មេធាវី​ថា ជាង ២​ខែ​ហើយ នៅតែ​មិនទាន់​ឮ​ដំណឹង​ពី​សវនាការ​រឿង​ក្តី​លោក រ៉ាត់ រត្នមុនី នៅ​តុលាការ​កំពូល

ដោយ ខែ សុណង
2020-02-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី ពេលមកសវនាការ​នៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២៦ មិថុនា ២០១៩។
​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី ពេលមកសវនាការ​នៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២៦ មិថុនា ២០១៩។
Reuters

មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី អំពាវនាវ​ដល់​តុលាការ​កំពូល​ឱ្យ​ពន្លឿន​សវនាការ​សំណុំ​រឿង​នេះ​។ ការ​អំពាវនាវ​នេះ ដោយសារតែ​មេធាវី​បាន​ប្តឹង​សាទុក្ខ​តាំងពី​ពាក់​កណ្តាល​ខែ​ធ្នូ ឆ្នាំ​២០១៩ តែ​មិន​ឃើញ​តុលាការ​កំណត់​ថ្ងៃ​ជំនុំជម្រះ​នៅឡើយ​ទេ រហូតមកដល់​ដំណាច់ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ​។ មេធាវី​ការពារ​ក្តី​ឱ្យ​លោក រ៉ាត់ រត្ន​មុនី គឺ​លោក សំ ទិត្យសីហា ឱ្យ​អាស៊ីសេរី​ដឹង​ថា ជាង ២​ខែ​មកនេះ លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​ស្ដីពី​សវនាការ​សំណុំរឿង​កូនក្តី​របស់​លោក​នៅ​ឡើយ​ទេ​។ លោក​បញ្ជាក់​ថា លោក​បាន​ដាក់​សារណា​ការពារ​បណ្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ជាង​មួយ​ខែ​មក​ហើយ ប៉ុន្តែ​នៅតែ​មិនទាន់​ឃើញ​តុលាការ​កំណត់​ថ្ងៃ​ជំនុំជម្រះ​រឿងក្ដី​នេះ​ទៀត​។ លោក​យល់ថា តុលាការ​កំពូល​ត្រូវតែ​ព​ន្លឿ​ន​សំណុំ​រឿង​នេះ ពីព្រោះ​កូន​ក្តី​របស់​លោក​បានជាប់​ឃុំ​ជាង ១​ឆ្នាំ​ទៅ​ហើយ បើ​នៅតែ​អូស​បន្លាយ​ទៀត បណ្តឹង​សាទុក្ខ​នោះ​នឹង​លែង​មានន័យ​អ្វី​ទៀត​ដែរ៖ «នីតិវិធី​ច្បាប់​គេ​ចែង​ច្បាស់​ណាស់​ថា គោលបំណង​ធំ​បំផុត​នោះ គឺ​ទាក់ទង​នឹង​ផលប្រយោជន៍​ជនជាប់ចោទ​។ ករណី​ដូច​លោក រ៉ាត់ រត្នមុនី ប្រសិនបើ​រក​អត់​ឃើញ​មាន​កំហុស អ៊ីចឹង​តើន​រណា​ជា​អ្នកទទួលខុសត្រូវ​ទៅលើ​ការអនុវត្ត​ទោស​របស់​គាត់​រហូតដល់​រយៈពេល​ជិត​២ ឆ្នាំ​? ទី​ពីរ បើ​តុលាការ​កំពូល​នៅតែ​អូស​បន្លាយ​ពេលវេលា​រហូត​ដល់​ថ្ងៃ​គាត់​ចេញ អ៊ីចឹង​ទាក់ទង​ទៅ​នឹង​សវនាការ​របស់​តុលាការ​កំពូល​ហ្នឹង ក៏​វា​ដូចជា​អត់​មានន័យ​អ្វីមួយ​ដែល​ត្រូវ​ថា ដំណើរការ​នីតិវិធី​របស់​តុលាការ​កំពូល​ហ្នឹង ផ្ដល់​ផលប្រយោជន៍​ទៅលើ​ជនជាប់ចោទ​ហ្នឹង វា​អត់​មាន អ៊ីចឹង​ដែល​យើង​គិត​ថា ធ្វើ​យ៉ាងណា​ឱ្យ​គិត​ពី​ផលប្រយោជន៍​ជាប់ចោទ​នេះ»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ និង​បង់​សំណង​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​ជិត ២​ម៉ឺន​ដុល្លារ​អាមេរិក ពី​បទ “​ញុះញង់​ឱ្យ​មាន​ការរើសអើង​”​។ បទ​ចោទ​ប្រឆាំង​នឹង​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ ធ្វើឡើង​ដោយសារតែ​លោក​បាន​ជួយ​ផលិតភាព​យន្ត​ឯកសារ​ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ក្រោម​ចំណងជើង​ថា “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” ឱ្យ​សារព័ត៌មាន​រុស្ស៊ី RT (Russia Today)​។ អាជ្ញាធរ​កម្ពុជា​បាន​ចាត់ទុក​វីដេអូ​នេះ​ថា ជា​រឿងប្រឌិត​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា និង​កិត្តិយស​ស្ត្រី​ខ្មែរ ហើយ​បាន​ចោទ​លោក រ៉ាត់ រត្ន​មុនី ថា បាន​ឱ្យ​លុយ​តួអង្គ ដើម្បី​និយាយ​កុហក។

ទោះជា​យ៉ាងណា តួអង្គ​ម្នាក់​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នេះ ធ្លាប់​បាន​អះអាង​ប្រាប់​អាស៊ីសេរី​ថា នាង​មិនដែល​ទទួល​បាន​លុយកាក់​ពី​លោក រ៉ាត់ រត្ន​មុនី ឡើយ ហើយ​អ្វី​ដែល​នាង​រៀបរាប់​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នោះ គឺជា​ខ្សែ​ជីវិត​ពិត​របស់​នាង​។ ក៏ប៉ុន្តែ តុលាការ​មិន​បាន​ព្យាយាម​ហៅ​សាក្សី​ដ៏​សំខាន់​មួយ​រូប​នេះ និង​ភ្នាក់ងារ​សារព័ត៌មាន អរ​ធី (RT) ឱ្យ​មក​ឆ្លើយ​ដោះ​បន្ទុក​លោក រ៉ាត់ រត្ន​មុនី ឡើយ ដោយ​តុលាការ​ហាក់​មាន​ចេតនា​ដាក់​បន្ទុក​តែ​លើ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​តែ​ម្នាក់​ប៉ុណ្ណោះ។

ចំណែក​នៅ​ក្នុង​ដំណាក់កាល​សាលាឧទ្ធរណ៍​វិញ សំណុំ​រឿង​នេះ​កាន់តែ​ចម្រូងចម្រាស ដោយសារ​សវនាការ​ធ្វើ​ឡើង​ដោយ​គ្មាន​ភាគី​ដើមបណ្ដឹង ហើយ​ជា​ចុងក្រោយ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​បានសម្រេច​តម្កល់​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែរ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​តុលាការ​កំពូល លោក អ៊ុក គឹមសិទ្ធិ ជាច្រើន​ដង​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​២៩ កុម្ភៈ ដើម្បី​សាកសួរ​អំពី​សវនាការ​រឿង​ក្តី​នេះ ក៏ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ។

អតីត​សកម្មជន​សិទ្ធិ​លំនៅឋាន និង​ជា​ភរិយា​របស់​លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង នៅតែ​អះអាង​ថា ស្វាមី​របស់​អ្នកស្រី​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​ឡើយ​។ ដូច្នេះ អ្នកស្រី​ស្នើ​យ៉ាង​ទទូច​ឱ្យ​តុលាការ​កំពូល​ដោះលែង​ស្វាមី​អ្នកស្រី​ឱ្យ​មាន​សេរីភាព​វិញ​។ អ្នកស្រី​សង្កត់ធ្ងន់​ថា ជំនួស​ឱ្យ​ការ​ដាក់​ទោសទណ្ឌ​ស្វាមី​អ្នកស្រី អាជ្ញាធរ​កម្ពុជា​គួរតែ​ប្រឹង​ទប់ស្កាត់​ការ​ជួញដូរ​ផ្លូវ​ភេទ​លើ​កុមារ ដូច​ដែល​មាន​បង្ហាញ​នៅ​ក្នុង​ភាពយន្ត​ឯកសារ “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ”៖ «ប្តី​របស់ខ្ញុំ​គ្រាន់តែ​ជា​អ្នកបកប្រែ អ៊ីចឹង​មិន​គួរ​គាត់​មានទោស​។ អ៊ីចឹង​បើ​តុលាការ​កម្ពុជា​ផ្អែកលើ​ច្បាប់ គឺ​ប្តី​របស់ខ្ញុំ​ត្រូវ​បាន​ដោះលែង ហើយ​មិន​ត្រូវ​មានទោស​ទេ​។ ការ​រក្សា​ទុក ការ​ឃុំខ្លួន​ប្តី​របស់ខ្ញុំ ឬក៏​អ្នកទោស​(​មនសិការ​)​ដទៃ​ផ្សេងទៀត​ហ្នឹង វា​បង្ហាញ​ថា ប្រព័ន្ធ​យុត្តិធម៌ ឬក៏​ប្រព័ន្ធ​តុលាការ​របស់​យើង​ហ្នឹង ស្ថិត​ក្រោម​សម្ពាធ​ធ្ងន់ធ្ងរ​ណាស់ សឹងតែ​ថា លែង​ហៅថា​ជា ប្រព័ន្ធ​យុត្តិធម៌ ឬ​តុលាការ​ទៅ​ហើយ»

គិត​ពី​ថ្ងៃ​ចាប់ខ្លួន​រហូត​មក​ដល់​ដំណាច់​ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​អស់​រយៈពេល​ជាង ១​ឆ្នាំ ២​ខែ​ហើយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួមទាំង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ផង បាន​វាយតម្លៃ​ថា ការ​ដាក់ទោស​លោក រ៉ាត់ រត្នមុនី កាន់តែ​ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ បាត់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ដោយសារតែ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​មិន​ទទួល​បាន​សវនាការ​ជំនុំជម្រះ​ប្រកបដោយ​យុត្តិធម៌​ឡើយ​។ ម្យ៉ាងវិញទៀត ករណី​នេះ​ត្រូវ​បាន​ចាត់ទុកថា ជា​ការ​គំរាមកំហែង​ដល់​សេរីភាព​សារព័ត៌មាន និង​ការងារ​រាយការណ៍​ព័ត៌មាន​ពិត​ជូន​សាធារណជន​។ ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ស្នើ​យ៉ាង​ទទូច​ឱ្យ​អាជ្ញាធរ​ទម្លាក់​ចោល​បទ​ចោទ និង​ដោះលែង​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​វិញ​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល