តុលាការ​សម្រេច​ឃុំខ្លួន​អ្នក​តវ៉ា​ប្រឆាំង​ឥទ្ធិពល​ចិន​បី​នាក់​ក្នុង​ពន្ធនាគារ​ព្រៃស

ដោយ វ៉ែន សុមេធ
2020-10-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​អាជ្ញាធរ​បង្រ្កាបអ្នក​តវ៉ា​មុខស្ថានទូត​ចិន នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០២០។
សកម្មភាព​អាជ្ញាធរ​បង្រ្កាបអ្នក​តវ៉ា​មុខស្ថានទូត​ចិន នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០២០។
រូប​ហ្វេសប៊ុក

តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ឃុំខ្លួន​អ្នក​តវ៉ា​ប្រឆាំង​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​ចំនួន​បី​នាក់​ក្នុង​ពន្ធនាគារ​ព្រៃ​ស បន្ទាប់ពី​សាកសួរ​ចំនួន​ពីរ​ថ្ងៃ​ជាប់​គ្នា​។ សាច់ញាតិ និង​មេធាវី យល់ថា សេចក្តី​សម្រេច​របស់​តុលាការ មាន​ភាព​អយុត្តិធម៌ និង​គ្មាន​ជំហរ​ឯករាជ្យ។

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សុខ កែវបណ្ឌិត បាន​ចោទ​ប្រកាន់​អ្នក​តវ៉ា​នៅមុខ​ស្ថានទូត​ចិន​ទាំង​បី​នាក់​នោះ ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥​នៃ​ច្បាប់ព្រហ្មទណ្ឌ ហើយ​បង្គាប់​ឲ្យ​សមត្ថកិច្ច បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រលប់​ថ្ងៃ​ទី​២៥ ខែ​តុលា។

មេធាវី​ការពារ​ក្តី លោក សំ សុគង់ មាន​ប្រសាសន៍​ថា ការ​ចោទប្រកាន់​កូន​ក្តី​របស់​លោក​ទាំង​បី​នាក់​នេះ គឺជា​រឿង​អយុត្តិធម៌ ព្រោះ​ពួកគេ គ្រាន់តែ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​ក្នុង​ការ​ជួបជុំ និង​សម្ដែង​មតិ​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ មេធាវី​រូប​នេះ​ឲ្យ​ដឹង​ថា លោក​នឹង​ដាក់​បណ្ដឹង​ស្នើសុំ​ឲ្យ​កូន​ក្តី​ទាំង​បី​នាក់​បាន​នៅ​ក្រៅ​ឃុំ បណ្ដោះអាសន្ន ព្រោះ​ពួកគាត់​សុទ្ធ​តែ​មាន​វ័យ​ចំណាស់ មាន​បញ្ហា​សុខភាព និង​ជា​មេ​គ្រួសារ​ផង​ដែរ៖ «ខ្ញុំ​គិត​ថា ការ​ដាក់​ញត្តិ​នេះ​ជា​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ ដែល​រស់នៅ នៅ​ក្នុង​ប្រទេស​គោរព​លទ្ធិ​ប្រជាធិបតេយ្យ ជាពិសេស​ក្នុង​ការ​ប្រមូល​ផ្តុំ និង​ការ​បញ្ចេញមតិ​ដែល​ធានា ដោយ​រដ្ឋធម្មនុញ្ញ ហើយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ក៏​ជា​មូលដ្ឋានគ្រឹះ​នាំ​ឲ្យ​កើត​រដ្ឋធម្មនុញ្ញ ១៩៩៣​ដែរ ដូច្នេះ​ការចោទប្រកាន់​ដែល​គ្រាន់តែ​ពួកគាត់​ទៅ​សម្ដែង​មតិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល គោរព ធ្វើការ​ដោះស្រាយ​នេះ ខ្ញុំ​គិត​ថា ជា​ការ​ចោទប្រកាន់​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​និង​មិន​យុត្តិធម៌​ចំពោះ​ពួក​គាត់​ទេ»

អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​បង្ក្រាប​ដោយ​ហិង្សា និង​ចាប់ខ្លួន​អ្នក​តវ៉ា និង​ជា​សកម្មជន​បក្ស​ប្រឆាំង​ទាំង ៣ នាក់​នៅមុខ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​តុលា ក្នុង​ពេល​ពួកគេ​រួម នឹង​ពលរដ្ឋ​ជិត​២០​នាក់​ផ្សេងទៀត ព្យាយាម​ចូល​ទៅ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា និង​ដាក់​ញត្តិ ដើម្បី​សម្ដែង​ក្តី​បារម្ភ​ពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជា និង​ទាមទារ​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​ក្រុងភ្នំពេញ គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ អ្នក​ដែល​ចាប់ខ្លួន​នោះ​រួមមាន លោកស្រី លឹម សាន អាយុ ៥៧​ឆ្នាំ លោក ស្រី យ៉យ ស្រីមុំ អាយុ ៥២​ឆ្នាំ និង លោក តុ​ន និមល អាយុ ៤០​ឆ្នាំ ហើយ​ពួកគេ​ទាំង​បី​នាក់​មាន​ទីលំនៅ​ក្នុង​ខេត្ត​កណ្ដាល។

ឪពុក​របស់​សកម្មជន​បក្ស​ប្រឆាំង​លោក តុន និមល គឺ​លោក ចាន់ តុន លើកឡើង​ថា កូនប្រុស​របស់​លោក និង​ស្ត្រី​ពីរ​នាក់​ទៀត មិន​គួរ​ត្រូវ​បាន​ចាប់ខ្លួន​និង​ចោទប្រកាន់​នោះ​ទេ ព្រោះ​ពួកគេ​គ្រាន់​តែ​​ជួបជុំ​តវ៉ា​សម្ដែង​មតិ​ស្របតាម​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ គ្មាន​ចំណុច​ណាមួយ​ល្មើសច្បាប់​នោះ​ទេ​។ លោក ចាត់ទុកថា ការចោទប្រកាន់​នេះ ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន និង​ជា​ការ​ធ្វើបាប​ពលរដ្ឋ​ស្លូតត្រង់ មិន​ខុស​ពី​សម័យ ប៉ុល ពត ឡើយ។ ឪពុក​របស់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ អំពាវនាវ​ដល់​អង្គការ​ជាតិ និង​អន្តរជាតិ​រួម​ទាំង​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង​អ្នក​ទាំង​បី​នាក់​នោះ​ជាបន្ទាន់៖ «ការ​ចោទប្រកាន់​នេះ វា​គ្រាន់តែ​ពាក្យ​ចោទប្រកាន់​ព្រោះ​ពេល ដែល​កូនចៅ​ខ្ញុំ​ទៅ​តវ៉ា​ទាមទារ​ដាក់​ញត្តិ​នៅមុខ​ស្ថានទូត​នោះ​អត់​មាន​អំពើ​ណា​វឹកវរ​ណាមួយ​កើត​ឡើង​ទេ មានតែ​គ្នា ១០​ទៅ​២០​ហ្នឹង​ទេ ប៉ុន្តែ​បង្ក​ឲ្យ​វឹកវរ​នោះ​គឺ​សមត្ថកិច្ច​ទៅវិញ​ទេ ដែល​មក​ចាប់ មក​វាយ​កូនចៅ​ខ្ញុំ»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយ​ដែល​តុលាការ តែងតែ​ប្រើប្រាស់​បទចោទប្រកាន់​ញុះញង់​ដោយ​គ្មាន​មូលដ្ឋាន​លើ​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​ក្រុម​យុវជន​ដោយ​គ្រាន់តែ​ធ្វើ​សកម្មភាព​ជួបជុំ និង​តស៊ូ​មតិ​ដោយ​អហិង្សា​ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គមជាតិ៖ «បញ្ហា​ទាំងអស់​នេះ វា​នាំ​ឲ្យ​មានការ​រិះគន់​បន្ថែម​ទៀត​ទាក់ទង​នឹង​ការរំលោភ​ទៅលើ​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ ហើយ​បើ​មើល​ទៅលើ​ការចោទប្រកាន់​បទល្មើស​គឺ បទល្មើស​វា​កើតឡើង​ទៅ​បាន លុះត្រាតែ​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​ឬ​បង្ក​ឲ្យ​មាន​ចលាចល ភាព​វឹង​វរ ក្នុង​សង្គម​នេះ តើ​វា​មាន​ព្យសនកម្ម តើ​វា​កើតឡើង​ហើយ​ឬ​នៅ​? កន្លង​មក ការ​ចោទប្រកាន់​បទ​នេះ គឺ យើង​អត់​ឃើញ​មាន​ធាតុ​ផ្សំ​មួយ​ដែល​ថា ព្យសនកម្ម​ដែល​កើតឡើង​ពី​ទង្វើ​ទាំងអស់​ហ្នឹង​គឺ​អត់​ទាន់​កើតឡើង​ទេ​បាទ»

កាលពី​ថ្ងៃ​ទី​២៤ តុលា គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ចេញ​លិខិត​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ ចំពោះ​អាជ្ញាធរ​របប​លោក ហ៊ុន សែន ដែល​បាន​រារាំង បង្ក្រាប​ដោយ​ហិង្សា និង​ចាប់ចង​ពលរដ្ឋ​ខ្មែរ​ទាំង​បី​នាក់​នោះ ដែល​ពួកគេ​គ្រាន់តែ​សម្ដែង​មតិ និង​ទាមទារ​ឲ្យ​ប្រទេស​ចិន គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុកថា ទង្វើ​របស់​អាជ្ញាធរ​របប​លោក ហ៊ុន សែន គឺជា​ការរំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ ដែល​ធានា​ការពារ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​សេរីភាព​សម្ដែង​​មតិ សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ និង​សិទ្ធិ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​។ គណបក្សប្រឆាំង មួយ​នេះ ទាមទារ​ឲ្យ​ដោះលែង​ពលរដ្ឋ​ទាំង​បី​នាក់​នោះ​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល