ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ ៣នាក់​ ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កោះកុង រឿង​បរិហារកេរ្តិ៍

ដោយ ទីន ហ្សាការីយ៉ា
2020-03-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី ផាវ ញ៉ើង (កណ្ដាល) និង​តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី ២នាក់​ទៀត ចូល​ខ្លួន​បំភ្លឺ​ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​កោះកុង តាម​បណ្ដឹង​របស់​លោកស្រី ឆាយ វី នៅថ្ងៃទី១៧មីនា។
លោកស្រី ផាវ ញ៉ើង (កណ្ដាល) និង​តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី ២នាក់​ទៀត ចូល​ខ្លួន​បំភ្លឺ​ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​កោះកុង តាម​បណ្ដឹង​របស់​លោកស្រី ឆាយ វី នៅថ្ងៃទី១៧មីនា។
រូប៖ ពលរដ្ឋ

តំណាង​ពលរដ្ឋ​ដែល​ជា​ស្ត្រី​៣​នាក់ នៅ​ស្រុក​ស្រែអំបិល​តំណាង​ឲ្យ​ពលរដ្ឋ ១៧៥គ្រួសារ ចូល​ខ្លួន​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តំណាង​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​កោះកុង តាម​បណ្ដឹង​របស់​ពលរដ្ឋ​ម្នាក់​ត្រូវ​ជា​បង​ស្រី​បង្កើត​មេឃុំ​ជី​ខ​លើ ​ដែល​ប្ដឹង​ពួកគាត់​ពី​បទ​បរិហារកេរ្តិ៍ រឿង​លួច​លក់​ដី​សហគមន៍។ អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ ស្នើ​ដល់​តុលាការ​ចុះ​ស្រាវជ្រាវ​រឿង​នេះ​ឲ្យ​បាន​ច្បាស់​លាស់ និង​ត្រូវ​ធ្វើ​ឡើង​ដោយ​ឯករាជ្យ​ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ភាគី​ទាំង​សង​ខាង។

តំណាង​ពលរដ្ឋ​បី​នាក់ ចូល​ខ្លួន​បំភ្លឺ​ចំពោះ​មុខ​ លោក អ៊ុន សុវណ្ណធានី ដែល​ជា​ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​កោះកុង តាម​បណ្ដឹង​របស់​លោកស្រី ឆាយ វី នៅថ្ងៃទី១៧មីនា។

លោកស្រី ឆាយ វី បាន​ប្ដឹង​តំណាង​ពលរដ្ឋ​៣​នាក់ គឺ​លោកស្រី ផាវ ញ៉ើង លោកស្រី សេង លីន និង​លោកស្រី ផុន ខន ​ចំនួន ៤​បទ​ល្មើស​ផ្សេង​គ្នា។ ក្នុង​នោះ​ គឺ​​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ជេរ​ប្រមាថ គំរាម​កំហែង ដោយ​មាន​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វី​មួយ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជាអាទិ៍ ក្រោយ​ពី​អ្នក​ភូមិ​ស្នើ​ឲ្យ​លោកស្រី​ ផាវ ញ៉ើង និង​ស្ត្រី​២​នាក់​ទៀត ចេញ​មុខ​ទាមទារ​ដី​សហគមន៍​នៅ​សល់​ជាង ១៣០​ហិកតារ ដែល​លោកស្រី ឆាយ វី បាន​លួច​លក់​ឲ្យ​ក្រុម​អ្នក​មាន​អំណាច យក​មក​គ្រប់​គ្រង់​វិញ ។

ខណៈ​តំណាង​ពលរដ្ឋ​ម្នាក់​ម្ដង​ៗ​ចូល​បំភ្លឺ អ្នកភូមិ​ប្រមាណ​ជិត ២រយ​នាក់ មកពី​ឃុំ​ជី​ខ​លើ និង​ឃុំ​ជី​ខ​ក្រោម ប្រមូល​ផ្ដុំ​គ្នា​មុខ​តុលាការ​ខេត្ត​កោះកុង ដើម្បី​តាមដាន​ និង​គាំទ្រ​តំណាង​របស់​ពួក​គាត់។

ក្រោយ​ពី​ចូល​បំភ្លឺ​នៅ​តុលាការ លោកស្រី ផាវ ញ៉ើង ឲ្យ​ដឹង​ថា តំណាង​អយ្យការ​ សាកសួរ​ភាគ​ច្រើន​ផ្ដោត​លើ​ការ​ចោទ​ប្រកាន់​ពី​ពលរដ្ឋ​ដែល​ថា​ អាជ្ញាធរ​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់​លើ​ ប្រព្រឹត្ត​អំពើ​ពុករលួយ​ទៅវិញ ជាជាង​សួរ​អំពី​ដី​រាប់​រយ​ហិកតារ​ ដែល​ពលរដ្ឋ​ចោទ​ លោកស្រី ឆាយ​ វី និង មេឃុំ​ជី​ខ​លើ​ លោក ឆាយ វុធ ថា​បាន​ឃុបឃិត​គ្នា​ លួច​លក់​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​មាន​អំណាច​ទៅ​វិញ។

តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​ដល់​តុលាការ​ចុះ​ស៊ើប​អង្កេត​រឿង​នេះ ដើម្បី​ឲ្យ​ដឹង​ពី​ដំណើរ​រឿង​នេះ ប្រសើរ​ជាង​ជឿ​សម្ដី​ភាគី​ម្ខាង​ ហើយ​ដាក់​បន្ទុក​ដល់​ឲ្យ​ភាគី​ម្ខាង​ទៀត៖ «ប្រជាពលរដ្ឋ​ពួក​ខ្ញុំ​បាត់​បង់​ដី​ពិត​ប្រាកដ។ ពេល​គេ​វាយ​ដុំ តែ​មេឃុំ​ជី​ខ​លើ​​លោក ឆាយ វុធ ប្អូនប្រុស​លោកស្រី ឆាយ វី​ នេះ ដែល​ដើម​បណ្ដឹង​ប្ដឹង​ខ្ញុំ​នេះ គឺ​គេ​អត់​ហត់​ទៅ​តវ៉ា​ទេ សុខ​ៗ​គឺ​បាន​តែ​ម្ដង។ នេះ​វា​ជា​អំពើ​ពុករលួយ​ ឬ​ក៏​យ៉ាង​មិច។ ខ្ញុំ​ស្នើ​សុំ​សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មេត្តា​ពិនិត្យ​មើល​ឲ្យ​បាន​ជាក់​លាក់ នូវ​ទង្វើ​អយុត្តិធម៌​និង​មិន​ស្មោះត្រង់​នឹង​វិជ្ជាជីវៈ​ក្នុង​នាម​ជា​អាជ្ញាធរ​ដែនដី មិន​រក​ដំណោះស្រាយ​ដីធ្លី​ បែរ​ជា​មក​ប្ដឹង​ពួក​ខ្ញុំ​រហូត​នេះ។ សួរ​ថា​ខ្ញុំ​ដែល​បាត់​បង់​ដី​នេះ តើ​ខ្ញុំ​មាន​ទោស​ដែរ​ឬអ្វី បើ​គេ​លួច​ប្លន់​ដី​របស់​ពួក​ខ្ញុំ ខ្ញុំ​និយាយ​អត់​បាន​ទេ។ បើ​ពួក​ខ្ញុំ​បាត់​បង់​ដី​ហើយ ពួក​ខ្ញុំ​និយាយ​ហើយ​ ពួក​ខ្ញុំ​សុខចិត្ត​ទទួល​ទោស»

មេធាវី​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក សំ ចំរើន ដែល​ការពារ​ក្ដី​ឲ្យ​ពលរដ្ឋ​៣​នាក់​ ប្រាប់​អាស៊ី​សេរី​ថា ក្នុង​ដំណាក់​នេះ​ តំណាង​អយ្យការ​គ្រាន់​តែ​ធ្វើ​ការ​សាកសួរ​តាម​បណ្ដឹង​របស់​ដើមបណ្ដឹង​ប៉ុណ្ណោះ មិន​ទាន់​​ចោទ​ប្រកាន់​នៅ​ឡើយ​ទេ៖ «នៅក្នុងការសាកសួរ លោព្រះរាជអាជ្ញាសាកសួរចំណុចតែការចង់បាន ហើយកូនក្ដីក៏គាត់បំភ្លឺតាមអ្វីដែលគាត់ដឹង។ ដូចជាមិនមានអ្វីជាការតទល់អ្វីតឹងតែងអី​នោះទេ។ ខ្ញុំមិនទាន់មានយោបល់អ្វីទេ ព្រោះគ្រាន់ការមកបំភ្លឺអ៊ីចឹងណា៎។ យើងគ្រាន់តែស្ដាប់ចម្លើយអបកូនក្ដីធម្មតាអ៊ីចឹង នៅក្នុងនីតិវិធីរបស់ព្រះរាជអាជ្ញាជាបឋម»

កាល​ខែ​វិច្ឆិកា ឆ្នាំ២០១៩ ក្រុម​ប្រជា​ពលរដ្ឋ ១៧៥គ្រួសារ នៅ​ឃុំ​ជី​ខ​លើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ដោយ​ចោទ​ប្រកាន់​លោក​ស្រី ឆាយ វី អតីត​តំណាង​ពួក​គេ​ថា​បាន​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​លក់​ដី​សេស​សល់​បម្រុង​ទុក​របស់​សហគមន៍​ទៅ​ឲ្យ​ឈ្មួញ។

ពលរដ្ឋ​ចោទ​ថា ដី ៤៤ឡូតិ៍ ស្មើ​នឹង ១៣២ហិកតារ គឺ​ជា​ដី​បម្រុង​ទុក​របស់​សហគមន៍​សម្រាប់​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ ប៉ុន្តែ​ដី​នេះ​ត្រូវ​បាន​ពលរដ្ឋ​ចោទ​បុគ្គល​ឈ្មោះ ឆាយ វី ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​លួច​លក់​ទៅ​ឱ្យ​អ្នក​មាន​លុយ​មាន​អំណាច ក្រោយ​ពេល​ដែល​ក្រសួង​រៀប​ចំ​ដែន​ដី​សម្រេច​កាត់​ឆ្វៀល​ដី​មួយ​ចំនួន​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ស្ករ​អំពៅ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ប្រគល់​ទៅ​ឲ្យ​ពលរដ្ឋ​វិញ។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ លោកស្រី ឆាយ វី ដែល​ជាដើម​បណ្ដឹង​ក្នុង​រឿង​នេះ ថ្លែង​ថា លោកស្រី ពិត​ជា​មិន​បាន​លួច​យក​ដី​សហគមន៍​ដែល​សល់​ជាង​១៣០​ហិកតារ ទៅ​ឲ្យ​អ្នក​ផ្សេង ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​នោះ​ទេ។ លោកស្រី​ បញ្ជាក់​ថា ការ​ប្ដឹង​ពលរដ្ឋ​ទាំង​៣​នាក់​នោះ​ទៅ​តុលាការ គឺ​ដោយ​សារ​តែ​ពួកគេ​និយាយ​មិន​ពិត​ ហើយ​មួល​បង្ខូច​កេរ្តិ៍​លោកស្រី​ទាក់​ទង​នឹង​រឿង​ដី​សហគមន៍​នេះ៖ «ខ្ញុំអត់ដែលបានលួចដីលក់ ឃុបឃិតជាមួយមេឃុំទេ។ អត់មានដែលសោះ ប្រសិនបើខ្ញុំលួចលក់​ ​ ហៅក្រុមការងារជំនាញមកបង្ហាញទីតាំងដី ដីនៅចំណុចណាមកវាស់ គាត់បរិហារកេរ្តិ៍ខ្ញុំបានខ្ញុំប្ដឹងទៅតុលាការហ្នឹង។ ខ្ញុំអត់មានស្គាល់កន្លែងណាទេ ដីឡូត៍ម្នាក់បានតែហិកតារ សម្រាប់១៧៥គ្រួសារ»

ចំណែក​ មេឃុំ​ជី​ខ​លើ លោក ឆាយ វុធ ដែល​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​លោកស្រី​ ឆាយ វី អះអាង​ថា លោក​មិន​ដែល​បាន​ដឹង​រឿង​នេះ ហើយ​ការ​ចោទ​ប្រកាន់​ថា​អាជ្ញាធរ​ឃុំ​ឃុបឃិត​គ្នា​លក់​ដី​រដ្ឋ​នៅ​សល់​នោះ​ក៏​ជា​រឿង​មិន​ពិត​ដែរ។ មេឃុំ​រូប​នេះ ឲ្យ​ដឹង​ថា ក្រោយ​ពី​ក្រសួង​រៀប​ចំ​ដែន​ដី​បាន​ផ្ដល់​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​១៧៥​គ្រួសារ ដែល​១​គ្រួសារ​ទទួល​ដី​បាន​៣​ហិកតារ​រួច​មក អ្នក​ភូមិ​តែង​តែ​លក់​ដី​ធ្លី​ពួកគាត់​ទៅ​ឲ្យ​អ្នក​ផ្សេង​ពី​មួយ​ទៅ​មួយ ព្រោះ​តែ​កត្តា​ជីវភាព​ ហើយ​រឿង​នេះ​ក៏​មាន​ការ​ដឹង​ឮ​ពី​អាជ្ញាធរ​ឃុំ​ដែរ៖ «ខ្ញុំអត់មានលក់ដី១៣០ជាងឡូត៍ឯណាទេ។ បើមានការសុំផ្ទេរសិទ្ធិពីបងប្អូនយើងដែលចាប់ក្បាលដី ដែលរដ្ឋសម្បទានឲ្យហ្នឹង អាហ្នឹងមាន មានតែលើសទៀត។ បើថាខ្ញុំទៅលក់ដីរដ្ឋ ៤០ឡូត៍ អាហ្នឹងខ្ញុំស្បថជូនអ៊ីចឹងតែម្ដង»

ពលរដ្ឋ​ឲ្យ​ដឹង​ថា អភិបាល​ស្រុក​ស្រែ​អំបិល លោក ជា ច័ន្ទ​កញ្ញា ធ្លាប់​បាន​ចុះ​ទៅ​ពិនិត្យ​មើល​រឿង​នេះ​ម្ដង ដោយ​សន្យា​ថា បើ​ប្រសិន​ជា​ដី​ជាង ១៣០ហិកតារ មាន​លួច​លក់​ដោះដូរ​ឲ្យ​ទៅ​ក្រុម​ឈ្មួញ​ពិត​ប្រាកដ​មែន នោះ​អាជ្ញាធរ​នឹង​ដក​ហូត​យក​មក​ទុក​ជូន​ពលរដ្ឋ​ក្រីក្រ​វិញ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ពលរដ្ឋ​ថា រឿង​នេះ​មិន​ទាន់​មាន​សម្រេច​បែប​ណា​ពី​អភិបាល​ស្រុក​នៅ​ឡើយ​ទេ។

អភិបាល​ស្រុក​ស្រែ​អំបិល លោក ជា ច័ន្ទកញ្ញា មិន​ធ្វើ​អត្ថាធិប្បាយ​ពី​រឿង​នេះ​ទេ នៅ​ថ្ងៃ​ទី១៧ មីនា ដោយ​លោក​បង្វែរ​សំណួរ​នេះ ឲ្យ​សួរ​ទៅ​ខាង​មន្ទីរ​សុរិយោដី​ខេត្ត​វិញ ព្រោះ​លោក​ជាប់​រវល់​ប្រជុំ។

អាស៊ី​សេរី​ព្យាយាម​ទាក់​ទង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរោបនីយកម្ម​សំណង់ ខេត្ត​កោះកុង លោក រស់ វីរ៉ាវុឌ្ឍ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​ដែរ ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំ​កោះកុង លោក ហួរ អ៊ីន មាន​ប្រសាសន៍​ថា ប្រសិន​មាន​ការ​លក់​ដី​សហគមន៍​ទំហំ​ជាង ១៣០​ហិកតារ​មែន គឺ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ ដែល​ជាប់​ព័ន្ធ​នឹង​រឿង​នេះ។ ហេតុ​នេះ លោក យល់​ថា​ តំណាង​អយ្យការ​គួរ​បើក​ការ​ស៊ើប​អង្កេត​មួយ ដោយ​សាកសួរ​ពលរដ្ឋ​ផ្សេង​ទៀត​ក្នុង​មូលដ្ឋាន ដើម្បី​ស្វែង​រក​មូល​ហេតុ​ពិត​ប្រាកដ ដែល​នាំ​ឲ្យ​មាន​ការ​ប្ដឹង​ផ្ដល់​គ្នា​នេះ៖ «អាជ្ញាធរខេត្តកោះកុងគួរតែធ្វើការស៊ើបអង្កេតឲ្យបានច្បាស់ដើម្បីបង្ហាញថា តើដីហ្នឹងបានលក់មែនក៏មិនបានលក់ ដើម្បីជាភស្តុតាងមួយ ឲ្យតុលាការធ្វើការពិចារណា ថាតើគួរទម្លាក់ចោលការចោទប្រកាន់ បន្តនីតិវិធីតទៅទៀត។ នៅក្នុងហ្នឹងដែរ ដើម្បីឲ្យតុលាការរក្សាការជឿជាក់ និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន តុលាការគួរតែមានការស៊ើបអង្កេតតើដីហ្នឹងបានលក់មែនក៏មិនមែន ហើយតើឈ្មោះទាំងនាក់ដែលត្រូវចោទប្រកាន់ហ្នឹង ពិតជាបានបរិហារកេរ្តិ៍ក៏ចោទប្រកាន់ថាឈ្មោះ ឆាយ វីបានលក់ដីក៏អត់ ដើម្បីកុំឲ្យមានការតវ៉ាតទៅទៀត»

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ​ រំពឹង​ថា ស្ថាប័ន​តុលាការ​ខេត្ត​កោះកុង នឹង​ចុះ​ស៊ើប​អង្កេត​វិវាទ​នេះ ឲ្យ​បាន​ម៉ត់​ចត់​ ដោយ​ឈរ​លើ​គោល​ការណ៍​ឯករាជ្យ ដើម្បី​ផ្ដល់​ជូន​យុត្តិធម៌​​ដល់​ភាគី​គូ​ជម្លោះ ក្នុង​រឿង​ក្ដី​មួយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល