ខួប​២៣​ឆ្នាំ​នៃ​រដ្ឋប្រហារ៖ ប្រពន្ធ​លោក ហូ សុខ ទុក​ឱ្យ​ព្រះ​ជា​អ្នករក​យុត្តិធម៌​ជំនួស​ខ្លួន

ដោយ ជីវិតា
2020-07-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបថត​របស់ លោក ហូ សុខ (ឆ្វេង) កាល​នៅ​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ។
រូបថត​របស់ លោក ហូ សុខ (ឆ្វេង) កាល​នៅ​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ។
RFA

ឃាតកម្ម​ជាច្រើន​បាន​កើតឡើង​នៅ​ក្នុង​ខែ​កក្កដា ក្នុង​នោះ​ជនរងគ្រោះ​មាន លោក ហូ សុខ ផង​ដែរ​។ លោក ហូ សុខ ជា​មន្ត្រី​ជាន់ខ្ពស់​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី​ទី​១ និង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នៃ​រដ្ឋាភិបាលចម្រុះ ក្នុង​ឆ្នាំ​១៩៩៧ ដែល​មាន​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ទី​២​។ ឃាតក​បាន​បាញ់សម្លាប់​លោក ហូ សុខ នៅ​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​១៩៩៧ ខណៈ​លោក​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ក្នុង​ការិយាល័យ​មួយ​របស់​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ក្នុង​ក្រសួង​មហាផ្ទៃ អំឡុង​ពេល​រដ្ឋប្រហារ​របស់​លោក ហ៊ុន សែន ទម្លាក់​សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ។

២៣ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ដោយ​គ្មាន​ជន​ល្មើស​ណា​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​។ តើ​ភរិយា​របស់​លោក ហូ សុខ មាន​ទស្សនៈ​យ៉ាង​ណា​ដែរ។

លោក ហូ សុខ គឺជា​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ក្នុងចំណោម​មន្ត្រី​ជាន់ខ្ពស់​រាប់​សិប​នាក់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច (FUNCIPEC) ដែល​ត្រូវ​បាន​សម្លាប់​ក្រៅច្បាប់​អំឡុង​ពេល​រដ្ឋប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧។

ខណៈ​ទាហាន និង​មន្ត្រី​ជាន់ខ្ពស់​រាជានិយម​ដ៏ទៃ​ទៀត​ត្រូវ​បាន​ចាប់ខ្លួន និង​បាញ់​សម្លាប់​នៅ​ក្នុង​ព្រៃ ឬ​នៅ​ក្រៅ​ក្រុង​ភ្នំពេញ លោក ហូ សុខ ត្រូវ​បាន​បាញ់សម្លាប់​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ។

ប្រពន្ធ​លោក ហូ សុខ គឺ​លោក ស្រី ជា គឹម បច្ចុប្បន្ន​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយ​កូន ៥​នាក់ មាន​ប្រសាសន៍​ថា ទោះជា​ពេលវេលា​កន្លង​ផុត​ទៅ​យូរ​ហើយ​ក្តី លោកស្រី​ក៏​នៅតែ​ចង់​បាន​យុត្តិធម៌ ប៉ុន្តែ​លោកស្រី​មិន​រំពឹង​ថា អ្នកគ្រប់គ្រង​រដ្ឋ​បច្ចុប្បន្ន​អាច​រក​យុត្តិធម៌​ជូន​ប្តី​របស់​លោកស្រី​បាន​ទេ៖ «ការ​ចង់​បាន​យុត្តិធម៌​នៅតែ​ចង់បាន​ជានិច្ច ប៉ុន្តែ​មនុស្ស​គ្មាន​យុត្តិធម៌​ទេ មានតែ​ព្រះ​មួយ​ទេ​ដែល​យុត្តិធម៌​។ ទុក្ខសោក​របស់ខ្ញុំ​បាន​ថ្វាយ​ទៅ​ព្រះ​អស់ហើយ​។ ព្រះអង្គ​ថា ការ​សងសឹក​ទុក​ឱ្យ​ព្រះអង្គ»

ក្រោយ​ការ​ប្រយុទ្ធ​គ្នា​រយៈពេល ២​ថ្ងៃ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​រវាង​កង​ទ័ព​ស្មោះត្រង់​នឹង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី​ទី​១ និង​កងទ័ព​ស្មោះត្រង់​នឹង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី​២ ឧត្ដមសេនីយ៍ ហូ សុខ ត្រូវ​បាន​កម្លាំង​ស្មោះត្រង់​នឹង​លោក ហ៊ុន សែន ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី៧ កក្កដា ឆ្នាំ ១៩៩៧ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ លោក​ត្រូវ​បាន​គេ​យក​ទៅ​ឃុំ​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ ក្នុង​ការិយាល័យ​របស់​ឧត្ដមសេនីយ៍ ម៉ា ឈឿន។ នៅ​ក្នុង​ការិយាល័យ​របស់​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ឯង ដែល​លោក ហូ សុខ ត្រូវ​បាន​សម្លាប់​ដោយ​គ្រាប់​កាំភ្លើង។

ដោយសារ​មាន​សម្ពាធ​ខ្លាំង​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ជាង​២​សប្ដាហ៍​ក្រោយមក សហ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​លោក យូ ហុកគ្រី បាន​បង្កើត​ក្រុម​ស៊ើបអង្កេត​ឃាតកម្ម​មួយ​។ លទ្ធផល​ស៊ើបអង្កេត​ជំហាន​ដំបូង បាន​ជំរុញ​ឱ្យ​លោក ស ខេង សម្រេច​បញ្ឈរជើង​ឧត្តមសេនីយ៍​នគរបាល​បី​រូប នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ដែល​ជាប់​សង្ស័យ​មាន​ចំណែក​ទទួលខុសត្រូវ​ក្នុង​ឃាតកម្ម​លោក ហូ សុខ ។ នគរបាល​ជាន់ខ្ពស់​ទាំង​បី​រូប​នោះ គឺ​លោក ម៉ា ឈឿន លោក ថន អ៊ិម និង​លោក​ថោង លឹម។

ប៉ុន្តែ​ក្រោយ​ពី​ត្រូវ​បាន​ព្យួរ​ការងារ ដើម្បី​បើកផ្លូវ​ឱ្យ​មាន​ការស៊ើបអង្កេត​បាន​ប្រមាណ​២​ខែ ពួកគេ​ទាំង​បី​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​មិន​បាន​ពិគ្រោះ​ជាមួយ​លោក ស ខេង បញ្ជា​ឱ្យ​ពួកគេ​ចូល​ធ្វើ​ការ​ធម្មតា​ឡើងវិញ នៅ​ខែ​កញ្ញា​។ លោក ហ៊ុន សែន សម្រេច​បែប​នោះ បន្ទាប់ពី​មាន​សំណើ​របស់​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី។

សេចក្តី​សម្រេច​របស់​លោក ហ៊ុន សែន មិន​ត្រឹមតែ​ធ្វើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អាក់អន់ចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើន​ភាព​តានតឹង​រវាង​លោក សង ខេង និង​លោក ហុក ឡង់ឌី ដែល​បាន​បោះ​សន្ទូច​រំលោង​ភ្នំ​ទៀត​ផង។

ទោះជា​យ៉ាងណា លោក ស ខេង បាន​បង្ហើប​អំពី​គោលដៅ​នៃ​អ្នក​សម្លាប់​លោក ហូ សុខ។

នៅ​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​១៩៩៧ ដដែល គឺ​នៅ​ថ្ងៃ​ដែល​លោក ហ៊ុន សែន ចេញទៅ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស លោក ស ខេង ត្រូវ​បាន​កាសែត ដឹ ខេមបូឌា ដេលី (The Cambodia Daily) ដកស្រង់​សំដី​លោក​យក​មក​ចុះផ្សាយ​ថា «យើង​បាន​ស្គាល់​អត្តសញ្ញាណ​អ្នក​សម្លាប់​លោក ហូ សុខ ហើយ។ យើង​សង្ឃឹម​ថា ឃាតក​នឹង​ត្រូវ​ចាប់ខ្លួន​ឆាប់ៗ​ខាងមុខនេះ​»​។ ក៏ប៉ុន្តែ​លោក ស ខេង មិន​បាន​បញ្ចេញ​ឈ្មោះ​ជនសង្ស័យ​នោះ​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា រឿង​នេះ​ជា​រឿង​រស៊ើប​ណាស់​។ ទោះជា​យ៉ាងណា បន្តិច​ក្រោយ​មក​លោក ស ខេង បាន​ប្ដូរ​ចិត្ត​ដោយ​និយាយ​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ត៍​ថា លោក​មិន​ដែល​បាន​និយាយ​អំពី​រឿង​នេះ​ទេ។

ប៉ុន្តែ​ជំនួយការ​របស់​លោក ស ខេង គឺ​ឧត្តមសេនីយ៍​ខៀវ សុភ៌ក ក្រោយមក​បាន​បញ្ជាក់​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ត៍​ថា លោក ស ខេង ដឹង​ថា អ្នកណា​ជា​អ្នក​សម្លាប់​លោក ហូ សុខ ហើយ ប៉ុន្តែ​វា​ឆាប់​ពេក​ក្នុង​ការ​ធ្វើ​សកម្មភាព​ចាប់ខ្លួន ដោយ​រង់ចាំ​ប៉ូលិស​បញ្ចប់​ការស៊ើបអង្កេត​ជា​មុន​សិន។ទោះជា​យ៉ាង​ណា​ក្តី ម្ភៃ​បី​ឆ្នាំ​បាន​កន្លងផុត​ទៅ ឃាតកម្ម​លោក ហូ សុខ នៅតែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​ដដែល ហើយ​លោក ស ខេង ក៏​នៅតែ​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដដែល។ លោក ស ខេង ដែល​ជា​អ្នកបង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឃាតកម្ម​នេះ និង​ធ្លាប់​បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា លោក​ស្គាល់​អត្តសញ្ញាណ​ឃាតក​តាំងពី ២៣​ឆ្នាំមុន​នោះ មិនដែល​ឃើញ​បង្ហាញ​របាយការណ៍​ណាមួយ​ពី​ឃាតកម្ម​នេះ​ឡើយ។

កាសែត​ភ្នំពេញ​ប៉ុស្ត៍​ចេញផ្សាយ​ថ្ងៃ​ទី១០ តុលា ឆ្នាំ ១៩៩៧ អះអាង​ថា នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី៩ កញ្ញា ផ្ញើ​ទៅកាន់​កាសែត​របស់​ខ្លួន លោក ហូលីយោ ហេលដ្រេស៍ (Julio Jeldres) អ្នក​សរសេរ​ប្រវត្តិ​របស់​ព្រះ​បរមរតនកោដ្ឋ សម្ដេច ព្រះនរោត្តម សីហនុ បាន​សរសេរ​ថា លោក​មាន​ព័ត៌មាន​ដែល​ទទួល​បាន​ពី​សាក្សី​មិន​បញ្ចេញ​អត្តសញ្ញាណ ដែល​និយាយ​ថា លោក ហុក ឡង់ ឌី ពាក់ព័ន្ធ​ក្នុង​ការ​សម្លាប់​លោក ហូ សុខ។

ទោះជា​យ៉ាងណា លោក ហុក ឡង់ ឌី ដែល​អាច​ជា​មនុស្ស​សំខាន់​ក្នុង​រឿង​ឃាតកម្ម​នេះ បាន​ទទួល​មរណភាព​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ កាលពី​ព្រលប់​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​២០០៨ នៅ​ក្នុង​ខេត្ត​ស្វាយរៀង។

ចំណែក​លោក ម៉ា ឈឿន ដែល​ការិយាល័យ​របស់​លោក​ក្នុង​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​ប្រើប្រាស់​ធ្វើឃាត​លោក ហូ សុខ នោះ បច្ចុប្បន្ន​ឡើងបុណ្យ​ស័ក្ដិ​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម។ អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក ម៉ា ឈឿន តាម​ទូរស័ព្ទ​អំពី​ឃាតកម្ម​លោក ហូ សុខ ប៉ុន្តែ​លោក​ឆ្លើយ​ថា លោក​ជាប់រវល់​ក្មួយ​ឈឺ៖ «សុំទោស​ខ្ញុំ​ជាប់​មានធុរៈ​បន្តិច ក្មួយ​ឈឺ»

ឃាតកម្ម​លោក ហូ សុខ គឺជា​ភាព​អាម៉ាស់​មួយ​ដ៏​ធំ​បំផុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពីព្រោះ​ជនរងគ្រោះ​រូប​នេះ ត្រូវ​បាន​បាញ់សម្លាប់​ខណៈ​លោក​កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​ក្នុង​ក្រសួងមហាផ្ទៃ ជា​កន្លែង​ដែល​គួរតែ​មាន​សុវត្ថិភាព​ខ្ពស់​បំផុត។

នាយករង​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា នេះ​គឺជា​ឧក្រិដ្ឋកម្ម​មួយ​ធ្ងន់ធ្ងរ រំលោភ​ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្រាវជ្រាវ​ដោយ​តម្លាភាព និង​ឯករាជ្យ ដើម្បី​នាំ​ជនល្មើស​មក​ផ្ដន្ទាទោស៖ «វា​ជា​រឿង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​ករណី​កើតឡើង​អ៊ីចឹង វា​ត្រូវ​តែ​មាន​ការស៊ើបអង្កេត​រក​អ្នកណា​ដែល​ទទួលខុសត្រូវ ដើម្បី​រក​ការពិត​ផ្ដល់​យុត្តិធម៌ និង​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មានការ​កើតឡើង​បន្ត​ទៅ​ទៀត»

ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដឹង​ថា រឿង​សម្លាប់​មនុស្ស​នៅ​​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី​៥-៦ ឆ្នាំ​១៩៩៧ គ្មាន​ការស៊ើបអង្កេត​នោះ​ទេ​។ លើស​ពី​នេះ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា រឿង​នេះ​ផុត​កំណត់​នៃ​ការស៊ើបអង្កេត​ហើយ៖ «រឿង​នេះ​វា​ហួស​អាជ្ញាយុកាល​នៃ​ការស៊ើបអង្កេត​ហើយ​ប្អូន​អើយ​ប្អូន»

ពិតមែន​ហើយ ផុត​អាជ្ញាយុកាល ពី​ព្រោះតែ​សមត្ថកិច្ច​ទុក​ឱ្យ​វា​ផុត ដោយ​មិន​បាន​ចាត់ការ។

មាត្រា​១០​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ស្ដីពី​អាជ្ញាយុកាល​នៃ​បទល្មើស​ចែងថា​៖ «​ថិរវេលា​នៃ​អាជ្ញាយុកាល​នៃ​បណ្ដឹង​អាជ្ញា​ចំពោះ​បទឧក្រិដ្ឋ​មាន​រយៈ ១៥​ឆ្នាំ»

ឃាតកម្ម​លោក ហូ សុខ និង​ឃាតកម្ម​លើ​ទាហាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជាច្រើន​នាក់​ទៀត​នោះ គិត​មកដល់​ខែ​កក្កដា ឆ្នាំ​២០២០​នេះ មាន​រយៈពេល​២៣​ឆ្នាំ​ហើយ គឺ​មាន​ន័យ​ថា លទ្ធភាព​ដែល​អាច​ប្ដឹង​រក​យុត្តិធម៌​ជូន​លោក ហូ សុខ បាន​ផុត​កំណត់​រយៈពេល​៨​ឆ្នាំ​ហើយ បើ​យោង​តាម​មាត្រា​១០​នេះ​។​

ក៏ប៉ុន្តែ ប្រសិនបើ​ឃាតកម្ម​លោក ហូ សុខ និង​មន្ត្រី​ដទៃ​ទៀត​ត្រូវ​គេ​រក​ឃើញ​ថា រំលោភបំពាន​មាត្រា​៩​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ អាជ្ញាយុកាល​នៃ​បទល្មើស នៅ​តែ​មាន​បន្ត​រហូត ទោះ​កន្លង​ផុត​យូរ​យ៉ាង​ណា​ក្ដី។

មាត្រា​០៩​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា ស្ដីពី​ឧក្រិដ្ឋកម្ម​ដែល​គ្មាន​អាជ្ញាយុកាល​កំណត់ ចែង​យ៉ាង​ដូច្នេះ​ថា​៖ «បទឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍ បទឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្សជាតិ និង​បទឧក្រិដ្ឋ​សង្គ្រាម មិន​អាច​ផុត​អាជ្ញាយុកាល​បានទេ»

នេះ​មាន​ន័យថា ប្រសិនបើ​មាន​ក្រុម​ស៊ើបអង្កេត​ឯករាជ្យ និង​មិន​លម្អៀង​មួយ រកឃើញ​ថា ការ​សម្លាប់​លោក ហូ សុខ និង​កងទ័ព​រាជា​និយម​ហ៊្វុនស៊ិនប៉ិច​រាប់សិប​នាក់​នៅ​អំឡុង​ពេល​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ គឺជា​បទឧក្រិដ្ឋ​សង្គ្រាម ឬ​ជា​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្សជាតិ​នោះ អាជ្ញាយុកាល​នៃ​ល្មើស និង​បណ្ដឹង​អាជ្ញា​ប្រឆាំង​នឹង​ជនល្មើស​មិន​ចេះ​ផុត​រលត់​ឡើយ ពោល​គឺ​ជនរងគ្រោះ និង​អ្នកមាន​ផលប្រយោជន៍​ក្នុង​សំណុំ​រឿង​នេះ នៅតែ​អាច​ដាក់​ពាក្យ​បណ្តឹង​សើរើ​រហូត​ទៅ ដូចដែល​សាលា​ក្តី​ខ្មែរក្រហម​កំពុងតែ​ដំណើរការ​ជំនុំជម្រះ និង​ផ្ដន្ទាទោស​មេ​ដឹក​ខ្មែរក្រហម ដូច្នេះ​ដែរ។

ឧក្រិដ្ឋកម្ម​មួយ​ដែល​សាលា​ក្តី​ខ្មែរក្រហម​បាន​ជំនុំជម្រះ និង​ផ្ដន្ទាទោស​លោក នួន ជា និង​លោក ខៀវ សំផន ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​នោះ គឺ​ការ​សម្លាប់​ឈ្លើយសឹក ឬ​ការ​សម្លាប់​អតីត​បច្ចាមិត្ត ដែល​គ្មាន​លទ្ធភាព​តដៃ​។ ភា្លមៗ​ក្រោយ​ឡើង​កាន់​អំណាច​នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​ប្រមូល​អតីត​ទាហាន និង​មន្ត្រី​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ចន្លោះ​ពី​២០០០ (​ពីរ​ពាន់​) ទៅ​៣០០០ (​បី​ពាន់​) នាក់​យក​ទៅ​បាញ់សម្លាប់​ចោល​នៅ​ទួល​ពោធិ៍ជ្រៃ ក្នុង​ខេត្ត​ពោធិ៍សាត់ ដោយ​បញ្ឆោត​ថា ឱ្យ​ទៅ​ទទួល​សម្ដេច​ឳ។

ការ​ប្រហារជីវិត​អតីត​ទាហាន លន់ នល់ នៅ​ទួល​ពោធិ៍ជ្រៃ​នៅ​ឆ្នាំ​១៩៧៥ និង​ការ​ប្រហារ​ជីវិត​ទាហាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច អំឡុង​រដ្ឋប្រហារ​ថ្ងៃ​៥-៦ កក្កដា ឆ្នាំ ១៩៩៧ មាន​លក្ខណៈ​ស្រដៀង​គ្នា​។ ស្រដៀង​គ្នា គឺ​ត្រង់​ថា ជនរងគ្រោះ​ត្រូវ​បាន​ចាប់ខ្លួន និង​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ មុន​ត្រូវ​បាញ់សម្លាប់។

របាយការណ៍​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បញ្ជាក់​ថា អំឡុង​ពេល​រដ្ឋប្រហារ​ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី៧ កក្កដា ឆ្នាំ​១៩៩៧ កងទ័ព​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី​២ បាន​សម្លាប់​ក្រៅច្បាប់​នូវ​ពលទាហាន មន្ត្រី​ប៉ូលិស និង​យោធា​ជាន់ខ្ពស់​រាប់​សិប​នាក់​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី​ទី​១។ មន្ត្រី​សិទ្ធិមនុស្ស​សហប្រជាជាតិ​ឱ្យ​ដឹង​ទៀត​ថា គេ​បាន​រក​ឃើញ​សាកសព​ខ្លះ​នៃ​ទាហាន និង​មន្ត្រី​រាជា​និយម​ទាំងនោះ ស្ថិត​ក្នុង​ដៃ​ជាប់​ចំណង ក្រណាត់​រុំ​មុខ ស្លៀក​ខោខ្លី និង​លលាដ៍ក្បាល​ត្រូវ​បាន​បាញ់​បំបែក​ដោយ​គ្រាប់កាំភ្លើង​។ នេះ​បញ្ជាក់​ថា នៅមុន​ពេល​ត្រូវ​បាញ់សម្លាប់ ពួកគេ​ស្ថិត​ក្រោម​ការ​ឃុំខ្លួន និង​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ​រួចទៅ​ហើយ។

ច្បាប់​សង្គ្រាម ឬ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ដែល​ចែង​ក្នុង​អនុសញ្ញា​ក្រុង​ហ្សឺណែវ កំណត់​ថា ទាហាន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​សមរភូមិ ឬ​បាន​ទម្លាក់អាវុធ​ចុះចូល គឺជា​ឈ្លើយសឹក ឬ​អ្នក​ទោស​សង្គ្រាម​។ ជីវិត និង​សេចក្ដីថ្លៃថ្នូរ​ក្នុងនាម​ជា​មនុស្សជាតិ​របស់​ពួកគេ​ត្រូវ​ទទួល​បាន​ការ​ការពារ ហើយ​បន្ទាប់​ពី​ចប់​សង្គ្រាម ពួកគេ​ត្រូវ​បាន​ដោះលែង​។ ការ​ប្រហារ​ជីវិត​សត្រូវ​របស់​ខ្លួន ដែល​បាន​ទម្លាក់អាវុធ ឬ​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ ឬ​ខណៈ​ស្ថិត​ក្រោម​ការ​ឃុំខ្លួន គឺជា​ការ​រំលោភ​ច្បាប់​សង្គ្រាម និង​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។

ងាក​មក​ភរិយា​របស់​លោក ហូ សុខ គឺ​លោកស្រី ជា គឹមវិញ​។ លោកស្រី​មាន​ប្រសាសន៍​ថា ពីដំបូងៗ កូន​របស់​លោកស្រី​មាន​កំហឹង​ខ្លាំង​ណាស់​ក្រោយ​បាន​ដឹង​ថា ឪពុក​ខ្លួន​ត្រូវ​ឃាតក​បាញ់សម្លាប់​ខណៈ​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​។ ប៉ុន្តែ​ពេលវេលា​បាន​ជួយ​ធ្វើឱ្យ​ពួកគេ​រំសាយ​កំហឹង​បន្តិច​ម្តងៗ ហើយ​ចំណែក​លោកស្រី​វិញ ដើម្បី​អាច​រស់​ក្នុង​ភាព​ស្ងប់ស្ងាត់​ក្នុង​ចិត្ត​ទៅ​បាន លោកស្រី​សូម​ឱ្យ​អហោសិកម្ម​ត្រឹមណឹង​ទៅ​ចុះ ដោយ​ថ្វាយ​រឿង​នេះ​ជូន​ព្រះ​យេស៊ូគ្រិស្ត ជា​អ្នក​សម្រេច​ជំនួស​លោកស្រី​ទៅ​វិញ ពីព្រោះ​លោកស្រី​ថា មនុស្សលោក​លោភលន់​ណាស់ មិន​ចេះ​ស្កប់ស្កល់​ឆ្អែតឆ្អន់​ទេ ដូច្នេះ​មាន​តែ​ព្រះ​ទេ ដែល​អាច​សម្រេច​វាសនា​របស់​ពួកគេ៖ «ខ្ញុំ​មានតែ​ការ​អត់​ទោស​ឱ្យ​គេ​ប៉ុណ្ណោះ ដើម្បី​ឱ្យ​ជីវិត​ទៅ​មុខ​ទៀត​។ មនុស្ស​ចង់​បាន មនុស្ស​ចង់​មាន មនុស្ស​ចង់បាន​អំណាច​គ្រប់គ្រង មិន​ចេះ​ចប់​ទេ អត់​ស្កប់ស្កល់​ទេ​មនុស្ស មានតែ​ស្វែងរក​ព្រះហឫទ័យ​ពី​ព្រះអង្គ​រក​យុត្តិធម៌​។ កូន​ខ្ញុំ​ដូច​ថា គាត់​ស្ងប់​អារម្មណ៍​អស់​ទៅ ម៉្លោះ​ហើយ​គាត់​មិន​ដែល​រម្លឹក​អី​ទេ។ គាត់​គ្រាន់តែ​ដឹង​ថា គេ​សម្លាប់​ឪពុក​គាត់​ដោយ​អយុត្តិធម៌ ដោយ​បាញ់​នៅ​ក្រសួង​មហាផ្ទៃ»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល