ភរិយា​របស់​លោក គង់ ម៉ាស់ ស្នើ​សុំ​សាលាឧទ្ធរណ៍​ឱ្យ​ពន្លឿន​នីតិវិធី និង​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​ស្វាមី

ដោយ ខែ សុណង
2020-02-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គង់ ម៉ាស់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន និង​ក្រោយ​ពេល​ជាប់​ឃុំ​ឃាំង។
លោក គង់ ម៉ាស់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន និង​ក្រោយ​ពេល​ជាប់​ឃុំ​ឃាំង។
រូប៖ លោកស្រី កុល សាត ភរិយា​លោក គង់ ម៉ាស់

ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង លោក គង់ ម៉ាស់ ស្នើសុំ​សាលាឧទ្ធរណ៍​ឱ្យ​ពន្លឿន​នីតិវិធី និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​លើ​ស្វាមី​របស់​ខ្លួន ដែល​កំពុង​ជាប់​ពន្ធនាគារ​ជាង ១​ឆ្នាំ​ហើយ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​លើ​ហ្វេសប៊ុក។ សង្គម​ស៊ីវិល​យល់​ថា ការ​ពន្យារ​ពេល​របស់​សាលាឧទ្ធរណ៍​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ជនជាប់ចោទ ដែល​កើត​ទុក្ខ​មិន​សុខចិត្ត ចំពោះ​ការចោទប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។

ភរិយា​របស់​លោក គង់ ម៉ាស់ គឺ​លោកស្រី កុល សាត ប្រាប់​អាស៊ីសេរី​ថា ស្វាមី​របស់​លោក​ស្រី បាន ដាក់​បណ្ដឹង​ទៅ​សាលាឧទ្ធរណ៍​រយៈពេល ៣​ខែ​ហើយ ដើម្បី​ឱ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ ច្រាន​ចោល​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ដន្ទាទោស​ស្វាមី​លោកស្រី​ឱ្យ​ជាប់​ពន្ធនាគារ ១៨​ខែ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​លើ​ហ្វេសប៊ុក​។ ភរិយា​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ស្នើសុំ​សាលាឧទ្ធរណ៍​ឱ្យ​ពន្លឿន​នីតិវិធី​ឱ្យ​បាន​ឆាប់ ដើម្បី​រក​យុត្តិធម៌​ជូន​ស្វាមី ដែល បាន​ជាប់ពន្ធនាគារ​ជាង ១​ឆ្នាំ​ហើយ ដោយ​គ្មាន​កំហុស​អ្វី​សោះ​គ្រាន់តែ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​សន្តិវិធី​៖ «ខ្ញុំ​ចង់​ឱ្យ​គេ (​សាលាឧទ្ធរណ៍) ពន្លឿន​ហៅ​គាត់​មក​កាត់​ក្តី ប្រសិនបើ​គេ​មិន​ដោះលែង​គាត់​ក៏​សូម​ជួយ​បន្ធូរ​បន្ថយ​ទោស ទី១ ដោយសារ គាត់​លើសឈាម ហើយ​ទី ២ ពេល​នេះ​គាត់​ខាត​ពេលវេលា​ច្រើន​ហើយ​ដែរ។ គេ​ចាប់​ក្រោយ​គេ​ដោះលែង​អស់​ហើយ តែ​គាត់​ត្រូវ​បាន​ចាប់​តាំង​ពី​ដំបូង​គេ អត់​ទាន់​ដោះលែង​ទៀត។ ខ្ញុំ​យល់ថា នេះ​ជា​រឿង​នយោបាយ»

បណ្ដឹង​របស់​លោក គង់ ម៉ាស់ បាន​ដាក់​ជូន​សាលាឧទ្ធរណ៍ កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

អាជ្ញាធរ​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​លោក គង់ ម៉ាស់ ដែល​ជា​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ ជាតិ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩ ដោយ​គិត​មក​ទល់​ពេល​នេះ លោក​កំពុង ជាប់​ក្នុង​ពន្ធនាការ​ព្រៃ​ស​ជាង ១​ឆ្នាំ​ហើយ​។ លោក​ជាប់ទោស ២​ករណី គឺ​ទី​១ សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ ១៨​ខែ ពី​បទ​ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍ តាម​បណ្ដឹង​របស់​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បន្ទាប់​ពី​លោក​បាន​សរសេរ​សារ​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត​កាលពីមុន​ការបោះឆ្នោត ឆ្នាំ​២០១៨ និង​សារ​រិះគន់​បែប​ស្ថាបនា​អំពី​ភាព​អសកម្ម​មួយ​ចំនួន​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន រួម​ទាំង​ការ​បង្ហោះ​សារ​ចុងក្រោយ​រឿង​តម្លៃ​កសិផល​ចុះថោក​ក្រោយពី​សហភាព អឺរ៉ុប​យកពន្ធ​អង្ក​កម្ពុជា​ជាដើម។ ចំណែក​ករណី​ទី​២ គឺ​សាលាដំបូង​ខេត្ត​ស្វាយរៀង ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន ១៥​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល​ទៅ​ដើម​បណ្ដឹង និង ១​លាន​រៀល​ចូល រដ្ឋ​តាម​បណ្ដឹង​របស់​អតីត​អភិបាលស្រុក​រមាសហែក លោក ពេញ ជា។ ទោស​ទណ្ឌ​ក្នុង​សំណុំរឿង នេះ ដោយសារតែ​សមាជិក​បក្ស​ប្រឆាំង​រូប​នេះ បង្ហោះ​សារ​លើ​ហ្វេសប៊ុក សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ករណី​ចោទ លោក ពេញ ជា ថា បាន​ប្រើ​អំណាច និង​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មួយ​ចំនួន​ទៀត បណ្ដេញ​ប្រជាពលរដ្ឋ​ក្រីក្រ​ដើម្បី​រំលោភ​យក​ដីធ្លី។

មេធាវី​ការពារ​ក្តី​លោក គង់ ម៉ាស់ គឺ​លោក សំ សុគង់ ថ្លែង​ថា សាលាឧទ្ធរណ៍​គួរតែ​ពន្លឿន​សំណុំរឿង របស់​លោក គង់ ម៉ាស់ មិន​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​កូន​ក្តី​របស់​លោក អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចប់​សព្វគ្រប់​នោះ​ទេ ព្រោះ​ការ​ចោទ​ប្រកាន់ និង​ការ​ឃុំខ្លួន​កូន​ក្តី​របស់​លោក មាន​ភាព​អយុត្តិធម៌​បំផុត​៖ «រឿង​ក្តី​របស់​លោក គង់ ម៉ាស់ គេ​ផ្ដន្ទាទោស​ដល់ ១៨​ខែ វា​មាន​ភាព​អយុត្តិធម៌​ចំពោះ​គាត់​ហើយ។ គាត់​មិន​ពេញចិត្ត​ចំពោះ​សាលក្រម​កាត់ទោស​គាត់​នេះ ទើប​ប្តឹង​ទៅ​ឧទ្ធរណ៍​ដោយសារ​គាត់​អះអាង​ថា គាត់​ធ្វើ​នេះ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​ក្នុង​នាម​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ ហើយ​ការរិះគន់​មិនមែន​ជា​កំហុស​ទេ ដូច្នេះ​តុលាការ គួរតែ​ពិចារណា​អំពី​សិទ្ធិ​ពលរដ្ឋ។ ទាក់ទង​នឹង​ការ​អូស​បន្លាយ​ពេល​របស់​សាលាឧទ្ធរណ៍​នេះ ក៏​រំលោភ​សិទ្ធិ​ដល់​កូន​ក្តី​របស់​ខ្ញុំបាទ​ដែរ ព្រោះ​ដោយសារតែ​គាត់​មិន​ពេញចិត្ត​ចំពោះ​សាលក្រម​របស់ សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​ទើប​គាត់​ប្តឹង ដូច្នេះ​សូម​សាលាឧទ្ធរណ៍ ពន្លឿន​បើកសវនាការ​ឱ្យ​បាន​ឆាប់​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ និង​អ្នកនាំពាក្យ ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ទេ ដោយសារ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Adhoc) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ទាមទារ​របស់​មេធាវី និង​ភរិយា​របស់​លោក គង់ ម៉ាស់ គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​តាម​គោល​ការណ៍​ច្បាប់​អន្តរជាតិ​លើកឡើង​ថា ការ​ជំនុំ​ជម្រះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ឆាប់រហ័ស​បំផុត ដើម្បី​កុំ​ឱ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ និង​ផលប្រយោជន៍​របស់​ជន​ជាប់ចោទ៖ «ការ​ពន្យារ​នេះ​វា​អត់​ជិត​ដល់ពេល​កំណត់​នៃ​ទោស ឬ​អាច​ផុត​ការ​កំណត់​នៃ​ទោស ដូច្នេះ​បាន​ន័យ​ថា វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​គាត់​ដែល​គាត់​ចង់​ឱ្យ សាលាឧទ្ធរណ៍​ទម្លាក់​ចោល​បទចោទប្រកាន់»

អង្គការ​ជាតិ​និង​អន្តរជាតិ ធ្លាប់​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​លោក​គង់ ម៉ាស់ ដោយ​ឥត​លក្ខខណ្ឌ ដោយសារ​ពួកគេ​ចាត់ទុកថា ជា​រឿង​ឈឺចាប់ និង​ស្អប់ខ្ពើម បំផុត ដែល​ដឹង​ថា មនុស្ស​ម្នាក់​អាច​ប្រឈមមុខ​ជាប់ពន្ធនាគារ​ជាច្រើន​ឆ្នាំ ដោយ​គ្មាន​កំហុស​អ្វី​សោះ គ្រាន់តែ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​សន្តិវិធី។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​នេះ យល់ថា ការ​បង្ហោះ​សារ​ផ្សេងៗ របស់​លោក គង់ ម៉ាស់ គឺ​គ្រាន់តែ​ជា​ការ​ប្រើ​សិទ្ធិ​បញ្ចេញ​មតិ ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ​។ ដូច្នេះ ការ​ចាប់​ឃុំខ្លួន និង​ការ​ចោទ​ប្រកាន់ គឺ​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ជា​សកម្មភាព​បន្ថែម​មួយទៀត នៃ​ការ​បង្ក្រាប​អ្នកនយោបាយ​បក្ស​ប្រឆាំង ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល