មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​តុលាការ​កំពូល​ពន្លឿន​រឿងក្តី​សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី

ដោយ ម៉ៅ សុធានី
2020-05-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី ពេលមកសវនាការ​នៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២៦ មិថុនា ២០១៩។
​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី ពេលមកសវនាការ​នៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២៦ មិថុនា ២០១៩។
Reuters

អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ដល់​តុលាការ​កំពូល​ឱ្យ​​ន្លឿន​ការជំនុំជម្រះ​រឿងក្តី​សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្ន​មុនី ដោយសារ​មេធាវី​បាន​ប្តឹង​សាទុក្ខ​ជាច្រើន​ខែ​មកហើយ តែ​ពុំទាន់​ទាន់​ឃើញ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​កំណត់​ថ្ងៃ​សវនាការ​នៅឡើយ​ទេ គិត​ត្រឹម​ចុងខែ​ឧសភា​នេះ។

មន្ត្រី​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) បញ្ជាក់​ថា គោលការណ៍​ច្បាប់ និង​សិទ្ធិមនុស្ស​តម្រូវឱ្យ​តុលាការ​បើក​ការជំនុំជម្រះ​រឿងក្តី​ព្រហ្មទណ្ឌ​ឱ្យបាន​ឆាប់ និង​ត្រឹមត្រូវ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) លោក នី សុខា យល់​ថា ករណី​លោក រ៉ាត់ រត្នមុនី នេះ តុលាការ​កំពុង​អូស​បន្លាយ​សំណុំរឿង ធ្វើឱ្យប៉ះពាល់​ដល់​យុត្តិធម៌​សម្រាប់​សកម្មជន​សិទ្ធិ​ការងារ​រូបនេះ«តុលាការ​នៅក្នុង​រយៈពេល​នៃ​ការឃុំខ្លួន ត្រូវតែ​ខិតខំ​ស្វែងរក​ព័ត៌មាន ដើម្បី​ឈានទៅដល់​ការជំនុំជម្រះ​ក្តី​មួយ​ឱ្យបាន​ត្រឹមត្រូវ ឱ្យបាន​យុត្តិធម៌​។ ដូច្នេះ​នៅក្នុង​សំណុំរឿង​លោក រ៉ាត់ រត្នមុនី នេះ ជា​សំណុំរឿង​មួយ​ដែល​មិនមែនជា​បទឧក្រិដ្ឋ​អ្វី​ធ្ងន់ធ្ងរ​ទេ ដូច្នេះ​យើង​មិនគួរណា​អូសបន្លាយ​ពេលវេលា​ដ៏​វែងឆ្ងាយ​អ៊ីចឹង​ទេ»។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក រ៉ាត់ រត្នមុនី បាន​ប្តឹង​សាទុក្ខ​តាំងពី​ពាក់កណ្តាល​ខែ​ធ្នូ ឆ្នាំ​២០១៩ ប៉ុន្តែ​ជិត​កន្លះ​ឆ្នាំ​មក​នេះ តុលាការ​កំពូល​មិន​ទាន់​ជូនដំណឹង​អំពី​ថ្ងៃ​ជំនុំជម្រះ​រឿងនេះ​នៅ​ឡើយ​ទេ។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​លោក រ៉ាត់ រត្នមុនី ឱ្យ​ជាប់ពន្ធនាគារ​២ ឆ្នាំ ហើយ​បើ​គិត​ត្រឹម​ចុងខែ​ឧសភា​នេះ លោក​បាន​ជាប់ពន្ធនាគារ​ប្រមាណ​១ ឆ្នាំកន្លះ​ហើយ។

អ្នកការពារ​សិទ្ធិមនុស្ស លោក នី សុខា ពន្យល់​ថា ការ​មិន​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​ឆាប់រហ័ស ធ្វើឱ្យ​លោក រ៉ាត់ រត្នមុនី ត្រូវ​ជាប់ឃុំ​ដោយ​អយុត្តិធម៌៖ «បើ​តុលាការ​មិនអាច​រក​កំហុស​របស់គាត់​ឃើញ ឬថា​គាត់​មិនមាន​កំហុស ដូច្នេះ​លោក រ៉ាត់ រត្ន​មុន្នី ត្រូវ​ស្ថិតនៅក្នុង​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​បំផុត ដោយ​បញ្ហា​ដែល​តុលាការ​មិនបាន​កាត់សេចក្តី​ឱ្យបាន​ទាន់ពេលវេលា ឱ្យបាន​ឆាប់រហ័ស​ដូច​អ្វីដែល​យើង​មើល​នៅក្នុង​នីតិវិធី​របស់​តុលាការ​បច្ចុប្បន្ន​ហ្នឹង»។

អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​តុលាការ​កំពូល លោក អ៊ុក គឹមសិទ្ធិ ដើម្បី​សាកសួរ​អំពី​រឿងនេះ​បានទេ នៅ​ថ្ងៃទី​២៣ ឧសភា ដោយ​ទូរស័ព្ទ​ចូល ពុំមាន​អ្នកទទួល។

តុលាការក្រុង​ភ្នំពេញ​បាន​កាត់ទោស​លោក រ៉ាត់ រត្ន​មុនី ឱ្យ​ជាប់ពន្ធនាគារ​២ ឆ្នាំ​ពីបទ “​ញុះញង់​ឱ្យមាន​ការរើសអើង​” ក្រោយពី​លោក​បាន​ជួយ​បកប្រែ​ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្ស៊ី ក្នុងការ​ផលិតភាព​យ​ន្ត​ឯកសារ​ស្តីពី​ការជួញដូរ​ផ្លូវភេទ​នៅ​កម្ពុជា ក្រោម​ចំណងជើង​ថា “​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​” ។ អាជ្ញាធរ​កម្ពុជា​បានចាត់ទុក​វីដេអូ​នេះ​ថា ជា​រឿងប្រឌិត​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា និង​កិត្តិយស​ស្ត្រី​ខ្មែរ ហើយ​បាន​ចោទ​លោក រ៉ាត់ រត្ន​មុនី ថា បានឱ្យ​លុយ​តួអង្គ ដើម្បី​និយាយ​កុហក​។ ទោះជា​យ៉ាងណា តួអង្គ​ម្នាក់​នៅក្នុង​រឿង​នោះ​ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា លោក រ៉ាត់ រត្ន​មុនី មិនបាន​ឱ្យ​លុយ​នាង​ឡើយ ហើយ​អ្វីដែល​នាង​រៀបរាប់​ក្នុង​ភាពយន្ត​ឯកសារ​នោះ គឺជា​ជីវិត​ពិត​ផ្ទាល់ខ្លួន​ក្នុងនាម​ជា​អ្នករងគ្រោះ​នៃ​អំពើ​ជួញដូរ​ផ្លូវភេទ​។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) បានផ្តល់​មេធាវី​ជួយ​ការងារ​ក្តី​ឱ្យ​លោក រ៉ាត់ រត្នមុនី តាំងពី​ដំបូង ដោយ​យល់ឃើញ​ថា សកម្មជន​សិទ្ធិ​ការងារ​រូបនេះ​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ។

អតីត​សកម្មជន​សិទ្ធិ​លំនៅដ្ឋាន និង​ជា​ប្រពន្ធ​របស់លោក រ៉ាត់ រត្នមុនី គឺ​អ្នកស្រី ឡុង គឹមហ៊ាង រំពឹងថា ប្តី​របស់​អ្នកស្រី​នឹង​ត្រូវបាន​ដោះលែង​នៅពេល​ឆាប់ៗ​ខាងមុខ បន្ទាប់​ពី​រដ្ឋមន្ត្រី​ថ្មី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ដាក់ចេញ​នូវ​វិធានការ​ការកែទម្រង់​ប្រព័ន្ធតុលាការ​។ អ្នកស្រី​ទទូច​ឱ្យ​តុលាការ​កំពូល​ពន្លឿន​ករណីនេះ និង​ដោះលែង​ប្តី​អ្នកស្រី​ឱ្យមាន​សេរីភាព​វិញ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួមទាំង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ផង បាន​វាយតម្លៃថា ការ​ដាក់ទោស​លោក រ៉ាត់ រត្ន​មុនី កាន់តែ​ធ្វើឱ្យ​សហគមន៍ជាតិ និង​អន្តរជាតិ បាត់​ទំនុកចិត្ត​លើ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា ដោយសារតែ​សកម្មជន​សិទ្ធិ​ការងារ​រូបនេះ​មិន​ទទួល​បាន​សវនាការ​ជំនុំជម្រះ​ប្រកបដោយ​យុត្តិធម៌​ឡើយ​។ ម្យ៉ាងវិញទៀត ករណីនេះ​ត្រូវបាន​ចាត់ទុក​ថា ជាការ​គំរាមកំហែង​ដល់​សេរីភាព​សារព័ត៌មាន និង​ការងារ​រាយការណ៍​ព័ត៌មាន​ពិត​ជូន​សាធារណជន​។ ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ស្នើ​យ៉ាង​ទទូច​ឱ្យ​អាជ្ញាធរ​ទម្លាក់ចោល​បទ​ចោទ និង​ដោះលែង​សកម្មជន​សិទ្ធិ​ការងារ​រូបនេះ​វិញ​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល