សហគមន៍​ខេត្ត​ត្បូងឃ្មុំ​ចោទ​អាជ្ញាធរ​ថា​គ្មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី

ដោយ សូត សុខប្រាថ្នា
2015-06-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជា​សហគមន៍​មក​ពី​បណ្ដា​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​មាន​បញ្ហា​ដីធ្លី និង​ធនធាន​ធម្មជាតិ ចូលរួម​សិក្ខាសាលា​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៥។
ប្រជា​សហគមន៍​មក​ពី​បណ្ដា​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​មាន​បញ្ហា​ដីធ្លី និង​ធនធាន​ធម្មជាតិ ចូលរួម​សិក្ខាសាលា​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Saut Sokprathna

ប្រជា​សហគមន៍​មាន​ទំនាស់​ដីធ្លី​ដែល​អូស​បន្លាយ​ជា​យូរ​ឆ្នាំ​មក​ហើយ នៅ​ខេត្ត​ត្បូងឃ្មុំ លើក​ឡើង​ថា អាជ្ញាធរ​ខេត្ត​មួយ​នេះ​ហាក់​មិន​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ឡើយ។ ការ​អះអាង​បែប​នេះ ក្រោយ​ពេល​ពួក​គេ​សង្កេត​ឃើញ​ថា ទំនាស់​ដីធ្លី​ដែល​កើត​ឡើង​មិន​ឃើញ​ការ​ដោះស្រាយ​ឲ្យ​បាន​ដាច់​ស្រេច​ជូន​ពលរដ្ឋ​ទេ។ យ៉ាង​ណា អាជ្ញាធរ​ខេត្ត​បញ្ជាក់​ថា បញ្ហា​ដីធ្លី​ទាំង​នោះ គឺ​ទាមទារ​ឲ្យ​ដោះស្រាយ​តាម​នីតិវិធី​ជា​ជំហានៗ។

ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី និង​បញ្ហា​ធនធាន​ធម្មជាតិ​នៅ​ខេត្ត​ត្បូងឃ្មុំ នៅ​តែ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ ឬ​ការ​ធានា​ណា​មួយ ដើម្បី​ឲ្យ​ពួក​គេ​ស្ងប់​ចិត្ត​ឡើយ។ ពលរដ្ឋ​យល់​ថា អាជ្ញាធរ​ខេត្ត​បាន​ត្រឹម​តែ​ឆ្លើយ​ដោះសា ហើយ​ការ​ដោះស្រាយ​ស្ថិត​នៅ​ក្រោម​គំនាប​នៃ​ភាគី​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ពលរដ្ឋ។

តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដី​ព្រៃ​សហគមន៍ នៅ​ឃុំ​ត្រពាំងព្រីង អ្នកស្រី ហម ច្រិប ឲ្យ​ដឹង​ថា ដី​ព្រៃ​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង ប្រមាណ ៥​ពាន់​ហិកតារ ត្រូវ​បុគ្គល​មាន​ប្រាក់ និង​មាន​អំណាច កាប់​បំផ្លាញ​តាំង​ពី​ឆ្នាំ​២០១២ ក្រោម​រូបភាព​ផ្សេងៗ ដូចជា​ឲ្យ​ពលរដ្ឋ​ផ្ដិត​មេដៃ​លក់​ដី​ឲ្យ​ខ្លួន ឬ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​កាប់​ទន្ទ្រាន​ដី​ទាំង​នោះ ក្រោយ​មក​លក់​ដី​ឲ្យ​ពួក​គេ ជាដើម។ អ្នកស្រី​បន្ត​ថា ពលរដ្ឋ​នៅ​តែ​ទាមទារ​ដី​ទាំង​នោះ​ដាក់​ជា​សម្បត្តិ​សមូហភាព ដើម្បី​ជា​ប្រយោជន៍​រួម ដោយ​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ជាច្រើន​លើក​ច្រើនសា ប៉ុន្តែ​ការ​ទាមទារ​របស់​ពលរដ្ឋ​នៅ​តែ​មិន​មាន​ប្រសិទ្ធភាព៖ «អាជ្ញាធរ​គាត់​ឆ្លើយ​យក​តែ​រួច​ខ្លួន គាត់​អត់​មាន​ចំណាត់​ការ​ណា​មួយ​ផង»

ប្រជា​សហគមន៍​មាន​បញ្ហា​ដីធ្លី​ធំៗ​រួម​មាន បញ្ហា​ដី​ព្រៃ​សហគមន៍​នៅ​ស្រុក​តំបែរ និង​បញ្ហា​ដី​ព្រៃ​លិច​ទឹក​នៅ​ស្រុក​ក្រូចឆ្មារ ជាច្រើន​ពាន់​ហិកតារ ដែល​ត្រូវ​បាន​ឈ្មួញ​ឈូស​ឆាយ។ ប្រជាពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន ជាច្រើន​គ្រួសារ មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ម៉ែន សារុន ពិសេស​ទៅ​ទៀត​នោះ ប្រជាពលរដ្ឋ ៥២៤​គ្រួសារ នៅ​ឃុំ​ត្រមូង មាន​ជម្លោះ​ដីធ្លី​ជិត ៣០​ហិកតារ ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ ជាដើម។ ប្រជាពលរដ្ឋ​ទាំង​នោះ បាន​រង់ចាំ​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​ខ្លះ​ជិត ១០​ឆ្នាំ ខ្លះ ៥​ឆ្នាំ និង​ខ្លះ ៣​ឆ្នាំ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ស្ទើរ​តែ​លែង​មាន​ជំនឿ​លើ​អាជ្ញាធរ​ទៀត​ផង។ ការ​ពន្យារ​ពេល​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ពី​សំណាក់​អាជ្ញាធរ ទើប​ធ្វើ​ឲ្យ​ជម្លោះ​ដីធ្លី​នៅ​កន្លែង​ខ្លះ​កើត​មាន​ជា​អំពើ​ហិង្សា​ឡើង។ ជាក់ស្ដែង ពលរដ្ឋ​នៅ​ឃុំ​ត្រពាំងព្រីង ម្នាក់ ឈ្មោះ ផុន ឈឿន ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា ដោយ​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​លើ​បុគ្គលិក​ក្រុមហ៊ុន​ចិន ទាក់ទង​បញ្ហា​ដីធ្លី។ ក្រោយ​មក ពលរដ្ឋ​រូប​នោះ​ក៏​ត្រូវ​តុលាការ​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា ដោយសារ​មាន​បញ្ហា​សុខភាព។

ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ ទទួល​បន្ទុក​ដីធ្លី លោក ហាក់ សុខមករា មាន​ប្រសាសន៍​ថា គ្រប់​វិវាទ​ដីធ្លី​របស់​ពលរដ្ឋ​ទាំងអស់​ដែល​អាជ្ញាធរ​ទទួល​បាន​បណ្ដឹង គឺ​ពួក​គេ​មិន​បាន​ព្រងើយ​កន្តើយ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា បញ្ហា​ទាំង​នោះ​ត្រូវ​ការ​ដោះស្រាយ​តាម​នីតិវិធី​ជា​ជំហានៗ រីឯ​ការ​ផ្ទុះ​ហិង្សា​ណា​មួយ​កើត​ឡើង គឺ​ដោយសារ​តែ​មិន​មាន​ការ​យោគយល់​គ្នា​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ៖ «យើង​មិន​អាច​សន្និដ្ឋាន ឬ​សន្មត​ថា​យើង​អាច​ដោះស្រាយ​នៅ​ថ្ងៃ​នេះ​ខែ​នេះ អាស្រ័យ​ការ​យល់​យោគ​គ្នា​រវាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​ដែល​មាន​វិវាទ​នឹង​គ្នា​ហ្នឹង»

យ៉ាង​ណា តំណាង​ពលរដ្ឋ​នៅ​ឃុំ​ត្រមូង ដែល​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ អ្នកស្រី ឃុត ស្រីអូន មាន​ប្រសាសន៍​ថា ការ​ឆ្លើយ​របស់​អាជ្ញាធរ​ខេត្ត​ជុំវិញ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់ គឺ​គ្រាន់​តែ​ជា​ការ​ដោះសា​មួយ​ប៉ុណ្ណោះ៖ «បើ​សិន​ពួក​គាត់​មាន​ចេតនា​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ គឺ​គាត់​ដោះស្រាយ​ចេញ​ហើយ​ប៉ុណ្ណឹង​នោះ។ គ្មាន​បញ្ហា​សំខាន់​ធំ​ដុំ​ទេ ព្រោះ​អី​ព្រោះ​ដី​ខ្ញុំ​តែ ៥​ម៉ែត្រ ១០​ម៉ែត្រ ចុះ​អា​ដី​គេ​យក​ក្នុង​ម្នាក់​ស្មើ​នឹង​ប្រជាជន ៥២៤​គ្រួសារ​ហ្នឹង អាជ្ញាធរ​ចេញ​ប្លង់​ឲ្យ​គេ​បាន។ គាត់​ដោះស្រាយ​ចេញ»

បន្ថែម​ពី​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត យល់​ថា ប្រសិន​បើ​អាជ្ញាធរ​ចង់​ដោះស្រាយ​បញ្ហា​ទាំង​នោះ គឺ​មិន​មាន​អ្វី​ជា​ឧបសគ្គ​ទេ ដោយ​ផ្អែក​លើ​ផ្លូវ​ច្បាប់ ប៉ុន្តែ​ខ្លាច​ក្រែង​តែ​ពួក​គេ​មិន​ចង់​តែ​ប៉ុណ្ណោះ៖ «បើ​និយាយ​ពី​ព្រៃ​ឈើ​មាន​នៅ​មេ​ព្រៃ​ផែនទី ចំនួន​ដី ផែនទី​មាន​សម្គាល់​អី គឺ​មាន​ទាំងអស់។ និយាយ​ព្រៃ​លិច​ទឹក គឺ​មាន​គម្រប​ព្រៃ​លិច​ទឹក។ ខាង​មេ​ព្រៃ ខាង​ជលផល គេ​មាន​ទាំងអស់។ មាន​អី​ដែល​ត្រូវ​ស៊ើប​អង្កេត បើ​សិន​ជា​គាត់​ចង់ ប៉ុន្តែ​មិន​ចង់​ប្រជាពលរដ្ឋ គឺ​ដេក​គុក​បណ្ដើរៗ​ហើយ»

ទោះ​បី​យ៉ាង​ណា​ក៏ដោយ ក្នុង​វេទិកា​សិក្ខាសាលា​ស្ដីពី​ធនធាន​ធម្មជាតិ ដែល​រៀបចំ​ឡើង​ដោយ​សមាគម​អាដហុក នៅ​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ធន សារាយ មាន​ប្រសាសន៍​ថា បញ្ហា​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន អាជ្ញាធរ​ពិបាក​ដោះស្រាយ ព្រោះ​ម្ចាស់​ក្រុមហ៊ុន​ខ្លះ គឺ​មាន​អំណាច​ដល់​កំពូល​ទៅ​ហើយ។ ដូច្នេះ អាជ្ញាធរ​ខេត្ត​មិន​អាច​ដោះស្រាយ​បាន​ទេ ព្រោះ​ខ្លាច​អំណាច​របស់​គេ និង​ខ្លាច​ជ្រុះ​បុណ្យ​ស័ក្ដិ​របស់​ខ្លួន​ផង។ លោក​បញ្ជាក់​ថា ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ លោក​គ្រោង​នឹង​ធ្វើ​របាយការណ៍​ជុំវិញ​បញ្ហា​ដីធ្លី​ធំៗ​ដែល​នៅ​សេសសល់​នៅ​ខេត្ត​ត្បូងឃ្មុំ ផ្ញើ​ទៅ​មេ​គណបក្ស​ធំៗ​ទាំង​ពីរ​ឲ្យ​ជួយ​ដោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល