សង្គម​ស៊ីវិល​ជំរុញ​សាលាឧទ្ធរណ៍​ពន្លឿន​រឿង​ក្តី​លោក រ៉ាត់ រត្នមុនី ព្រោះ​កាល​កំណត់​នៃ​ទោស​ជិត​មក​ដល់

ដោយ ​ហេង រស្មី
2020-11-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ លើក​បង្ហាញ​ភាព​រឹងមាំ​ពេល​នគរបាល​បណ្ដើរ​ចូល​សវនាការ​នៅ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០២០។
លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ លើក​បង្ហាញ​ភាព​រឹងមាំ​ពេល​នគរបាល​បណ្ដើរ​ចូល​សវនាការ​នៅ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០២០។
រូប៖ គេផ្ដល់ឱ្យ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​រិះគន់​សាលាឧទ្ធរណ៍​ភ្នំពេញ ដែល​អូស​បន្លាយ​សំណុំរឿង​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្ន​មុនី​។ គិត​ត្រឹម​ខែ​វិច្ឆិកា​នេះ លោក រ៉ាត់ រត្ន​មុនី នៅ​សល់​ទោស​ក្នុង​ពន្ធនាគារ​តែមួយ​ខែ​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​សាលាឧទ្ធរណ៍​មិន​ទាន់​កំណត់ពេល​ជម្រះ​រឿង​ក្តី​នេះ​ឡើង​វិញ​នៅ​ឡើយ​ទេ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា ថ្លែង​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា​ថា សាលា​ឧទ្ធរណ៍ មិនទាន់​ពន្លឿន​សំណុំរឿង​លោក រ៉ាត់ រត្ន​មុនី ឲ្យ​ចប់​មុននឹង​លោក​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ រួចរាល់​នៅ​អំឡុង​ខែ​ធ្នូ ខាងមុខនេះ​នៅឡើយ​ទេ​។ លោក​ថា ការ​អូស​បន្លាយ​សំណុំរឿង​បែប​នេះ ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​របស់​ជន​ជាប់​ឃុំ និង​គោលការណ៍​ច្បាប់​។ លោក​ជំរុញ​ឱ្យ​សាលាឧទ្ធរណ៍​ពន្លឿន​ករណី​នេះ ហើយ​ផ្ដល់​យុត្តិធម៌​ដល់​លោក រ៉ាត់ រត្នមុនី វិញ៖ «ប្រសិនបើ​តុលាការ​នៅតែ​បណ្ដែតបណ្ដោយ​ឱ្យ​រឿង​ហ្នឹង​កាន់តែ​អូស​បន្លាយ​យូរ​ទៅៗ អាហ្នឹង​វា​ជា​រឿង​មួយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ជន​ជាប់ឃុំ ហើយ​នេះ​ទាក់ទង​នឹង​រឿង​សិទ្ធិ​ទទួល​បាន​យុត្តិធម៌ ត្រូវតែ​បាន​ការ​សម្រេច​មួយ​ដោយ​យុត្តិធម៌ ហើយ​ឱ្យ​មាន​ពេលវេលា​មួយ​ដ៏​សមស្រប»

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ផ្ដល់​មេធាវី​ជួយ​ការពារ​ក្តី​ឱ្យ លោក រ៉ាត់ រត្នមុនី តាំងពី​ដើមដំបូង ដោយសារ​ពិនិត្យ​ឃើញ​ថា សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា (CCTUF) លោក រ៉ាត់ រត្ន​មុនី ឱ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ ពី​បទ “​ញុះញង់​ឱ្យ​មាន​ការរើសអើង​” ហើយ​សាលាឧទ្ធរណ៍​ភ្នំពេញ បាន​តម្កល់​សាលក្រម​នេះ​ទុក​ជា​បានការ​ដដែល។ ទោះជា​យ៉ាងណា កាលពី​ពាក់​កណ្ដាល​ខែ​កក្កដា​កន្លង​ទៅ តុលាការ​កំពូល​បានសម្រេច​បង្វិល​សំណុំ​រឿង​នេះ​ឱ្យ​សាលាឧទ្ធរណ៍​ភ្នំពេញ​ជំនុំជម្រះ​ឡើងវិញ ក្រោម​ហេតុផល​ថា សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​កាលពី​លើក​មុន នៅ​ខ្វះ​ចន្លោះ។

ទោះជា​យ៉ាងណា មក​ដល់​ខែ​វិច្ឆិកា​ទៅ​ហើយ សាលាឧទ្ធរណ៍​ភ្នំពេញ​មិន​ទាន់​បាន​លើក​រឿង​នេះ​មក​ជំនុំជម្រះ​នៅឡើយ​ទេ ទោះជា​មាន​សំណើ​ពី​មេធាវី​យ៉ាង​ណា​ក្តី។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អគ្គលេខាធិការ​សាលាឧទ្ធរណ៍​ភ្នំពេញ លោក ជូ ប៊ុនរីន ដើម្បី​សាកសួរ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ចំណែក​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន វិញ មិន​លើក​ទូរស័ព្ទ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា អាជ្ញាធរ​ត្រូវ​ដោះលែង​លោក រ៉ាត់ រត្នមុនី ជា​ស្វ័យប្រវត្តិ​នៅ​អំឡុង​ខែ​ធ្នូ​ខាងមុខ ទោះជា​សាលាឧទ្ធរណ៍​មិនទាន់​បើកសវនាការ​ជំនុំជម្រះ​ឡើងវិញ​ក៏ដោយ ព្រោះ​គាត់​នឹង​អនុវត្ត​ទោស​ចប់​សព្វគ្រប់​ហើយ​។ ទោះជា​យ៉ាងណា លោក អំ សំអាត ថ្លែង​ថា បើ​រឿង​នេះ​កើតឡើង​ដូច្នេះ​មែន មាន​ន័យថា បណ្តឹង​ទាស់​របស់​លោក រ៉ាត់ រត្ន​មុនី គ្មាន​ន័យ​អ្វី​ឡើយ​។ លោក​កត់សម្គាល់​ថា ករណី​បែប​នេះ​បាន​កើត​ឡើងជា​ហូរហែ​មក​ហើយ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា ដែល​ជា​ការអនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ និង​សិទ្ធិមនុស្ស៖ «អ្វី​ដែល​សំខាន់ យើង​ចង់​ឱ្យ​សាលាឧទ្ធរណ៍​ពិនិត្យ និង​ពន្លឿន​នីតិវិធី ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​ដំណើររឿង បាន​ន័យថា អនុវត្ត​ទោស​ចប់​ទៅ​ហើយ រឿង​អត់​ទាន់​ធ្វើ​សវនាការ​ផង អាហ្នឹង​គឺ​វា​ប៉ះពាល់​ទៅដល់​ការ​ទន្ទឹង​យុត្តិធម៌​របស់​ជន​ត្រូវ​ចោទ»

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ចោទប្រកាន់ និង​កាត់ទោស លោក រ៉ាត់ រត្នមុនី ដោយសារតែ​លោក​បាន​ជួយ​ផលិត​ភាពយន្ត​ឯកសារ​ស្តីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ក្រោម​ចំណងជើង​ថា “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” ឱ្យ​សារព័ត៌មាន​រុស្ស៊ី RT (Russia Today)​។ អាជ្ញាធរ​ចោទ​ថា លោក រ៉ាត់ រត្ន​មុនី បាន​ផ្តល់​លុយ​ឱ្យ​តួអង្គ ដើម្បី​និយាយ​ប្រឌិត​សាច់រឿង ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​មុខមាត់​កម្ពុជា​។ ប៉ុន្តែ តួអង្គ​ម្នាក់​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នោះ ធ្លាប់​បាន​អះអាង​ថា នេះ​ជា​រឿងរ៉ាវ​ពិត​ផ្ទាល់ខ្លួន​ដែល​នាង​ចង់​ទម្លាយ​ជា​សាធារណៈ ហើយ​នាង​មិន​ដែល​បាន​ទទួល​លុយ​ពី​លោក រ៉ាត់ រត្នមុនី ឡើយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បន្ត​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​នេះ និង​ដោះលែង​លោក រ៉ាត់ រត្នមុនី ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​លោក​មិន​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​ឡើយ​។ ក្រុម​សង្គម​ស៊ីវិល​គូស​បញ្ជាក់​ថា ការ​បន្ត​ចោទប្រកាន់ និង​ឃុំខ្លួន​លោក រ៉ាត់ រត្នមុនី គឺជា​ការ​គំរាមកំហែង​លើ​សេរីភាព​សារព័ត៌មាន និង​ការ​បញ្ចេញ​មតិ ហើយ​ពួកគេ​ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ទង្វើ​រំលោភបំពាន​បែបនេះ​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល