អ្នកការពារ​សិទ្ធិមនុស្ស​ថា សេចក្ដី​ព្រាង​​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​មាន​ចរិត​រឹតត្បិត​ខ្លាំង

ដោយ ខែ សុណង
2020-04-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន (ឆ្វេង) ក្នុង​កម្មវិធី​សន្និបាត​គណបក្សប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន (ឆ្វេង) ក្នុង​កម្មវិធី​សន្និបាត​គណបក្សប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០២០។
រូប​ហ្វេសប៊ុក លោក ហ៊ុន សែន

 

ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ពិនិត្យ​ឃើញ​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាព​អាសន្ន​នោះ មាន​ចំណុច​មួយ​ចំនួន​រឹតត្បិត​ខ្លាំង​ដល់​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ចំណុច​ខ្លះ​ចែង​ក្នុង​ន័យ​មិន​ច្បាស់លាស់​ដែល​អាច​នាំ​ទៅ​រក​ការអនុវត្ត​លើស​ពី​គោលបំណង​នៃ​ច្បាប់​។ ការ​លើកឡើង​នេះ គឺ​ក្រោយ​ពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅ​លើ​បណ្តាញ​សង្គម ក្រោយ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​៣១ មីនា​។​

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ស្នើ​ឱ្យ​រដ្ឋាភិបាល ប្រសិនបើ​បង្កើត​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នោះ​មែន គឺ​សម្រាប់​តែ​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ តែមួយ​បាន​ហើយ ដោយ​កុំ​ប្រើ​ច្បាប់​នេះ​ដើម្បី​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្រៅ​ពី​បរិបទ​នៃ​វិបត្តិ​ជំងឺ​កូវីដ-១៩។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍ថា លោក​មិន​ជំទាស់​នឹង​ការ​បង្កើត​ច្បាប់​ស្តីពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នោះ​ទេ ព្រោះ​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​ប្រកាស​ដាក់​ប្រទេស​គេ​ទៅ​ក្នុង​ភាព​អាសន្ន​រួចទៅ​ហើយ ដើម្បី​ឆ្លើយតប​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ-១៩។

ទោះជា​យ៉ាងណា លោក នី សុខា មើល​ឃើញ​ថា សេចក្ដី​ព្រាងច្បាប់​ដែល​រដ្ឋាភិបាល​កំពុង​រៀប​ចំ​យ៉ាង​ប្រញាប់ប្រញាល់​នេះ មាន​ចំណុច​ខ្លះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រសិនបើ​យក​មក​អនុវត្ត​មែន​នោះ​។ ជា​ឧទាហរណ៍ ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ករណី​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​ចំណុច​នេះ​លោក​ថា ងាយ​នឹង​ឱ្យ​រដ្ឋាភិបាល​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ហើយ​យក​ច្បាប់​នេះ​មក​ប្រើ​ដើម្បី​គ្រប់គ្រង​ប្រទេស៖ «យើង​ទទូច​ថា រដ្ឋាភិបាល​ពេលនេះ កាលៈទេសៈ​នេះ គួរតែ​ប្រើប្រាស់​វិធានការ​ណា​ដែល​គ្រាន់​តែ​ត្រឹម​កម្រិត​ឆ្លើយតប​ទៅ​នឹង​ការទប់ស្កាត់ និង​ការ​ការពារ ឬក៏​បង្ការ​នៃ​បញ្ហា​វីរុស​ឆ្លង​ទៅ​បាន​ហើយ​។ កុំ​ឱ្យ​ប្រើប្រាស់​វិធានការ​លើស​ពី​ហ្នឹង ដែល​ឈាន​ទៅ​ដល់​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​អនាគត​នៃ​ដំណើរការ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាព​អាសន្ន​ដែល​បែក​ធ្លាយ​នៅ​លើ​បណ្ដាញ​សង្គម​នោះ មាន​ចំនួន​១១ មាត្រា កំណត់​អំពី​បែបបទ នីតិវិធី និង​លក្ខខណ្ឌ​នៃ​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នៅ​ពេល​ជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ព្រមទាំង​ការគ្រប់គ្រង​ប្រទេស​ក្នុង​ស្ថានភាព អាសន្ន ដើម្បី​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការពារ​ទ្រព្យ​សម្បត្តិ និង​បរិស្ថាន។

សេចក្ដី​ព្រាង​ច្បាប់​នេះ​កំណត់​ថា ការ​ដាក់​ប្រទេសជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន អាច​ធ្វើឡើង​នៅ​ពេល​ដែល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ មាន​ជាអាទិ៍ សង្គ្រាម ឬ​ការឈ្លានពាន​ពី​បរទេស គ្រោះអាសន្ន​ចំពោះ​សុខភាព​សាធារណៈ​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ ដែល​គំរាមកំហែង ឬ​អាច​បង្ក​គ្រោះថ្នាក់​រីក​រាលដាល​ដល់​កម្រិត​ទូទាំង​ប្រទេស​។ ការ​ដាក់​ប្រទេសជាតិ​ក្នុង​ភាព​អាសន្ន​នេះ អាច​ធ្វើ​ឡើង​ក្នុង​រយៈពេល​កំណត់ ឬ​មិន​កំណត់​ក៏បាន។

នៅ​ពេល​ប្រទេសជាតិ​ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន រដ្ឋាភិបាល​មាន​សិទ្ធិ​ដាក់​ចេញ​នូវ​វិធានការ​ជាច្រើន មាន​ជាអាទិ៍ ការ​ហាមឃាត់ ឬ​កម្រិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើដំណើរ ការ​ជួប​ប្រជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស​។ រដ្ឋាភិបាល​មាន​សិទ្ធិ​ហាមឃាត់ ឬ​កម្រិត​ការ​ធ្វើ​សកម្មភាព​ការងារ ឬ​មុខរបរ និង​ការ​មិន​ឱ្យ​បុគ្គល​ចេញពី​លំនៅឋាន ឬ​ទី​សំណាក់​ណាមួយ ព្រមទាំង​ចេញ​វិធាន​ការ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​ក្នុង​ករណី​គ្រោះអាសន្ន​ផ្នែក​សុខភាព​បណ្ដាល​មក​ពី​ជំងឺឆ្លង។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​មាន​សិទ្ធិ​កែន និង​ជម្លៀស​ពលរដ្ឋ ដកហូត គ្រប់គ្រង និង​ចាត់ចែង​ទ្រព្យសម្បត្តិ និង​សេវា ដែល​មាន​ភាព​ចាំបាច់ ដើម្បី​ឆ្លើយតប​ចំពោះ​ភាព​អាសន្ន​។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​មាន​សិទ្ធិ​កំណត់​ថ្លៃ​ទំនិញ និង​សេវា ព្រមទាំង​បិទ​ទីតាំង​សាធារណៈ ឬ​ឯកជន​ណាមួយ ដែល​មាន​ភាព​ចាំបាច់​ដើម្បី​ឆ្លើយតប​នឹង​ភាព​អាសន្ន​។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​មាន​សិទ្ធិ​ឃ្លាំមើល និង​តាមដាន​តាម​គ្រប់​មធ្យោបាយ ដើម្បី​ទទួល​បាន​ព័ត៌មាន​តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​ទូរគមនាគមន៍ ព្រមទាំង​ហាមឃាត់ ឬ​កម្រិត​ការចែក​ចាយ ឬ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​អាច​បង្ក​ឱ្យ​មាន​ការ​ភ័យខ្លាច​ដល់​សាធារណជន ឬ​ចលាចល ឬ​ដែល​នាំ​ឱ្យ​ខូចខាត​ដល់​សន្តិសុខ​ជាតិ ឬ​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​អំពី​ស្ថានភាព​នៃ​ភាព​អាសន្ន​។ ជាង​នេះ​ទៅ​ទៀត បើ​វិធានការ​ទាំងនេះ​មិន​គ្រប់គ្រាន់​ទេ រដ្ឋាភិបាល​មាន​សិទ្ធិ​ដាក់​ចេញ​វិធានការ​សមស្រប និង​ចាំបាច់​ដទៃ​ទៀត ហើយ​ជាពិសេស រដ្ឋាភិបាល​អាច​ប្រើប្រាស់​កង​កម្លាំងប្រដាប់អាវុធ ដើម្បី​ធានា​ដល់​ការអនុវត្ត​វិធានការ​ដូច​បាន​រៀបរាប់​នេះ​ទៀត​ផង។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវា​ង្ស ពិនិត្យ​ឃើញ​ថា វិធានការ​ខ្លះ​អាច​អនុវត្ត​បាន​ដើម្បី​ឆ្លើយតប​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ ក៏ប៉ុន្តែ​វិធានការ​ខ្លះ​ទៀត​លោក​ថា មាន​លក្ខណៈ​រឹត​បន្តឹង​ខ្លាំង​ពេក​ចំពោះ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ៖ «ចំណុច​មួយ​ចំនួន ដូចជា​ហាមឃាត់​ការ​ប្រមូល​ផ្តុំ ឬមួយ​ការ​ធ្វើ​ដំណើរ ឱ្យ​នៅ​ក្នុងផ្ទះ ឬក៏​ជម្លៀស​ជាដើម អាហ្នឹង​ខ្ញុំ​គិត​ថា អាច​ប្រើប្រាស់​បាន​ដើម្បី​ការពារ​សុវត្ថិភាព​នៃ​ការ​ឆ្លង​រីក​រាលដាល ព្រោះ​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​គេ​បាន​ប្រើប្រាស់​ដែរ​។ ក៏ប៉ុន្តែ មិន​ចាំបាច់​ត្រូវការ​ការ​ឃ្លាំមើល​ទេ បើ​ការ​ឃ្លាំមើល ការ​តាមដាន​ដោយសារតែ​ការប្រើប្រាស់​សម្រាប់​ទប់ស្កាត់​ជំងឺ​នេះ ខ្ញុំ​ថា​ហាក់ដូច​ជា​មានការ​រឹត​បន្តឹង​ខ្លាំង​ណាស់​។ អ្វី​ដែល​យើង​ព្រួយបារម្ភ​នៅ​ត្រង់​ថា ច្បាប់​នេះ​វា​ទូទៅ វា​មិនមែន​ប្រើប្រាស់​សម្រាប់​តែ​ធ្វើ​កិច្ច​ការងារ​នៅ​ក្នុង​អំឡុង​ពេល​មាន​អាសន្ន​ទេ វា​លើស​ពី​ហ្នឹង​ទៀត

ក្រៅពី​ការ​ផ្តល់​អំណាច​យ៉ាង​ច្រើន​សម្បើម​ដល់​រដ្ឋាភិបាល​ក្នុង​ការ​កម្រិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ហើយ សេចក្តី​ព្រាងច្បាប់​នេះ​ក៏​មាន​ចែង​អំពី​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ផង​ដែរ​។ ជន​ណា​ក៏​ដោយ​ដែល​មិន​គោរព​វិធានការ​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​នៅ​អំឡុង​ពេល​ប្រទេសជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​នោះ នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ ខែ​ដល់​១ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១ សែន​ទៅ ១ លាន​រៀល​។ កាលបើ​ការ​មិន​គោរព​នោះ ធ្វើ​ឱ្យ​មាន​ចលាចល​ជា​សាធារណៈ គឺ​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ ឆ្នាំទៅ​៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១ លាន​រៀល​ទៅ​៥ លាន​រៀល ដោយ​នេះ​មិនទាន់​រាប់បញ្ចូល​បទល្មើស​ព្រហ្មទណ្ឌ​ដទៃ​ទៀត​នៅ​ឡើយ​ទេ។ដោយឡែក ជន​ណា​ក៏​ដោយ​ដែល​ប្រព្រឹត្ត​ទង្វើ​ដោយ​ចេតនា​រារាំង ឬ​បង្ក​ឧបសគ្គ​ដល់​កិច្ចប្រតិបត្តិការ​ឆ្លើយតប​ចំពោះ​ភាព​អាសន្ន នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ឆ្នាំ​ដល់ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​ដល់ ៥​លាន​រៀល​។ កាលបើ​អំពើ​រារាំង​នោះ នាំ​ឱ្យ​មាន​ចលាចល​ជា​សាធារណៈ ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ នោះ​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ដល់​១០ ហើយ​នេះ​នៅ​មិនទាន់​គិតដល់​បទល្មើស​ព្រហ្មទណ្ឌ​ដទៃ​ទៀត​នៅ​ឡើយ​ទេ។

មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា យល់ឃើញ​ថា ទោស​ទណ្ឌ​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​មិន​គួរ​យក​មក​អនុវត្ត​ភ្លាមៗ​ទេ ព្រោះ​ពលរដ្ឋ​មិនទាន់​យល់ដឹង​ពី​ច្បាប់​ថ្មី​នេះ​នៅ​ឡើយ៖ «ពេល​ដែល​ច្បាប់​ហ្នឹង​ចេញ​មក ទាក់ទង​ទៅ​នឹង​ការ​ផ្សព្វផ្សាយ ការ​យល់ដឹង​ហ្នឹង វា​អាច​មាន​កម្រិត​។ អ៊ីចឹង​ហើយ ប្រជាពលរដ្ឋ​យើង​នៅ​មិនទាន់​អាច​ទទួល​បាន ឬក៏​មិន​ទាន់​បាន​យល់​ច្បាស់​អំពី​បញ្ហា​ហ្នឹង វា​អាច​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ទៅលើ​ការ​ដាក់​ទោស​ទណ្ឌ​ហ្នឹង​ធ្ងន់ធ្ងរ​ដែរ»

ទីស្តីការ​គណៈរដ្ឋមន្ត្រី​ឱ្យ​ដឹង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៣១ មីនា​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាព​អាសន្ន​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋ​សភា​តែម្ដង ដោយ​មិន​ដាក់​ឆ្លង​កាត់​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ទៀត​ទេ ដោយសារ​ត្រូវ​ប្រកាស​ជា​ការ​ប្រញាប់។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឱ្យ​អាស៊ីសេរី​ដឹង​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​០១ មេសា សេចក្ដី​ព្រាងច្បាប់​នេះ​មិន​ទាន់​មក​ដល់ដៃ​រដ្ឋសភា​នៅឡើយ​ទេ​។ តែ​យ៉ាងណា លោក​ថា បើ​ច្បាប់​នេះ​ដាក់​ជា​ការ​ប្រញាប់ រដ្ឋសភា​នឹង​រៀបចំ​ទៅតាម​នីតិវិធី​ប្រញាប់ នៅ​ពេល​ទទួល​បាន​សេចក្តី​ព្រាង​ច្បាប់​នោះ​។​

 

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់​ថា ច្បាប់​ដ៏​សំខាន់​បែបនេះ​គួរតែ​មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ មិន​គួរ​ណា​ធ្វើឡើង​ដោយ​ប្រញាប់ប្រញាល់​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ជាប់ទោស​ដោយ​មិន​ដឹង​ខ្លួន​។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​បារម្ភ​ពី​ការ​បកស្រាយ​មាត្រា​ច្បាប់​ទាំងអស់​នេះ​តាម​អំពើ​ចិត្ត និង​ក្នុង​ចេតនា​បំបិទ​សំឡេង​ប្រឆាំង ព្រមទាំង​ប្រើ​ច្បាប់​នេះ​ធ្វើជា​លេស ដើម្បី​ចាប់ចង​បង្ខំ​ឱ្យ​ពលរដ្ឋ​លែង​ហ៊ាន​រិះគន់​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ​១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល