សាលាឧទ្ធរណ៍​កំពុង​ពិនិត្យមើល​បណ្ដឹង​សាទុក្ខ​ករណី​លោក រ៉ាត់ រត្នមុនី

ដោយ អាស៊ីសេរី
2019-08-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី ឡុង គឹមហ៊ាង ភរិយា​លោក រ៉ាត់ រត្នមុនី និងស្វាមី ព្រមទាំង​កូន ថតរូប​នៅ​មុខ​ព្រះបរមរាជវាំង នា​ពេល​កន្លង​ទៅ។
លោកស្រី ឡុង គឹមហ៊ាង ភរិយា​លោក រ៉ាត់ រត្នមុនី និងស្វាមី ព្រមទាំង​កូន ថតរូប​នៅ​មុខ​ព្រះបរមរាជវាំង នា​ពេល​កន្លង​ទៅ។
រូបភាព​ហ្វេសប៊ុក

សាលាឧទ្ធរណ៍​កំពុង​ពិនិត្យមើល​សំណុំរឿង​របស់​សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី ដែល​ជាប់ទោស​ដោយសារ​ការផលិត​វីដេអូ​ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​។ មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​សាលាឧទ្ធរណ៍​បើក​ការ​ជំនុំជម្រះ​រឿង​នេះ​ឱ្យ​បាន​ឆាប់ និង​ផ្ដល់​យុត្តិធម៌​ដល់​លោក រ៉ាត់ រត្នមុនី វិញ។

អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ឱ្យ​ដឹង​ថា តុលាការ​ក្រុង​ភ្នំពេញ​បាន​បញ្ជូន​បណ្ដឹង​សារទុក្ខ​ករណី​លោក រ៉ាត់ រត្នមុនី មកដល់​សាលាឧទ្ធរណ៍​ហើយ​នៅ​អំឡុង​សប្ដាហ៍​នេះ។ លោក​បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៣០ សីហា​ថា សាលាឧទ្ធរណ៍​កំពុង​រៀបចំ​ចាត់តាំង​ចៅក្រម​ឱ្យ​កាន់​សំណុំ​រឿង​នេះ ហើយ​ចៅក្រម​នឹង​ចេញ​ដីកា​កោះហៅ​ភាគី​ពាក់ព័ន្ធ​ឱ្យ​ចូល​រួម​ក្នុង​សវនាការ​នៅ​ថ្ងៃ​ខាងមុខ​។ ទោះជា​យ៉ាងណា លោក​មិនទាន់​ដឹង​អំពី​ពេលវេលា​នៃ​សវនាការ​នោះ​ទេ ព្រោះ​នេះ​ជា​សិទ្ធិ​សម្រេច​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ៖ «សំណុំរឿង​ហ្នឹង​សាលាឧទ្ធរណ៍​ទើបតែ​ទទួល​បាន​ពី​ខាង​សាលាដំបូង​រាជធានី​ភ្នំពេញ​។ បាន​បញ្ជូន​មកដល់​សាលាឧទ្ធរណ៍​ហើយ ហើយ​ឥលូវ​ហ្នឹង​កំពុង​ចាត់​ទៅ​ចៅក្រម​ឱ្យ​គាត់​ពិនិត្យ​ទៅតាម​ច្បាប់​។ គាត់​នឹង​ចេញ​ដីកាកោះ​ពាក់ព័ន្ធ​នឹង​សវនាការ​ហ្នឹង»

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់ទោស​លោក រ៉ាត់ រត្នមុនី ឱ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ ពី​បទ “​ញុះញង់​ឱ្យ​មាន​ការរើសអើង​” កាលពី​ចុងខែ​មិថុនា​កន្លងទៅ​។ ចៅក្រម​ជំនុំជម្រះ​លោក កូយ សៅ បាន​សម្រេច​ឱ្យ​លោក​ជាប់ទោស​ពេញ​ទាំង ២​ឆ្នាំ ដោយ​គ្មាន​ការ​បន្ធូរបន្ថយ ខណៈ​បទ​ចោទ​នេះ​មាន​កម្រិត​ទោស​អតិបរមា ៣​ឆ្នាំ​ក្នុង​ពន្ធនាគារ​។ ក្រៅ​ពី​នេះ តុលាការ​បាន​បង្គាប់​ឱ្យ​លោក​សង​សំណង​ឱ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន ៧០​លាន​រៀល ឬ​ស្មើនឹង​ជិត ២​ម៉ឺន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ស្នើសុំ​សាលាឧទ្ធរណ៍​ឱ្យ​ពន្លឿន​សំណុំ​រឿង​នេះ ពីព្រោះ​គោលការណ៍​ច្បាប់ និង​សិទ្ធិមនុស្ស​តម្រូវ​ឱ្យ​សវនាការ​ត្រូវ​ធ្វើ​ឡើង​ដោយ​ឆាប់​រហ័ស ដើម្បី​ជា​ប្រយោជន៍​ដល់​ជនជាប់ចោទ​។ លោក​អំពាវ​ដល់​សាលាឧទ្ធរណ៍ ពិចារណា​ឱ្យ​កូន​ក្តី​របស់​លោក​បាន​រួចផុត​ពី​បទ​ចោទប្រកាន់ ព្រោះ​គាត់​មិនបាន​ប្រព្រឹត្ត​ទោសកំហុស​អ្វី​ឡើយ៖ «ឱ្យ​សាលាឧទ្ធរណ៍​មេត្តា​ពន្លឿន​នីតិវិធី​ក្នុង​ការ​បញ្ជូន​លោក រ៉ាត់ រត្នមុនី ទៅ​ជំនុំជម្រះ ហើយ​និង​មួយទៀត​សុំ​ឱ្យ​គាត់​រួចផុត​ពី​បទ​ចោទ ដើម្បី​គាត់​ជួបជុំ​ក្រុម​គ្រួសារ ពីព្រោះ​នៅ​ពេល​គាត់​ជាប់​ពន្ធនាគារ គាត់​មាន​អារម្មណ៍​មួយ​ថា នឹក​រឭក​ដល់​ក្រុម​គ្រួសារ​គាត់​មែនទែន»

ដើមហេតុ​នៃ​ការ​ដាក់​ទោស​ទណ្ឌ លោក រ៉ាត់ រត្នមុនី នេះ គឺ​ដោយសារ​លោក​បាន​ជួយ​ផលិត​ភាពយន្ត​ឯកសារ​ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ក្រោម​ចំណងជើង​ថា “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្ស៊ី​។ វីដេអូ​ដែល​មាន​ចំនួន​អ្នក​ចូល​ទស្សនា​រាប់​លាន​ដង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​យូធូប (YouTube) នោះ បង្ហាញ​ពី​នារី​វ័យក្មេង ៣​នាក់ ដែល​មាន​ជីវភាព​ក្រីក្រ ត្រូវ​បាន​គេ​លក់​ឱ្យ​បម្រើ​ផ្លូវ​ភេទ។

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ចាត់ទុក​ភាពយន្ត​ឯកសារ​នេះ​ថា ជា​វីដេអូ​ប្រឌិត ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា រួច​ក៏បាន​តាម​ចាប់​លោក រ៉ាត់ រត្នមុនី ដល់​ប្រទេស​ថៃ ដោយ​ចោទ​ថា លោក​បាន​ឱ្យ​លុយ​តួអង្គ​ទាំងនោះ ដើម្បី​និយាយ​ប្រឌិត​សាច់រឿង​។ ក៏ប៉ុន្តែ​តួអង្គ​ម្នាក់​នៅ​ក្នុង​ភាពយន្ត​ឯកសារ ”​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា នាង​មិន​បាន​ទទួល​លុយ​កាក់​ពី​លោក រ៉ាត់ រត្នមុនី ឡើយ ហើយ​អ្វី​ដែល​នាង​បាន​រៀបរាប់​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នោះ គឺជា​រឿង​ពិត​ផ្ទាល់ខ្លួន​របស់​នាង។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត រិះគន់​ភាព​យឺតយ៉ាវ​នៃ​ការ​បញ្ជូន​សំណុំរឿង​របស់​តុលាការ ពីព្រោះ​មេធាវី​លោក រ៉ាត់ រត្នមុនី បាន​ប្តឹង​សាទុក្ខ​ជិត​២ ខែ​ទៅ​ហើយ ទើប​សំណុំ​រឿង​នេះ​បាន​ទៅ​ដល់ដៃ​សាលាឧទ្ធរណ៍​។ លោក​ថា នីតិវិធី​យឺតយ៉ាវ​បែបនេះ ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ជនជាប់ចោទ។ លោក​ជំរុញ​ឱ្យ​សាលាឧទ្ធរណ៍​ដាក់​ថ្ងៃ​ជំនុំជម្រះ​ឱ្យ​បាន​ឆាប់ បន្ទាប់ពី​ទទួល​បាន​សំណុំ​រឿង​នេះ៖ «សង្ឃឹមថា សាលាឧទ្ធរណ៍​នឹង​ពិចារណា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទៅលើ​លោក រ៉ាត់ រត្នមុនី ហើយ​ដោះ​លែង​ឱ្យ​គាត់​មាន​សេរីភាព​វិញ ពីព្រោះ​បើ​យើង​មើល​ទៅលើ​បញ្ហា​នៃ​ការចោទប្រកាន់ ហាក់បីដូចជា មិន​មាន​ភស្តុតាង និង​មូលដ្ឋាន​គ្រប់គ្រាន់​ទេ ព្រោះ​គាត់​គ្រាន់តែ​ជា​អ្នកបកប្រែ​ឱ្យ​សារព័ត៌មាន​ប៉ុណ្ណោះ»

គិត​ត្រឹម​ពេលនេះ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​ជិត ៩​ខែ​ហើយ ហើយ​តាម​អំណាច​នៃ​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ លោក​ត្រូវ​ជាប់ឃុំ​បន្ត​ទៅ​ទៀត​រហូត​គ្រប់​រយៈពេល ២​ឆ្នាំ។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ការ​កាត់ទោស លោក រ៉ាត់ រត្នមុនី ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ កាន់តែ​បាត់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា ពីព្រោះ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ មិន​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​ឡើយ​។ ចំណែក​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​វិញ បាន​ថ្កោលទោស​តុលាការ​កម្ពុជា​ថា កាត់​ក្តី​រឿង​នេះ​តាម​បែប​បាយឡុក​បាយឡ​​គួរ​ឱ្យ​អាម៉ាស់ និង​គួរ​ឱ្យ​ស្អប់ខ្ពើម​។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​បន្ថែ​ម​ថា សាលក្រម​ផ្ដន្ទាទោស​លោក រ៉ាត់ រត្ន​មុនី បាន​ធ្វើ​ឱ្យ​បាត់បង់​សុចរិត​ភាព​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា​យ៉ាង​ដំណំ ហើយ​ពួកគេ​បាន​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​សកម្មជន​រូប​នេះ​វិញ​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល