អ្នក​ទោស​ស្ត្រី​ម្នាក់​នឹង​ប្ដឹង​សាទុក្ខ​ក្រោយ​ការ​បន្ថយ​ទោស​ជាប់​ពន្ធនាគារ​ពី ១៦៦​ឆ្នាំ មក ១៩​ឆ្នាំ

ដោយ សុជីវី
2019-09-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​តុលាការ​កំពូល​ នៅ​រាជធានី​ភ្នំពេញ។
​តុលាការ​កំពូល​ នៅ​រាជធានី​ភ្នំពេញ។
Photo: RFA

ស្ត្រីជន​ជាប់ចោទ​ម្នាក់ ដែល​ត្រូវ​បាន​សាលាឧទ្ធរណ៍​បន្ថយ​ទោស​ពី ១៦៦​ឆ្នាំ ឱ្យ​មក​ជាប់ទោស ១៩​ឆ្នាំ នឹង​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត ដោយសារ​គាត់​យល់​ថា ខ្លួន​គ្មាន​ទោស​។ មេធាវី​ការពារ​ក្ដី​ឱ្យ​ស្ត្រី​រូប​នេះ ប្រាប់​ថា នឹង​ជួប​កូនក្ដី ដើម្បី​ដាក់ពាក្យ​ប្ដឹង​សាទុក្ខ​នៅ​រយៈពេល ១​ខែ​នេះ។មេធាវី​ការពារ​ក្ដី​ឱ្យ​ស្ត្រី​ឈ្មោះ ពេជ្រ សូណែត គឺ​លោក​មេធាវី ខៀវ តុលា ឱ្យ​ដឹង​ថា កូនក្ដី​របស់​លោក ត្រូវ​បាន​ចោទប្រកាន់​ចំនួន ៩​បទល្មើស ហើយ​សរុប​ទោស​ត្រូវ​ជាប់ពន្ធនាគារ ចំនួន ១៦៦​ឆ្នាំ​។ តែ​នៅ​ថ្ងៃ​ទី​៥ កញ្ញា ចៅក្រម​សាលាឧទ្ធរណ៍ បាន​សម្រេច​ប្ដូរ​បទ​ចោទ​ឱ្យ​កូនក្ដី​លោក ចំនួន ៨​សំណុំរឿង ពី​បទ​ធ្វើ​ឱ្យ​មរណភាព​ដល់​ជន​រង​គ្រោះ មក​ជា​បទ​បរិហារកេរ្តិ៍​សំណុំរឿង​វិញ​។ ដូច្នេះ ៨​បទ​ចោទ​នេះ ចៅក្រម​សម្រេច ចោទប្រកាន់​តែមួយ​បទល្មើស​ទេ និង​ដាក់ទោស​ពន្ធនាគារ ចំនួន ១​ឆ្នាំ។

ចំណែក​បទ​ចោទ​ទី​៩ ជា​បទ​ចោទ​ចូលរួម​លួច​មាន​ស្ថាន​ទម្ងន់​ទោស ឬ​ប្លន់ ជាមួយ​សង្សារ ដែល​បាន​បាញ់​តដៃ​សមត្ថកិច្ច​នៅ​ម្ដុំ​ភ្នំ​ប្រសិទ្ធិ កាលពី​ឆ្នាំ​២០១៥។ លោក​មេធាវី ខៀវ តុលា បន្ត​ថា សរុប​មក ស្ត្រី​ឈ្មោះ ពេជ្រ សូណែត នឹង​ត្រូវ​សាលាឧទ្ធរណ៍​កាត់ក្ដី​ឱ្យ​ជាប់ពន្ធនាគារ ១៩​ឆ្នាំ។ តែ​លោក​មេធាវី​ប្រាប់​ថា កូនក្ដី​របស់​លោក ឈ្មោះ ពេជ្រ សូណែត តែង​អះអាង​ថា ខ្លួន​មិន​បាន​ប្រព្រឹត្តិ​បទល្មើស ហើយ​មិន​ដឹង​ថា សង្សារ​របស់​នាង​ជា​ចោរប្លន់​ទេ។ ដូច្នេះ​កូនក្ដី​នឹង​ប្ដឹង​បន្ត​ទៅ​តុលាការ​កំពូល៖ «គាត់​បញ្ជាក់​ថា គាត់​អត់​មាន​ប្រព្រឹត្តិ ចូលរួម​ប្រព្រឹត្តិ​ទេ ហើយ​គាត់​ក៏​អត់​បាន​ដឹង​ថា សង្សារ​គាត់​ជា​ចោរ​ដែរ ព្រោះ​សង្សារ​គាត់​ត្រូវ​បាន​សមត្ថកិច្ច​បាញ់​ស្លាប់ ពេល​ចុះ​ប្រតិបត្តិការ កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥​។ អ៊ីចឹង​គាត់​នឹង​ប្ដឹង​ទៅ​តុលាការ​កំពូល ហើយ​តុលាការ​កំពូល​ត្រូវ​រក​យុត្តិធម៌​ឱ្យ​គាត់ ដើម្បី​ឱ្យ​គាត់​មាន​សេរីភាព​ឡើងវិញ ដើម្បី​ជួបជុំ​កូន​របស់​គាត់»

សំណុំរឿង​ក្រុម​ចោរ​ប្លន់​បាញ់ តដៃ​ជាមួយ​សមត្ថកិច្ច កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ម្ដុំ​ភ្នំ​ប្រសិទ្ធិ​ខណ្ឌ​ព្រែក​ព្នៅ មាន​ជនជាប់ចោទ ៦​នាក់ នៅ​រស់ និង​ត្រូវ​បាន​សាលាឧទ្ធរណ៍​យក​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​៥ កញ្ញា​។ សំណុំ​រឿង​នេះ សមត្ថកិច្ច​អះអាង​ថា ក្រុម​ចោរ​មាន​គ្នា ៨​នាក់ បាន​ធ្វើ​សកម្មភាព​បាញ់សម្លាប់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង នៅ​ខណ្ឌ​ទួលគោក កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែ​ធ្នូ ២០១៥។ សមត្ថកិច្ច បាន​ដេញ​ក្រុម​ចោរប្លន់​ដល់​ភ្នំ​ប្រសិទ្ធ។ ក្រុម​ជនសង្ស័យ​បាន​បាញ់​តដៃ ហើយ​សមត្ថកិច្ច​បាន​បាញ់​ស្លាប់​ជនសង្ស័យ ២​នាក់ ម្នាក់​ឈ្មោះ លីម ម្នាក់​ឈ្មោះ ម៉ី។ ពួកគេ​ម្នាក់ ជា​សង្សារ​របស់​ស្ត្រី​ឈ្មោះ ពេជ្រ សូណែត។

ចៅក្រម​សាលាឧទ្ធរណ៍​ប្រកាស​ថា ជនជាប់ចោទ ៦​នាក់ ដែល​នៅ​រស់ សុទ្ធតែ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ចំនួន ៩​បទល្មើស ហើយ​មានទោស​ជាប់ពន្ធនាគារ​ពី ៦០​ឆ្នាំ ដល់ ១៦៦​ឆ្នាំ ក្នុង​អំពើ​ប្លន់ ដោយ​បាញ់សម្លាប់​មនុស្ស​យក​ទ្រព្យសម្បត្តិ នៅ​ចន្លោះ​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៥។

ក្នុង​សំណុំរឿង​ប្លន់​សម្លាប់​នេះ មានតែ​ស្ត្រី​ឈ្មោះ ពេជ្រ សូណែត ដែល​មាន​កូន​តូច​ម្នាក់​ទេ ត្រូវ​បាន​ជាប់ទោស​តិច​ឆ្នាំ​ជាងគេ​។ កូន​តូច​របស់​ស្ត្រី​ឈ្មោះ ពេជ្រ សូណែត ត្រូវ​បាន​អាជ្ញាធរ​ប្រគល់​ឱ្យ​ទៅ​អង្គការ​ឈ្មោះ ការអភិវឌ្ឍន៍​កុមារ​កម្ពុជា នៅ​ខេត្ត​កណ្ដាល ទទួល​មើលថែ។ ជនជាប់ចោទ ២​នាក់ ឈ្មោះ អេង អាហ្វីន និង​ឈ្មោះ អ៊ឹម សុភ័គ្រ ត្រូវ​បាន​សាលាឧទ្ធរណ៍​ប្រកាស​ឱ្យ​រួច​ក្នុង​បទ​ចោទ​ទាំង​៩​បទល្មើស ហើយ​ត្រូវ​ដោះលែង ខណៈ​ជនជាប់ចោទ ៣​នាក់​ទៀត គឺ​ស្ត្រី​ឈ្មោះ ញ៉ែម កន្និថា បុរស​ឈ្មោះ ប៉ែន ចំណាប់ និង សេត ម៉ាន់រ៉ូហ្សិត ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី ៣២​ឆ្នាំ ដល់ ៦១ឆ្នាំ។

អនុប្រធាន​អង្គការ​លីកាដូ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស លោក អំ សំអាត យល់​ថា ការសម្រេច​ស្រូប​ទោស​លើ​ករណី​ស្ត្រី​ឈ្មោះ ពេជ្រ សូណែត ជា​សាលដីកា​យុត្តិសាស្ត្រ (គំរូ) សម្រាប់​ឱ្យ​មន្ត្រី​តុលាការ ប្រើ​ក្នុង​ករណី​ប្រហាក់ប្រហែល​គ្នា​លើក​ក្រោយ និង​មិន​ត្រូវ​ចេះតែ​ចោទប្រកាន់​មិន​ត្រឹមត្រូវ​តាមច្បាប់​ឡើយ៖ «សាលដីកា​យុត្តិសាស្ត្រ​មួយ សម្រាប់​ពិនិត្យ​ទៅលើ​រឿង​ក្រោយ​ទៀត​ថា ការ​ចោទប្រកាន់​ខ្លះ​ហ្នឹង​វា​អត់​ត្រឹមត្រូវ ទៅតាម​ផ្លូវច្បាប់​ទេ អាច​ធ្វើ​ការពិចារណា​ប្ដូរ​បទ​ចោទ ឬក៏​អាច​ធ្វើ​ការលើកលែង​បទ​ចោទ​អ្វី បាន​ន័យ​ថា មនុស្ស​គ្រប់ ឬក៏​ជនជាប់ចោទ​ទូទៅ​ទាំងអស់ ដើម្បី​កុំ​ឱ្យ​មានការ​ចោទប្រកាន់​ពី​រឿង​ការអនុវត្ត​ស្តង់ដារ​២ ថា ​រឿង​ដូចគ្នា ហេតុអ្វី​អ្នកនេះ​ជាប់​ច្រើន អ្នកនោះ​ជាប់​តិច​។ រឿង​ខ្លះ វា​ហាក់​ដូចជា​មិន​មាន​ភស្តុតាង ហេតុអ្វី​ត្រូវ​បាន​ចោទប្រកាន់ ឬ​កាត់ទោស​ធ្ងន់ធ្ងរ​។ អានេះ ជា​សាលដីកា​យុត្តិសាស្ត្រ​សម្រាប់​ការពិចារណា​ទៅលើ​រឿង​ផ្សេងៗ»

សំណុំរឿង​ស្ត្រី​ឈ្មោះ ពេជ្រ សូណែត នេះ ទទួល​បានការ​ជ្រោមជ្រែង​ផ្នែក​ច្បាប់ និង​ស្នើសុំ​ឱ្យ​ពន្លឿន​នីតិវិធី​ពី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​របប​ក្រុងភ្នំពេញ​។ គណៈកម្មការ​នេះ នឹង​ជួយ​ជ្រោមជ្រែង សំណុំ​រឿង​នេះ នៅ​តុលាការ​កំពូល​ទៀត ដោយសារ​ក្រុម​មេធាវី​យល់ថា ស្ត្រី​ឈ្មោះ ពេជ្រ សូណែត មិន​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​សម្លាប់​ជនរងគ្រោះ នៅ​ខណ្ឌ​ទួលគោក កាល​ពី​ឆ្នាំ​២០១៥ នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល