ពលរដ្ឋ​លើក​គ្នា​ទៅ​តវ៉ា​មុខ​តុលាការ​ខេត្ត​ស្វាយរៀង​ជុំវិញ​ការ​បើក​សវនាការ​រឿង​ដីធ្លី

ដោយ មាន ឫទ្ធិ
2019-09-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ស្រុក​រមាសហែក​ប្រមាណ​ ១០០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ ​ជាង​៤​រយ​គ្រួសារ​ នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ២០១៩ លើក​គ្នា​ទៅ​តវ៉ា​មុខ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ប្រកាន់​លើ​តំណាង​របស់​ពួកគេ។
អ្នក​ស្រុក​រមាសហែក​ប្រមាណ​ ១០០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ ​ជាង​៤​រយ​គ្រួសារ​ នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ២០១៩ លើក​គ្នា​ទៅ​តវ៉ា​មុខ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ប្រកាន់​លើ​តំណាង​របស់​ពួកគេ។
រូប៖ ហ្វេសប៊ុក CCFC

អ្នក​ស្រុក​រមាសហែក​ប្រមាណ​ ១០០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ជាង ​៤​រយ​គ្រួសារ​ លើក​គ្នា​ទៅ​តវ៉ា​មុខ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ប្រកាន់​លើ​តំណាង​របស់​ពួកគេ។ ការ​តវ៉ា​នេះ ធ្វើ​ឡើង​ស្រប​ពេល​ ដែល​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី លើ​បណ្ដឹង​របស់​ក្រុមហ៊ុន​ឯក​ជន​មួយ ដែល​ប្ដឹង​ពលរដ្ឋ​ ៤​នាក់​ ពី​បទ​ធ្វើ​ឲ្យ​ខូច​ដោយ​អចេតនា និង​រំលោភ​កាន់​កាប់​ដី​ឯកជន​របស់​រដ្ឋ។ សង្គម​ស៊ីវិល​រំពឹង​ថា តុលាការ​នឹង​ទម្លាក់​ចោល​បទ​ចោទ​លើ​ពលរដ្ឋ​ និង​ស្នើ​ដល់​អាជ្ញាធរ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​ខេត្ត​ស្វាយរៀង​ លោក សុវណ្ណ ច័ន្ទ​គ្រឹស្នា នឹង​ប្រកាស​សាល​ក្រម​លើ​សំណុំ​រឿង​នេះ នៅ​ថ្ងៃទី៩ ខែ​តុលា ក្រោយ​ពី​បិទ​បញ្ចប់​​សវនាការ​ពេញ​សេចក្ដី​ នៅ​ថ្ងៃ​ទី​១៧ កញ្ញា។

តំណាង​សហគមន៍​ ៤​នាក់ ​ដែល​ត្រូវ​ក្រុមហ៊ុន​ប្ដឹង​នោះ​ រូម​មាន​លោក​ស្រី ខៀវ សារ៉ុន លោកស្រី ម៉ន ស៊ីណា លោក ធឿន វ៉េង និងលោក សំ វឿន។ ក្នុង​បន្ទប់​សវនាការ​តតាំង​ក្ដី​នេះ មិន​មាន​វត្ត​មាន​លោក ធឿន វ៉េង ទេ ដោយ​លោក​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ។

តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ ៤​នាក់ លោកស្រី ខៀវ សារ៉ុន ប្រាប់​អាស៊ី​សេរី​ថា ចៅក្រម​និង​តំណាង​អយ្យ​ការ​បាន​សាកសួរ​លោកស្រី និង​តំណាង​ពលរដ្ឋ​ផ្សេង​ទៀត ជាច្រើន​សំនួរ​ពាក់​ព័ន្ធ​នឹង​វិវាទ​ដីធ្លី​​ដ៏​រ៉ាំរ៉ៃ​ ជាមួយ​ក្រុមហ៊ុន អ៊ិន.ខេ វេនឈ័រ (N-K Venture) ដែល​ទទួល​សិទ្ធិ​វិនិយោគ​ដាំ​អំពៅ​លើ​ដី​រដ្ឋ​ទំហំ​ជិត ​៧រយ​ ហិកតារ ស្ថិតនៅ​ភូមិ​ស្រែ​ឫស្សី ឃុំ​អំពិល ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង។

លោកស្រីបញ្ជាក់​ប្រាប់​ចៅក្រម​ថា​ តំណាង​ពលរដ្ឋទាំង ៤នាក់ ​មិន​ប្រព្រឹត្ត​កំហុស​ ដូច​ការ​ចោទ​ប្រកាន់​របស់​ភាគី​ក្រុមហ៊ុន​នោះទេ។ លោកស្រី​​ លើក​ឡើង​ទៀត​ថា ក្នុង​រយៈពេល​ជិត​ ១០​ឆ្នាំ​មក​នេះ ក្រុម​​ពលរដ្ឋ​​ជាង​ ៤​រយ​គ្រួសារ តែង​តែ​នាំគ្នា​តវ៉ា​ទាមទារ​យក​ដី​នោះ​មក​វិញ​ដោយ​អហិង្សា​ តាម​រយៈ​ការ​ដើរ​ដាក់​ញត្តិ​រក​កិច្ច​អន្តរាគមន៍​នានា​ ពី​​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ ក្រសួង​ដែនដី​ និង​ក្រសួង​កសិកម្ម​ ជាច្រើន​សារ​មក​ហើយ​ តែ​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ។

តំណាង​ពលរដ្ឋ​រូប​នេះ​សង្ឃឹម​ថា​ តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពួកគាត់​ទាំង​ ៤នាក់ ដែល​ជា​កសិករ​ក្រីក្រ​ បាត់​បង់​ដី​ធ្វើស្រែ​ចម្ការ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ៖ «ខ្ញុំ​សូម​សំណូមពរ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពួក​ខ្ញុំ ហើយ​លើក​លែង​ពួក​ខ្ញុំ​ក្នុង​តុលាការ​ហ្នឹង​ទៅ។ ខ្ញុំ​សំណូមពរ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ដីធ្លី​ឲ្យ​ពួក​ខ្ញុំ​ ដោយ​ចុះ​មក​មើល​ថា​តើ​ពួក​ខ្ញុំ​វេទនា​ឬ​អត់ កុំ​ឲ្យ​ពួកគាត់​ជឿ​តែ​អាជ្ញាធរ​នៅ​ថ្នាក់​ក្រោម​ពេក។ ពួកគាត់​ចុះ​ផ្ទាល់​មក​ដល់​ពួក​ខ្ញុំ​ផង»

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​តំណាង​ក្រុមហ៊ុន អ៊ិន.ខេ វេនឈ័រ (N-K Venture) លោកស្រី កែវ សម្ផស្ស ដើម្បី​​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​បាន​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល ​តែ​​គ្មាន​​អ្នក​ទទួល។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូប្រចាំខេត្ត​ស្វាយរៀង (LICADHO) លោក នុត បូពិណ្ណារ័ត្ន ថ្លែង​ថា ការ​ប្ដឹង​ផ្ដល់​តំណាង​ពលរដ្ឋ​ឡើង​តុលាការពី​សំណាក់​ភាគី​ក្រុមហ៊ុន​បែប​នេះ អាច​ជា​រូបភាព​មួយ​ដើម្បី​បំបាក់​ស្មារតី​ដល់​ពលរដ្ឋ​ដទៃ​ទៀត​​ឲ្យ​បញ្ឈប់​ការ​ចេញ​ដើរ​តវ៉ា​រក​ដំណោះស្រាយ​ក្នុង​វិវាទ​ដីធ្លី​នេះ​ ។ លោក សង្កេតឃើញ​​ថា ទោះ​បី​ជា​ការ​ប្ដឹង​តំណាង​សហគមន៍​ទៅ​តុលាការ​ជាច្រើនលើក​ច្រើន​សារ​ហើយ​ក្ដី ​ ក៏​ប្រជា​ពលរដ្ឋ​នៅ​តែ​បន្ត​ការ​តវ៉ា​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ និង​បណ្ដា​ក្រសួង​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដែរ។ មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ រំពឹង​ថា តុលាការ​ខេត្ត​ស្វាយរៀង នឹង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់លើ​​កសិករ​ទាំង​បួន​នាក់៖ «រឿង​នេះ ធ្វើ​មិច​ ចង់​សំណូមពរ​ដល់​ខាង​ចៅក្រម ខាង​តុលាការ ទម្លាក់​ចោល​បទ​ចោទ​ពួកគាត់​ទៅ។ កុំឲ្យ​មាន​ការ​ចោទប្រកាន់​ពួកគាត់​អី​ទៀត។ ពេល​ទម្លាក់​ចោល​បទ​ចោទ​ហ្នឹង​ហើយ​ពាក់ព័ន្ធ​នឹង​រឿង​ដី​ធ្វើ​មិច ឲ្យ​ខាង​មន្ទីរ ​ឬ​ក្រសួង​កសិកម្ម​អី​ហ្នឹង ឬ​ក៏​រដ្ឋាភិបាល​ ធ្វើ​ការ​រក​ដំណោះស្រាយ​មួយ​ណា​ឲ្យ​ពួកគាត់​។ ពិនិត្យ​ទៅ​លើ​ភាព​ជាក់​ស្ដែង ថា​គាត់​ចូលកាន់​កាប់​តាំង​ពី​ពេល​ណា ហើយ​អ្នក​ណា​ដែល​ចូល​កាន់កាប់​តាម​ច្បាប់​ត្រឹម​ត្រូវ​ហ្នឹង ត្រូវ​ទទួល​សំណង​របៀបណា បើ​សិន​ជា​យើង​វិនិយោគ​ទៅ​ក្រុមហ៊ុន​ហើយ»

ពលរដ្ឋ​ឲ្យ​ដឹង​ថា ពួកគាត់​ ៤៤០​គ្រួសារ ​បាន​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ​លើ​ដី ៦៧០​ហិកតារ​ស្ថិត​នៅ​ក្នុង​ឃុំ​អំពិល ស្រុក​រមាសហែក​នោះ​ជា​ធម្មតា ចាប់​ពី​ឆ្នាំ១៩៨២ រហូត​​មក។ ប៉ុន្តែ​មក​ដល់​ឆ្នាំ២០១០ ស្រាប់​តែ​មាន​ក្រុមហ៊ុន​ឥណ្ឌា​ឈ្មោះ អ៊ិន.ខេ វេនឈ័រ (N-K Venture) ចូល​មក​ឈូស​ឆាយ​បំផ្លាញ​ផល​ដំណាំ​អ្នក​ភូមិ​លើ​ដី ៦៧០​ហិកតារ​នោះ ដោយ​អះអាង​ថា​​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​លើ​​​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល។

ពលរដ្ឋ​អះអាង​ទៀត​ថា ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ​បាន​មក​កាប់​កាន់​ដីធ្លី​នៅ​កន្លែង​មាន​ជម្លោះ​នោះ ជា​បន្ត​បន្ទាប់​ ដោយ​ផ្ទេរ​ពី​​ក្រុមហ៊ុន​​មួយ​​ទៅ​ក្រុមហ៊ុន​​មួយ​​ទៀត ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ជូន​ដំណឹង​ឲ្យ​​ពលរដ្ឋ​ដឹង​នោះ​ទេ។

អង្គការ​សង្គម​ស៊ីវិល យល់ថា ដើម្បី​បិទ​បញ្ចប់​ជម្លោះ​នេះ អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង គួរ​ជជែក​ជាមួយ​ភាគី​ទាំងពីរ គឺ​ខាង​ក្រុមហ៊ុន និង​ខាង​ពលរដ្ឋ ដោយ​បើក​ចំហ ហើយ​រក​វិធី​សមស្រប​ណាមួយ ដើម្បី​ឲ្យ​ភាគី​ទាំង​២​ ទទួល​យក​បាន ទើប​ជម្លោះ​ត្រូវ​បាន​បិទ​បញ្ចប់​ទាំងស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល