តុលាការ​បន្ត​សវនាការ​លើ​សំណុំ​រឿង​ក្ដី​លោក កឹម សុខា ថ្ងៃ​ទី១ នៃ​សប្ដាហ៍​ទី៥

ដោយ អាស៊ីសេរី
2020-02-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា (ឆ្វេង) នៅ​ក្នុង​រថយន្ត​ពេល​ចេញ​ពី​សវនាការ​សាលាដំបូង​នៅ​ពេល​ព្រឹក ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ២០២០។
លោក កឹម សុខា (ឆ្វេង) នៅ​ក្នុង​រថយន្ត​ពេល​ចេញ​ពី​សវនាការ​សាលាដំបូង​នៅ​ពេល​ព្រឹក ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​ជំនុំជម្រះ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ថ្ងៃ​ទី១ នៃ​សប្ដាហ៍​ទី៥ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី១២ ខែ​កុម្ភៈ។

ក្នុង​សវនាការ​នៅ​ព្រឹក​​នេះ ក្រុម​មេធាវី​ការពារ​ក្តី លោក កឹម សុខា បន្ត​ជំទាស់​នឹង​ការ​ប្រើប្រាស់​ភស្តុតាង​ដែល​បាន​គណនី​ហ្វេសប៊ុក អនាមិក​ឈ្មោះ​កូន​ខ្មែរ ប៉ុន្តែ​ខាង​តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល អះអាង​ថា ភស្តុតាង​នេះ នៅ​តែ​មាន​តម្លៃ​មិន​អាច​មោឃភាព​បាន​ទេ។ ការ​សួរ​ដេញដោល​រឿង​ភស្តុតាង​នេះ បាន​ប្រើ​ពេល​វេលា​ជាង ១ម៉ោង។

សវនាការ​បន្ទាប់​មក​ទៀត ខាង​តំណាង​អយ្យការ បាន​ចោទ​សួរ​អំពី​ប្រវត្តិ​ទំនាក់ទំនង​រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី និង​មាន​ការ​ចរចា​គ្នា​របៀប​ណា​ខ្លះ​ទម្រាំ​ឈាន​ដល់ បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ និង​ហេតុ​អ្វី​បាន​ជា​នៅ​តែ​រក្សា​ទុក​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី ទៀត។ លោក កឹម សុខា ឆ្លើយ​តប​ថា ការ​មិន​រំលាយ​គណបក្ស​ទាំង​ពីរ ព្រោះ​ចង់​រក្សា​អាសនៈ ដែល​បាន​ពី​ការ​បោះ​ឆ្នោត​មុន​ការ​រួបរួម​គ្នា។ តំណាង​អយ្យការ ក៏​បាន​ចោទ​សួរ​អំពី​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ពេល​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​ថា ហេតុអ្វីបានជា សេចក្ដី​ថ្លែង​ការណ៍ នោះ​ប្រកាស​ថា នឹង​សង្គ្រោះ​ប្រទេស​កម្ពុជា​ឲ្យ​ទាន់​ពេល​វេលា បញ្ចប់​អំណាច​ដែល​បាន​បម្រើ បរទេស​ឈ្លានពាន។ ក្នុង​ពេល​នោះ ខាង​ភាគី​មេធាវី​រដ្ឋាភិបាល ក៏​បាន​ស្នើ​ឲ្យ​ចាក់​វីដេអូ​មួយ ដែល​មាន​រូប​លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ងើប​បះបោរ និង​ឲ្យ​កម្លាំង​ទាហាន​ចូល​រួម​ផ្ដួល​រំលំ រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​ដើម។ ក្រោយ​ការ​ចាក់​វីដេអូ​នេះ តំណាង​អយ្យការ​ចោទ​សួរ​ថា តើ លោក កឹម សុខា មាន​ជំហរ​ដូច​លោក សម រង្ស៊ី ដែរ ឬ​យ៉ាង​ណា ប៉ុន្តែ​មេ​បក្ស​ប្រឆាំង​រូប​នេះ​តប​ថា លោក​គ្មាន​ជំហរ​បែប​នោះ​ទេ គឺ​ជំហរ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ តាម​បែប​ប្រជាធិបតេយ្យ និង​ការ​បោះ ឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌។

សវនាការ​លោក កឹម សុខា នឹង​បន្ត​នៅ​ពេល​រសៀល​នេះ​ទៀត។

សូម​លោក​អ្នក​នាង​រង់ចាំ​ស្ដាប់ សេចក្ដី​រាយការណ៍​ពិស្ដារ​នៅ​ពេល​ល្ងាច។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល