ក្រុមគ្រូបង្រៀនចំនួន ១១នាក់ បានសម្រេចប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញ ករណីក្រសួងអប់រំលុបឈ្មោះពួកគេចេញពីក្របខ័ណ្ឌ។ អ្នកឃ្លាំមើលសង្គម ស្នើឱ្យភាគីទាំងពីរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រោះនេះជារឿងរដ្ឋបាល។
ប្រធានសហភាពសហជីពកម្ពុជា និងជាតំណាងក្រុមគ្រូបង្រៀនដែលត្រូវក្រសួងលុបឈ្មោះចេញពីក្របខ័ណ្ឌ លោក រ៉ុង ឈុន ថ្លែងថា ក្រុមគ្រូបង្រៀនមិនពេញចិត្តឡើយចំពោះការសម្រេចរបស់តុលាការក្រុងភ្នំពេញ ដែលមិនចាត់ការលើបណ្ដឹងរបស់ពួកលោក។ លោកថា សាលក្រមនេះជារឿងដែលមិនអាចទទួលយកបាន ហេតុដូច្នេះទើបពួកលោកដាក់បណ្ដឹងឧទ្ធរណ៍ដោយសង្ឃឹមថា សាលាឧទ្ធរណ៍នឹងជំនុំជម្រះរឿងនេះដោយយុត្តិធម៌៖ «យើងមានការសោកស្ដាយចំពោះតុលាការដែលធ្វើការសម្រេចយ៉ាងអយុត្តិធម៌មកលើក្រុមគ្រូបង្រៀន យើងដឹងហើយក្រសួងអប់រំចេញប្រកាសលុបឈ្មោះក្រុមគ្រូបង្រៀននេះដោយចោទថា អវត្តមានគ្មានច្បាប់បោះបង់បោះបង់ការងារចោលតាមការពិតការចោទប្រកាន់នេះខុសទាំងស្រុង»។
កាលពីថ្ងៃទី២២ មេសា កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមរដ្ឋប្បវេណីស្របទៅតាមសំណើរបស់តំណាងក្រសួងអប់រំ ដោយបានលើកចោលបណ្ដឹងរបស់ក្រុមគ្រូបង្រៀន ក្រោមហេតុផលថា បណ្ដឹងនេះធ្វើឡើងហួសកាលកំណត់នៃច្បាប់។ ចំពោះការលើកឡើងរបស់ក្រុមគ្រូបង្រៀនអំពីលិខិតស្នើសុំអន្តរាគមន៍ដែលពួកគេបានដាក់ជូនខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន នោះវិញ តុលាការសម្រេចថា លិខិតទាំងនោះពុំមានភាពត្រឹមត្រូវតាមច្បាប់ឡើយ។
ទោះជាយ៉ាងណា លោក រ៉ុង ឈុន នៅតែអះអាងថា ពួកលោកមិនបានផ្លោះសិទ្ធិក្នុងការប្ដឹងផ្ដល់ករណីនេះឡើយ គ្រាន់តែពួកលោកនៅរង់ចាំការឆ្លើយតបពីលោក ហ៊ុន សែន និងរដ្ឋមន្ត្រីមន្ត្រីក្រសួងអប់រំ ក្រោយពេលដាក់លិខិតស្នើសុំអន្តរាគមន៍។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំ លោក ឌី ខាំបូលី ដើម្បីសុំការឆ្លើយតបរឿងក្រុមគ្រូបង្រៀនដាក់បណ្ដឹងឧទ្ធរណ៍នេះបានទេ នៅថ្ងៃទី១៦ ឧសភា ដោយលោកមិនលើកទូរស័ព្ទ។
ប្រធានអង្គការសម្ពន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សម្ដែងការសោកស្ដាយដែលតុលាការក្រុងភ្នំពេញមិនបានចាត់ការលើបណ្ដឹងរបស់ក្រុមគ្រូបង្រៀន។ លោកមើលឃើញថា រឿងនេះមិនពិបាកដោះស្រាយឡើយ ព្រោះជារឿងបែបបទរដ្ឋបាលជាជាងបញ្ហាផ្លូវច្បាប់ ក៏ប៉ុន្តែសំខាន់នៅត្រង់ថា តើភាគីក្រសួងព្រមដោះស្រាយរឿង ឬអត់។ លោកជឿថា ប្រសិនបើក្រសួងមិនចង់ដោះស្រាយទេទោះ ទោះបីជារឿងក្តីនេះដំណើរការដល់ណាក៏ដោយ ក៏ក្រុមគ្រូបង្រៀននឹងមិនទទួលបានយុត្តិធម៌ដែរ៖ «ការដោះស្រាយបញ្ហាមានតែការយោគយល់ការពិចារណានៅក្នុងផលប្រយោជន៍រួមមួយដើម្បីឈានទៅរកដំណោះស្រាយ។ ប៉ុន្តែរឿងដែលមិនអាចជជែកគ្នាបានបែបនេះយើងសំដែងការសោកស្ដាយដែរ»។
ក្រសួងអប់រំ យុវជន និងកីឡា បានលុបឈ្មោះក្រុមគ្រូបង្រៀនចំនួន ១៣ នាក់ ចេញពីក្របខ័ណ្ឌ កាលពីដើមឆ្នាំ ២០១៨ កន្លងទៅនេះ ក្រោមហេតុផលថា ពួកគេបានបោះបង់ចោលការងារ និងមួយចំនួនទៀត អវត្តមានដោយគ្មានច្បាប់អនុញ្ញាត។
ទោះជាយ៉ាងណា ក្រុមគ្រូបង្រៀនបានបដិសេធការចោទប្រកាន់នេះ និងថាក្រសួងអប់រំបានអនុវត្តផ្ទុយទៅនឹងច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ ពួកគេចាត់ទុក ចំណាត់ការរបស់ក្រសួង គឺជារឿងនយោបាយសុទ្ធសាធ ព្រោះពួកគេជាអតីតសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច ក្រោយរបបក្រុងភ្នំពេញបានរំលាយគណបក្សនេះចោល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
លោក រ៉ុង ឈុន មានជំនឿថា ប្រសិនបើតុលាការឯករាជ្យ និងមិនស្ថិតក្រោមឥទ្ធិពលនយោបាយទេនោះ ពួកលោកនឹងទទួលបានក្របខ័ណ្ឌក្រសួងអប់រំឡើងវិញ៕