ព្រឹទ្ធសភា​ឯកភាព​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន

ដោយ ខែ សុណង
2020-04-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ចប្រជុំវិសាមញ្ញ​របស់​ព្រឹទ្ធសភា លើ​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន នៅ​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​២០១៩។
កិច្ចប្រជុំវិសាមញ្ញ​របស់​ព្រឹទ្ធសភា លើ​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន នៅ​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​២០១៩។
រូប​ក្រសួង​យុត្តិធម៌

ព្រឹទ្ធសភា​អនុម័ត​យល់ព្រម​លើ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ហើយ​នៅ​ថ្ងៃ​ទី១៧ ខែ​មេសា​នេះ។ អ្នកឃ្លាំមើល​សង្គម​សោកស្ដាយ​ចំពោះ​ការ​យល់​ព្រម​របស់​ព្រឹទ្ធសភា​ឯក​បក្ស​នេះ ព្រោះ​ពួកគេ​យល់ថា ច្បាប់​នេះ​មាន​ចរិត​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ និង​មិន​បម្រើ​ផលប្រយោជន៍​សាធារណៈ​នោះ​ឡើយ។

សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៥៤​រូប បាន​ប្រើ​ពេល​ប្រមាណ ២​ម៉ោង ដើម្បី​ពិភាក្សា និង​បោះឆ្នោត​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ទាំងស្រុង ដោយ​គ្មាន​ការ​កែប្រែ​ចំណុច​ណាមួយ​ឡើយ។

អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ឱ្យ​អាស៊ីសេរី​ដឹង​ថា សមាជិក​ព្រឹទ្ធសភា​ទាំងអស់​យល់ថា ច្បាប់​នេះ​មាន​សារៈសំខាន់ និង​ធ្វើឡើង​តាម​បែបបទ​ប្រជាធិបតេយ្យ​ដែល​អាច​ទទួល​យក​បាន​។ លោក​បន្ថែម​ថា ច្បាប់​នេះ​មិនមែន​ផ្ដល់​អំណាច​គ្មាន​ដែន​កំណត់​ដល់​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​រដ្ឋសភា និង​ព្រឹទ្ធសភា គឺជា​អ្នកត្រួតពិនិត្យ​ការអនុវត្ត​របស់​រដ្ឋាភិបាល នៅ​ពេល​ប្រទេសជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន៖ «បើ​យើង​យក​ឆន្ទៈ​នយោបាយ យក​មក​គិត​វិញ ចេះតែ​មាន​ការខុសឆ្គង​ហើយ ភ័យខ្លាច​ហើយ ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​ពិភពលោក​ទាំងមូល ក៏​គេ​ប្រើប្រាស់​ច្បាប់​នេះ​មិន​តិច​ជាង​រយ​ប្រទេស​ទេ​។ អ៊ីចឹង​គឺថា យើង​ក៏​ចាំបាច់​ត្រូវតែ​មាន​ដែរ ដើម្បី​ជួយ​ដល់​ប្រទេសជាតិ​យើង​កុំ​ឱ្យ​ធ្លាក់​នៅ​ក្នុង​គ្រោះ​មហន្តរាយ​បាន»

លោក ម៉ម ប៊ុននាង បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ឆាប់ៗ​នេះ មុននឹង​ដាក់​ជូន​ស្ថាប័ន​ព្រះមហាក្សត្រ ហើយ​លោក​ថា យ៉ាង​យូរ​បំផុត​ត្រឹម​ចុងខែ​មេសា​នេះ ច្បាប់​នេះ​នឹង​ត្រូវ​ប្រកាស​ឱ្យ​ប្រើ។

សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន មាន​ចំនួន​៥ ជំពូក ចែក​ជា​១២ មាត្រា​។ តាមរយៈ​សេចក្ដី​ព្រាង​ច្បាប់​នេះ រដ្ឋាភិបាល​អាច​កម្រិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ព្រមទាំង​អាច​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​សង្គម​បាន​ទៀត​ផង នៅ​ពេល​ប្រទេសជាតិ​ត្រូវ​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​មាន​សិទ្ធិ​អំណាច​ដាក់​ចេញ​វិធានការ​អ្វី​ក៏បាន​ឱ្យ​តែ​យល់ថា សមស្រប និង​ចាំបាច់ ដើម្បី​ឆ្លើយតប​នឹង​ភាព​អាសន្ន​នោះ រហូតដល់​អាច​គ្រប់គ្រង​តាម​បែប​អាជ្ញាសឹក​ផង​ដែរ​។ ជន​ណា​ក៏​ដោយ​ឱ្យ​តែ​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​នេះ នឹង​ត្រូវ​ប្រឈម​ការ​ជាប់​ពន្ធនាគារ​រហូតដល់​១០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូតដល់​១០ លាន​រៀល​។ ចំពោះ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ព័ត៌មាន​វិញ គឺ​អាច​នឹង​ត្រូវ​រង​ពិន័យ​ជា​ប្រាក់​រហូតដល់​២៥ ម៉ឺន​ដុល្លារ​អាមេរិក បើ​អាជ្ញាធរ​ចាត់ទុកថា ពួកគេ​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​នេះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ប្រចាំ​ប្រទេស​ន័រវេស (Norway) លោក ម៉ែន ណាត មើល​ឃើញ​ថា ច្បាប់​នេះ​ធ្វើឡើង​ដើម្បី​បម្រើ​ប្រយោជន៍​ក្រាញ​អំណាច​របស់​លោក ហ៊ុន សែន ជាង​បម្រើ​ប្រយោជន៍​សាធារណៈ​។ លោក​ជឿ​ថា ទាំង​រដ្ឋសភា និង​ព្រឹទ្ធសភា ប្រាកដជា​មិន​ហ៊ាន​ត្រួតពិនិត្យ​ការអនុវត្ត​របស់​រដ្ឋាភិបាល​ឡើយ ពីព្រោះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ទាំងពីរ គឺជា​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក ហ៊ុន សែន នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា៖ «បើ​យើង​និយាយ​អំពី​មាត្រា​២២ នៃ​រដ្ឋធម្មនុញ្ញ វា​សមស្រប​ក្នុង​ការ​អនុវត្ត​ពេលណា​មួយ​។ ប៉ុន្តែ​ច្បាប់​ហ្នឹង ឱ្យ​វា​ស្រប​ទៅ​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​ហ្នឹង គឺ​អត់​ស្រប​ទេ ពីព្រោះ​យើង​មើល​មាត្រា​ទី​៥ រហូត​ទៅដល់​ទី​៦ ទី​៧ នៃ​ច្បាប់​ហ្នឹង តើ​ការ​រឹតត្បិត​ហ្នឹង​វា​កម្រិត​ណា? លោក ហ៊ុន សែន ប្រើ​អំណាច​អាជ្ញាសឹក ប្រើ​អំណាច​យោធា​នៅ​ក្នុង​ការអនុវត្ត ប្រឆាំង​ជាមួយ​ក្រុម​អ្នក​រិះគន់​គាត់ សូម្បីតែ​គណបក្ស​គ្នា​គាត់​ហ្នឹង ក៏​គាត់​ត្រូវតែ​បង្ក្រាប​ដែរ​។ ជាពិសេស គឺ​គាត់​អនុវត្ត​នៅ​ពេល​ដែល​កូនប្រុស​គាត់​ត្រៀមខ្លួន​ឡើង​ស្នង​តំណែង​គាត់»

សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន យ៉ាង​ខ្លាំង ជុំវិញ​ការ​បង្កើត​ច្បាប់​ស្តីពី​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ ព្រោះ​ពួកគេ​ពិនិត្យ​ឃើញ​ថា ច្បាប់​នេះ​មាន​ចរិត​គាបសង្កត់​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ និង​ចែង​ក្នុង​ន័យ​ទូលាយ​ពេក ដែល​អាច​ឱ្យ​អាជ្ញាធរ​ប្រើ​ច្បាប់​នេះ​ដើម្បី​បង្ក្រាប​សំឡេង​អ្នក​រិះគន់។

ចំណែក ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ចាត់​ទុក​ការ​ធ្វើ​ច្បាប់​នេះ ថា​ជា​ការ​ធ្វើ​រដ្ឋប្រហារ​ជាថ្មី​ម្ដង​ទៀត​ពី​សំណាក់​លោក ហ៊ុន សែន។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ យល់ថា លោក ហ៊ុន សែន មាន​គម្រោង​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​នេះ​។ ដូច្នេះ​លោក​ជឿ​ថា លោក ហ៊ុន សែន នឹង​ប្រើ​ច្បាប់​នេះ​កម្ចាត់​អ្នកណា​ក៏ដោយ ឱ្យ​តែ​ហ៊ាន​ប្រឆាំង​នឹង​គម្រោង​របស់​គាត់ មិន​ថា ជន​នោះ​ជា​គណបក្ស​ប្រឆាំង ជា​មន្ត្រី​បក្ស​ប្រជាជន ឬ​ជា​ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​ឡើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល