អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង និងជានាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ប្រកាសជំហរថា លោកនឹងចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់តុលាការ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ស្អែកនេះ បើទោះបីជាលោកគ្មានជំនឿលើប្រព័ន្ធតុលាការនេះក្ដី។
តុលាការបានចោទប្រកាន់លោកពីបទរួមគំនិតក្បត់ និងបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមកាលពីអំឡុងឆ្នាំ២០១៩។
លោក ថាច់ សេដ្ឋា មានប្រសាសន៍នៅថ្ងៃទី២៤ វិច្ឆិកា ថា លោកនឹងចូលទៅបំភ្លឺតាមការកោះរបស់តុលាការ បើទោះជាក្នុងដីការបស់តុលាការសរសេរថ្ងៃកំណើត និងអាសយដ្ឋានរបស់លោកខុសក្ដី។ លោកថា ការចូលបំភ្លឺនេះដើម្បីបង្ហាញពីភាពបរិសុទ្ធ ស្មោះត្រង់នឹងជាតិ សាសនា ព្រះមហាក្សត្រ ដែលលោកហ៊ានអះអាងថា លោកមិនបានក្បត់ជាតិនោះទេ៖ «ខ្ញុំមិនដឹងថា រួមគំនិតក្បត់នេះ រួមជាមួយនរណាផង យើងមិនដឹងនរណាអ្នកក្បត់លឺតែក្បត់ៗគ្រប់តែគ្នា ខ្ញុំមិនដឹងថា ខ្ញុំរួមគំនិតក្បត់ជាមួយនរណា ព្រោះខ្ញុំឈឺផង ខ្ញុំគ្មានមធ្យោបាយអីដែលទៅរួមជាមួយគេហ្នឹងផង ខ្ញុំក៏មិនដែលទៅជួបប្រជុំញុះញង់អីនរណា ឲ្យធ្វើស្អីមួយនោះដែរ។ ដូច្នេះយើងមិនដឹងថា គេសំដៅទៅលើអីទេ ទាល់តែចូលតុលាការបានយើងអាចដឹង»។
នៅថ្ងៃទី២៤ វិច្ឆិកា សហគមន៍ខ្មែរកម្ពុជាក្រោមបានចេញសេចក្ដីថ្លែងការណ៍មួយ ស្នើឲ្យសាលាដំបូងរាជធានីភ្នំពេញទម្លាក់ចោលការចោទប្រកាន់ លោក ថាច់ សេដ្ឋា ដោយឥតលក្ខខណ្ឌ និងអំពាវនាវឲ្យអង្គការជាតិ និងអន្តរជាតិចូលរួមតាមដានសវនាការនេះ ដើម្បីផ្ដល់យុត្តិធម៌ដល់លោក។
នៅរយៈពេលចុងក្រោយនេះ ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានចេញដីកាកោះជាបន្តបន្ទាប់កោះហៅមេដឹកនាំ មន្ត្រី និងសកម្មជនគណបក្សយ៉ាងហោចណាស់ ១២៥នាក់ឱ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី២៦ វិច្ឆិកាដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ និងបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ សកម្មជនបក្សប្រឆាំងខ្លះដែលកំពុងភៀសខ្លួននៅក្រៅប្រទេសថា ពួកគេមិនចាប់អារម្មណ៍នឹងដីកានេះទេ ព្រោះគ្មានជំនឿលើប្រព័ន្ធតុលាការសព្វថ្ងៃ។ ប៉ុន្តែក៏មានមន្ត្រីគណបក្សនេះ និងអ្នកធ្វើការងារសង្គមដែលត្រូវតុលាការកោះហៅដែលអ្នកទាំងនោះកំពុងរស់នៅប្រទេសកម្ពុជាអះអាងថា នឹងចូលបំភ្លឺតាមការកោះហៅដែរ។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងថា តើអាចនឹងមានជនត្រូវចោទប៉ុន្មាននាក់ពិតប្រាកដទៅបង្ហាញខ្លួនតាមដីកាកោះនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។