អ្នកវិភាគ​និង​អ្នកច្បាប់​ថា របប​ក្រុងភ្នំពេញ​ព្រមាន​ពលរដ្ឋ​មិន​ឲ្យ​តវ៉ា​ដោះលែង​លោក រ៉ុង ឈុន ព្រោះ​ខ្លាច​ធ្លាក់​ពី​អំណាច

ដោយ ទីន ហ្សាការីយ៉ា
2020-08-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​អ្នក​ដែល​គោរព​ស្រឡាញ់​លោក រ៉ុង ឈុន តវ៉ាទាមទារ​ឱ្យដោះលែងលោក នៅ​ថ្ងៃ​ទី៥ ខែសីហា ឆ្នាំ២០២០។
ក្រុម​អ្នក​ដែល​គោរព​ស្រឡាញ់​លោក រ៉ុង ឈុន តវ៉ាទាមទារ​ឱ្យដោះលែងលោក នៅ​ថ្ងៃ​ទី៥ ខែសីហា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

អ្នកវិភាគ​លើក​ឡើង​ថា អាជ្ញាធរ​របប​លោក ហ៊ុន សែន កំពុងតែ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​ប្រើប្រាស់​តុលាការ​ដែល​លម្អៀង​ទៅ​រក​គណបក្ស​កាន់អំណាច។ លោក រ៉ុង ឈុន ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ថ្មីៗ នេះ បាន​ផ្ដែផ្ដាំ​ពី​ពន្ធនាគារ​ឲ្យ​ពលរដ្ឋ​ទាំង​អស់ កុំ​តក់ស្លុត ចំពោះ​ការ​ព្រមាន ឬ​ការ​គំរាម​កំហែង​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ។

អ្នកច្បាប់ និង​អ្នកវិភាគ​អះអាង​ថា របប​លោក ហ៊ុន សែន ខ្លាច​កម្លាំង​មហាជន​ជួបជុំ​គ្នា​តវ៉ា​ដោះ​លែង​លោក រ៉ុង ឈុន កាន់តែ​ច្រើន​ឡើង ទើប​ចេញ​លិខិត​ព្រមាន​ក្រុម​អ្នក​តវ៉ា ហើយ​យកលេស​រឿង​សណ្ដាប់ធ្នាប់​សាធារណៈ​និង​សន្តិសុខ​សង្គម​ជា​ខែល​បិទបាំង។

អ្នកវិភាគ​នយោបាយ​និរទេស​ខ្លួន គេច​ពី​ការ​តាម​ចាប់ខ្លួន​ពី​របប​លោក ហ៊ុន សែន គឺ​លោក គឹម សុខ មាន​ប្រសាសន៍​ថា របប​ក្រុង​ភ្នំពេញ ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​ច្រើន ហើយ​ធ្វើឲ្យ​ពលរដ្ឋ​រងទុក្ខ ដែល​បញ្ហា​នេះ​ហើយ ជាហេតុ​ផល​ដែល​របប​ឯក​បក្ស​ត្រូវ​ទប់ស្កាត់​ការ​ជួបជុំ មិន​ថា ការ​ជួបជុំ​ទាមទារ​ដោះ​លែង​លោក រ៉ុង ឈុន ឬ​ការ​តវ៉ា​រឿង​អយុត្តិធម៌​សង្គម​ផ្សេងៗ នោះ​ទេ របប​នេះ​ត្រូវ​តែ​ទប់​ស្កាត់។ លោក គឹម សុខ អះអាង​ថា ការ​ទប់ស្កាត់​ការ​តវ៉ា​នេះ គឺ​របប​លោក ហ៊ុន សែន ដាក់​ខ្សែ​ក្រ​វ៉ាត់​ក្រហម​ច្រើន​ជាន់ ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​តែប៉ុណ្ណោះ៖ «ក្រុម​លោក ហ៊ុន សែន គ្រាន់តែ​ប្រើ​ពាក្យ​ច្បាប់​ជា​លេស ពីមុន​គេ​ដាក់​បន្ទាត់​ក្រហម​លើ អ្នក​នយោបាយ​ប្រឆាំង អង្គ​កា​សង្គម​ស៊ីវិល សហជីព និង​លោក រ៉ុង ឈុន ជា​ប្រធាន​សហជីព​ដ៏​ល្បីល្បាញ។ បន្ទាត់ក្រហម​ទាំង​នេះ បន្ថែម​អំពើ​អយុត្តិធម៌​សង្គម រឿង​រំលោភ​ដីធ្លី ពលរដ្ឋ​ក្រីក្រ ការ​បាត់បង់ EBA រឿង​យួន​រំលោភ​លើ​ដី​ពលរដ្ឋ​ខ្មែរ ហើយ​ចុង​ក្រោយ​លួច​ឃុបឃិត​ធ្វើ​ផែន​ទី​ស្ងាត់ៗ ទាំង​អស់​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ក្ដៅ​ក្រហាយ​នៅ​តែ​ថ្ងៃ​ចាំ​ផ្ទុះ​ចេញ​ទេ»

ក្រសួង​យុត្តិធម៌ និង​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ដាច់​ដោយ​ឡែក​ពី​គ្នា ព្រមាន​ដល់​ក្រុម​អ្នក​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន ថា​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សាធារណៈ និង​សន្តិសុខ​សង្គម។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ចាត់​ទុក​សកម្មភាព ការ​ប្រមូលផ្ដុំ​មនុស្ស​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​លោក រ៉ុង ឈុន នោះ​ថា ជា​ទង្វើ​ខុស​ច្បាប់។ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​មានប្រសាសន៍​បន្ថែម​ថា ការ​តវ៉ា​នេះ ជា​ការ​ដាក់​សម្ពាធ​លើ​តុលាការ ដោយ​ចាត់ទុកថា ជា​ការបំពាន​ច្បាប់៖ «ការ​តវ៉ា​មិន​ជូនដំណឹង​សមត្ថកិច្ច ហើយ​បំពាន​លើ​ស្ថាប័ន​តុលាការ​រំលោភ​លើ​សណ្ដាប់ធ្នាប់​សាធារណៈ ជា​ការបំពាន​ច្បាប់»

ទោះបីជា​បែបនេះ​ក្ដី សហ​មេធាវី​លោក រ៉ុង ឈុន មួយ​រួប​ក្នុង​ចំណោម​មេធាវី ៤រួប គឺ​លោក​មេធាវី ហែម សុ​ជាតិ អះអាង​ថា ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការសម្ដែង​មតិ និង​ជួបជុំ​គ្នា​ទាមទារ​រឿង​អយុត្តិធម៌​​សង្គម ដែល​សិទ្ធ​ទាំង​នេះ មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា៣៧ ផង និង​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ផង។ លោក​មេធាវី ហែម សុ​ជាតិ បន្ថែម​ថា ពលរដ្ឋ គ្រូបង្រៀន កម្មករ ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន នេះ គ្មាន​ខុសច្បាប់​អ្វី​ឡើយ។ ផ្ទុយទៅវិញ បើសិនជា​សមត្ថកិច្ច​ខ្លាច​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​នោះ សមត្ថកិច្ច​គួរតែ​សម្រួល​ដល់​អ្នក​តវ៉ា​រៀបចំ​សណ្ដាប់ធ្នាប់​ដូចដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយសន្តិវិធី៖ «ការ​ធ្វើបាតុកម្ម​ ឬ​កូដកម្ម​ណាមួយ​ធ្វើឡើង​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​កូដកម្ម ឬ​បាតុកម្ម​គាត់​មាន​សិទ្ធិ​ធ្វើ។ ហើយ​សិន​ជា​ការ​ធ្វើ​នោះ ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ អាជ្ញាធរ​ត្រូវ​រៀបចំ​សម្រួល​ឲ្យ​ពួក​គាត់​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី»

គិត​ចាប់​ពី​ថ្ងៃ​តុលាការ​ទៅ​ចាប់​ខ្លួន​លោក រ៉ុង ឈុន ទាំង​យប់​ថ្ងៃ​ទី៣១ កក្កដា​មក ក្រុម​អង្គការ​សង្គម​ស៊ីវិល ជាតិ​-អន្តរជាតិ សហជីព រួម​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ផង បាន​ចេញ​សេចក្ដីថ្លែង​ការណ៍ ថ្កោលទោស​របប​លោក ហ៊ុន សែន និង​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន វិញ ជា​បន្ត​បន្ទាប់។ ក្រៅពី​នេះ​សន្ទុះ​អ្នក​តវ៉ា ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន វិញ ក៏​កាន់តែ​ផុលផុស​ដែរ មិន​ថា​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ក្រៅ​ស្រុក និង​នៅ​ក្នុង​ស្រុក​នោះ​ទេ។ កម្មករ​សំណង់​មួយ​រួប​ធ្វើការ​នៅ​ប្រទេស​ថៃ ប្ដេជ្ញា​ថា នឹង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង​លោក រ៉ុង ឈុន ទាល់តែ​បាន។ លោក​អះ​អា​ថា លោក​មិន​ខ្លាច​ការ​គំរាម​កំហែង​ពី​របប​លោក ហ៊ុន សែន ឡើយ៖ «ពួក​យើងខ្ញុំ​ទាំង​អស់​គ្នា​នៅតែ​ធ្វើ​បន្ត​ទៅទៀត លុះត្រាតែ​ដោះលែង​លោក​គ្រូ រ៉ុង ឈុន បើមិនដូច្នោះទេ ពួក​យើងខ្ញុំ​នៅតែ​បន្ត​ធ្វើ​បាតុកម្ម​រហូត គឺ​មិន​ត្រូវការ​រដ្ឋាភិបាល​អាំ​យ៉ង​បរទេស​នោះ​ទេ»

ក្មួយប្រុស​បង្កើត លោក រ៉ុង ឈុន គឺ​លោក រ៉ុង វិជ្ជា ដែល​បាន​ទៅ​សួរសុខទុក្ខ​លោក រ៉ុង ឈុន ក្នុង​ពន្ធនាគារ​នោះ​ឲ្យដឹង​ថា លោក រ៉ុង ឈុន សូម​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ និង​ទាមទារ​យុត្តិធម៌​ជូន​លោក។ បន្ថែម​ពីនេះ លោក រ៉ុង ឈុន ក៏បាន​ផ្ដែផ្ដាំ​ឲ្យ​ពលរដ្ឋ​ទាំងអស់​រឹងមាំ​ឡើង កុំ​តក់ស្លុត ចំពោះ​ការ​គំរាមកំហែង៖ «លោក​គ្រូ​រ៉ុង ឈុន បាន​ផ្ដែផ្ដាំ​តាមខ្ញុំ សូមឲ្យ​លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី និង​បងប្អូន​ទាំងអស់ គោរព​ស្រលាញ់​គាត់ ស្រលាញ់​យុត្តិធម៌​សង្គម កុំ​តក់ស្លុត​បាក់ស្បាត​ឲ្យសោះ ត្រូវតែ​រឹងមាំ​ស្វែងរក​ការពិត រក​យុត្តិធម៌​សង្គម​ទាំង​អស់​គ្នា»

តុលាការ​បាន​ចោទប្រកាន់ លោក រ៉ុង ឈុន ពី​បទ “ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ”តាម​មាត្រា៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ” ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន។ មេធាវី​ការពារ​ក្ដី លោក រ៉ុង ឈុន មួយ​រួប​ទៀត គឺ​លោក​មេធាវី សំ សុ​គង់ មានប្រសាសន៍​ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន និង​ចោទ​ប្រកាន់​នេះ ជា​ការ​ចោទ​ប្រកាន់​មិន​ត្រូវ​តាមច្បាប់​ឡើយ។ លោក​បញ្ជាក់​ថា ករណី​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ ជា​រឿង​នយោបាយ មិន​មែន​ដោយសារ​តែ​លោក​រិះគន់​ពី​បញ្ហា​ព្រំដែន​នោះ​ទេ។ លោក​បញ្ជាក់​ថា មូលហេតុ​ចម្បង​ដែល​តុលាការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន នេះ ដោយសារ​តែ​លោក រ៉ុង ឈុ​ន បាន​ដឹក​នាំ​កម្មករ​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល​ជួយ​ដោះ​ស្រាយ​វិវាទ​ការងារ​ជួន​កម្មករ​យ៉ាង​សកម្ម។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​ថា ក៏​លើកឡើង​ដែរ​ថា ថ្ងៃ​ទី១២ សីហា​បាន​ខិត​ជិត​មកដល់ ដែល​ជា​ថ្ងៃ​សហភាព​អឺរ៉ុប​នឹង​ចាប់​ផ្ដើម​គិត​ពន្ធ​លើ​មុខទំនិញ គ្រប់មុខ​លើកលែងតែ​អាវុធ EBAចំនួន ២០%ពី​កម្ពុជា។ បញ្ហា​នេះ ធ្វើ​ប៉ះពាល់​ដល់​កម្មករ​ធ្ងន់ធ្ងរ ពិសេស​ការបាត់បង់​ការងារ ដូច្នេះ​ហើយ​ទើប​របប​លោក ហ៊ុន សែន​ចាប់ខ្លួន លោក រ៉ុង ឈុន ជា​មុន ព្រោះ​ដឹង​ថា លោក រ៉ុង ឈុន នឹង​ដឹក​នាំ​កម្មករ​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

stop fear yourself pple and fear is dictator himself...time to let him rest in hell

Wake up all khmer military men,police men and all pple and get be smart at this time,stop waste times and your energy for nothing"is enough is enough".Time to topple this fascist regime as u all can"dead or alive no matter"find the way to determinate this monster man as u can.Spread the words to liberate your country from this nvc's puppet govm't as immediately.So,all khmer pple have to do with many ways to determination this horrible man out of Cambodia.

Aug 05, 2020 05:30 PM

គេហទំព័រ​ទាំងមូល