សង្គម​ស៊ីវិល​ស្នើ​តុលាការ​កោះកុង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ពលរដ្ឋ​តាម​បណ្ដឹង​ក្រុមហ៊ុន ហេង ហ៊ុយ

ដោយ អាស៊ីសេរី
2019-09-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។
នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។
RFA

អង្គការ​លីកាដូ (Licadho) ដែល​ជួយ​គាំពារ​ផ្នែក​ច្បាប់​ដល់​តំណាង​ពលរដ្ឋ ១០​នាក់ ជាប់​បណ្ដឹង​នៅ​សាលាដំបូង​ខេត្ត​កោះកុង ស្នើសុំ​តុលាការ​ឱ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​នឹង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី និង​បញ្ឈប់​ការ​កោះ​ហៅ​អ្នកភូមិ​ទៅ​សាកសួរ​បន្ត​ទៀត​។ ការ​ស្នើ​សុំ​នេះ ធ្វើឡើង​បន្ទាប់ពី​ព្រះរាជអាជ្ញា​បញ្ចប់​ការ​សាកសួរ​ស្ត្រី ៤​នាក់ ទាក់ទង​នឹង​បណ្ដឹង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត យល់​ថា ការ​ដែល​ភាគី​ក្រុមហ៊ុន ប្ដឹង​ពលរដ្ឋ​ទៅ​តុលាការ ដើម្បី​ដាក់​សម្ពាធ​ពលរដ្ឋ​ឱ្យ​ឈប់​ចេញ​តវ៉ា​ដូច្នេះ មិនមែន​ជា​ដំណោះស្រាយ ផ្ទុយ​ទៅវិញ រឹតតែ​ធ្វើ​ឱ្យ​រឿង​នេះ បន្ត​អូស​បន្លាយ​តទៅ​ទៀត។

មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ ស្នើ​ដល់​ស្ថាប័ន​តុលាការ​ខេត្ត​កោះកុង ឱ្យ​ឈប់​កោះហៅ​ពលរដ្ឋ​ទៅ​សួរ​បន្ត​ទៀត ហើយ​នឹង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​ប្រឆាំង​ពលរដ្ឋ ដើម្បី​បើកផ្លូវ​ឱ្យ​ក្រសួង​ដែនដី​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​មួយ​នេះ៖ «ដោយសារតែ​បច្ចុប្បន្ន យើង​ឃើញ​ថា ដំណើរការ​នីតិវិធី​ហ្នឹង គឺ​ក្រសួង​ដែនដី​កំពុង​តែ​បន្ត​នីតិវិធី ហើយ​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា ក្នុង​ខែ​១១​ហ្នឹង នឹង​ជួប​ពលរដ្ឋ ហើយ​ជជែក​អំពី​បញ្ហា​ដំណោះស្រាយ​តទៅ​ទៀត​ហ្នឹង​។ អ៊ីចឹង​!​បញ្ហា​ទៅ​តុលាការ​ហ្នឹង ខ្ញុំ​គិត​ថា មិន​គួរណា​មាន​ការ​ចោទប្រកាន់​ទៅលើ​ប្រជាពលរដ្ឋ​ជា​បន្ត​ទៀត​ទេ​។ ខ្ញុំ​ថា​ទុក​ឱកាស​ពលរដ្ឋ​និង​ក្រសួង​ដែនដី ហើយ​និង​ក្រុមហ៊ុន​ធ្វើ​ការ​ដោះស្រាយ»

ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី ៤​នាក់ ដែល​ចូល​បំភ្លឺ​ចុងក្រោយ​គេ នៅ​សាលាដំបូង​ខេត្ត​កោះកុង លោកស្រី អិន ធូ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ថា ព្រះរាជអាជ្ញា គឺ​លោក រស់ សារាំ សួរ​លោកស្រី​អស់​ជាច្រើន​ម៉ោង ទាក់ទិន​នឹង​ការ​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ដាក់​ទៅ​អាជ្ញាធរ និង​ក្រសួង​ដែនដី ស្នើសុំ​ដំណោះស្រាយ​ដីធ្លី និង​សកម្មភាព​ចេញ​តវ៉ា​កន្លង​មក។

លោកស្រី អិន ធូ វ័យ​ជិត ៥០​ឆ្នាំ មាន​ប្រសាសន៍​ថា អ្នកភូមិ​តានី ជិត ២​រយ​គ្រួសារ ដែល​បាត់បង់​ដី​ដោយសារ​ក្រុមហ៊ុន​រំលោភ​យក​នៅ​ឃុំ​ជីខលើ ស្រុកស្រែ​អំបិល គឺ​ចេញ​តវ៉ា​ទាំងអស់​គ្នា មិន​មាន​អ្នក​ញុះញង់​ពួកគាត់​នោះ​ទេ។

លោកស្រី​បញ្ជាក់​ប្រាប់​តុលាការ​ថា ការ​ខន​ខាន​មិន​បាន​ចេញ​តវ៉ា​កាលពី​ជិត ១០​ឆ្នាំមុន​នោះ ដោយសារ​មានការ​គំរាមកំហែង​ពី​សំណាក់​ក្រុមហ៊ុន ហេង ហ៊ុយ និង​មិន​យល់ដឹង​អំពី​សិទ្ធិ​ក្នុង​ការ​ទាមទារ​សំណង​។ តំណាង​ពលរដ្ឋ​ដែល​មាន​កូន​បន្ទុក ៧​នាក់​រូប​នេះ ស្នើ​ដល់​ស្ថាប័ន​តុលាការ ទម្លាក់​ចោល​បទចោទប្រកាន់ និង​ស្វែងរក​យុត្តិធម៌​ឱ្យ​ពួកគាត់​ជា​ពលរដ្ឋ​ក្រីក្រ៖ «សូម​សំណូមពរ​ដល់​ព្រះរាជអាជ្ញា រក​យុត្តិធម៌​និង​ចុះ​ស្រាវជ្រាវ​ដល់​ទៅ​តាំង​ប្រជាពលរដ្ឋ​បាត់បង់​ដី​ពិតប្រាកដ​មែន។ ហើយ​សូម​ទម្លាក់​ការ​ចោទប្រកាន់​តំណាង​ពលរដ្ឋ​យើងខ្ញុំ​ទាំង​១០​រូប​។ ជា​តំណាង​គ្រាន់តែ​នាំ​ពាក្យ​នាំសារ​ឱ្យ​ប្រជាពលរដ្ឋ កុំ​ឱ្យ​មាន​ដីកា​ជាប់​ខ្លួន និង​ការ​កោះ​ហៅ​ទៅ​ថ្ងៃក្រោយ​ទៀត​។ ហើយក៏​សូម​ឱ្យ ឧកញ៉ា ហេង ហ៊ុយ ចេញ​មុខ​មក​តវ៉ា​ជាមួយ​ប្រជាពលរដ្ឋ​យើងខ្ញុំ​ទាំងអស់ ១៩៧​គ្រួសារ»

ជុំវិញ​នឹង​រឿង​នេះ ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ បាន​ប្ដឹង​តំណាង​ពលរដ្ឋ ១០​នាក់ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ក្រោយពី​ពលរដ្ឋ​ជិត ២​រយ​គ្រួសារ​នាំគ្នា​ចេញ​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​ពី​អាជ្ញាធរ​ខេត្ត​កោះកុង និង​ក្រសួង​ដែនដី អស់​ជាច្រើន​លើក​មក។

អាស៊ីសេរី​មិនអាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី លោក ហេង ហ៊ុយ បាន​ទេ ដោយ​គ្មាន​អ្នកទទួល​ទូរស័ព្ទ​។

ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​របប​ក្រុងភ្នំពេញ ជាង ៤​ពាន់​ហិកតារ នៅ​ស្រុក​ស្រែអំបិល​ខេត្ត​កោះកុង ដើម្បី​វិនិយោគ​ដំណាំ​ស្ករអំពៅ កាលពី​ឆ្នាំ​២០០៧។ ពលរដ្ឋ​ថា ការ​ផ្ដល់​ដី​សម្បទាន​នេះ បាន​បង្ក​ផល​ប៉ះ​ដល់​ជីវភាព​ពួកគាត់​រាប់រយ​គ្រួសារ ដោយសារ​ភាគី​ក្រុមហ៊ុន ហេង ហ៊ុយ ចូល​មក​ឈូស​ឆាយ និង​រំលោភ​យក​ធ្វើ​ដីស្រែ​ចម្ការ​ពួក​គាត់។

ទោះជា​យ៉ាងណាក្ដី អង្គការ​សង្គម​ស៊ីវិល នៅតែ​ទទូច​ដល់​ក្រសួង​រៀបចំ​ដែនដី និង​អាជ្ញាធរ​ខេត្ត​កោះកុង ចុះ​ស៊ើបអង្កេត​ករណី​នេះ​ឱ្យ​បាន​ច្បាស់លាស់ និង​រិះរក​ដំណោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ នៅ​នៅ​ស្រុកស្រែ​អំបិល ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ យុត្តិធម៌ និង​មនុស្សធម៌ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល