លោក​ កឹម​ សុខា​ គ្មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​​​ដែល​ក្រសួង​យុត្តិធម៌​គ្រោង​ដោះលែង​ និង​បន្ធូរបន្ថយ​​ទោស​​ក្នុង​ពិធី​បុណ្យ​អុំទូក​ទេ

ដោយ ហេង រស្មី
2019-10-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ទោស​នៅ​ពន្ធនាគារ​ព្រៃស ជាយ​រាជធានី​ភ្នំពេញ។
អ្នក​ទោស​នៅ​ពន្ធនាគារ​ព្រៃស ជាយ​រាជធានី​ភ្នំពេញ។
RFA

លោក​ កឹម​ សុខា​ គ្មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​​ដោះលែង​ និង​បន្ធូរបន្ថយ​អ្នក​ទោស​ ​ក្នុង​ពិធី​បុណ្យ​អុំទូក​ទេ។​

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី២៩ តុលា​ថា លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និង​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត​ដែល​របប​លោក​ ហ៊ុន សែន​ ចាប់​ខ្លួន​ កាល​ពី​ពេល​ថ្មីៗ ​នេះ ​គ្មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​លើក​លែង​ទោស​ និង​បន្ធូរបន្ថយ​ទោស​ក្នុង​ពីធី​បុណ្យ​អំទូក​នាពេល​ខាង​មុខ​នេះ​ទេ។​

ក្រសួង​យុត្តិធម៌​គ្រោង​បន្ធូរ​បន្ថយ និង​លើក​លែង​​ទោស​ដល់​អ្នក​ទោស​ចំនួន ៥១២នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៥៨នាក់ នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក ដែល​ប្រព្រឹត្ត​ទៅ​ពី​​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី១២ ខែ​វិចិ្ឆកា ឆ្នាំ២០១៩ ខាង​មុខ​នេះ

លោក ជិន ម៉ាលីន អះអាង​ថា ចំពោះ​គោលការណ៍​ច្បាប់​ក្នុង​ការ​លើក​លែង​ទោស​ និង​បន្ធូរបន្ថយ​ទោស​ក្រសួង​មិន​បាន​ផ្តោត​លើ​អ្នក​ទោស​ទាំង​នោះ ជា​សកម្មជន​គណបក្ស​នយោបាយ​ទេ គឺ​សំខាន់​ឱ្យ​តែ​អ្នក​ទោស​នោះ​បំពេញ​ទៅ​តាម​ច្បាប់​បាន​កំណត់។​

លោក​បញ្ជាក់​ថា ចំពោះ​កម្ពុជា​គ្មាន​អ្នក​ទោស​នយោបាយ​ទេ៖ «មែន​ទែន​រឿង​លើក​លែង​ទោស​និង​បន្ធូរបន្ថយ​ទោស​ហ្នឹង​គេ​មាន​យន្តការ និង​និតិវិធី​វាយ​តម្លៃ​ច្បាស់លាស់​ណាស់។ មាន​ការ​ចូលរួម​ទាំង​ថ្នាក់​ជាតិ​ រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ​ មាន​ការ​វាយ​តម្លៃ​តាំង​ពី​ក្នុង​ពន្ធនាគារ​ តាំងពី​គណៈកម្មការ​ថ្នាក់​ខេត្ត​ រហូត​ដល់​គណៈកម្មការ​ថ្នាក់​ជាតិ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អនុប្រធាន​អង្គការ​ លីកាដូ​ ទទួល​បន្ទុក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​លោក​ អំ សំអាត​ មាន​ប្រសាសន៍​ថា​ ក្រសួង​យុត្តិធម៌​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​សុក្រឹតភាព និង តម្លាភាព​​ដោយ​គ្មាន​​ការ​រើស​អើង។

គេ​ហទំព័រ​របស់​ក្រសួង​យុត្តធម៌​បាន​បញ្ជាក់​​​ថា អង្គ​ប្រជុំ​បាន​សម្រេច​ធ្វើសំណើ​​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល​​ពិនិត្យ និង​សម្រេច​ទូលថ្វាយ​ព្រះមហាក្សត្រ​ ក្នុង​ការ​ផ្តល់​ការ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប ៩០នាក់ (ស្រី ១៧នាក់) ដែល​នៅ​​ក្នុង​នោះ បន្ថយ​ទោស ៦ខែ ចំនួន ៥៨នាក់ (ស្រី ១៣នាក់) បន្ថយ​ទោស ៩ខែ ចំនួន ១៤នាក់ (ស្រី​ម្នាក់) បន្ថយ​ទោស ១២ខែ ចំនួន ៨នាក់ (ស្រី​ម្នាក់) លើក​លែង​ទោស ​ចំនួន ១០​នាក់ (ស្រី ២នាក់)

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អយ្យការ និង​ជា​អនុប្រធាន​លេខាធិការដ្ឋាន​នៃ​ក្រសួង​យុត្តិធម៌​ លោក សុច សុផាន់​ណា​រ៉ា បាន​ថ្លែង​នៅ​ក្នុង​​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ដើម្បី​ពិនិត្យ​បញ្ជី​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស និង​លើកលែង​ទោស​កាល​ពី​ថ្ងៃ​ទី២១ តុលា​ថា កម្ពុជា​មាន​អ្នក​ទោស​ជាង​ ៣៤.០០០នាក់​ ក្នុង​នោះ​មាន​ស្រ្តី​ជាង ១.០០០​នាក់​កំពុង​ជាប់​ពន្ធនាគារ​នៅ​ពន្ធនាគារ​ ខេត្ត​ក្រុង​ចំនួន​ ២៣​ និង​មណ្ឌល​កែប្រែ​ចំនួន​ ៤​ ក្នុង​ប្រទេស​កម្ពុជា ហើយ​ក្នុង​ចំណោម​នោះ​ក៏​មាន​អ្នក​ទោស​ជាជន​បរទេស​ជាង​ ១.០០០​នាក់​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល