អង្គការ​លើកលែងទោស​អន្តរជាតិ​ទាមទារ​ឱ្យ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​លើ​ស្ត្រី​លក់​តាម​អនឡាញ

ដោយ ហេង រស្មី
2020-02-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី​អ្នកលក់​អនឡាញ ឈ្មោះ វ៉ាន់ រចនា ហៅ ថៃ ស្រីនាង (រូប​កណ្ដាល) ត្រូវសមត្ថកិច្ច​ បញ្ជូន​ទៅ​តុលាការ​ នៅ​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​ចោទប្រកាន់​ពី​បទ​បង្ហោះ​រូបភាព និង​សម្ភារ​:​អាសអាភាស។
ស្ត្រី​អ្នកលក់​អនឡាញ ឈ្មោះ វ៉ាន់ រចនា ហៅ ថៃ ស្រីនាង (រូប​កណ្ដាល) ត្រូវសមត្ថកិច្ច​ បញ្ជូន​ទៅ​តុលាការ​ នៅ​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​ចោទប្រកាន់​ពី​បទ​បង្ហោះ​រូបភាព និង​សម្ភារ​:​អាសអាភាស។
រូប​ហ្វេសប៊ុក​ស្នងការនគរបាលរាជធានីភ្នំពេញ

អង្គការ​លើកលែងទោស​អន្តរជាតិ​ទាមទារ​ឱ្យ​តុលាការ​ក្រុងភ្នំពេញ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោកស្រី វ៉ែន រចនា អ្នក​លក់​តាម​អ៊ីនធឺណិត ឬ​​អនឡាញ​និយាយ ថា ធ្វើ​ឡើង ដោយ​គ្មាន​តម្លាភាព​ការ​រំលោភបំពាន​រើសអើង​សិទ្ធិ សេរីភាព​បញ្ចេញមតិ​របស់​ស្ត្រី។ មន្ត្រី​រដ្ឋាភិបាល​ថា អង្គការ​អន្តរជាតិ​មួយ​នេះ​មិន​យល់​ច្បាប់​ពី​ប្រទេស​កម្ពុជា។

អង្គការ​លើកលែងទោស​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​បាន​ចាត់​ទុក​ការ​ចោទប្រកាន់​របស់​តុលាការ​ថា គឺជា​ការប្រមាថ ចំពោះ​សមភាព​យេនឌ័រ និង​ជា​ការ​ចំអក​ដល់​នីតិរដ្ឋ​នៅ​កម្ពុជា។

លោក នី កូឡា ប៊ីឃ្វីលីន (Nicholas Bequelin) នាយក​អង្គការ​លើកលែងទោស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ការ​ចោទប្រកាន់​និង​ឃុំខ្លួន អ្នក​លក់​អីវ៉ាន់​តាម​បណ្តាញ​សង្គម ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ និង​សិទ្ធិ​សេរីភាព​ស្ត្រី​កម្ពុជា និង​ការ​លេង​សើចចំអក​ទៅលើ​នីតិរដ្ឋ​នៅ​ក្នុង​កម្ពុជា​ផង​ដែរ។

តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២១ កុម្ភៈ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន អ្នកលក់​តាម​អ៊ីនធឺណិត ឬ​តាម​អនឡាញ គឺ​លោកស្រី វ៉ាន់ រចនា ហៅ ថៃ ស្រីនាង នៅ​ពន្ធនាគារ​ម ២ ជា​បណ្ដោះអាសន្ន​ដើម្បី​រង់​ចាំ​ជំនុំជម្រះ​ទោស ក្រោយ​បទចោទប្រកាន់​តាម​មាត្រា ៣៨ -៣៩ នៃ​ច្បាប់​ស្ដីពី​« អាជីវកម្ម​ផ្លូវ​ភេទ​» និង​បញ្ញត្តិ​មាត្រា ២៤៩ នៃ​ក្រមព្រហ្មទណ្ឌ។

លោក នី កូឡា ប៊ីឃ្វីលីន​បន្ត​ថា ការចោទប្រកាន់​ទៅលើ​លោកស្រី ថៃ ស្រីនាង ជា​ការ​ប្រើប្រាស់​រំលោភ​ច្បាប់​។ លោក​ថា ច្បាប់​ដែល​ប្រើប្រាស់​ប្រឆាំង​លោកស្រី គឺ​សម្រាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ប៉ុន្តែ​តុលាការ​បាន​យក​មក​ប្រើ​ប្រាស់​ប្រឆាំង​នឹង​ស្ត្រី​ទៅវិញ។

លោក​បន្ថែម​ទៀត​ថា អំពើ​ហិង្សា​លើ​ស្ត្រី និង​ភាព​មិន​ស្មើគ្នា​ចំពោះ​ស្ត្រី កំពុង​រាតត្បាត​នៅ​កម្ពុជា ហើយ​ករណី ស្រីនាង បណ្ដាល​បញ្ហា​បង្គាប់​បញ្ជា​កំពុង​រាត​ល្បាត​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។

ឆ្លើយ​តប​នឹង​ការ​លើកឡើង​របស់​អង្គការ​សិទ្ធិមនុស្ស​នេះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន ប្រាប់​អាស៊ីសេរី​ថា ការសម្រេច​ឃុំ​ខ្លួន​របស់​តុលាការ​ទៅលើ​លោកស្រី វ៉ែន រចនា គឺ​ផ្នែក​ទៅលើ​ទិដ្ឋភាព​ទាំងស្រុង។ លោក​បញ្ជាក់​ថា អង្គការ​អន្តរជាតិ​មួយ​នេះ​មិន​មាន​សមត្ថភាព​មក​បក​ស្រាយ​ច្បាប់​ដែល​ផ្ដល់​ដោយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​នោះ​ទេ៖ «ប្រតិកម្ម​របស់ Amnesty International នេះ​គឺ ដូចជា​មិន​ផ្អែក​ទៅ​លើ​ទិដ្ឋភាព​ច្បាប់​ទាល់​តែ​សោះ ហើយ​បកស្រាយ​ច្បាប់​កម្ពុជា​ខុស​ទៀត​ផង។ អ៊ីចឹង​ប្រតិកម្ម​នេះ​គឺជា​ប្រតិកម្ម​ទាំង​មិន​យល់​ពី​ទិដ្ឋភាព​ច្បាប ហើយក៏​មិន​យល់​ពី​បរិបទ​វប្បធម៌​របស់​កម្ពុជា​ផង​ដែរ»

បន្ថែម​លើ​ចំណាត់​តាមរយៈ​តុលាការ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ បាន​លើកឡើង​ថា ក្រសួង កំពុង​ពិនិត្យ​លទ្ធភាព​បង្កើត​ច្រក​ទ្វារ Internet តែមួយ និង​ការ​ចាត់​វិធានការ លើ​គណនី​/​ផេក​នៃ​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​គេហទំព័រ ដែល​បង្ហោះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សីលធម៌ និង​សេចក្ដីថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ។

ទោះបីជា​យ៉ាងណា អ្នកស្រី អេង ច័ន្ទឌី អ្នកគ្រប់គ្រង​កម្មវិធី​តស៊ូម​តិ និង​បណ្ដាញ​នៃ​អង្គការ​យេនឌ័រ និង អភិវឌ្ឍន៍​ដើម្បី​សន្តិភាព បាន​ចាត់​ទុក​ការសម្រេច​របស់​តុលាការ​ថា បាន​ធ្វើ​ឡើង​ដោយ​ហួសហេតុ​ពេក​ទៅលើ​ស្ត្រី​ដែល​គ្រាន់តែ​ប្រកបមុខរបរ​ស្របច្បាប់​តាម​បណ្ដាញ​សង្គម​ប៉ុណ្ណោះ។ អ្នកស្រី​និយាយ​ថា អង្គការ​របស់​អ្នកស្រី​នឹង​ពិភាក្សា​គ្នា​បន្ត​ទៀត ដើម្បី​រក​មេធាវី​ការពារ​ក្តី​ឱ្យ​លោកស្រី វ៉ែន រចនា ដើម្បី​ឱ្យ​បាន​រួចផុត​ពី​ការចោទប្រកាន់​តាម​ផ្លូវ​ច្បាប់៖ «ដោយសារតែ​រឿង​ហ្នឹង​ដូច​នៅ​ក្នុង​លិខិត​ចំហ​របស់​យើង​និយាយ​អ៊ីចឹង​ថា វា​នឹង​មាន​ផល​ប៉ះពាល់​ច្រើន​ទាក់ទិន​និង​សិទ្ធិ សេរីភាព​របស់​ស្ត្រី​ជាច្រើន​នាក់​ថែមទៀត យើង​នៅតែ​បន្ត​តាមដាន​ទៀត​តែ​មកដល់ពេលនេះ ខ្ញុំ​អត់​ទាន់​អាច​ប្រាប់​បាន​ថា យើង​នឹង​ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត ឬ​យ៉ាងណា​ពីព្រោះ​យើង​អត់​ទាន់​បាន​ជួប​គ្នា​ជាមួយ​នឹង​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់»

អង្គការ​លើកលែងទោស​អន្តរជាតិ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​របស់​ខ្លួន​បាន​ចាត់​ទុក​ថា ជំនួស​ដោយ​ការប្រមាថ​និង​ការ​យាយី​មក​លើ​ស្ត្រី​ដែល​ព្យាយាម​រកលុយ​តាម​អ៊ីនធឺណិត​នោះ រដ្ឋាភិបាល​កម្ពុជា​គួរតែ​ដោះស្រាយ​នូវ​មូលហេតុ​ដើម​នៃ​កំណត់ត្រា​គួរ​ឱ្យ​ស្អប់​របស់​ខ្លួន​ចំពោះ​សិទ្ធិ​របស់​ស្ត្រី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល