ពលរដ្ឋ​នៅ​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​ចិន​រួយ​ហ្វេង​ចាក់​ប្រេង​ម៉ាស៊ីន​បំផ្លាញ​ដំណាំ​អ្នក​ស្រុក

ដោយ ហង្ស សាវយុត
2015-06-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ដើម​ភាគ​តិច​កួយ ជាង ១០០​នាក់ ឈរ​ហាល​ភ្លៀង​មុខ​តុលាការ​ខេត្ត​ព្រះវិហារ រង់ចាំ​តំណាង​សហគមន៍ ៣​នាក់ និង​បុគ្គលិក​អង្គការ​ពន្លក​ខ្មែរ​ម្នាក់ ដែល​តុលាការ​កោះ​ហៅ​មក​សាកសួរ​ជុំវិញ​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន រូយ ហ្វេង នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៤។
ជនជាតិ​ដើម​ភាគ​តិច​កួយ ជាង ១០០​នាក់ ឈរ​ហាល​ភ្លៀង​មុខ​តុលាការ​ខេត្ត​ព្រះវិហារ រង់ចាំ​តំណាង​សហគមន៍ ៣​នាក់ និង​បុគ្គលិក​អង្គការ​ពន្លក​ខ្មែរ​ម្នាក់ ដែល​តុលាការ​កោះ​ហៅ​មក​សាកសួរ​ជុំវិញ​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន រូយ ហ្វេង នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៤។
Photo Provided

ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាច្រើន​ឃុំ​នៅ​ក្នុង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ រួយ ហ្វេង (Ruy Feng) បាន​កើត​មាន​រយៈពេល ២-៣​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​ក្រុមហ៊ុន​បរទេស​មួយ​នេះ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​ពី​រដ្ឋាភិបាល ហើយ​ឈូស​រំលោភ​លើ​ដី​ស្រែ​ចម្ការ​របស់​អ្នក​ភូមិ​ជា​ញឹកញាប់។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា កន្លង​ទៅ ប្រជាពលរដ្ឋ​ខ្លះ​បាន​ចោទ​ប្រកាន់​ថា មនុស្ស​របស់​ក្រុមហ៊ុន​ចិន នេះ បាន​យក​សារធាតុ​គីមី​ទៅ​ចាក់​បំផ្លាញ​លើ​ផល​ដំណាំ​របស់​ពួក​គេ​ជា​ថ្មី​ទៀត។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ភូមិ​ពោធិ៍ទាប ឃុំ​ម្លូព្រៃ១ កំពុង​ស្នើសុំ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ជួយ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​មនុស្ស​របស់​ក្រុមហ៊ុន​ចិន រួយ ហ្វេង ដែល​បាន​យក​សារធាតុ​ម្យ៉ាង​ទំនង​ជា​ប្រេង​ម៉ាស៊ីន​លាយ​ជាមួយ​នឹង​ម៉ាស៊ូត ទៅ​លួច​ចាក់​បំផ្លាញ​ដំណាំ​របស់​ពួក​គេ។

អ្នក​ភូមិ​ពោធិ៍ទាប ម្នាក់​ក្នុង​ចំណោម​ជាច្រើន​ទៀត គឺ​អ្នកស្រី នៅ សុគន្ធា។ អ្នកស្រី​អះអាង​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៣០ ខែ​មិថុនា ថា កាល​ពី​រាត្រី​ថ្ងៃ​ទី​២៨ ខែ​មិថុនា កន្លង​ទៅ បុរស​ជនជាតិ​ចិន ម្នាក់​ដែល​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ចិន រួយ ហ្វេង បាន​យក​ប្រេង​ម៉ាស៊ីន​ទំនង​ជា​លាយ​ជាមួយ​នឹង​ម៉ាស៊ូត​ផង ទៅ​ចាក់​បំផ្លាញ​ដំណាំ​ចេក​របស់​គាត់ និង​របស់​អ្នក​ភូមិ​ដែល​ដាំ​ធ្វើ​ជា​ព្រំ​ដី​ជាប់​ជាមួយ​នឹង​ក្រុមហ៊ុន​ចិន នោះ​អស់​ជាច្រើន​ដើម៖ «ចិន ហ្នឹង នៅ​ក្នុង ហ្គារ៉ាស់ស៍ (Garage) សាំង​ក្រុមហ៊ុន រួយ ហ្វេង។ លួច​ចាក់​នៅ​លើ​ដី​ខ្ញុំ កន្លែង​ដែល​ខ្ញុំ​ដាំ​ដើម​ចេក​ទាំងអស់​ប្រហែល​ជា ២០​រណ្ដៅ​ជាង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​ចិន រួយ ហ្វេង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ក៏ប៉ុន្តែ អាជ្ញាធរ​ស្រុក​ឆែប បាន​បដិសេធ​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា មនុស្ស​របស់​ក្រុមហ៊ុន​ចិន បាន​យក​ប្រេង​ម៉ាស៊ីន​ទៅ​ចាក់​បំផ្លាញ​ដំណាំ​ប្រជាពលរដ្ឋ​នោះ គឺ​ជា​រឿង​មិន​ពិត។

អភិបាល​ស្រុក​ឆែប លោក សុខ សានដារ៉ា មាន​ប្រសាសន៍​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា គឺ​លោក​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង ហើយ​បាន​រក​ឃើញ​ថា បុគ្គលិក​របស់​ក្រុមហ៊ុន​ចិន ពិត​ជា​បាន​យក​ប្រេង​ម៉ាស៊ីន​ចាស់​ទៅ​ចាក់​ចោល​លើ​ដី ហើយ​ប៉ះ​ចំ​ដើម​ចេក​ដែល​ប្រជាពលរដ្ឋ​ដាំ​តែ ១​ដើម មិន​មែន​ចាក់​តាម​រណ្ដៅ​ជាច្រើន​ដូច​ការ​អះអាង​របស់​អ្នក​ភូមិ​នោះ​ទេ។ លោក​អភិបាល​ស្រុក​ដដែល​បញ្ជាក់​ថា កន្លែង​ដែល​ក្រុមហ៊ុន​ចិន ចាក់​ប្រេង​ម៉ាស៊ីន​ចោល​នោះ ក៏​មិន​មែន​ជា​ដី​របស់​ប្រជាពលរដ្ឋ​ដែរ គ្រាន់​តែ​ជា​ចិញ្ចើម​ថ្នល់ ហើយ​ប្រជាពលរដ្ឋ​បាន​ចូល​ទៅ​រស់នៅ​ដោយ​មិន​ត្រឹមត្រូវ៖ «បើ​លោក​មក​ឃើញ​បាន​ចង់​សើច ដើម​ចេក ២-៣​ដើម​ហ្នឹង មាន​ចេក​ឯណា? លោក​មក​ឃើញ​ច្បាស់​បាន​ដឹង​ថា​យ៉ាង​ម៉េច?»

ទោះ​យ៉ាង​ណា អ្នក​ភូមិ​ពោធិ៍ទាប ម្នាក់​ទៀត គឺ​អ្នកស្រី លឹម សុឃីម នៅ​តែ​អះអាង​ថា មនុស្ស​របស់​ក្រុមហ៊ុន​ចិន នោះ ពិត​ជា​បាន​យក​សារធាតុ​គីមី​ទៅ​ចាក់​បំផ្លាញ​ដំណាំ​ប្រជាពលរដ្ឋ​មែន។ អ្នកស្រី​បញ្ជាក់​ថា រូប​គាត់ និង​អ្នក​ភូមិ​ជាច្រើន​ទៀត បាន​ឃើញ និង​លប​មើល​សកម្មភាព​នៃ​ការ​ចាក់​សារធាតុ​គីមី​បំផ្លាញ​ដំណាំ​នោះ ព្រម​ទាំង​បាន​ថត​រូប​ទៀត​ផង ក៏ប៉ុន្តែ​ដោយសារ​យប់​ងងឹត គឺ​កាមេរ៉ា​ចាប់​រូប​មិន​បាន។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ បាន​ជឿ​លើ​ការ​អះអាង​របស់​អ្នក​ភូមិ​ទាំង​នោះ បន្ទាប់​ពី​លោក​ស៊ើប​អង្កេត​ជា​ជំហាន​ដំបូង​មក៖ «អភិបាល​ស្រុក​ចេះ​តែ​និយាយ ស្ដារ​ប្រេង​ម៉ាស៊ីន​អី បើ​ជន​រងគ្រោះ​ទូរស័ព្ទ​សុំ​អន្តរាគមន៍ តែ​គាត់​មិន​មក​មើល​ផង»

លោក ឡោ ចាន់ បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើក​ទី​១ ទេ ដែល​មនុស្ស​របស់​ក្រុមហ៊ុន​ចិន រួយ ហ្វេង បាន​យក​សារធាតុ​គីមី​ទៅ​ចាក់​បំផ្លាញ​ដំណាំ​អ្នក​ភូមិ។ កាល​ពី​ឆ្នាំ​មុន មនុស្ស​របស់​ក្រុមហ៊ុន​នេះ​ក៏​ធ្លាប់​យក​សារធាតុ​គីមី​ទៅ​បាញ់​បំផ្លាញ​ស្រូវ​របស់​ប្រជាពលរដ្ឋ នៅ​ឃុំ​សង្កែ១ ម្ដង​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល