ក្រសួង​យុត្តិធម៌​ថា យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង មិនមែន​ជា​ការ​ជ្រៀតជ្រែក​តុលាការ

ដោយ ជីវិតា
2020-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ នា​ទីស្ដីការ​​ក្រសួង​ នៅ​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០២០។
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ នា​ទីស្ដីការ​​ក្រសួង​ នៅ​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០២០។
រូបភាព​ក្រសួង​យុត្តិធម៌

ក្រសួង​យុត្តិធម៌​ប្រកាស​បើក​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាល​ដំបូង​រាជធានី​ខេត្ត ចាប់ពី​ថ្ងៃ​ទី​១៨ ឧសភា នេះ​តទៅ​។ មន្ត្រី​សិទ្ធិមនុស្ស​សាទរ​ចំពោះ​យុទ្ធនាការ​នេះ ប៉ុន្តែ​ពួកគេ​ថា ក្រសួង​ត្រូវ​ធ្វើ​កំណែទម្រង់​ជាច្រើន​ទៀត ដើម្បី​ស្តារ​ទំនុក​ចិត្ត​របស់​ពលរដ្ឋ​លើ​វិស័យ​យុត្តិធម៌។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ អះអាង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា យុទ្ធនាការ​នេះ​មាន​គោលបំណង​ពន្លឿន​ការ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ លើក​កម្ពស់​គុណភាព​របស់​ស្ថាប័ន​តុលាការ និង​រួមចំណែក​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។

លោក កើត រិទ្ធ ឱ្យ​ដឹង​ទៀត​ថា ក្រសួង​បាន​បង្កើត​ក្រុមការងារ​ចំនួន​៤ ដើម្បី​គ្រប់គ្រង​តំបន់​គោលដៅ​ផ្សេងៗ​គ្នា ដោយ​ក្រុមការងារ​នីមួយៗ​ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម និង​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​តុលាការ​គ្រប់​ខេត្ត​ក្រុង។ លោក​សង្កត់​ធ្ងន់​ថា អ្នក​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង គឺជា​ព្រះរាជអាជ្ញា និង​ចៅក្រម មិនមែន​ជា​ក្រុមការងារ​របស់​ក្រសួង​យុត្តិធម៌​នោះ​ទេ៖ «បញ្ហា​គាំទ្រ​ផ្នែក​បច្ចេកទេស ផ្នែក​ច្បាប់ ផ្នែក​សម្ភារៈ ផ្នែក​អ្វី​ហ្នឹង ក្រសួង​អាច​មាន ក្រសួង​ជួយ​ទៅទៀត​។ អ៊ីចឹង​ក្រសួង​ជួយ​នេះ គឺ​មានតែ​ការ​ជួយ​ទេ មិន​ជ្រៀតជ្រែក​ទៅដល់​ឆន្ទានុសិទ្ធិ ឬក៏​ចំណាត់ការ ឬក៏​ការសម្រេច​របស់​ចៅក្រម​ទៅតាម​នីតិវិធី​ទេ»

លោក កើត រិទ្ធ អះអាង​ថា បច្ចុប្បន្ន​នេះ សំណុំរឿង​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាលាដំបូង​រាជធានី​ខេត្ត មាន​ចំនួន​ជិត ៤​ម៉ឺន​សំណុំរឿង ហើយ​នេះ​មិនទាន់​រាប់បញ្ចូល​សំណុំរឿង​ស្ថិតនៅ​ដំណាក់កាល​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​នៅ​ឡើយ​ទេ។ លោក​ថា ការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំ​រឿង​នេះ គឺជា​អាទិភាព​របស់​ក្រសួង ហើយ​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​នេះ ត្រូវ​អនុវត្ត​ដោយ​ភាព​ម៉ឺងម៉ាត់ ឈរ​លើ​មូលដ្ឋាន​ច្បាប់ សុចរិត​ភាព ស្មោះត្រង់ និង​មិន​ពុករលួយ៖ «ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ដោយ​ការ​ធ្វេសប្រហែស​ណាមួយ បាន​ប្រព្រឹត្ត​ដោយ​ខុសច្បាប់ ឬ​បាន​ឆ្លៀតឱកាស​នៃ​យុទ្ធនាការ​នេះ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន នឹង​ត្រូវ​កត់ត្រា​ទុកជា​កំហុស​ដែល​ត្រូវ​ឆ្លើយតប​ដោយ​ម៉ឺងម៉ាត់ និង​ដាច់ខាត ជាមួយ​នឹង​ការទទួលខុសត្រូវ​ទាំង​ផ្នែក​វិជ្ជាជីវៈ ទាំង​ផ្នែក​ផ្លូវច្បាប់ ហើយ​ក្រសួងយុត្តិធម៌​នៅ​ទីនេះ សូម​ប្រកាស​ជូន​ថា ជំហរ​នេះ​ជា​ជំហរ​ដាច់ខាត​របស់​ក្រសួង​ក្នុង​ការ​អនុវត្ត​យុទ្ធនាការ»

រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួងយុត្តិធម៌ ដែល​មាន​ស្នាដៃ​ធ្វើ​ច្បាប់​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ស្នើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចូលរួម​ធ្វើការ​ជាមួយ​ក្រសួង​ក្នុង​យុទ្ធនាការ​នេះ ដើម្បី​កុំ​ឱ្យ​ខុសច្បាប់ និង​ចៀសវាង​ការ​លូកដៃ​ចូល​ក្នុង​កិច្ចការ​តុលាការ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ទទួល​ស្គាល់​ថា អង្គការ​សង្គម​ស៊ីវិល​គ្មាន​សិទ្ធិ​អំណាច ឬ​ឥទ្ធិពល​ណាមួយ​ទៅ​លូកដៃ​ក្នុង​កិច្ចការ​តុលាការ​ឡើយ​។ ទោះជា​យ៉ាងណា លោក​ថា អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ដោយ​ឯករាជ្យ​ស្រប​ទៅ​តាម​លក្ខន្តិកៈ​ដែល​តម្កល់​នៅ​ក្រសួងមហាផ្ទៃ ហើយ​ការ​ស្នើ​របស់​អង្គការ​សង្គម​ស៊ីវិល​នា​ពេល​កន្លងទៅ ក៏​ដើម្បី​ប្រយោជន៍​ផ្នែក​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ផង​ដែរ៖ «យើង​ជា​សង្គម​ស៊ីវិល យើង​គ្រាន់តែ​ចង់​ថា ធ្វើ​យ៉ាងម៉េច​ឱ្យ​សំណុំរឿង​ទាំងអស់​ហ្នឹង គឺ​បន្ត​នីតិវិធី​ទៅ​បាន​លឿន កុំ​ឱ្យ​មានការ​កកស្ទះ ឬក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​សិទ្ធិ​សេរីភាព​របស់​ជន​ត្រូវ​ចោទ ឬក៏​ជន​ដែល​ជាប់ឃុំ​ហ្នឹង ហើយ​ធ្វើ​យ៉ាង​ណា​ឱ្យ​វា​មាន​តម្លាភាព ហើយ​និង​យុត្តិធម៌​សម្រាប់​គ្រប់​ជន​ដែល​ត្រូវ​ចោទ ឬក៏​ជនជាប់ចោទ​ទាំងអស់​ហ្នឹង»

ចំណែក ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) លោក នី សុខា សាទរ​ចំពោះ​ការ​ដាក់​ចេញ​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​នេះ ប៉ុន្តែ​លោក​ថា ក្រសួង​ក៏​ត្រូវ​ពិនិត្យមើល​ភាព​មិន​ប្រក្រតី​នៃ​ការ​ឃាត់ខ្លួន ចាប់ខ្លួន និង​ឃុំខ្លួន​ពលរដ្ឋ​ផង​ដែរ។ លោក​អំពាវនាវ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់ ជាពិសេស​ស្ថាប័ន​តុលាការ ជ្រើស​រើស​យក​គោលការណ៍​សេរីភាព​របស់​ពលរដ្ឋ ជាជាង​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន ចំពោះ​សំណុំរឿង​មួយ​ចំនួន៖ «ទាក់ទង​នឹង​ការអនុវត្ត​នីតិវិធី​នៅ​គ្រប់​ដំណាក់កាល ដូចជា​នីតិវិធី​នៅ​ក្នុង​មន្ត្រី​នគរបាល​យុត្តិធម៌ ដំណើរការ​ក្តី​នៅ​ក្នុង​តុលាការ ការ​ឃុំ​ខ្លួន ការរៀបចំ​ជន​ជាប់ឃុំ​ឱ្យ​បាន​ត្រឹមត្រូវ គឺថា​ត្រូវតែ​ពិនិត្យមើល​ឱ្យ​បាន​សព្វ​ជ្រុងជ្រោយ​ទាំងអស់​ហ្នឹង ដើម្បី​ឈាន​ទៅ​ផ្ដល់​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ​ទៅដល់​អ្នក​ដែល​ជាប់ឃុំ​ទាំងអស់​ហ្នឹង»

ក្រសួង​យុត្តិធម៌​គ្រោង​អនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី​ខេត្ត​នេះ ចន្លោះ​ពី​៦ ខែ​ទៅ​៩ ខែ ប៉ុន្តែ​ក្រសួង​មិន​បង្ហាញ​អំពី​ថវិកា​ដែល​ត្រូវ​ចំណាយ​សម្រាប់​យុទ្ធនាការ​នេះ​ទេ​។ ក្រសួង​យុត្តិធម៌​រំពឹង​ថា យុទ្ធនាការ​នេះ​អាច​នឹង​ដោះស្រាយ​សំណុំរឿង​ដែល​កំពុង​កកស្ទះ​បាន​ពី៥០% ទៅ​៧០% ប្រសិនបើ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​អនុវត្ត​ដោយ​សុឆន្ទៈ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល