រដ្ឋសភា​ឯក​បក្ស​នឹង​ឱ្យ​សង្គម​ស៊ីវិល​ចូលរួម​ពិនិត្យមើល​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម

ដោយ ថន ថារ៉ូ
2019-10-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា
រូប៖ ហ្វេសប៊ុក​រដ្ឋសភា

រដ្ឋសភា​ឯកបក្សនឹង​ឱ្យ​តំណាង​សង្គម​ស៊ីវិល ដែល​ស្នើសុំ​ផ្ដល់​យោបល់​លើ​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម បាន​ចូលរួម​ពិនិត្យ និង​ផ្ដល់​យោបល់ នៅ​រសៀល​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ​។ អង្គការ​សង្គម​ស៊ីវិល​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​៤ តុលា ពួកគេ​មិនទាន់​ទទួល​បាន​ការ​កោះ​អញ្ជើញ ពី​រដ្ឋសភា​នៅ​ឡើយ​ទេ។

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​ថា រដ្ឋសភា​នឹង​ពិភាក្សា​ជាមួយ​ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​៧ តុលា គឺ​បន្ទាប់ពី​បិទ​កិច្ចប្រជុំ​រដ្ឋសភា​នៅ​ពេល​ព្រឹក​រួច។ លោក​មិន​អាច​ផ្ដល់​ព័ត៌មាន​លម្អិត​ជាង​នេះ​ទេ ដោយសារ​លោក​អះអាង​ថា លោក​ដឹង​តែ​ប៉ុណ្ណឹង ឯ​កិច្ចការ​ផ្សេងទៀត គណៈកម្មការ​ជំនាញ​ទី​៨ ជា​អ្នកទទួលខុសត្រូវ៖ «នឹង​ពិគ្រោះ​ជាមួយ​សង្គម​ស៊ីវិល​ថ្ងៃ​ច័ន្ទ ថ្ងៃ​ច័ន្ទ​ល្ងាច ហើយ​នែ​ប្រហែលជា​ថ្ងៃ​ច័ន្ទ​ហ្នឹង មិនទាន់​អាច​ពិនិត្យមើល​ច្បាប់​ហ្នឹង​ទេ​បាទ​។ ថ្ងៃ​ច័ន្ទ​ល្ងាច នៅ​ក្នុង​រដ្ឋសភា​។ អ៊ីចឹង គឺ​គណៈកម្មការ​ទី​៨ គាត់​ទទួលបន្ទុក គាត់​ប្រាប់​ខ្ញុំ​ផ្ទាល់ គាត់​ទទួលបន្ទុក​ការងារ​ហ្នឹង»

ការសម្រេច​នេះ គឺ​ក្រោយពេល​រដ្ឋសភា​ឯក​បក្ស ក្នុង​របប​លោក ហ៊ុន សែន បាន​បើក​កិច្ចប្រជុំ​លើក​ទី​៣ នៃ​នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃ​ទី​៤ តុលា​។ សម័យប្រជុំ​ពេញអង្គ​នេះ រដ្ឋសភា​ឯក​បក្ស បាន​អនុម័ត​របៀបវារៈ​ចំនួន​៣ ក្នុងចំណោម ៧​របៀបវារៈ ក្នុង​នោះ​គឺ អាន​ព្រះរាជសារ​ព្រះមហាក្សត្រ អាន​របាយការណ៍​សកម្មភាព​រដ្ឋសភា ចន្លោះ​សម័យប្រជុំ​លើក​ទី​២ និង​លើក​ទី​៣ និង​ពិភាក្សា អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា និង​អង្គការ​ហាមឃាត់​អាវុធ​គីមី ស្ដីពី​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី។

កិច្ចប្រជុំ​រដ្ឋសភា​ឯក​បក្ស នឹង​បន្ត​ទៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៧ តុលា​ទៀត​។ លោក ឡេង ប៉េងឡុង ឱ្យ​ដឹងថា កិច្ចប្រជុំ​នៅ​ពេល​បន្ត នឹង​មិនទាន់​ពិភាក្សា និង​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម ដែល​ស្ថិត​នៅ​ក្នុង​របៀបវារៈ ទី​៧ នៃ​របៀបវារៈ​ប្រជុំ​ឡើយ គឺ​អាច​នឹង​រង់ចាំ​ក្រោយពេល​គណៈកម្មការ​ទី​៨ ជួប​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាមុន​សិន។

ក្រុម​អង្គការ សមាគម និង​សហជីព ជាង ១០​ស្ថាប័ន ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​របប​សន្តិសុខ​សង្គម កាលពី​ថ្ងៃ​ទី​៩ កញ្ញា បាន​សរសេរ​លិខិត​រួមគ្នា ដាក់​ទៅ​ប្រធានរដ្ឋសភា​ឯក​បក្ស លោក ហេង សំរិន ដោយ​ស្នើសុំ​អត្ថបទ​សេចក្ដីព្រាងច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម និង​ពិគ្រោះ​យោបល់​ឱ្យ​បាន​ពេញលេញ​ជាមួយ​ភាគី​ពាក់ព័ន្ធ ព្រោះ​ពួកគេ​យល់​ឃើញ​ថា សេចក្ដីព្រាងច្បាប់​នេះ មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ទេ។ ម្ល៉ោះហើយ ពួកគេ​ព្រួយបារម្ភ​ថា ច្បាប់​នេះ នឹង​មិន​បម្រើ​ដល់​ផលប្រយោជន៍​កម្មករ​ពេញ​លេញ​ដូច​ច្បាប់​មុនៗ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាឌូ លោក គង់ អាទិត្យ ជា​តំណាង​ម្នាក់ ដែល​បាន​ចូលរួម​ដាក់​លិខិត​ទៅ​រដ្ឋសភា ឱ្យ​ដឹង​ត្រឹម​រសៀល​ថ្ងៃ​ទី​៤ តុលា​ថា លោក​មិនទាន់​ទទួល​បាន​ដំណឹង​បែប​ណា​ឡើយ​។ តែ​យ៉ាងណាក្ដី មន្ត្រី​សហជីព​រូប​នេះ សង្ឃឹមថា រដ្ឋសភា នឹង​បើក​ឱ្យ​សង្គម​ស៊ីវិល​ផ្ដល់​យោបល់ មិនមែន​ត្រឹម​ឱ្យ​ទៅ​ចូលរួម​អង្គុយ​ស្ដាប់​ឡើយ។

លោក គង់ អាទិត្យ ក៏​ចង់​ឱ្យ​រដ្ឋសភា ប្រគល់​អត្ថបទ​សេចក្ដីព្រាងច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម ឱ្យ​ខាង​អង្គការ​សមាគម ពិនិត្យមើល​ខ្លឹមសារ​សិន មុន​ពេល​ចាប់ផ្ដើម​ពិភាក្សា ទើប​ភាគី​សង្គម​ស៊ីវិល មាន​លទ្ធភាព​ផ្ដល់​យោបល់​បាន​ល្អ៖ «បើសិនជា​ខាង​រដ្ឋសភា គេ​បើក​ឱ្យ​យើង​ចូល​ទៅ​ហ្នឹង ថា​ទៅ​លក្ខណៈ​គ្រាន់តែ​ទៅ​ស្ដាប់ ឬ​ទៅ​ចូលរួម។ បើ​គ្រាន់តែ​គេ​បើក​ឱ្យ​យើង​ចូល​ទៅ​ស្ដាប់ អាហ្នឹង​វា​ដូច​អត់​មាន​អ្វី ត្រូវ​ផ្លាស់ប្ដូរ វា​អត់​មាន​អ្វី​ល្អ​។ តែ​បើ​ការប្រជុំ​ណាមួយ ឱ្យ​ពួក​យើង​ចូលរួម​ជា​មតិ ជា​យោបល់​អ្វី បាន​វា​ជា​ចំណុច​ល្អ ឬក៏​ផ្ញើ​ជា​ឯកសារ​អ្វី សំណូមពរ​អ្វី អ៊ីចឹង​ទៅ​ណា ប៉ុន្តែ​មកដល់​ឥឡូវ​មិនទាន់​ទទួល​បាន​ព័ត៌មាន​អ្វី​លម្អិត​ផង»

សេចក្ដី​ព្រាងច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម ត្រូវ​បាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាក់តែង កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨ ក្នុង​បំណង​បង្កើត​ឱ្យ​មាន​របប​សន្តិ​សុខ​សង្គម សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅ ស្របតាម​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២៥​។ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ធ្លាប់​អះអាង​ថា បាន​ពិគ្រោះ​យោបល់ ជាមួយ​ក្រុម​អ្នកជំនាញការ​ផ្នែក​ច្បាប់​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​ធ្លាប់​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​ច្រើនដង ជាមួយ​តំណាង​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​នានា និង​តំណាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) តំណាង​សហព័ន្ធ​និយោជក សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ជាដើម។ បន្ទាប់មក សេចក្ដីព្រាងច្បាប់​នេះ ត្រូវ​គណៈរដ្ឋមន្ត្រី​នៃ​របប​ក្រុងភ្នំពេញ អនុម័ត កាលពី​ថ្ងៃ​ទី​២ ខែ​សីហា​។ ប៉ុន្តែ​ខ្លឹមសារ​អត្ថបទ​នៃ​សេចក្ដីព្រាងច្បាប់​នេះ មិន​ត្រូវ​បាន របប​ក្រុង​ភ្នំពេញ បង្ហាញ​ជា​សាធារណៈ​ឡើយ​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ថា ការ​មិន​បង្ហាញ​អត្ថបទ​ទាំងស្រុង​នៃ​សេចក្ដីព្រាងច្បាប់​នេះ និង​ការ​មិន​បើកឱកាស​ឱ្យ​អង្គការ សមាគម​ឯករាជ្យ​ចូលរួម​ពិភាក្សា ផ្ដល់​យោបល់ នឹង​ធ្វើ​ឱ្យ​ច្បាប់​នេះ មិន​អាច​បម្រើ​ផលប្រយោជន៍​កម្មករ​ពេញ​លេញ ដូច​ច្បាប់​ស្ដីពី​សហជីព និង​ច្បាប់​ស្ដីពី​អង្គការ សង្គម​ស៊ីវិល​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល