មេ​ភូមិ​នៅ​​ត្បូងឃ្មុំ​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​​ចូល​រួម​បង្ក្រាប​បទល្មើស​នេសាទ​ជាមួយ​មន្ត្រី​ជំនាញ

ដោយ​ សូត សុខប្រាថ្នា
2017-01-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​ជលផល និង​អាជ្ញាធរ​ភូមិ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​ដុត​ឧបករណ៍​នេសាទ នៅ​ភូមិ​បុស្សស្នោ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ Photo provided
មន្ត្រី​ជលផល និង​អាជ្ញាធរ​ភូមិ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​ដុត​ឧបករណ៍​នេសាទ នៅ​ភូមិ​បុស្សស្នោ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ Photo provided
Photo provided

ប្រជាពលរដ្ឋ និង​មេ​ភូមិ​បុស្សស្នោ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រោយ​ពេល​ពួកគាត់​បាន​ចូលរួម​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​អភិរក្ស កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ជាមួយ​មន្ត្រី​ជំនាញ។ ក្ដី​បារម្ភ​នេះ ក្រោយ​ពេល​ពួកគាត់​រង​ការ​គំរាម ហើយ​ក្រុម​ជនល្មើស​ថា ពួកគេ​នឹង​ប្ដឹង​អ្នក​ដែល​បាន​ចុះ​បំផ្លាញ​ឧបករណ៍​នេសាទ​របស់​ពួកគេ​ទៀត​ផង។ អាជ្ញាធរ​ឃុំ​ថា នឹង​សម្របសម្រួល​លើ​បញ្ហា​នេះ ជៀសវាង​មាន​បញ្ហា​ណា​មួយ​កើត​ឡើង។

​មេ​ភូមិ​បុស្សស្នោ ឃុំ​ត្រពាំងព្រីង ស្នើ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​ឃ្លាំមើល​សុវត្ថិភាព​របស់​ពួកគាត់ ពិសេស​ត្រូវ​ធ្វើ​កិច្ចសន្យា​ណា​មួយ​ក្រុម​ជនល្មើស​ជៀសវាង​មាន​ការ​គុំកួន ឬ​សងសឹក​ដោយ​វិធី​បែប​ណា​មក​លើ​អ្នក​ដែល​បាន​ចូលរួម​បង្ក្រាប​បទល្មើស​នេសាទ​ជាមួយ​មន្ត្រី​ជលផល​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា។

មេភូមិ​បុស្ស​ស្នោ លោក សុខ ឌិន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ភូមិ ព្រម​ទាំង​ពលរដ្ឋ​មួយ​ចំនួន​បាន​ចូលរួម​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​អភិរក្ស​ប៉ព្រេង កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ជាមួយ​មន្ត្រី​ជលផល​ដែល​មាន​គ្នា​សរុប​ជាង ២០​នាក់។ ការ​បង្ក្រាប​នោះ គឺ​ជា​សមត្ថកិច្ច​របស់​មន្ត្រី​ជំនាញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ​គ្រាន់តែ​ជា​អ្នក​សហការ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា ក្រោយ​ពេល​បង្ក្រាប​មិន​បាន​មួយ​ថ្ងៃ​ផង ពួកគាត់​រង​ការ​គំរាមកំហែង និង​គំរាម​ប្ដឹង​ថែម​ទៀត៖ «អ៊ីចឹង​ខ្ញុំ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ហ្នឹង ​ខ្លាច​ជនល្មើស ខ្លាច​ស្ទាក់ផ្លូវ ឬ​ចាំ​ធ្វើ​បាប​ដល់​ប្រជាពលរដ្ឋ​ខ្ញុំ​បាទ ឬ​ក៏​ខ្ញុំ​ដែល​បាន​ចុះ​ទៅ​ផ្ទាល់​ជាមួយ​មន្ត្រី​ជំនាញ»

ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​អភិរក្ស​ប៉ព្រេង ឬ​ព្រែក​ប៉ព្រេង ពី​សំណាក់​មន្ត្រី​ជលផល គឺ​ក្រោយ​ពេល​មាន​សេចក្ដី​រាយការណ៍​ថា នៅ​តំបន់​បឹង​អភិរក្ស​មួយ​នេះ​កើត​មាន​បទល្មើស​នេសាទ​មួយ​ចំនួន។ ការ​ចុះ​បង្ក្រាប​នោះ មន្ត្រី​ជំនាញ​បាន​រឹប​អូស​អួន​ពីរ​ខ្សែ ស្បៃ​មុង​ប្រវែង ១៨០​ម៉ែត្រ របាំង​រ៉ៃ ចំនួន​បី​ខ្សែ ដែល​មាន​ប្រវែង​ពី ៤០ ទៅ ៥០​ម៉ែត្រ ហើយ​ភស្តុតាង​ទាំង​នេះ មន្ត្រី​ជលផល​បាន​យក​ដុត​ចោល​ទៀត​ផង។

បឹង​អភិរក្ស​ប៉ព្រេង មាន​បណ្ដោយ​ជិត ១​ពាន់​ម៉ែត្រ និង​ទទឹង​ជិត ១០០​ម៉ែត្រ ដែល​ហូរ​ចាក់​ពី​ព្រែក​ឆ្លូង ខេត្ត​ក្រចេះ មក។

មេ​ឃុំ​ត្រពាំងព្រីង លោក មុំ សាប៊ុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ថា លោក​បាន​ទទួល​ព័ត៌មាន​នេះ ហើយ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ទាំង​នោះ បាន​មក​ជួប​ជាមួយ​លោក​ទៀត​ផង។ លោក​ថា ពួកគាត់​មិន​ពេញ​ចិត្ត​ឡើយ​ចំពោះ​ការ​បំផ្លាញ​ឧបករណ៍​នេសាទ​ពី​សំណាក់​មន្ត្រី​ជំនាញ ហើយ​លោក​ក៏​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​បង្ក្រាប​នោះ​ដែរ ពីព្រោះ​មន្ត្រី​ជលផល​មិន​បាន​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ជា​មុន ម្យ៉ាង​ពលរដ្ឋ​ដែល​ប្រកប​មុខ​របរ​នេសាទ​នោះ គឺ​ជា​ជន​ពិការ៖ «ខ្ញុំ​គាំទ្រ បើ​ទោះ​បី​ខុស​ច្បាប់​ម៉េច​ក៏ដោយ គ្នា​ពិការ គឺ​ពឹង​ផ្អែក​ទៅ​លើ​តែ​នេសាទ​មួយ​មុខ​ហ្នឹង។ រក​តែ​ផ្ទះ​ដេក​គ្មាន​ផង។ ដល់​ធ្វើ​អ៊ីចឹង​ខ្ញុំ​មិន​ពេញ​ចិត្ត»

ចំពោះ​ក្តី​បារម្ភ​អំពី​សុវត្ថិភាព​របស់​មេ​ភូមិ​បុស្សស្នោ និង​ប្រជា​សហគមន៍​ផ្សេង​ទៀត លោក មុំ សាប៊ុន ថា​នឹង​ហៅ​ភាគី​ទាំង​នោះ​ទៅ​សម្របសម្រួល​គ្នា ជៀសវាង​ការ​គុំកួន ហើយ​បង្ក​ឱ្យ​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​នៅ​ថ្ងៃ​ក្រោយ។

​មន្ត្រី​អង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​កំពង់ចាម ដែល​តាម​ដាន​ករណី​នេះ លោក វ៉ន សេងធុយ យល់​ថា សកម្មភាព​ការពារ​ប្រយោជន៍​សាធារណៈ ឬ​ប្រយោជន៍​ពលរដ្ឋ​ភាគ​ច្រើន​គឺ​ជា​តួនាទី​របស់​អាជ្ញាធរ​មូលដ្ឋាន។ កិច្ច​ការពារ​ផលប្រយោជន៍​រួម​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​តូច​មិន​ពេញ​ចិត្ត។ ករណី​នេះ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​យ៉ាងណា​ធានា​សុវត្ថិភាព​ដល់​ពួកគាត់ និង​អប់រំ​ជនល្មើស​ឱ្យ​យល់​ដឹង​អំពី​ច្បាប់ ជៀសវាង​បង្កើត​ការ​សងសឹក ឬ​ចង់​គំនុំ​ជាមួយ​ពលរដ្ឋ​ដែល​បាន​ផ្តល់​ព័ត៌មាន ឬ​អ្នក​ដែល​បាន​ចូល​រួម​បង្ក្រាប​បទល្មើស​ជាមួយ​មន្ត្រី​ជំនាញ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល