ​ដំណើរ​ថ្មើរ​ជើង​បន្ត។
រូប៖ ហ្វេសប៊ុក​ដោះលែង​សហគមន៍​ដីធ្លី

អាជ្ញាធរ​ស្រុក​តំបែរ និង​ស្រុក​ត្បូងឃ្មុំ ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​តាម​ផ្លូវ ហាម​ឃាត់​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ប្រមាណ​ ២រយ​នាក់ មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​គាំទ្រ​តំណាង​ពួកគេ​ ដែល​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត និង​ទាមទារ​ឲ្យ​ដោះលែង​តំណាង ២​នាក់​ជាប់​ក្នុង​ពន្ធនាគារ។ សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ ចាត់​ទុក​សកម្មភាព​នេះ ថា​​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ ក្នុង​ការ​ដើរ​ហើរ និង​ជួប​ជុំ​គ្នា​ក្នុង​តវ៉ា​ដោយ​សន្តិវិធី។

អគ្គលេខាធិការ​រង នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ម៉ឺន រតនា ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ឃាត់​ទុក​គោយន្ត​កន្ត្រៃ​ ៨​គ្រឿង និង​រថយន្ត​កូរ៉េ​ ១​គ្រឿង​ ដោយ​សួរ​រក​ប័ណ្ណ​បើកបរ ស្ថិត​នៅ​ទីតាំង​ក្រុង​សួង ទី​រួម​ខេត្ត​ត្បូង​ឃ្មុំ ខណៈ​ពលរដ្ឋ​ប្រមាណ ​២រយ​នាក់​ធ្វើ​ដំណើរ​ពី​ឃុំ​ត្រពាំង​ព្រីង​ ទៅ​សាលា​ដំបូង​ខេត្ត​ត្បូង​ឃ្មុំ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក សែម សាង និង​គាំទ្រ​តំណាង​ពលរដ្ឋ​ ៥​នាក់​ទៀត​ ដែល​ចូល​ខ្លួន​បំភ្លឺ ទាក់ទង​នឹង​បណ្ដឹង​ក្រុមហ៊ុន​ចិន។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​សមត្ថកិច្ច​ឃាត់​ទុក​យានជំនិះ​ពលរដ្ឋ​ក៏​ដោយ ពួកគាត់​នៅ​តែ​ដើរ​ថ្មើរ​ជើង​ទៅ​ដល់​សាលា​ដំបូង​ខេត្ត​ត្បូង​ឃ្មុំ ចម្ងាយ​ជាង​ ២​គីឡូ​ម៉ែត្រ។

លោក ម៉ឺន រតនា ដែល​តាម​រឿង​នេះ មើល​ឃើញ​ថា មាន​ការ​ដាក់​ពង្រាយ​កង​កម្លាំង​កង​រាជអាវុធ​ហត្ថ​ប្រមាណ ​២​រយ​នាក់ ប្រដាក់​ដោយ​ខែល​ និង​ដំបង ជុំវិញ​បរិវេណ​សាលា​ដំបូង​ខេត្ត​ ខណៈ​ក្រុម​ប្រជាពលរដ្ឋ​ឈរ​ប្រមូល​ផ្ដុំ​គ្នា​មុខ​តុលាការ ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ និង​​ដោះលែង​តំណាង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ៖ «ខ្ញុំ​គិត​ថា​ការ​ដាក់​កង​កម្លាំង​នេះ ជា​ការ​បំភ័យ​មួយ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង កុំ​ឲ្យ​ហ៊ាន​មក​ចូល​រួម​ទាមទារ ហើយ​បំបាក់​ស្មារតី​អ្នក​ដែល​គាំទ្រ​តំណាង​របស់​ខ្លួន ដែលគេ​ចាប់​ដាក់​ពន្ធនាគារ​។ រឿង​នេះ គឺ​ជា​ការ​គំរាម​កំហែង​មួយ​ដែរ ព្រោះ​ដាក់​កងកម្លាំង​ច្រើន​មែន​ទែន ទន្ទឹម​នឹង​ ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក​រង​ផល​ប៉ះពាល់ តវ៉ា​ដី​របស់​រដ្ឋ ​តវ៉ា​ដី​របស់​ខ្លួន​ឯង​ដើម្បី​តែ​ក្រពះ​ខ្លួន​ឯង​ បែរ​ជា​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ច្រើន ដាក់​មក​មើល​តែ​អ្នក​មក​ហ្នឹង ដូច​មាន​ទោស​ក្បត់​ជាតិ​មួយ​អ៊ីចឹង។ បើ​យើង​ប្រៀប​ធៀប​ដូច​ចង់​ស្នើ​នឹង​ទោស​ក្បត់ជាតិ។ ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ហេតុ​អី​ដាក់​កម្លាំង​ប្រដាប់​អាវុធ​ច្រើន​ម៉្លេះ»

នាយក​រង​​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ចាត់​ទុក​សកម្មភាព​ពី​សំណាក់​អាជ្ញាធរ​នេះ​ថា ជា​ការ​គាបសង្កត់ ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ និង​ការ​ជួប​ជុំ​គ្នា​តវ៉ា​សន្តិវិធី ដោយ​គ្រាន់​តែ​ទៅ​គាំទ្រ​តំណាង​ពួក​គេ​ ដែល​ចូល​បំភ្លឺ​ ហើយ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តំណាង​ដែល​នៅ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ៖ «គាត់​គ្រាន់តែ​ទៅ​លើក​ទឹក​ចិត្ត ក៏​ដូច​ជា​ការ​គាំទ្រ​ ការ​រង់ចាំ​ស្ដាប់​ព័ត៌មាន។ នេះ​ជា​សេរីភាព​របស់​ពួកគាត់​​។ អាជ្ញាធរ​ហាក់​ដូចជា​មាន​ការ​បារម្ភ ភ័យ​ហួស​ហេតុ​ពេក​ធ្វើ​ការ​បង្អាក់​ដំណើរ​រឿង​ទៅ​ចូល​រួម​សវនាការ​របស់​ពួកគាត់​ នេះ​គឺជា​ទង្វើ​មួយ​ទៀត​ដែល​បង្ហាញ​ពី​ការ​រឹតត្បិត​សេរីភាព​របស់​ប្រជា​ពលរដ្ឋ»

ពលរដ្ឋ​ឲ្យ​ដឹង​ថា លោក​ សែម សាង មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​សាលា​ដំបូង​ខេត្ត ​ដើម្បី​ឆ្លើយ​បំភ្លឺ​តាម​បណ្ដឹង​របស់​ភាគី​ក្រុមហ៊ុន​ចិន​ នៅ​ថ្ងៃ​ទី​២១ តុលា ទេ ដោយ​មាន​តំណាង​៥​នាក់​ចូល​បំភ្លឺ។ អាស៊ី​សេរី មិន​អាច​សុំ​ការ​បកស្រាយ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ លោក ថេង ជាង បាន​នៅ​ឡើយ​ទេ ដោយ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

កាល​ពី​ថ្ងៃ​ទី១៧ តុលា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​តំណាង​ពលរដ្ឋ​លោក សែម សាង ស្ថិត​នៅ​ភូមិ​ស្រែ​ប្រាំង ឃុំ​ត្រពាំង​ព្រីង​ ដោយ​គ្មាន​មូល​ហេតុ បន្ទាប់​ពី​លោក​វិល​ត្រឡប់​មក​ពី​ចូល​រួម​សិក្ខា​សាលា​ចិញ្ចឹម​មាន់ និង​ផលិត​ទឹក​សុទ្ធ នៅ​ខេត្ត​កំពង់​ឆ្នាំង។

វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន​ចិន ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ជាមួយ​ពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រីង កើត​ឡើង​ខ្លាំង​នៅ​ឆ្នាំ​២០១៤ និង​២០១៥ ក្រោយពេល​ដី​តំបន់​នោះ​ជិត ១​ពាន់​ហិកតារ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ ហើយ​ប្រគល់​ប្រាក់​ឱ្យ​ពួកគាត់​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ពី ៤០​ម៉ឺន​រៀល ទៅ​ជាង ១​លាន​រៀល ជា​ថ្នូរ​ថា​បាន​លក់​ដី​ឱ្យ​ក្រុមហ៊ុន​កាល​ពី​ឆ្នាំ​២០០៩ ស្រប​ពេល​ប្រជា​សហគមន៍​មិន​បាន​ដឹង​ថា ដី​នោះ​នៅ​ចំណុច​ណា​ឡើយ។

ក្រៅ​ពី​វិបត្តិ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រីង ក៏​មាន​បញ្ហា​ប្រឈម​មួយ​ទៀត ដោយសារ​ដី​ព្រៃ​សហគមន៍​របស់​អ្នក​ភូមិ​ប្រមាណ ១០​សហគមន៍ ដែល​មាន​ទំហំ​ជាង ៥​ពាន់​ហិកតារ ត្រូវ​បាន​ក្រុម​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​គ្រប់គ្រង​មួយ​ភាគ​ធំ​​បច្ចុប្បន្ន។ ពលរដ្ឋ​បាន​ប្ដឹង​ករណី​នេះ​តាំងពី​ថ្នាក់​ឃុំ​រហូត​ថ្នាក់​ជាតិ និង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ថែម​ទៀត​ផង ក្នុង​គោលបំណង​ទាមទារ​ដី​ព្រៃ​សហគមន៍​ទាំង​នោះ​មក​ដាក់​ជា​សម្បត្តិ​រួម​វិញ និង​ដាក់​ទោស​ទណ្ឌ​ដល់​ក្រុម​ជនល្មើស​ទៀត​ផង ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ ដំណើរការ​ដោះស្រាយ​នៅ​មិន​ទាន់​ចេញ​ជា​រូបរាង​ទេ។

លោក អំ សំអាត យល់​ថា​ អាជ្ញាធរ​ខេត្ត​និង​ក្រសួង​រៀប​ចំ​ដែនដី គួរ​ស្វែង​រក​ដំណោះស្រាយ​ណាមួយ​ដែល​ភាគី​ទាំង​ពីរ​អាច​ទទួល​យក​បាន ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ថា ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ដាក់​សម្ពាធ​​ប្រជាពលរដ្ឋ មិន​មែន​ជា​ដំណោះ​ស្រាយ​ទេ ផ្ទុយ​ទៅវិញ ​នោះ​រឹតតែ​ជំរុញ​ឲ្យ​​ពលរដ្ឋ​ចេញ​តវ៉ា​ខ្លាំង​ថែម​ទៀត។

អគ្គលេខាធិការ​រង នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ម៉ឺន រតនា ឲ្យ​ដឹង​ថា តុលាការ​មិន​ទាន់​ចេញ​សេចក្ដី​សម្រេច​ណា​មួយ​នៅ​ឡើយ​ទេ ក្រោយ​ពី​តំណាង​ពលរដ្ឋ ៥រូប ចូល​បំភ្លឺ​តាម​បណ្ដឹង​ក្រុមហ៊ុន​ចិន ដែល​ទាមទារ​រក្សា​ការពារ​ដី​មួយ​កន្លែង ​គ្រប់គ្រង​ដោយ​ប្រជា​ពលរដ្ឋ ស្ថិត​នៅ​ក្នុង​ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ​ ជាប់​ប្រទល់​នឹង​ខេត្ត​ក្រចេះ។ លោក ថា តុលាការ​នឹង​កោះហៅ​ពួក​គាត់​ឲ្យ​ចូល​ខ្លួន​​ឆ្លើយ​បំភ្លឺ​ម្ដង​ទៀត ប៉ុន្តែ​នៅ​មិនទាន់​កំណត់​កាល​បរិច្ឆេទ​ច្បាស់​លាស់​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល